អ្នករាយការណ៍ ពិសេស UN៖ កម្ពុជា គឺ កំពុង ខិតទៅជិត ចំណុចកំពូល នៃគ្រោះថ្នាក់
VOD / វីអូឌី |
អ្នករាយការណ៍ ពិសេស របស់ អង្គការ សហប្រជាជាតិ ទទួលបន្ទុក សិទ្ធិមនុស្ស នៅកម្ពុជា លោកស្រី រ៉ូណា ស្មីត (Rhona Smith)បានបង្ហាញ ក្តីព្រួយបារម្ភ ថា, កម្ពុជា កំពុងតែ ស្ថិតនៅ ចំណុច ដ៏គ្រោះថ្នាក់ មួយ ដោយលើកឡើង ថា, មានការ ជ្រែតជ្រែង ផ្នែកនយោបាយ ពីអ្នក មានអំណាច, ការដាក់សម្ពាធ លើគណបក្ស ប្រឆាំង តាមរយៈ ប្រព័ន្ធតុលាការ, និងការបង្កើតច្បាប់ មួយចំនួន មានលក្ខណៈ រឹតត្បិត សិទ្ធិសេរីភាព។
លោកស្រី រ៉ូណា ស្មីត បានលើកឡើង បែបនេះ នៅក្នុងសន្និសីទ សារព័ត៌មាន មួយ នៅទីស្នាក់ការ អង្គការ សហប្រជាជាតិ ទទួលបន្ទុក សិទ្ធិមនុស្ស នៅកម្ពុជា នារសៀលនេះ បន្ទាប់ ពីបានបញ្ចប់ ទស្សនកិច្ រយៈពេល ១០ថ្ងៃ។
លោកស្រី រ៉ូណា ស្មីត បានលើកឡើងថា ច្បាប់ទាំងអស់នៅកម្ពុជាត្រូវតែអនុវត្តឲ្យស្មើភាពគ្នា និងដោយយុត្តិធម៌ដល់គ្រប់គណបក្សនយោបាយ និងសមាជិកគណបក្សនយោបាយ។ លោកស្រីថា ការអនុវត្តច្បាប់ឲ្យមានភាពស្មើគ្នាចំពោះគណបក្សនយោបាយនេះ ដោយបញ្ជាក់ថា ដើម្បីរក្សាលំហរប្រជាធិបតេយ្យក្នុងដំណើរឆ្ពោះទៅរកការបោះឆ្នោតនៅពេលខាងមុខ។
អ្នកស្រីបន្តថា ការជ្រែតជ្រែងជាថ្មីរបស់អ្នកមានអំណាចលើប្រព័ន្ធតុលាការ និងការវាយដំលើរាងកាយរបស់អ្នកតំណាងរាស្រ្តបក្សប្រឆាំងនាពេលថ្មីៗក៏ជាចំណុចគួរឲ្យព្រួយបារម្ភពីស្ថានភាពនយោបាយនៅកម្ពុជា។
អ្នកស្រីបន្ថែមថា៖ “ខ្ញុំបានដឹងពីសំណុំរឿងមួយចំនួនបានកើតមាន និងដំណើរកាជាថ្មីប្រឆាំងនឹងសមាជិកគណបក្សប្រឆាំង។ ជាការពិតតុលាការនៅកម្ពុជាត្រូវអនុវត្តច្បាប់កម្ពុជាឲ្យបានស្មើភាពគ្នា និងមិនជាប់ពាក់ព័ន្ធនឹងនិន្នាការនយោបាយ…សំណុំរឿងប្រឆាំងនឹងគណបក្សប្រឆាំងនេះបានដាក់សម្ពាធលើគណបក្សប្រឆាំង ហើយសំណុំរឿងបែបនេះមិនឃើញមានកើតឡើងចំពោះគណបក្សដទៃនោះទេ។
លោកស្រី រ៉ូណា ស្មីត បានលើកឡើងទៀតថា ការបង្កើតច្បាប់ស្តីពីសមាគម និងអង្គការមិនមែនរដ្ឋាភិបាល ច្បាប់បោះឆ្នោតជ្រើសតាំងសមាជិកសភា និងសេចក្តីព្រាងច្បាប់សហជីព បានធ្វើឲ្យមានកង្វល់លើសេរីភាពសម្តែងមតិ និងការជួបជុំជាដើម។ លោកស្រីសង្ឃឹមថា រដ្ឋាភិបាលកម្ពុជានឹងធានាការអនុវត្តច្បាប់នេះស្របទៅនឹងសន្ធិសញ្ញាសិទ្ធិមនុស្សអន្តរជាតិ។
ប្រធានគណៈកម្មការសិទ្ធិមនុស្សកម្ពុជារបស់រដ្ឋាភិបាល លោក ម៉ក់ សម្បត្តិ មានប្រសាសន៍ថា ក្នុងការបង្កើតច្បាប់មួយៗ រដ្ឋាភិបាលកម្ពុជាបានដាក់ឲ្យពិនិត្យ និងពិភាក្សាជាច្រើនដំណាក់កាលដែលលោកថា ដើម្បីធានាឲ្យគ្រប់ភាគីពាក់ព័ន្ធអាចទទួលយកបាន។ លោកថា កម្ពុជាបានអនុវត្តតាមកតិកាសញ្ញា សន្ធិសញ្ញា និងពិធីសារជាច្រើន ដើម្បីធានាពីការគោរពសិទ្ធិមនុស្សនៅកម្ពុជា។ លោកបន្តថា លោកស្រី រ៉ូណា ស្មីត បានចំណាយពេលតិចតួចនៅកម្ពុជា និងមិនបានយល់ច្បាស់ពីស្ថានភាពនៅកម្ពុជា។ លោកចាត់ទុកការលើកឡើងរបស់លោកស្រី រ៉ូណា ស្មីត ថាគ្រាន់តែជាការបញ្ចេញមតិប៉ុណ្ណោះ។
លោក បន្ថែមថា៖ ហើយអូនឃើញស្រាប់ហើយ ច្បាប់អង្គការចេញហើយឥឡូវមានអ្នកណាធ្វើការតវ៉ាដូចជាអត់មានអីទេ ទាំងការអនុវត្តក៏រលូន អ៊ីចឹងបានថាការលើកឡើងគាត់ចេះតែលើកទៅកុំឲ្យអង្គការអស់ហ្នឹងថាម៉េចមិនលើកទាមទារខ្លះផង ខ្ញុំគិតថាមានតែប៉ុណ្ណឹងទេ។
គួរបញ្ជាក់ថា នេះជាការបំពេញបេសកកម្មលើកទីពីររបស់លោកស្រីមកកាន់ប្រទេសកម្ពុជា បន្ទាប់ពីលោកស្រីត្រូវបានអង្គការសហប្រជាជាតិតែងតាំងកាលពីខែមីនា ឆ្នាំ២០១៥ ដើម្បីរាយការណ៍ពីស្ថានភាពសិទ្ធិមនុស្សនៅកម្ពុជា។ ក្នុងដំណើរបេសកកម្មរបស់លោកស្រីនៅកម្ពុជារយៈពេល១០ថ្ងៃនេះ លោកស្រីបានជួបពិភាក្សាជាមួយមន្ត្រីជាន់ខ្ពស់រដ្ឋាភិបាល មន្ត្រីគណបក្សប្រឆាំង តំណាងអង្គការសង្គមស៊ីវិល និងអាជ្ញាធរខេត្តមួយចំនួន៕
No comments:
Post a Comment