លោក សម រង្ស៊ី ថា, វប្បធម៌ ខ្មែរក្រហម នៅតែ រស់រវើក ក្នុងសង្គម កម្ពុជា សព្វថ្ងៃ
RFA / វិទ្យុ អាស៊ី សេរី | ១៧ មេសា ២០១៦
ប្រធានគណបក្សសង្គ្រោះជាតិ លោក សម រង្ស៊ី
ថ្លែងតាមប្រព័ន្ធស្កែប (Skype)
ក្នុងពិធីរំឭកវិញ្ញាណក្ខន្ធអ្នកស្លាប់ក្នុងរបបខ្មែរក្រហមនា
សារមន្ទីរប្រល័យពូជសាសន៍ជើងឯក នៅថ្ងៃទី១៧ ខែមេសា ឆ្នាំ២០១៦។
RFA/Leng Maly
ប្រធាន គណបក្ស សង្គ្រោះជាតិ លោក សម រង្ស៊ី ថ្លែងតាមរយៈ ប្រព័ន្ធស្កែប (Skype) ពីក្រៅប្រទេស ចូលរួម ក្នុងពិធីរំឭក ថ្ងៃទី១៧ មេសា ខួបលើក ទី៤១ នៅមជ្ឈមណ្ឌល ជើងឯក ថា, អំពើហិង្សា និងការចាប់ចង សព្វថ្ងៃ ជាវប្បធម៌ របស់ ខ្មែរក្រហម៖ «វប្បធម៌ សង្គ្រាម, វប្បធម៌ ហិង្សា, វប្បធម៌ កម្ចាត់, វប្បធម៌ សងសឹក គុំកួន, វប្បធម៌ ហ្នឹង ជាវប្បធម៌ ខ្មែរក្រហម។ ខ្មែរក្រហម ប៉ុល ពត ទោះជាក្ស័យបាត់ ពីឆាក នយោបាយ ទៅហើយ, តែ វប្បធម៌ ខ្មែរក្រហមនេះ នៅតែ រស់រវើក ក្នុងសង្គម ជាតិយើង ទល់នឹងសព្វថ្ងៃ។»
ការថ្លែងរបស់ លោក សម រង្ស៊ី គឺស្របពេលដែលសមាជិកគណបក្សសង្គ្រោះជាតិ ជាច្រើននាក់ ត្រូវបានរដ្ឋាភិបាលចាប់ដាក់គុក។
ទាក់ទងនឹងហិង្សានេះ ត្រូវបានឧត្ដមទីប្រឹក្សាគណបក្សសង្គ្រោះជាតិ គឺលោក គង់ គាំ កត់សម្គាល់ថា ប្រទេសកម្ពុជា កំពុងស្ថិតនៅទិសដៅវិលវល់៖ «នរណាដែលឃើញតំណាងរាស្ត្រពីរនាក់ត្រូវគេវាយនៅក្បែររបងសភាហ្នឹង ហើយនីតិប្បញ្ញត្តិឥឡូវ មិនដឹងជានីតិប្បញ្ញត្តិស្អី ចង់វាយខ្នោះថ្មើរណាក៏បានដែរ។ មកពីវាយខ្នោះថ្មើរណាក៏បានដែរ ខ្ញុំលាឈប់តែម្ដង ធ្វើអី? អភ័យឯកសិទ្ធិអត់បានការនៅធ្វើអីទៀត? ឯកឧត្ដម អ៊ុំ សំអាន ម្ង៉ៃនោះក៏អ៊ីចឹងដែរ ចាប់វឹប។ ដូច្នេះ នីតិប្បញ្ញត្តិស្អីទេ បើនីតិប្រតិបត្តិបង្គាប់មកក្រឡែតហ្នឹង។»
លោក សម រង្ស៊ី អំពាវនាវដល់អ្នកចូលរួមប្រារព្ធពិធីបង្សុកូលនេះថា ខ្មែរអ្នកប្រជាធិបតេយ្យ ត្រូវតែបោះចោលវប្បធម៌ដែលលោកថាជារបស់ខ្មែរក្រហមនោះ ហើយចាប់យកវប្បធម៌ថ្មី គឺវប្បធម៌សន្តិភាព ដែលមានឈ្មោះថា វប្បធម៌សន្ទនា ក៏ប៉ុន្តែលោកសុំឲ្យមានភាពពិតប្រាកដ៖ «តែសន្ទនាពិតប្រាកដ សន្ទនាដោយមានការគោរពទៅវិញទៅមក។ សន្ទនាដោយការគោរពសិទ្ធិសេរីភាពនៃការសម្ដែងមតិ។ សន្ទនានេះមិនមែនមានន័យថា គ្រាន់តែចាប់ផ្ដើមនិយាយគ្នា យល់ស្របគ្នា បោះបង់មតិរបស់ភាគីមួយ ឲ្យភាគីមួយយល់ស្របតាមភាគីមួយទៀត តាមការសម្លុតរបស់គេ ចាប់ដាក់គុកតាមចិត្ត ដូចឯកឧត្ដម គង់ គាំ ថា អម្បាញ់មិញ អាហ្នឹងមិនមែនវប្បធម៌សន្ទនាទេ។ វប្បធម៌សន្ទនា ទាល់តែមានការគោរពគ្នាទៅវិញទៅមក។ គោរពភាពខុសគ្នា ទុកឲ្យគេមានមតិរបស់គេក្នុងការជជែក។ មិនគ្រាន់តែគេសម្ដែងខុសពីមតិខ្លួន ចាប់គេដាក់គុក អាហ្នឹងមិនមែនហៅថាជាវប្បធម៌សន្ទនាទេ។ យើងចង់ឲ្យមានវប្បធម៌សន្ទនាពិតប្រាកដ។ មិនត្រូវយកវប្បធម៌សន្ទនាក្លែងក្លាយ តែនៅតែលើកតម្កើងវប្បធម៌ចាស់ វប្បធម៌ខ្មែរក្រហម។»
លោក សម រង្ស៊ី បញ្ជាក់ថា ថ្ងៃទី១៧ មេសា នេះ គឺជាឱកាសដ៏ល្អដ៏ត្រឹមត្រូវ ដែលគណបក្សសង្គ្រោះជាតិ ត្រូវប្រារព្ធ៖ «ត្រូវរំឭកអំពីប្រភពពួកខ្មែរក្រហម។ ពួកអ្នកកាន់អំណាចសព្វថ្ងៃ គាត់ចេញពីខ្មែរក្រហមហ្នឹង។ គេបានកាប់សម្លាប់ប្រជារាស្ត្ររួមគ្នា ខ្មែរក្រហមចាស់ខ្មែរក្រហមថ្មី កាប់សម្លាប់ស្លាប់រាប់លាននាក់ ទើបតែដល់ចុងឆ្នាំ១៩៧៧-៧៨ បានគេរត់ទៅប្រទេសវៀតណាម ពីព្រោះគេឈ្លោះគ្នា មានការចោទប្រកាន់គ្នា។»
ពាក់ព័ន្ធនឹងដំណើររដាក់រដុបនៃវប្បធម៌សន្ទនារវាងគណបក្ស ប្រជាជនកម្ពុជា និងគណបក្សសង្គ្រោះជាតិ នេះ ត្រូវបានមន្ត្រីនាំពាក្យរដ្ឋាភិបាល លោក ផៃ ស៊ីផាន បន្ទោស លោក សម រង្ស៊ី ទៅវិញ៖ «ឯកឧត្ដម សម រង្ស៊ី ជាអ្នករំលោភ គឺចាប់ដៃជាន់ជើង ហើយលបចាក់ពីក្រោយ។ យើងពិនិត្យមើលភាសាការប្រើប្រាស់របស់គណបក្សសង្គ្រោះជាតិ មិនទាន់ធ្លាក់ចូលទៅដល់យើងជាជាតិខ្មែរតែមួយនោះទេ។ ដូច្នេះ ពង្រឹងការទុកចិត្តគ្នា ពង្រឹងវប្បធម៌ដែលជាដៃគូក្នុងការពិភាក្សាសន្ទនាគ្នានេះឯង ត្រូវតែពង្រឹងបន្តទៀត។ ការចង្អុលដាក់ទោសគ្នាទៅវិញទៅមក មិនមែនជាទិសដៅទេ។ ឥឡូវនេះ គួរតែនាំគ្នាពិចារណាសាជាថ្មីម្ដងទៀតថា ធ្វើយ៉ាងម៉េចដើម្បីពង្រឹងវប្បធម៌សន្ទនានេះឯង។»
ទោះបីជាយ៉ាងក្ដី ថ្ងៃទី១៧ ខែមេសា ឆ្នាំ១៩៧៥ ដែលជាថ្ងៃចាប់ផ្ដើមនៃប្រវត្តិសាស្ត្រកាប់សម្លាប់នៅកម្ពុជា បានបន្តជាទិវានយោបាយនៅពេលបច្ចុប្បន្ននេះ។
ថ្នាក់ដឹកនាំគណបក្សសង្គ្រោះជាតិ ថ្លែងថា ការប្រារព្ធពិធីបង្សុកូលនៅថ្ងៃទី១៧ មេសា ជារៀងរាល់ឆ្នាំ គឺជាការរំឭកដល់វិញ្ញាណក្ខន្ធអ្នកស្លាប់ ហើយជាការរំឭកដល់អ្នកនយោបាយ និងអ្នកដឹកនាំប្រទេស កុំឲ្យប្រព្រឹត្តអំពើឃោរឃៅបែបនេះទៀត។ មន្ត្រីគណបក្សសង្គ្រោះជាតិ នឹងបន្តស្វែងរកយុត្តិធម៌ជូនពលរដ្ឋខ្មែរដែលស្លាប់នៅក្នុងរបប ខ្មែរក្រហម ដោយពួកគាត់ជឿថា ពាក់ព័ន្ធនឹងប្រទេសវៀតណាម និងចិន៕
No comments:
Post a Comment