គណៈកម្មាធិការ ទី១ ព្រឹទ្ធសភា សន្យា យកបណ្ដឹង ពលរដ្ឋ មានជម្លោះដី ទៅជួប អាជ្ញាធរ ខេត្តត្បូងឃ្មុំ
RFA / វិទ្យុ អាស៊ី សេរី | ៣១ មីនា ២០១៦
ក្រោយពេលទទួលពាក្យបណ្ដឹង និងស្តាប់ពីបញ្ហាប្រឈមរបស់ប្រជាពលរដ្ឋហើយ គណៈកម្មការសិទ្ធិមនុស្ស ទទួលពាក្យបណ្ដឹង និងអង្កេត ឬហៅថាគណៈកម្មការទី១ ព្រឹទ្ធសភា សន្យាថានឹងជំរុញឲ្យអាជ្ញាធរខេត្ត ជួយដោះស្រាយបញ្ហាទាំងនោះ។
បន្ថែមពីនេះ ប្រសិនបើបញ្ហាទាំងនោះស្ថិតនៅក្នុងភាពចម្រូងចម្រាស គណៈកម្មការទី១ ព្រឹទ្ធសភា នឹងអន្តរាគមន៍ទៅរាជរដ្ឋាភិបាល ព្រមទាំងក្រសួងពាក់ព័ន្ធ ជាដើម។ ការសន្យារបស់មន្ត្រីគណៈកម្មការទី១ ព្រឹទ្ធសភា ក្រោយពេលពួកគេជួបជាមួយប្រជាពលរដ្ឋមានបញ្ហាដីធ្លីមកពីបណ្ដា ស្រុកមួយចំនួនក្នុងខេត្តត្បូងឃ្មុំ រួមមានស្រុកតំបែរ ស្រុកពញាក្រែក និងស្រុកមេមត់។
ប្រធានគណៈកម្មការសិទ្ធិមនុស្ស ទទួលពាក្យបណ្ដឹង និងអង្កេត លោក គង់ គាំ មានប្រសាសន៍ថា គណៈកម្មការទី១ ព្រឹទ្ធសភា មានតួនាទីប្រមូលពាក្យបណ្ដឹង អង្កេតឲ្យបានត្រឹមត្រូវ និងឃ្លាំមើលបញ្ហាសិទ្ធិមនុស្ស។ លោកបន្តថា សិទ្ធិទទួលបានដីធ្លីជារឿងសំខាន់មួយសម្រាប់ប្រជាពលរដ្ឋ ពីព្រោះដីធ្លី គឺជាអាយុជីវិតរបស់ពួកគាត់៖ «ក្នុងការរស់នៅ ដីធ្លី គឺជាជីវិត ហើយបើអត់ដីធ្លី ក៏អត់មានជីវិត ក៏អត់មានការអាស្រ័យផលដែរ។»
ក្រោយពេលប្រមូលពាក្យបណ្ដឹងពីប្រជាពលរដ្ឋ គណៈកម្មការទី១ បានចុះពិនិត្យស្ថានភាពដីទំនាស់មួយកន្លែងនៅភូមិស្ទឹងតូច ឃុំកក់ ស្រុកពញាក្រែក ហើយក៏បន្តដំណើរទៅជួបជាមួយអាជ្ញាធរខេត្តបន្តទៀត។ បញ្ហារបស់ប្រជាសហគមន៍ រួមមាន បញ្ហាដីព្រៃសហគមន៍នៅស្រុកតំបែរ ជម្លោះដីធ្លីរវាងពលរដ្ឋជាង ៥០០គ្រួសារនៅឃុំត្រមូង ជាមួយក្រុមហ៊ុនចម្ការកៅស៊ូមេមត់។ វិវាទដីធ្លីរវាងពលរដ្ឋនៅឃុំជាំក្រវៀន ជាមួយក្រុមហ៊ុន ម៉ែន សារុន ព្រមទាំងបញ្ហាមួយចំនួនទៀត។
តំណាងពលរដ្ឋនៅឃុំត្រមូង ដែលមានវិវាទដីលំនៅឋានជាមួយក្រុមហ៊ុនចម្ការកៅស៊ូមេមត់ លោកស្រី ឃុត ស្រីអូន មានសង្ឃឹមថា គណៈកម្មការទី១ ព្រឹទ្ធសភា នឹងអាចជំរុញទៅរាជរដ្ឋាភិបាល ឬមន្ត្រីពាក់ព័ន្ធ ឲ្យជួយដោះស្រាយបញ្ហាចេញប្លង់កម្មសិទ្ធិជូនពួកគាត់៖ «សុំ ឲ្យឯកឧត្តមជួយសើរើទំនាស់ដីធ្លីខ្ញុំ ដែលកើតឡើងតាំងពីឆ្នាំ២០០៨ មកម្ល៉េះ ហើយមកដល់ពេលហ្នឹងអត់ទាន់មាននរណាដោះស្រាយទេ។»
ស្រដៀងគ្នានេះ ពលរដ្ឋមានជម្លោះដីធ្លីជាមួយក្រុមអ្នកមានអំណាច និងក្រុមហ៊ុនមួយចំនួនលើទំហំដីជាង ១ពាន់ហិកតារ មកពីឃុំទន្លូង លោក យ៉ែម គង់ រៀបរាប់ថា កន្លងមក ពាក្យបណ្ដឹងរបស់ពលរដ្ឋដាក់ទៅស្ថាប័នពាក់ព័ន្ធ ប៉ុន្តែគ្មានដំណោះស្រាយឡើយ ទើបបណ្ដាលឲ្យអ្នកភូមិត្រូវជួបការលំបាក ពីព្រោះគ្មានដីធ្លីសម្រាប់បង្កបង្កើនផល៖ «គោលបំណងរបស់ខ្ញុំ គឺចង់បង្ហាញពីវប្បធម៌ប្រពៃណី និងដីសមូហភាពរបស់ជនជាតិដើមភាគតិច។»
ទោះបីជាយ៉ាងណា បញ្ហារបស់ប្រជាពលរដ្ឋទាំងនោះ កន្លងមកអាជ្ញាធរខេត្តធ្លាប់លើកឡើងថា ពួកគេកំពុងដោះស្រាយជាជំហានៗ ប៉ុន្តែជម្លោះដីធ្លីខ្លះត្រូវការពេលវេលាដើម្បីដោះស្រាយតាម នីតិវិធី។
ដោយឡែកមន្ត្រីសម្របសម្រួលនៃសមាគមការពារសិទ្ធិមនុស្សអាដហុក (ADHOC) ខេត្ត ត្បូងឃ្មុំ លោក នាង សុវ៉ាត យល់ថា ជារឿងល្អមួយសម្រាប់ពលរដ្ឋមានបញ្ហាទាំងនោះ ពីព្រោះមានឱកាសជួបជាមួយមន្ត្រីគណៈកម្មការទី១ ព្រឹទ្ធសភា ផ្ទាល់ ដើម្បីលើកឡើងពីបញ្ហាប្រឈមរបស់ពួកគេ។ លោកបន្ថែមថា កន្លងមក ភាគច្រើនអាជ្ញាធរខេត្តមិនបានដោះស្រាយជូនពលរដ្ឋទេ ប៉ុន្តែជាការដោះសាច្រើនជាង។ លោកថា មូលហេតុដែលអាជ្ញាធរខេត្តមិនអាចដោះស្រាយបាន គឺខ្លាចប៉ះពាល់ផលប្រយោជន៍របស់ពួកគេ៖ «អ៊ីចឹងការដោះស្រាយហ្នឹងវាអត់បាន ដោយសារអី? ដោយសារអ្នកយកនេះ ផ្តល់ឲ្យអ្នកមានអំណាចក្នុងការដោះស្រាយ។ អ៊ីចឹងមានតែការដោះសា។»
មន្ត្រីសង្គមស៊ីវិលរូបនេះមើលឃើញថា ប្រសិនបើបញ្ហាដីធ្លីនៅខេត្តត្បូងឃ្មុំ អាជ្ញាធរនៅតែមិនអាចដោះស្រាយបាន ផលប៉ះពាល់នឹងកើតមានចំពោះប្រជាពលរដ្ឋ ដូចជាចំណាកស្រុក អ្នកភូមិត្រូវបង្ខំចិត្តធ្វើកម្មករឲ្យក្រុមហ៊ុនបរទេស ពីព្រោះពួកគាត់មិនអាចរស់បានដោយសារធនធានធម្មជាតិ ព្រមទាំងដីធ្លីរបស់ខ្លួនត្រូវបាត់បង់៕
No comments:
Post a Comment