Paris Peace Accords 23 Oct. 1991

Saturday, April 9, 2016

ACU ផ្ទៀងផ្ទាត់​ ព័ត៌មាន​ ពាក់ព័ន្ធ​ នឹង​រដ្ឋមន្ត្រី​ ក្រសួង​ យុត្តិធម៌​ រឿង​ឯកសារ​ ប៉ាណាម៉ា | ACU analyzing information re Justice Minister's involvement in Panama Papers

ACU ផ្ទៀងផ្ទាត់​ ព័ត៌មាន​ ពាក់ព័ន្ធ​ នឹង​រដ្ឋមន្ត្រី​ ក្រសួង​ យុត្តិធម៌​ រឿង​ឯកសារ​ ប៉ាណាម៉ា

RFA / វិទ្យុ អាស៊ី សេរី |  មេសា ២០១៦


អង្គ វង្សវឌ្ឍានា ៨៥៥ ២០១៦
រដ្ឋមន្ត្រី​ក្រសួង​យុត្តិធម៌ លោក អង្គ វង្សវឌ្ឍានា ថ្លែង​ទៅ​កាន់​អ្នក​សារព័ត៌មាន នា​វិមាន​រដ្ឋសភា កាល​ពី​​ថ្ងៃ​ទី​២៥ ខែ​មីនា ឆ្នាំ​២០១៦។  RFA/Brach Chev


ប្រធាន​ អង្គភាព ​ប្រឆាំង ​អំពើពុករលួយ លោក ឱម យ៉ិនទៀង បញ្ជាក់​ថា,  ដោយ​លោក ​បាន​ដឹង​ ពី​ព័ត៌មាន​ ដែល​ផ្សាយ​ ពី​ការ​ជាប់​ ពាក់ព័ន្ធ ​របស់​ រដ្ឋមន្ត្រី​ ក្រសួង​ យុត្តិធម៌ លោក អង្គ វង្សវឌ្ឍានា ដែល​ត្រូវ​ បាន​របាយការណ៍ «ឯកសារ​ ប៉ាណាម៉ា» (Panama Papers) បកអាក្រាត​ ពី​ការ​ជាប់​ ពាក់ព័ន្ធ​ នឹង​ការ​លាក់​ប្រាក់​ នៅ​ក្រៅ​ប្រទេស តាម​រយៈ​ ការ​ទិញ​ភាគហ៊ុន​ ពី​ក្រុមហ៊ុន​មួយ ​ដែល​បាន​ ចុះ​បញ្ជី​ នៅ British Virgin Islands។


លោក ឱម យ៉ិនទៀង មាន​ប្រសាសន៍​ថា លោក​កំពុង​ពិនិត្យ​ផ្ទៀងផ្ទាត់​ពី​ព័ត៌មាន​នៃ​ការ​ជាប់​ពាក់ព័ន្ធ​របស់​លោក អង្គ វង្សវឌ្ឍានា។ យ៉ាង​ណា​ក៏ដោយ អង្គភាព​ប្រឆាំង​អំពើ​ពុករលួយ ត្រូវ​រង់ចាំ​លទ្ធផល​ការ​ពិនិត្យ​ផ្ទៀងផ្ទាត់ មុន​នឹង​សម្រេច​ថា នឹង​ត្រូវ​បើក​ការ​ស៊ើបអង្កេត​ករណី​នេះ ឬ​យ៉ាង​ណា៖ «ហើយ​យើង​ខ្ញុំ​នឹង​ ពិនិត្យ​មើល​តាម​ផ្លូវ​ច្បាប់ ថា​ធ្វើ​បាន​មិន​បាន។ តែ​យើង​ខ្ញុំ​ធ្វើ​ហើយ ធ្វើ​ការ​ផ្ទៀងផ្ទាត់​ហើយ មិន​បាច់​អ្នក​ណា​មក​ដាស់​តឿន​ទេ។ យើង​មិន​ទាន់​ស៊ើប​អង្កេត​ទេ យើង​ធ្វើ​ការងារ​របស់​ពួក​យើង។ តែ​ស៊ើប​អង្កេត​ហើយ យើង​ធ្វើ​ដំណាក់កាល​មួយ​ទៀត​ហើយ»

"ឯកសារ​ប៉ាណាម៉ា" សរសេរ​ថា នៅ​ខែ​ឧសភា ឆ្នាំ​២០០៧ បី​ឆ្នាំ​បន្ទាប់​ពី​កាន់​តួនាទី​ជា​រដ្ឋមន្ត្រី​ក្រសួង​យុត្តិធម៌ លោក អង្គ វង្សវឌ្ឍានា ជា​ដៃគូ​ភាគហ៊ុន​មួយ​ក្នុង​ចំណោម ៥ របស់​ក្រុមហ៊ុន RCD International Limited ដែល​បាន​ចុះ​បញ្ជី​នៅ British Virgin Islands។ "ឯកសារ​ប៉ាណាម៉ា" បញ្ជាក់​ថា លោក អង្គ វង្សវឌ្ឍានា បាន​ចុះ​ព័ត៌មាន​មុខ​របរ​ជា "រដ្ឋមន្ត្រី​ក្រសួង​យុត្តិធម៌" ដោយ​ទិញ​ភាគហ៊ុន ៥.០០០​ហ៊ុន ដោយ​ក្នុង​តម្លៃ ១​ដុល្លារ​អាមេរិក​ក្នុង​មួយ​ហ៊ុន។

អ្នកនាំពាក្យ​ក្រសួង​យុត្តិធម៌ លោក សន សោភ័ណ បាន​ច្រានចោល​ការ​ជាប់​ពាក់ព័ន្ធ​របស់​លោក អង្គ វង្សវឌ្ឍានា ដោយ​បញ្ជាក់​ថា រដ្ឋមន្ត្រី​ក្រសួង​យុត្តិធម៌​រូប​នេះ មិន​ធ្លាប់​ស្គាល់ ហើយ​ក៏​មិន​ធ្លាប់​ទិញ​ភាគហ៊ុន​ក្នុង​ក្រុមហ៊ុន​បរទេស​ណា​មួយ​ឡើយ។

ចំណែក​អ្នក​នាំ​ពាក្យ​ទីស្ដីការ​គណៈរដ្ឋមន្ត្រី លោក ផៃ ស៊ីផាន មាន​ប្រសាសន៍​ថា លោក​មិន​យកចិត្តទុកដាក់​នឹង​ព័ត៌មាន​នេះ​ទេ ខណៈ​សាមី​ខ្លួន​ច្រានចោល​ព័ត៌មាន​នេះ។

ក្រុមហ៊ុន ម៉ូសាក់ ហ្វុនសេកា (Mossack Fonseca) គឺ​បដិសេធ​ថា មិន​បាន​ប្រព្រឹត្ត​អ្វី​ខុស​ដូច​ដែល "ឯកសារ​ប៉ាណាម៉ា" ស៊ើប​អង្កេត​ឃើញ​នោះ​ទេ ដោយ​ថ្លែង​ថា ក្រុមហ៊ុន​របស់​គេ​បាន​ប្រតិបត្តិការ​ស្រប​តាម​ច្បាប់​នៃ​ប្រទេស​ប៉ាណាម៉ា និង​បណ្ដា​ប្រទេស​ដែល​ក្រុមហ៊ុន​នេះ​បើក​ការិយាល័យ​ដំណើរការ។

នាយក​ប្រតិបត្តិ​អង្គការ​តម្លាភាព​កម្ពុជា លោក ព្រាប កុល ស្នើ​ឲ្យ​អង្គភាព​ប្រឆាំង​អំពើ​ពុករលួយ និង​ស្ថាប័ន​ដែល​ពាក់ព័ន្ធ បើក​ការ​ស៊ើប​អង្កេត​ករណី​លោក អង្គ វង្សវឌ្ឍានា ឲ្យ​បាន​ល្អិតល្អន់។ លោក​បញ្ជាក់​ថា ការ​ចេញ​ផ្សាយ​ការ​ស៊ើប​អង្កេត​របស់ "ឯកសារ​ប៉ាណាម៉ា" ជា​ចលនា​ពិភពលោក​មួយ​ដែល​ផ្ដួចផ្ដើម​គំនិត​សម្រាប់​រដ្ឋាភិបាល និង​សាធារណជន​គិតគូរ និង​បន្តឹង​ការ​បង្កើត និង​អនុវត្ត​ច្បាប់​ទាមទារ​ឲ្យ​ម្ចាស់​អាជីវកម្ម​បញ្ចេញ​អត្តសញ្ញាណ។

តើ​ Panama Papers ជា​អ្វី?

កាល​ពី​ឆ្នាំ​កន្លង​ទៅ មាន​ប្រភព​មួយ​បាន​បញ្ចេញ​ឯកសារ​សម្ងាត់​កម្រាស់​ជាង ១១​លាន​ឯកសារ របស់​ក្រុមហ៊ុន​ផ្នែក​ច្បាប់​មួយ​របស់​ប្រទេស​ប៉ាណាម៉ា ឈ្មោះ ម៉ូសាក់ ហ្វុនសេកា ទៅ​ឲ្យ​កាសែត​របស់​អាល្លឺម៉ង់ មួយ។ កាសែត​នេះ​បាន​សហការ​ជាមួយ​សមាគម​អ្នក​សារព័ត៌មាន​ស៊ើបអង្កេត​ពិភពលោក និង​បណ្ដាញ​ផ្សព្វផ្សាយ​ព័ត៌មាន​ជាង ១០០​ស្ថាប័ន​ក្នុង​ប្រទេស​ជាង ៨០​លើ​ពិភពលោក។ ការ​ស៊ើបអង្កេត​បាន​រក​ឃើញ​ថា ក្រុមហ៊ុន ម៉ូសាក់ ហ្វុនសេកា ជា​ក្រុមហ៊ុន​ដែល​គេ​ជឿ​ថា ជា​អ្នក​ជួយ​បង្កើត និង​លក់​ក្រុមហ៊ុន​ក្រៅ​ស្រុក​សំងាត់​ជុំវិញ​ពិភពលោក​ឲ្យ​កំពូល​អ្នក​មាន​លើ ​ភព​ផែនដី រាប់​ទាំង​ពី​មេដឹកនាំ​ប្រទេស សិល្បករ កីឡាករ មន្ត្រី​របស់ FIFA អ្នក​ជួញដូរ​គ្រឿងញៀន ជន​ទុច្ចរិត​ក្នុង​ការ​លាក់​ប្រាក់ ឬ​លាង​លុយ ដើម្បី​គេច​ផុត​ពី​ការ​បង់ពន្ធ ឬ​ការ​ស៊ើប​អង្កេត​របស់​អាជ្ញាធរ។

​បន្ទាប់ពី​ការ​ផ្សព្វផ្សាយ​លទ្ធផល​នៃ​ការ​ស៊ើបអង្កេត Panama Papers កាល​ពី​ថ្ងៃ​ទី​៤ ខែ​មេសា អាជ្ញាធរ​បណ្ដា​ប្រទេស​មួយ​ចំនួន​ដែល​ជាប់​ពាក់ព័ន្ធ​ក្នុង​សំណុំ​រឿង​នេះ មាន​ដូចជា ចក្រភព​អង់គ្លេស (Britain) បារាំង (France) អូស្ត្រាលី (Australia) នូវែលហ្សេឡង់ (New Zealand) អូទ្រីស (Austria) ស្វីស (Sweden) និង​ហុល្លង់ (Netherlands) បាន​ចាប់​ផ្ដើម​ស៊ើប​អង្កេត​បន្ត​លើ​បុគ្គល​ដែល​បាន​ជាប់​ពាក់ព័ន្ធ។ ដោយ​ឡែក​នាយករដ្ឋមន្ត្រី​នៃ​ប្រទេស​អ៊ីស្លង់ (Iceland) បាន​ប្រកាស​ចុះ​ចេញ​ពី​តំណែង​កាល​ពី​ថ្ងៃ​ទី​៥ ខែ​មេសា ដោយ​ចលនា​បាតុកម្ម​របស់​ប្រជាជន បន្ទាប់​ពី Panama Papers រក​ឃើញ​ថា នាយករដ្ឋមន្ត្រី​រូប​នេះ​បាន​កាន់កាប់​ក្រុមហ៊ុន​ក្រៅ​ស្រុក​មួយ​ដោយ​មិន​ បង្ហាញ​ជា​សាធារណៈ៕


No comments:

Post a Comment