មេធាវី៖ លោក ហ៊ុន ម៉ាណែត មានរយៈពេល ៣០ថ្ងៃ ទៅឆ្លើយ នៅតុលាការ អាមេរិក
RFA / វិទ្យុ អាស៊ី សេរី | ១៥ មេសា ២០១៦
លោក ហ៊ុន ម៉ាណែត មេបញ្ជាការរងកងទ័ពជើងគោក
និងជានាយរងសេនាធិការចម្រុះនៃកងយោធពលខេមរភូមិន្ទ
ក្នុងពិធីរៀបចំការចូលប្រឡងជ្រើសរើសនាយទាហាន កាលពីថ្ងៃទី២០
ខែធ្នូ ឆ្នាំ២០១៥។ RFA/Brach Chev
តុលាការ នៅសហរដ្ឋ អាមេរិក កំពុង ស៊ើបអង្កេត បណ្តឹងប្រឆាំង រដ្ឋាភិបាល កម្ពុជា និងកូនប្រុស លោកនាយករដ្ឋមន្ត្រី ហ៊ុន សែន ពីករណី ឃុំឃាំង មនុស្សខុសច្បាប់, ការធ្វើ ទុក្ខបុកម្នេញ គណបក្ស ប្រឆាំង និងអំពើ ភេរវកម្ម អន្តរជាតិ។ អាជ្ញាធរ អាមេរិក ក៏កំពុង ស៊ើបអង្កេត ករណី អង្គរក្ស លោក ហ៊ុន ម៉ាណែត អំពី ការប្រើប្រាស់ អំពើហិង្សា វាយប្រហារ ស្មៀន មេធាវីម្នាក់ ឲ្យរងរបួសធ្ងន់ នៅពេល លោក ព្យាយាម ប្រគល់ ដីកាកោះហៅ លោក ហ៊ុន ម៉ាណែត ឲ្យទៅ ឆ្លើយបំភ្លឺ ចំពោះ ការចោទប្រកាន់។
មន្ត្រី ជាន់ខ្ពស់ ក្រសួង ការពារជាតិ លោក ហ៊ុន ម៉ាណែត នៅមានរយៈពេល ប្រមាណ ៣០ថ្ងៃ ដើម្បី ទៅឆ្លើយបំភ្លឺ នៅតុលាការ អាមេរិក ពាក់ព័ន្ធ នឹងបណ្តឹង ប្រឆាំង រូបលោក និងរដ្ឋាភិបាល ឪពុកលោក ពីបទរំលោភ សិទ្ធិមនុស្ស ធ្ងន់ធ្ងរ។ នេះ បើ តាមការអះអាង របស់ មេធាវី អាមេរិក លោក មូរតុន ក្លារ (Morton Sklar)។
លោក មូរតុន ក្លារ ជាមេធាវី របស់ភរិយាលោក មាជ សុវណ្ណារ៉ា មន្ត្រីជាន់ខ្ពស់គណបក្សសង្គ្រោះជាតិ ប្ដឹងលោក ហ៊ុន ម៉ាណែត ទៅតុលាការសហព័ន្ធអាមេរិក នៅក្រុងឡូសអែនជឺឡេស (Los Angeles) ពីបទធ្វើទារុណកម្ម និងអំពើភេរវកម្ម។ លោកថាបណ្តឹងនេះ ធ្វើឡើងចំពេលដែលលោក ហ៊ុន ម៉ាណែត កំពុងមានវត្តមាននៅអាមេរិក។ តាមច្បាប់អាមេរិក តុលាការត្រូវផ្ដល់ឯកសារកោះទៅជនចុងចោទ ក្នុងរយៈពេល ៥ថ្ងៃ ក្រោយមានបណ្ដឹងនៅតុលាការ៖ «បណ្តឹង របស់យើងមិនមែនប្តឹងតែលោក ហ៊ុន ម៉ាណែត ម្នាក់ទេ គឺយើងប្តឹងរដ្ឋាភិបាលលោកនាយករដ្ឋមន្ត្រី ហ៊ុន សែន។ បណ្តឹងនេះ ជាករណីកម្រណាស់ ជាពិសេសករណីពាក់ព័ន្ធនឹងបញ្ហាសិទ្ធិមនុស្ស។ ករណីនេះជាករណីដំបូងមិនធ្លាប់មានកាលពីមុនទេ។»
លោកបន្ថែមទៀតថា តុលាការសហរដ្ឋអាមេរិក នឹងអាចពិនិត្យបណ្តឹងរបស់លោក ដោយសារតែតុលាការកម្ពុជា ឋិតនៅក្រោមគំនាបនយោបាយ របស់គណបក្សប្រជាជនកម្ពុជា និងរដ្ឋាភិបាលកម្ពុជា៖ «មន្ត្រីនាំពាក្យរដ្ឋាភិបាលកម្ពុជា ដែលអះអាងថា ការប្ដឹងរដ្ឋាភិបាលកម្ពុជានៅសហរដ្ឋអាមេរិក ជាកំហុសឆ្គងនោះ វាជាការខុសស្រឡះទាំងស្រុង។ តាមពិតវាគ្មានន័យអ្វីទាំងអស់ សម្រាប់យើងប្រសិនបើយើងប្តឹងរដ្ឋាភិបាលកម្ពុជា នៅកម្ពុជានោះ។ អស់រយៈពេលជាច្រើនឆ្នាំហើយ ដែលរដ្ឋាភិបាលកម្ពុជា បានប្រើប្រាស់តុលាការដើម្បីគាបសង្កត់គណបក្សប្រឆាំង។»
លោក មូរតុន ក្លារ ព្រមានថា លោក ហ៊ុន ម៉ាណែត អាចប្រឈមមុខនឹងបញ្ហាច្បាប់ប្រសិនបើលោកមិនបង្ហាញខ្លួន ឬជួលមេធាវីការពារក្តី។ កាលពីឆ្នាំ២០០៥ មេធាវីរូបនេះ ធ្លាប់ប្តឹងឪពុកលោក ហ៊ុន ម៉ាណែត លោក ហ៊ុន សែន ពីបទ ពាក់ព័ន្ធនឹងការបោកគ្រាប់បែកឆ្នាំ១៩៩៧ បានជោគជ័យម្តងរួចហើយនៅតុលាការទីក្រុងញូវយ៉ក (New York) ដោយសារតែលោក ហ៊ុន សែន អវត្តមាននៅពេលតុលាការបើកសវនាការ។ កាលនោះ លោក មូរតុន ក្លារ ជា មេធាវីការពារក្តីឲ្យ លោក សម រង្ស៊ី ប្រធានគណបក្សសង្គ្រោះជាតិ ប៉ុន្តែដោយសារតែការសម្របសម្រួលនយោបាយ ករណីនេះត្រូវបានមេដឹកនាំគណបក្សទាំងពីរបញ្ចប់។
លោក ហ៊ុន ម៉ាណែត អាចជាប់ពាក់ព័ន្ធនឹងបណ្តឹងឧក្រិដ្ឋមួយផ្សេងទៀត ពីបទបង្ករបួសស្នាមទៅលើលោក ផល ហេយស៍ (Paul Hayes) ជាស្មៀនបញ្ជូនដីការតុលាការ។ លោក ផល ហេយស៍ កំពុងស្នាក់នៅព្យាបាលរបួសឆ្អឹងខ្នង។ លោក ផល ហេយស៍ ត្រូវបានគេចោទថា អង្គរក្សលោក ហ៊ុន ម៉ាណែត ប្រើអំប្រើហិង្សាលើកឡើងលើ ហើយបោកទៅលើថ្មបរិវេណភោជនីយដ្ឋាន កាលពីថ្ងៃទីសៅរ៍ទី៩ មេសា នៅពេលលោកហៅឈ្មោះ លោក ហ៊ុន ម៉ាណែត ហើយឈោងហុចលិខិតជូនលោក ម៉ាណែត ចម្ងាយប្រមាណ ១ម៉ែត្រ។
លោក មូរតុន ក្លារ បានឲ្យដឹងទៀត សមត្ថកិច្ចនៅក្រុងឡូសអែនជឺឡេស បានទៅស៊ើបអង្កេតករណីវាយប្រហារជនជាតិអាមេរិកនេះ។ ពេលបញ្ចប់ការសាកសួរនោះ លោក ផល ហេយស៍ បានយល់ព្រមឲ្យសមត្ថកិច្ចបើកការស៊ើបអង្កេតបទឧក្រិដ្ឋនេះ៖ «ប៉ូលិសជាមន្ត្រីស៊ើបអង្កេត បានសម្ភាសលោក ហើយសាកសួរតើលោកចង់ប្តឹងនិងចោទប្រកាន់ករណីឧក្រិដ្ឋនេះទេ? លោកឆ្លើយថា ចង់ប្តឹង។»
លោកបន្តទៀត ការចោទប្រកាន់លើអង្គរក្ស និងលោក ហ៊ុន ម៉ាណែត ទាក់ទងនឹងការប្រើប្រាស់អំពើហិង្សាអាចប្រើប្រាស់រយៈពេលយូរបន្តិច និងអ្នកទាំងពីរអាចនឹងមាន ឱកាសចាកចេញពីសហរដ្ឋអាមេរិក។ លោក មូរតុន ក្លារ សង្ឃឹមថា តុលាការសហព័ន្ធអាមេរិកនឹងផ្តល់យុត្តិធម៌ដល់ជនរងគ្រោះ៖ «ខ្ញុំជឿជាក់ថា តុលាការសហព័ន្ធអាមេរិកដូចអ្វីដែលចៅក្រមបានសម្រេច កាលពីឆ្នាំ ២០០៥ នៅទីក្រុងញូវយ៉ក (New York) នឹងទទួលយកករណីទៅជំនុះជម្រះ។ នេះ ជាវិធីមួយដល់មានប្រសិទ្ធិភាព ដើម្បីចាប់យករដ្ឋាភិបាលលោក ហ៊ុន សែន ទទួលខុសត្រូវចំពោះអ្វីដែលលោកបានប្រព្រឹត្ត។»
ឆ្លើយតបទៅនឹងបណ្តឹងនេះ មន្ត្រីរដ្ឋាភិបាលចាត់ទុកបណ្តឹងថា ជាការជ្រៀតជ្រែតនយោបាយកម្ពុជា។
វិទ្យុអាស៊ីសេរីមិនទាន់អាចទាក់ទងលោក ហ៊ុន ម៉ាណែត បាននៅឡើយទេ នៅថ្ងៃពុធ ទី១៤ ខែមេសា នេះ។
បណ្តឹងចុងក្រោយនេះ មិនមែនជាបណ្តឹងលើកទីមួយរបស់ លោក មូរតុន ក្លារ ប្រឆាំងនឹងលោក ហ៊ុន សែន នោះទេ។ កាលពីឆ្នាំ២០១៤ លោក ក្នុងនាមជាតំណាងឲ្យក្រុមអង្គការសិទ្ធិមនុស្ស និងជនរងគ្រោះ បានប្តឹងលោក ហ៊ុន សែន ទៅតុលាការអន្តរជាតិចោទលោកពីបទលាក់បាំងព័ត៌មានឧក្រិដ្ឋកម្មប្រព្រឹត្តឡើងក្នុងរបបខ្មែរក្រហម និងការរំលោភសិទ្ធិមនុស្សមានលក្ខណៈជាប្រព័ន្ធទូលំទូលាយ ការសម្លាប់មនុស្ស ការបង្ខំបណ្ដេញពលរដ្ឋចេញពីផ្ទះសម្បែង និងការរំលោភបំពានផ្លូវភេទលើអ្នកទោសស្ត្រី។ បច្ចុប្បន្ននេះ តុលាការកំពុងពិនិត្យករណីនេះនៅឡើយ។ លោក មូរតុន ក្លារ បញ្ជាក់ ថា ដរាបណា តុលាការព្រហ្មទណ្ឌអន្តរជាតិ នៅរក្សាបណ្តឹងប្រឆាំងនឹងលោក ហ៊ុន សែន នោះ លោកនិងក្រុមជនរងគ្រោះទទួលបានជោគជ័យជាជំហានដំបូង។
ពាក់ព័ន្ធនឹងករណី លោក ហ៊ុន ម៉ាណែត វិញ សមត្ថកិច្ចអាមេរិកនៅមិនទាន់មានចំណាត់ការប្រឆាំងនឹងលោកនៅឡើយ។ បច្ចុប្បន្ន លោកកំពុងស្នាក់នៅរដ្ឋតិចសាស (Texas) ហើយលោកគ្រោងនឹងចាកចេញពីសហរដ្ឋអាមេរិកនៅថ្ងៃទី១៨ មេសា៕
No comments:
Post a Comment