ពលរដ្ឋ ២នាក់ ត្រូវ ប្ដឹង ពីបទកាប់ឈើ ក្នុងព្រៃ បម្រុងទុក នៅមណ្ឌលគិរី
RFA / វិទ្យុ អាស៊ី សេរី | ១ មេសា ២០១៦
សហគមន៍ ជនជាតិដើម ភាគតិច ព្នង នៅឃុំ ដាក់ដាំ ស្រុក អូររាំង ខេត្ត មណ្ឌលគិរី ចាប់ឃាត់ រថយន្ត ដឹកជញ្ជូនឈើ មួយគ្រឿង ផ្ទុកឈើ ប្រភេទ ជន្លង់ម្រេច ជាង ១០០ដើម ចេញពីព្រៃ ត្រៀមបម្រុង សហគមន៍ ដើម្បី ធ្វើជំនួញ ខុសច្បាប់។ អ្នកភូមិ ចោទឈ្មួញ ជនជាតិខ្មែរ ពីរនាក់ ថា ជាអ្នកពាក់ព័ន្ធ កាប់ឈើនោះ ពីព្រៃ សហគមន៍។
ពាក្យប្ដឹង ចោទប្រកាន់ កាប់បំផ្លាញ ព្រៃត្រៀម បម្រុង របស់ សហគមន៍ ជនជាតិដើម ភាគតិច ត្រូវ បានតំណាង អ្នកភូមិ ដាក់ជូន ខណ្ឌរដ្ឋបាល ព្រៃឈើ និងសមាគម អាដហុក (ADHOC) នៅថ្ងៃ ទី១ ខែមេសា សូម ឲ្យចាត់ វិធានការ ផ្លូវច្បាប់ ទៅលើជន ប្រព្រឹត្តល្មើស។
ពាក្យប្ដឹងនេះធ្វើឡើងបន្ទាប់ពីអ្នកភូមិជាង ១០នាក់ ចុះល្បាតព្រៃកាលពីថ្ងៃទី៣១ ខែមីនា និងស្ទាក់ឃាត់រថយន្តប្រភេទស្ទូចឈើមួយគ្រឿងផ្ទុកដោយឈើជន្លង់ ម្រេច ១២០ដើម នៅចំណុចព្រៃពូទុង ភូមិពូត្រែង ក្នុងនោះដែរជនពាក់ព័ន្ធដឹកជញ្ជូនឈើនេះ គឺស្ត្រីឈ្មោះ ណាវី និងឈ្មោះ អូច ជាប្រជាពលរដ្ឋចំណាកស្រុកមករស់នៅឃុំដាក់ដាំ ហើយប្រកបរបរទិញឈើជន្លង់ម្រេចលក់។
តំណាងសហគមន៍ឃុំដាក់ដាំ លោក ទឺយ ធិ ឲ្យដឹងនៅថ្ងៃទី១ ខែមេសា ថា នេះគឺជាសកម្មភាពឃុបឃិតកាប់បំផ្លាញព្រៃសហគមន៍ត្រៀមទុកចុះបញ្ជីជា ព្រៃសហគមន៍ការពារ។ លោកថា សហគមន៍ទាមទារឲ្យជនជាប់ពាក់ព័ន្ធផ្ដល់សំណងខូចខាតព្រៃ និងសុំឲ្យអាជ្ញាធរពាក់ព័ន្ធផ្ដន្ទាទោសពួកគេដោយគ្មានការលើកលែង៖ «យើងទាន់ជាក់ស្ដែង កាប់ពីព្រៃសហគមន៍។សហគមន៍ទាមទារសំណងខូចខាតព្រៃ និងឈើ។»
របាយការណ៍របស់សហគមន៍ឃុំដាក់ដាំ ឲ្យដឹងថា នៅរសៀលថ្ងៃទី១ ខែមេសា តំណាងសហគមន៍បានធ្វើកំណត់ហេតុប្រគល់វត្ថុតាងបទល្មើសទាំងអស់ជូន មន្ត្រីសង្កាត់រដ្ឋបាលព្រៃឈើយកមករក្សាទុកនៅទីស្នាក់ការខណ្ឌ រដ្ឋបាលព្រៃឈើខេត្តមណ្ឌលគិរី។
ទាក់ទិនករណីនេះដែរ នាយសង្កាត់រដ្ឋបាលព្រៃឈើអូររាំង លោក ទុង វីរ មានប្រសាសន៍ឲ្យដឹងដែរថា សហគមន៍និងមន្ត្រីសង្កាត់រដ្ឋបាលព្រៃឈើប្រមូលវត្ថុតាងបទល្មើសព្រៃឈើ នេះដើម្បីកសាងសំណុំរឿងរកជនពាក់ព័ន្ធឲ្យចូលខ្លួនមកទទួលខុស ត្រូវបទល្មើសនេះ។
លោកថា អត្តសញ្ញាណជនល្មើសត្រូវបានសហគមន៍រាយការណ៍ជូនអាជ្ញាធររួចហើយ៖ «យើងកំពុងអង្កេតបន្តធ្វើនីតិវិធីរក្សាទុកនៅខណ្ឌរដ្ឋបាលព្រៃឈើ។»
ទោះជាយ៉ាងនេះក្តី មន្ត្រីឃ្លាំមើលបញ្ហាព្រៃឈើខេត្តមណ្ឌលគិរី លោក សុក រដ្ឋា ចាត់ទុកការបង្ក្រាបបទល្មើសព្រៃឈើនេះថា ជាការចូលរួមនិងយកចិត្តទុកដាក់ខ្ពស់របស់សហគមន៍ក្នុងកិច្ចការពារ ធនធានធម្មជាតិ។លោកអំពាវនាវសុំឲ្យមន្ត្រីរដ្ឋបាលព្រៃឈើស៊ើបអង្កេត រកជនពាក់ព័ន្ធដឹកជញ្ជូនឈើ និងអ្នកពាក់ព័ន្ធកាប់ឈើក្នុងព្រៃមកផ្ដន្ទាទោសតាមច្បាប់៖ «គាត់ដឹងទាំងម្ចាស់ជន្លង់ម្រេច ដឹងទាំងអ្នករកស៊ី អ្នកទិញ។ អ៊ីចឹងគាត់ប្ដឹងទាំងអ្នករកស៊ី អ្នកទិញទៀត។»
ព្រៃត្រៀមបម្រុងសហគមន៍ដាក់ដាំ មានផ្ទៃដីប្រមាណ ២ពាន់ហិកតារ ក៏ប៉ុន្តែប៉ុន្មានឆ្នាំកន្លងទៅ ព្រៃនេះត្រូវបានគេលួចកាប់យកឈើមានតម្លៃអស់ស្ទើរគ្មានសល់។ រហូតបច្ចុប្បន្នព្រៃឈើនៅសល់ក៏ត្រូវគេលួចកាប់បន្តយកឈើធ្វើ ជន្លង់ម្រេច ខណៈសហគមន៍អភិរក្សព្រៃនេះទុកដើម្បីចុះបញ្ជីជាព្រៃការពារ ព្រៃតំណម និងជាកន្លែងកប់សពសហគមន៍ជនជាតិដើមភាគតិច៕
No comments:
Post a Comment