មនុស្ស ៤៧នាក់ ស្លាប់ និង២០៧នាក់ រងរបួស ដោយសារ គ្រោះថ្នាក់ ចរាចរណ៍ អំឡុងចូលឆ្នាំ
RFA / វិទ្យុ អាស៊ី សេរី | ១៧ មេសា ២០១៦
គ្រោះថ្នាក់ ចរាចរណ៍ ផ្លូវគោក នាឱកាស បុណ្យចូលឆ្នាំថ្មី ប្រពៃណីជាតិ នៅឆ្នាំនេះ បានថយចុះ ច្រើន បើ ប្រៀបធៀប នឹងឆ្នាំមុន, ប៉ុន្តែ ចំនួន អ្នកស្លាប់ បានកើនឡើង ទៅវិញ។ ការបើកបរ ហួសល្បឿន កំណត់ ជាមូលហេតុ ឈានមុខគេ ដែលបណ្ដាល ឲ្យគ្រោះថ្នាក់ ចរាចរណ៍ និងរងគ្រោះ ដល់ស្លាប់។ អង្គការ សង្គមស៊ីវិល ជំរុញ ឲ្យអ្នក ប្រើប្រាស់ផ្លូវ និងស្ថាប័ន ពាក់ព័ន្ធ យកចិត្ត ទុកដាក់ បន្ថែម ដើម្បី ដោះស្រាយ បញ្ហាគ្រោះថ្នាក់ ចរាចរណ៍ ដែលជាជំងឺ រ៉ាំរ៉ៃ ក្នុងសង្គមកម្ពុជា។
របាយការណ៍របស់នាយកដ្ឋាននគរបាលនគរបាលចរាចរណ៍ និងសណ្ដាប់ធ្នាប់សាធារណៈ នៃអគ្គស្នងការដ្ឋាននគរបាលជាតិ ចេញផ្សាយនៅថ្ងៃទី១៧ មេសា បង្ហាញថា ក្នុងឱកាសពិធីបុណ្យចូលឆ្នាំខ្មែរឆ្នាំនេះ គ្រោះថ្នាក់ចរាចរណ៍កើតឡើងចំនួន ៩៨លើក ដែលបណ្ដាលឲ្យមនុស្សជិត ៥០នាក់ (៤៧នាក់) បាត់បង់ជីវិត និងជាង ២០០នាក់ផ្សេងទៀត (២០៧នាក់) រងរបួស។
តួលេខនេះបង្ហាញថា គ្រោះថ្នាក់ចរាចរណ៍អំឡុងពេលចូលឆ្នាំខ្មែររយៈពេល ៤ថ្ងៃ គិតពីថ្ងៃទី១៣ ដល់ថ្ងៃទី១៦ មេសា បានថយចុះ ២០ភាគរយ បើប្រៀបនឹងពេលវេលាដូចគ្នាក្នុងឆ្នាំ២០១៥ ដែលមានចំនួន ១២៣លើក។
ថ្វីត្បិតតែចំនួនគ្រោះថ្នាក់ត្រូវបានកាត់បន្ថយ ប៉ុន្តែចំនួនអ្នកស្លាប់បែរជាមានច្រើនជាងឆ្នាំមុនទៅវិញ។ កាលពីបុណ្យចូលឆ្នាំខ្មែរឆ្នាំ២០១៥ មានអ្នកបាត់បង់ជីវិត ៤៣នាក់ ដោយឡែកនៅឆ្នាំ២០១៦ នេះ មានអ្នកស្លាប់ដល់ទៅ ៤៧នាក់ ពោលគឺកើនឡើងចំនួន ៤នាក់។
ជុំវិញការកើនឡើងនៃចំនួនអ្នកស្លាប់ដោយគ្រោះថ្នាក់ចរាចរណ៍ នេះ ប្រធានមជ្ឈមណ្ឌលវប្បធម៌ជាតិ និងសីលធម៌សង្គម លោក ប៉ូ សំណាង យល់ឃើញថា វាបណ្ដាលមកពីប្រជាពលរដ្ឋខ្មែរភាគច្រើនមិនទាន់បានយល់ដឹងច្បាស់ អំពីច្បាប់ និងស្លាកសញ្ញាចរាចរណ៍ ហើយពួកគេថែមទាំងបើកបរដោយបំពាន មិនខ្លាចគ្រោះថ្នាក់ទៀតផង។ ក្រៅពីនេះ លោកទម្លាក់ការទទួលខុសត្រូវមួយផ្នែកធំទៅលើមន្ត្រីអាជ្ញាធរ ដែលមិនបានទទួលខុសត្រូវពេញលេញចំពោះតួនាទីរបស់ខ្លួន និងឆកល្វែងក្នុងការអនុវត្តច្បាប់៖ «ឲ្យ តែមានលុយ អាចទៅទិញឡានយកមកបើកបាន។ បើគ្មានគ្រូ ចេះតែបើកតាមគ្នា ត្រង់នេះហើយដែលធ្វើឲ្យយើងទាំងអស់គ្នាជួបប្រទះបញ្ហាគ្រោះថ្នាក់ ចរាចរណ៍។ ពិតមែនតែមានផ្លាកសញ្ញាចរាចរណ៍ សួរគាត់សាកមើល មានអ្នកឆ្លើយខុសរហូតដល់ទៅ ៩៧នាក់ មានតែ ៣នាក់ប៉ុណ្ណោះ ដែលច្បាស់លាស់។»
មូលហេតុដែលបង្កឲ្យមានគ្រោះថ្នាក់ចរាចរណ៍កើតឡើង គឺដោយសារអ្នកបើកបរ បើកហួសល្បឿនកំណត់ បើកក្នុងស្ថានភាពស្រវឹង បើកប្រជែងគ្នា មិនគោរពសិទ្ធិអ្នកដទៃ មិនប្រកាន់ស្តាំ បត់គ្រោះថ្នាក់ ងងុយគេង និងកត្តាយានយន្ត។ ក្នុងចំណោមមូលហេតុទាំងនេះ ការបើកបរហួសល្បឿនកំណត់ គឺជាកត្តាឈានមុខដែលផ្តាច់ជីវិតអ្នកបើកបរ ឬអ្នកដំណើរ (២៧នាក់)។ ចំណែកកត្តាពីរសំខាន់ទៀតដែលបណ្ដាលឲ្យមានអ្នកស្លាប់ដែរនោះ គឺបើកបរដោយស្រវឹង (៥នាក់) និងប្រជែងគ្នា (៨នាក់)។
ខេត្តដែលមានករណីគ្រោះថ្នាក់ចរាចរណ៍បណ្ដាលឲ្យមនុស្សស្លាប់ច្រើនជាងគេ គឺខេត្តព្រៃវែង (៨នាក់) ខេត្តតាកែវ (៧នាក់) និងខេត្តកណ្ដាល (៦នាក់)។
ប្រធានមជ្ឈមណ្ឌលវប្បធម៌ជាតិ និងសីលធម៌សង្គម លោក ប៉ូ សំណាង យល់ឃើញថា ការអប់រំពលរដ្ឋឲ្យយល់ដឹងច្បាស់ពីច្បាប់ចរាចរណ៍ និងរឹតបន្តឹងការអនុវត្តច្បាប់ចរាចរណ៍ គឺជាដំណោះស្រាយដែលត្រូវធ្វើព្រមគ្នា ដើម្បីដោះស្រាយបញ្ហាគ្រោះថ្នាក់ចរាចរណ៍នៅកម្ពុជា៕
No comments:
Post a Comment