សហគមន៍ ស្រុក ឈូក ខេត្ត កំពត ថា, ព្រៃ ជាច្រើន ហិកតារ កំពុង រងការ កាប់ទន្ទ្រាន យកដី
RFA / វិទ្យុ អាស៊ី សេរី | ១១ មេសា ២០១៦

ប្រធានសហគមន៍ព្រៃឈើសាមគ្គីភ្នំជាំម្លូ នៅស្រុកឈូក
ខេត្តកំពត លោក ម៉ម ផាត ពិនិត្យមើលព្រៃដែលត្រូវដុតបំផ្លាញ
កាលពីថ្ងៃទី២៤ ខែមីនា ឆ្នាំ២០១៦។ RFA/Yang Chandara
នៅក្រោមកម្តៅថ្ងៃ ក្តៅហែង បុរសវ័យកណ្ដាល និងចំណាស់ចំនួន ៥នាក់ក្នុងសម្លៀកបំពាក់ចាស់ៗ កំពុងដើរពិនិត្យមើលព្រៃសហគមន៍របស់ពួកគាត់ដែលរងការដុតបំផ្លាញ និងឈូសឆាយទន្ទ្រានយកដីអស់ជាច្រើនកន្លែង។
ពួកគាត់ គឺជាគណៈកម្មការសហគមន៍ព្រៃឈើសាមគ្គីភ្នំជាំម្លូ ក្នុងឃុំតាកែន ស្រុកឈូក ខេត្តកំពត។
ប្រធានសហគមន៍ព្រៃឈើ
សាមគ្គីភ្នំជាំម្លូ នៅស្រុកឈូក ខេត្តកំពត លោក ម៉ម ផាត
ផ្តល់បទសម្ភាសន៍ដល់វិទ្យុ និងទូរទស្សន៍អាស៊ីសេរី
ក្រោយពេលចុះពិនិត្យដីព្រៃដែលរងការទន្ទ្រានកាន់កាប់
កាលពីថ្ងៃទី២៤ ខែមីនា ឆ្នាំ២០១៦។ RFA/Yang Chandara
ក្នុងទឹកមុខអស់សង្ឃឹមពេលឃើញដីធ្លាប់មានព្រៃពណ៌បៃតង ប្រែក្លាយជាដីសព្រាតគ្មានដើមឈើ លោក ម៉ម ផាត ថ្លែងថា លោកសោកស្ដាយព្រៃសហគមន៍ដែលបាត់បង់ និងដីដែលត្រូវបានគេឈូសឆាយព័ទ្ធរបងយកធ្វើជាកម្មសិទ្ធិឯកជន៖ «បុគ្គលទាំងនោះមាននាទី និងសិទ្ធិអំណាចប៉ុនណា ទើបហ៊ានដល់កកូរកកាយដីសហគមន៍ដល់ថ្នាក់ហ្នឹង? ខ្ញុំ នឹកស្មានថាមិនដល់កម្រិតហ្នឹងទេ ប៉ុន្តែឥឡូវនេះវាហួសពីការស្មានរបស់ខ្ញុំ។ អ៊ីចឹងការបាត់បង់ច្រើនណាស់ក្នុងដីសហគមន៍របស់ខ្ញុំ មិនទាន់និយាយដល់កូនឈើទៀត ប៉ះពាល់ដល់ប្រភេទកូនឈើដូចជា ធ្នង់ បេង គគីរ កកោះ ផ្ចឹក ជាដើម ត្រូវបាត់បង់ច្រើនណាស់។»
លោក ម៉ម ផាត ថ្លែងបែបនេះក្នុងតួនាទីលោកជាប្រធានគណៈកម្មការសហគមន៍ព្រៃឈើ សាមគ្គីភ្នំជាំម្លូ ប៉ុន្តែលោកមិនអាចទប់ស្កាត់ការបំផ្លាញធនធានព្រៃឈើនៅក្នុងសហគមន៍ ដ្បិតអ្នកចូលរុករានមានលុយ និងមានអំណាច អាចធ្វើសកម្មភាពបានដោយខុសច្បាប់។ លោក ម៉ម ផាត ប៉ាន់ស្មានថា ធនធានព្រៃក្នុងសហគមន៍របស់លោកបានបាត់បង់ប្រហែល ៧០ភាគរយ ចំណែកទំហំដីសហគមន៍វិញ បាត់បង់ប្រហែល ៥០ភាគរយ៖ «បើ កាលណាអស់ព្រៃទៅ កម្តៅកាន់តែឡើងហើយនៅក្នុងពិភពលោក។ នៅក្នុងប្រទេសយើងកម្តៅឡើង ៤០អង្សាជាងហើយ ហើយនេះបាននៅសល់ជម្រកព្រៃឈើបន្តិចបន្តួចផង វានៅសល់ខ្នងៗភ្នំ។ ដូច្នេះ (អាជ្ញាធរ) ត្រូវ តែជួយ អត់មានថាមិនជួយទេ គឺត្រូវតែជួយតែម្តង។ យ៉ាងណាក៏ដោយ ត្រូវតែធ្វើឲ្យបាន ទោះមិនបានទាំងអស់ ក៏ឲ្យបានត្រឹម ៥០ភាគរយដែរ។ ជួយដាំកូនឈើឡើងវិញ ជួយការពារ ជួយដុតដៃដុតជើងពីបញ្ហាការពារល្បាតព្រៃហ្នឹងឲ្យបានច្រើនបន្តិច ពីព្រោះពួកខ្ញុំជាគណៈកម្មការកំពុងតែបាក់ជ្រុបហើយពេលនេះ។»
សហគមន៍ព្រៃឈើសាមគ្គីភ្នំជាំម្លូ ត្រូវបានបង្កើតឡើងនៅឆ្នាំ២០០៦ ដោយមានការទទួលស្គាល់ពីអាជ្ញាធរស្រុកឈូក។ សហគមន៍នេះ មានផ្ទៃដី ១.៦៦២ ហិកតារ ស្ថិតក្នុងឃុំតាកែន ស្រុកឈូក ខេត្តកំពត។ ធនធានរបស់សហគមន៍ព្រៃឈើសាមគ្គីភ្នំជាំម្លូ រួមមានសត្វព្រៃ និងព្រៃធម្មជាតិ ដូចជា ព្រៃឈើ និងព្រៃឫស្សី ជាដើម។ សហគមន៍ព្រៃឈើមួយនេះ ជាទីអាស្រ័យផលរបស់ប្រជាពលរដ្ឋរាប់ម៉ឺននាក់ ដែលរស់នៅក្នុងភូមិស្រកានាគ ភូមិត្រពាំងរុន ភូមិត្រពាំងក្តី និងភូមិជ័យសេនា នៃឃុំតាកែន ស្រុកឈូក ខេត្តកំពត។
គណៈកម្មការសហគមន៍ព្រៃ
ឈើសាមគ្គីភ្នំជាំម្លូ នៅស្រុកឈូក ខេត្តកំពត
ចុះពិនិត្យព្រៃសហគមន៍របស់ខ្លួនក្រោយទទួលដំណឹងថាមានការឈូសឆាយ
ដីព្រៃបន្ថែមទៀត កាលពីថ្ងៃទី២៤ ខែមីនា ឆ្នាំ២០១៦។ RFA/Yang
Chandara
ឆ្លើយតបនឹងបញ្ហានេះ អភិបាលរងខេត្តកំពត ទទួលបន្ទុកដោះស្រាយបញ្ហាដីធ្លី លោក ជឹង ផល្លា បញ្ជាក់ថា លោកមិនទាន់បានទទួលព័ត៌មានណាមួយជុំវិញការកាប់ទន្ទ្រានដីព្រៃ សហគមន៍នោះទេ ប៉ុន្តែលោកថ្លែងថា នឹងពិនិត្យមើលករណីនេះ។ លោកស្នើដល់ប្រជាពលរដ្ឋ ឲ្យរាយការណ៍មករូបលោកភ្លាមៗ បើសិនមានករណីមិនប្រក្រតីណាមួយទាក់ទងការរុករានទន្ទ្រានដី សហគមន៍។ លោកអះអាងថា លោកនឹងមិនអនុញ្ញាតឲ្យមានការកាប់ទន្ទ្រានដីព្រៃសហគមន៍ក្នុង ខេត្តរបស់លោកនោះទេ ពីព្រោះវាខុសទៅនឹងច្បាប់ ព្រមទាំងប៉ះពាល់ដល់ជីវភាពរបស់ប្រជាពលរដ្ឋដែលរស់នៅពឹងផ្អែកលើ ព្រៃឈើក្នុងសហគមន៍។
ជុំវិញករណីនេះ មន្ត្រីស៊ើបអង្កេតនៃសមាគមអាដហុក (ADHOC) ប្រចាំ ខេត្តកំពត លោក ហេង ភារៈ ដែលបានតាមដានរឿងនេះជាប្រចាំ វាយតម្លៃថា ការកាប់រានមានលក្ខណៈធ្ងន់ធ្ងរ និងបង្កផលប៉ះពាល់ខ្លាំងដល់ប្រជាសហគមន៍។ លោកបញ្ជាក់ថា ការកាប់រាននេះ នឹងធ្វើឲ្យពលរដ្ឋក្នុងសហគមន៍បាត់បង់មុខរបរ និងអនុផលព្រៃឈើរបស់ពួកគាត់៖ «បន្ទាប់ពីមានការលូកដៃចូលកាប់រានដីសហគមន៍ពីសំណាក់អ្នកមាន និងមានអំណាច និងក្រុមហ៊ុន ខេម ធ្រី (Cam Try) មក យើងឃើញថា ប៉ះពាល់ទីមួយដល់សតិអារម្មណ៍របស់គណៈកម្មការសហគមន៍ ដែលធ្វើឲ្យគាត់បាត់បង់ស្មារតីក្នុងការថែរក្សាព្រៃនេះឯង។ ចំណែកឯប្រជាពលរដ្ឋដែលគាត់ជាមុខសញ្ញាទទួលផលពីប្រជាពលរដ្ឋ ដែលគាត់ជាមុខសញ្ញាទទួលផល និងអនុផលព្រៃឈើ គឺពួកគាត់នឹងមិនអាចទទួលផលទៀតទេ។»
លោក ហេង ភារៈ បញ្ជាក់ទៀតថា សមាគមរបស់លោកបានជួយរៀបចំពាក្យបណ្ដឹងជូនគណៈកម្មការសហគមន៍ ក្នុងការប្ដឹងបុគ្គលមួយចំនួនដែលជាប់ពាក់ព័ន្ធនឹងការកាប់បំផ្លាញ ព្រៃឈើ និងហ៊ុមព័ទ្ធយកដីព្រៃសហគមន៍។ លោករំពឹងថា តាមរយៈយន្តការច្បាប់ ជនល្មើសអាចនឹងរាងចាលចំពោះសកម្មភាពបំពានច្បាប់របស់ខ្លួន ហើយលើសពីនេះ លោកអំពាវនាវដល់តុលាការ ឲ្យដាក់ទោសទណ្ឌជនល្មើសទៅតាមច្បាប់ដែលបានកំណត់ ដោយគ្មានការលើកលែង៖ «ការរំលោភយកដែនសហគមន៍ ដែលមានកំណត់ដោយបង្គោល និងផែនទីជាក់លាក់នេះ គឺជាបទល្មើសឧក្រិដ្ឋ ហើយមានការផាកពិន័យជាសំណងខ្ពស់ទៅលើបុគ្គលដែលប្រព្រឹត្ត ចាប់ពី ១០លានរៀលទៅ ១០០លានរៀលឯណោះ។ អ៊ីចឹងជនទាំងអស់ដែលបានប្រព្រឹត្តកាប់រានដីព្រៃសហគមន៍យកជា កម្មសិទ្ធិនេះ គួរតែត្រូវបានផ្ដន្ទាទោសពីសំណាក់តុលាការ ដើម្បីឲ្យជនដទៃទៀតរាងចាល ដើម្បីជាគំរូដល់ព្រៃសហគមន៍ដទៃទៀត មិនថាតែសហគមន៍ភ្នំជាំម្លូ នេះទេ។»
គណៈកម្មការសហគមន៍ព្រៃ
ឈើសាមគ្គីភ្នំជាំម្លូ និងមន្ត្រីស៊ើបអង្កេតនៃសមាគមអាដហុក (ADHOC)
ចុះពិនិត្យបង្គោលព្រំសីមាសហគមន៍ដែលត្រូវបានគេលួចដកចេញពីទីតាំង
ដើម
និងដីព្រៃសហគមន៍ដែលរងការឈូសទន្ទ្រានហ៊ុមព័ទ្ធរបងយកធ្វើជា
កម្មសិទ្ធិឯកជន នៅស្រុកឈូក ខេត្តកំពត។ រូបថតថ្ងៃទី២៤ ខែមីនា
ឆ្នាំ២០១៦ ដោយ យ៉ង ចាន់តារា
ច្បាប់ស្ដីពីព្រៃឈើនៃព្រះរាជាណាចក្រកម្ពុជា ចែងថា បទល្មើសព្រៃឈើ គឺជាបទល្មើសព្រហ្មទណ្ឌ។ ជនប្រព្រឹត្តិល្មើសនឹងបទបញ្ញត្តិនៃច្បាប់នេះ ត្រូវទទួលទណ្ឌកម្មធ្ងន់ ឬស្រាល ទៅតាមថ្នាក់នៃបទល្មើស គឺថ្នាក់ទី១ ទី២ និងទី៣។ ការកម្ទេច ផ្លាស់ប្ដូរ លុបបំបាត់ ឬធ្វើឲ្យខូចខាតដល់ព្រំសីមានៃតំបន់ព្រៃឈើ ព្រមទាំងការកាប់រានព្រៃ ឈូសឆាយដី ឬហ៊ុមព័ទ្ធកាន់កាប់ដីព្រៃ សុទ្ធតែត្រូវបានរាប់បញ្ចូលក្នុងបទល្មើសព្រៃឈើថ្នាក់ទី១ ដែលជាបទល្មើសធ្ងន់ធ្ងរជាងគេ ហើយដែលជនល្មើសត្រូវផ្ដន្ទាទោសដាក់ពន្ធនាគារពី ៥ឆ្នាំទៅដល់ ១០ឆ្នាំ។
គណៈកម្មការសហគមន៍ ព្រមទាំងពលរដ្ឋដែលអាស្រ័យផលនឹងព្រៃឈើក្នុងសហគមន៍សាមគ្គីភ្នំ ជាំម្លូ សុទ្ធតែទន្ទឹងរង់ចាំមើលអន្តរាគមន៍របស់អាជ្ញាធរខេត្តកំពត ក្នុងការទប់ស្កាត់ និងដោះស្រាយបញ្ហាការឈូសឆាយដីព្រៃនេះ។ ម្យ៉ាងវិញទៀត ពួកគេក៏រង់ចាំមើលការកាត់សេចក្តីរបស់តុលាការខេត្តកំពត ដែរ ថាតើនឹងអាចអនុវត្តច្បាប់បានដល់កម្រិតណា?
នៅក្នុងបណ្ដឹងទៅកាន់តុលាការខេត្តកំពត គណៈកម្មការសហគមន៍ សំណូមពរដល់តុលាការខេត្តកំពត ផ្ដន្ទាទោសជនល្មើស តាមច្បាប់ស្ដីពីព្រៃឈើ ទាមទារសំណងដាំដុះកូនឈើ និងបង្គោល ៥ដើម ចំនួន ១០០លានរៀល ព្រមទាំងទាមទារសំណងដើមបណ្ដឹងរដ្ឋប្បវេណីចំនួន ២០លានរៀល។
គណៈកម្មការសហគមន៍អះអាងថា បើសិនជាការអំពាវនាវ និងប្រើប្រាស់យន្តការច្បាប់ទាំងឡាយ មិនអាចដោះស្រាយបញ្ហាការទន្ទ្រានដីព្រៃនេះបានទេនោះ វិនាសកម្មព្រៃឈើនឹងកើតមានឡើង ដែលធ្វើឲ្យប្រជាពលរដ្ឋចំនួន ៤ភូមិនៃឃុំតាកែន ស្រុកឈូក ខេត្តកំពត រងគ្រោះកាន់តែធ្ងន់ធ្ងរទៀតនៅពេលខាងមុខ៖ «ត្រូវតែដក (ដីព្រៃ) យក មកវិញ ប្រគល់ឲ្យសហគមន៍ទាំងអស់វិញតែម្តង។ សម្រាប់គណៈកម្មការខ្ញុំ បើកាលណាពេលវេលានេះមិនបានទេ គឺគណៈកម្មការខ្ញុំលាហើយ អាចលាឈប់មួយកម្រិតហើយ ពីព្រោះបាត់បង់ទឹកចិត្តច្រើនណាស់៕»
No comments:
Post a Comment