សហគមន៍ ខ្មែរ នៅអាមេរិក និងកាណាដា គ្រោងធ្វើ បាតុកម្ម ប្រឆាំង លោក ហ៊ុន ម៉ាណែត
RFA / វិទ្យុ អាស៊ី សេរី | ១៥ មេសា ២០១៦
លោក ហ៊ុន ម៉ាណែត (ឆ្វេង) មេបញ្ជាការរងកងទ័ពជើងគោក
និងជានាយរងសេនាធិការចម្រុះនៃកងយោធពលខេមរភូមិន្ទ
ថ្លែងក្នុងពិធីរៀបចំការចូលប្រឡងជ្រើសរើសនាយទាហាន កាលពីថ្ងៃទី២០
ខែធ្នូ ឆ្នាំ២០១៥។ RFA/Brach Chev
ពលរដ្ឋ ខ្មែរ-អាមេរិកាំង ក្នុងក្រុង ឡូវែល (Lowell) រដ្ឋ ម៉ាស្សាឈួសេត (Massachusetts) គ្រោងធ្វើ មហាបាតុកម្ម ប្រឆាំង លោក ហ៊ុន ម៉ាណែត កូនប្រុស លោក ហ៊ុន សែន នៅថ្ងៃអាទិត្យ ទី១៧ ខែមេសា ខាងមុខ។ តំណាង សហគមន៍ ខ្មែរ នៅទីនោះ អះអាង ថា, ពួកគេ មិនស្វាគមន៍ ដាច់ខាត ចំពោះ វត្តមាន របស់លោក ហ៊ុន ម៉ាណែត ក្នុងសហគមន៍ របស់ ពួកគេនោះ ខណៈ រដ្ឋាភិបាល ដែលដឹកនាំ ដោយឪពុក របស់លោក កំពុង រំលោភ សិទ្ធិមនុស្ស ធ្ងន់ធ្ងរ។
សកម្មជន សហគមន៍ ខ្មែរ-អាមេរិកាំង ក្នុងក្រុង ឡូវែល ព្រមាន ថា, យ៉ាងហោចណាស់ មានពលរដ្ឋ ខ្មែរ ប្រមាណ ពី ២០០ ទៅ ៣០០នាក់ នឹងធ្វើ បាតុកម្ម ប្រឆាំង វត្តមាន របស់លោក ហ៊ុន ម៉ាណែត នៅមុខ ភោជនីយដ្ឋាន ប៉ៃលិន ជាទី ដែលកូនប្រុស របស់លោក ហ៊ុន សែន រូបនេះ គ្រោងជួប ជាមួយ ក្រុមសកម្មជន របស់ខ្លួន។
អតីតសមាជិកក្រុមប្រឹក្សាក្រុងឡូវែល និងជាសកម្មជន សហគមន៍ខ្មែរ លោក អ៊ុង រិទ្ធី ប្រាប់វិទ្យុអាស៊ីសេរី តាមទូរស័ព្ទថា លោក ហ៊ុន ម៉ាណែត គឺជាអវតា ជាមនុស្សរបស់គណបក្សប្រជាជនកម្ពុជា ដែលជាសញ្ញានៃការបំបែកបំបាក់សាមគ្គីភាព និងភាពសុខដុមរមនារបស់សហគមន៍ខ្មែរនៅក្រៅប្រទេស៖ «ជាទូទៅគេធ្វើបាតុកម្មប្រឆាំងលោក ហ៊ុន ម៉ាណែត នេះព្រោះថា វត្តមានរបស់លោកសព្វថ្ងៃធ្វើឲ្យប្រេះឆាជាច្រើននៅក្នុងសហគមន៍ខ្មែរ។ មុននឹងលោក ហ៊ុន ម៉ាណែត ឬ គណបក្សប្រជាជនកម្ពុជាចូលមក សហរដ្ឋអាមេរិកនេះ គឺសហគមន៍ខ្មែរកាលណោះរស់នៅបាន សុខសាន្តណាស់ហើយមានការរៀបចំពង្រឹងសាសនា ពង្រឹងវប្បធម៌ និងពង្រឹងប្រពៃណីជាតិបានល្អណាស់ តែឥឡូវមានការបែកបាក់។»
លោកបញ្ជាក់ថា ពលរដ្ឋភាគច្រើនជំរុញឲ្យលោក ហ៊ុន ម៉ាណែត គួរយកពេលវេលារបស់លោកដើម្បីជួយកែលម្អដំណើរការលទ្ធិប្រជាធិបតេយ្យនៅកម្ពុជា ជួយដោះស្រាយបញ្ហាដីធ្លីបញ្ហាព្រំដែន និងជួយ ស្វែងរកការដោះលែងអ្នកទោសនយោបាយទាំងឡាយដែលកំពុងស្ថិតក្នុងការ ឃុំឃាំងឲ្យមានសេរីភាពឡើងវិញ។
មហាបាតុកម្មរបស់ពលរដ្ឋខ្មែរនៅទីក្រុងឡូវែល ដែលត្រៀមប្រឆាំងវត្តមានរបស់លោក ហ៊ុន ម៉ាណែត នៅថ្ងៃទី១៧ ខាងមុខនេះគឺជាផ្នែកមួយនៃចលនាប្រឆាំងការរៀបចំបណ្តាញរបស់គណបក្ស ប្រជាជនកម្ពុជា ក្នុងទឹកដីសហរដ្ឋអាមេរិក។
កាលពីថ្ងៃទី២៩ ខែមីនា កន្លងទៅពលរដ្ឋខ្មែរ-អាមេរិកាំង ក្នុងទីក្រុងនេះធ្លាប់បានធ្វើបាតុកម្មប្រឆាំងនឹងការរៀបចំទទួលលោក ហ៊ុន ម៉ាណែត ជាផ្លូវការ និងប្រឆាំងទៅការទទួលយកកាដូជារូបសំណាក ព្រះបាទជ័យវរ្ម័នទី៧ ដែលជាអំណោយរបស់លោក ហ៊ុន ម៉ាណែត មកដាក់តាំងនៅសាលាក្រុងឡូវែល។
ចំណែកក្រុមប្រជាពលរដ្ឋខ្មែរ-អាមេរិកាំង រាប់រយនាក់ផ្សេងទៀត នៅថ្ងៃសុក្រ ទី១៥ ខែមេសានេះ គ្រោងនឹងធ្វើបាតុកម្មនៅមុខមហាវិទ្យាល័យប្រ៊ីសស្ទូល (Bristol Community College) ក្នុងក្រុងឡូវែល (Lowell) ដើម្បីជំទាស់ ទៅនឹងការអញ្ជើញលោក ហ៊ុន ម៉ាណែត មកធ្វើជាវាគ្មិនសំរាប់និស្សិតនៃសកលវិទ្យាល័យមួយនេះ។
ឯកអគ្គកុងស៊ុលកិត្តយសខ្មែរក្នុងក្រុងឡូវែល លោក អ៊ូ សុវណ្ណ ជាមនុស្សម្នាក់ក្នុងចំណោមមនុស្សផ្សេងទៀតដែលរៀបចំកម្មវិធីទទួលលោក ហ៊ុន ម៉ាណែត មានប្រសាសន៍ថា ការធ្វើបាតុកម្មរបស់ពលរដ្ឋខ្មែរនៅទីនោះគឺជាសិទ្ធិរបស់ពួកគេ ប៉ុន្តែលោកហាមមិនឲ្យមានអំពើហិង្សាណាមួយនោះឡើយ៖ «ខ្ញុំ គិតថា ការចូលរួមបាតុកម្មវាជាសិទ្ធិរបស់ពលរដ្ឋខ្មែរ-អាមេរិកម្នាក់ៗ តែយើងសូមឲ្យមានការគោរពសិទ្ធិយើងដែលជាភ្ញៀវដែលអញ្ជើញមកពី ប្រទេសកម្ពុជា ហើយមកហ្នឹងដើម្បីចូលរួមនៅក្នុងពិធីបុណ្យចូលឆ្នាំខ្មែរផង និងចូលរួមក្នុងពិធីសំណេះសំណាលជាមួយសមាជិក សមាជិការបស់គណបក្សប្រជាជននៅសហរដ្ឋអាមេរិកនេះ។»
ទោះជាយ៉ាងណាក៏ដោយ កាលពីថ្ងៃទី៩ ខែមេសា កន្លងទៅ អង្គរក្សលោក ហ៊ុន ម៉ាណែត បានចាប់បោក លោក ផល ហេយស៍ (Paul Hayes) ជាស្មៀនមេធាវីអាមេរិកាំង ទៅលើថ្មបរិវេណភោជនីយដ្ឋានឡាលូន (La Lune) ក្នុងទីក្រុងឡុងប៊ិច (Long Beach) ខណៈ លោក ផល ឈោងជូនដីការបស់តុលាការសហព័ន្ធអាមេរិក នៅក្រុងឡូសអែនជឺឡេស (Los Angeles) ដែលកោះហៅ លោក ហ៊ុន ម៉ាណែត ឲ្យចូលបំភ្លឺករណីចោទប្រកាន់ពីបទធ្វើទារុណកម្ម ការធ្វើទុក្ខបុកម្នេញគណបក្សប្រឆាំង និងអំពើភេរវកម្មអន្តរជាតិ។
បណ្តឹងប្រឆាំងលោក ហ៊ុន ម៉ាណែត និង រដ្ឋាភិបាលឪពុករបស់លោក ធ្វើឡើងដោយអ្នកស្រី មាជ ជេមី (Jamie Meach) ភរិយារបស់មន្ត្រីជាន់ខ្ពស់គណបក្សសង្គ្រោះជាតិ លោក មាជ សុវណ្ណារ៉ា ដែលកំពុង ជាប់ពន្ធនាគាររយៈពេល ២០ឆ្នាំនៅកម្ពុជា។ ប៉ុន្តែមន្ត្រីជាន់ខ្ពស់រដ្ឋាភិបាលធ្លាប់អះអាងថា ពាក្យបណ្តឹងប្រឆាំងលោក ហ៊ុន ម៉ាណែត ធ្វើឡើងដោយភាពស្រមើស្រមៃ។
វត្តមានរបស់លោក ហ៊ុន ម៉ាណែត ក្នុងសហរដ្ឋអាមេរិករយៈពេលប៉ុន្មានថ្ងៃមកនេះបានក្លាយជាប្រធានបទក្តៅ មួយសំរាប់សហគមន៍ខ្មែរ-អាមេរិកាំង ដែលរស់ចងក្រងគ្នាជាសហគមន៍ការពារពីការជ្រៀតជ្រែករបស់ក្រុមអ្នកកាន់អំណាចនៅកម្ពុជា។ ពួកគេបាននាំគ្នាធ្វើបាតុកម្មជាហូរហែតាំងពីទីក្រុងឡុងប៊ិច កាត់តាមទីក្រុងសៀអាថល (Seattle) រហូតដល់ទីក្រុងឡូវែល ដើម្បីប្រឆាំងវត្តមានរបស់ លោក ហ៊ុន ម៉ាណែត ដែលកំពុងបំបែកបំបាក់កម្លាំងអ្នកប្រជាធិបតេយ្យខ្មែរនៅសហរដ្ឋអាមេរិក ឬអាចជាការព្យាយាមកាត់ផ្តាច់សរសៃឈាម ហិរញ្ញវត្ថុរបស់ក្រុមបក្សប្រឆាំង។
ក្រៅពីការធ្វើបាតុកម្មប្រឆាំងលោក ហ៊ុន ម៉ាណែត នៅសហរដ្ឋអាមេរិក ពលរដ្ឋខ្មែរក្នុងទីក្រុងតូរ៉ុនតូ (Toronto) និងទីក្រុងម៉ុងរ៉េអាល់ (Montreal) ប្រទេសកាណាដា (Canada) ក៏នឹងត្រៀមធ្វើបាតុកម្ម ប្រឆាំង លោក ហ៊ុន ម៉ាណែត ដែរ នៅពេលលោកធ្វើដំណើទៅទីនោះនៅដើមសបា្តហ៍ក្រោយ៕
No comments:
Post a Comment