Paris Peace Accords 23 Oct. 1991

Saturday, April 16, 2016

គណបក្ស​ សង្គ្រោះ​ជាតិ៖ កិច្ច​ប្រជុំ ​រដ្ឋសភា​ រំលោភ​ រដ្ឋធម្មនុញ្ញ ធ្ងន់ធ្ងរ | CNRP: NatAss session a serious violation of constitution

គណបក្ស​ សង្គ្រោះ​ជាតិ៖ កិច្ច​ប្រជុំ ​រដ្ឋសភា​ រំលោភ​ រដ្ឋធម្មនុញ្ញ ធ្ងន់ធ្ងរ

RFA / វិទ្យុ អាស៊ី សេរី | ១‌‌៣ មេសា ២០១៦


សុន ឆ័យ រដ្ឋសភា ៨៥៥
លោក សុន ឆ័យ (ស្ដាំ) តំណាងរាស្ត្រ​គណបក្ស​សង្គ្រោះជាតិ ថ្លែង​នៅ​ក្នុង​រដ្ឋសភា នៅ​ថ្ងៃ​ទី​៤ ខែ​មេសា ឆ្នាំ​២០១៦។ RFA/Brach Chev


គណបក្ស​ សង្គ្រោះ​ជាតិ បន្ត​អំពាវនាវ​ ឱ្យ​រដ្ឋសភា ​នៃ​ព្រះរាជាណាចក្រ​ កម្ពុជា ធ្វើ​អ្វីៗ​ ត្រូវ​ អនុលោម​ តាម​រដ្ឋធម្មនុញ្ញ ដើម្បី​ ធានា​ ការ​គោរព និង​អនុវត្ត​ច្បាប់​ ឱ្យ​បាន​ ខ្ជាប់ខ្ជួន ស្រប​តាម ​គោលការណ៍​ នីតិរដ្ឋ។  ការ​អំពាវនាវ​នេះ បន្ទាប់​ ពី​កិច្ច​ប្រជុំ​ របស់ ​​រដ្ឋសភា ដែល​មាន​តែ ​តំណាងរាស្ត្រ​ ពី​គណបក្ស​ ប្រជាជន​ កម្ពុជា អនុម័ត​ ឱ្យ​ក្រសួង​ មាន​សមត្ថកិច្ច​ បន្ត ​ចោទ​ប្រកាន់​ តំណាងរាស្ត្រ លោក អ៊ុំ សំអាន។

គណបក្ស​ សង្គ្រោះ​ជាតិ ប្រកាស​ ថា, កិច្ច​ប្រជុំ ​រដ្ឋសភា ​កាល​ពី​រសៀល​ ថ្ងៃ​ទី​១២ ខែ​មេសា ដែល​អនុម័ត​ ឱ្យ​ក្រសួង​ មាន​សមត្ថកិច្ច ​បន្ត​នីតិវិធី ​ចោទ​ប្រកាន់ ​ចាប់​ខ្លួន, ឃាត់​ខ្លួន, និង​ឃុំ​ខ្លួន​ លោក អ៊ុំ សំអាន នោះ ជា​កិច្ច​ប្រជុំ​ ដែល​រំលោភ ​រដ្ឋធម្មនុញ្ញ​ ធ្ងន់ធ្ងរ មិន​អាច​ ទទួល​ យក​បាន ​ឡើយ។


នៅ​ក្នុង​សេចក្ដី​ថ្លែងការណ៍​ចុះ​ថ្ងៃ​ទី​១៣ ខែ​មេសា គណបក្ស​សង្គ្រោះ​ជាតិ លើក​ហេតុផល​ថា មាត្រា ៨៨ ថ្មី កថាខណ្ឌ ២ ចែង​ថា ការ​ប្រជុំ​រដ្ឋសភា​នឹង​យក​ជា​ការ​បាន លុះត្រា​តែ​មាន​កូរ៉ុម​លើស​ពី​ពីរ​ភាគ​បី នៃ​ចំនួន​សមាជិក​រដ្ឋសភា​ទាំង​មូល សម្រាប់​ការ​អនុម័ត​ទាំង​ឡាយ​ណា​ដែល​តម្រូវ​ឱ្យ​យក​មតិ​ភាគ​ច្រើន ពីរ​ភាគ​បី នៃ​ចំនួន​សមាជិក​រដ្ឋសភា​ទាំង​មូល។ ដូច្នេះ​ការ​ប្រជុំ​រដ្ឋសភា កាល​ពី​រសៀល​ថ្ងៃ​ទី​១២ ខែ​មេសា នោះ ​មាន​សមាជិក​រដ្ឋសភា​ត្រឹមតែ ៦៣​រូប ឬ​ស្មើ​នឹង​ចំនួន ៥០​ភាគ​រយ​បូក​មួយ គឺ​មិន​បាន​តាម​ចំនួន​តម្រូវ​តាម​ក្នុង​រដ្ឋធម្មនុញ្ញ​ទេ។

រឿងរ៉ាវ​នៃ​ការ​ចាប់​ឃុំ​ខ្លួន​តំណាងរាស្ត្រ​គណបក្ស​សង្គ្រោះ​ជាតិ លោក អ៊ុំ សំអាន ត្រូវ​បាន​គេ​មើល​ឃើញ​ថា ភាគី​ពាក់ព័ន្ធ​នៅ​តែ​ទាញ​យក​ហេតុផល​ត្រូវ​រៀងៗ​ខ្លួន បើ​ទោះ​ជា​ភាគី​ពាក់ព័ន្ធ​ផ្អែក​លើ​មាត្រា ៨០ នៃ​រដ្ឋធម្មនុញ្ញ​ដូច​គ្នា​ក្ដី។

ខាង​គណបក្ស​សង្គ្រោះ​ជាតិ ចាត់​ទុក​ថា ការ​ចាប់​ឃុំ​ខ្លួន​តំណាងរាស្ត្រ លោក អ៊ុំ សំអាន ជា​ការ​រំលោភ​អភ័យ​ឯកសិទ្ធិ ការពារ​ដោយ​មាត្រា ៨០ នៃ​រដ្ឋធម្មនុញ្ញ។

មន្ត្រី​ជាន់​ខ្ពស់​គណបក្ស​សង្គ្រោះ​ជាតិ លោក សុន ឆ័យ ថ្លែង​ថា ការ​រំលោភ​អភ័យឯកសិទ្ធិ​តំណាងរាស្ត្រ​ដោយ​មិន​សម​ហេតុផល​មាន​ច្រើន​ករណី​ កន្លង​មក មិន​មែន​តែ​ក្នុង​ករណី​លោក អ៊ុំ សំអាន ទេ។ លោក​ថា អភ័យឯកសិទ្ធិ​តំណាងរាស្ត្រ​នៅ​ក្នុង​មាត្រា ៨០ នៃ​រដ្ឋធម្មនុញ្ញ ពេល​ដែល​លោក​ចូលរួម​អនុម័ត​នៅ​ឆ្នាំ​១៩៩៣ បាន​ច្បាស់​លាស់។
លោក សុន ឆ័យ៖ «ដែល​ខ្លួន​ខ្ញុំ​បាន​ចូល​ពិភាក្សា​មាត្រា ៨០ នេះ យើង​បាន​និយាយ​ច្បាស់ ហើយ​សួរ​ច្បាស់ ហើយ​ការ​ពន្យល់​គ្នា​ទៅ​វិញ​ទៅ​មក មុន​ការ​អនុម័ត​មាត្រា ៨០ នេះ គឺ​អ្នក​ដែល​ព្រាង​រដ្ឋធម្មនុញ្ញ​នេះ បាន​ពន្យល់​ដល់​អ្នក​តំណាងរាស្ត្រ​ច្បាស់លាស់​ណាស់​ថា អ្វី​ដែល​ហៅ​ថា ជា​បទល្មើស​ព្រហ្មទណ្ឌ​ជាក់​ស្ដែង គឺ​ក្នុង​ករណី​ដែល​បុគ្គល​គាត់​បាន​ប្រព្រឹត្ត​អំពើ​ហិង្សា​ដូច​ជា​ការ​កាប់ ​សម្លាប់​គេ គឺ​ត្រូវ​តែ​ឃាត់ ត្រូវ​តែ​ចាប់​ខ្លួន ដើម្បី​បញ្ឈប់​ការ​ប្រើ​អំពើ​ហិង្សា ឬ​អំពើ​ណា​មួយ ដែល​ប៉ះពាល់​ដល់​អាយុ​ជីវិត​អ្នក​ដទៃ​នោះ។ រួច​ទៅ​ទើប​ស្នើ​មក​រដ្ឋសភា ដើម្បី​សុំ​ការ​អនុញ្ញាត​ជា​ផ្លូវការ​តាម​ការ​សម្រេច​របស់​រដ្ឋសភា ដោយ​សំឡេង ២ ភាគ ៣។ នេះ​ជា​នីតិវិធី ដែល​បាន​ពន្យល់​គ្នា»
លោក អ៊ុំ សំអាន ត្រូវ​បាន​អាជ្ញាធរ​ចាប់​ខ្លួន​នៅ​ខេត្ត​សៀមរាប កាល​ពី​យប់​ថ្ងៃ​ទី​១១ ខែ​មេសា។ នៅ​ថ្ងៃ​ទី​១២ ខែ​មេសា សមាជិកសភា​មក​ពី​គណបក្ស​កាន់​អំណាច​ប្រជុំ អនុម័ត​ឱ្យ​ក្រសួង​មាន​សមត្ថកិច្ច​បន្ត​នីតិវិធី​ចោទ​ប្រកាន់ ចាប់​ខ្លួន ឃាត់​ខ្លួន និង​ឃុំ​ខ្លួន​លោក អ៊ុំ សំអាន។ សមាជិក​សភា​ពី​គណបក្ស​សង្គ្រោះ​ជាតិ មិន​ចូលរួម​កិច្ច​ប្រជុំ​នោះ​ទេ ដោយ​លើក​ហេតុផល​ថា មិន​ចង់​ចូល​រួម​ធ្វើ​ខុស​រដ្ឋធម្មនុញ្ញ។
លោក សុន ឆ័យ មាន​ប្រសាសន៍​បន្ត​ថា សកម្មភាព​របស់​លោក អ៊ុំ សំអាន គឺ​ជា​ការ​បំពេញ​តួនាទី​ក្នុង​នាម​ជា​អ្នក​តំណាងរាស្ត្រ ដែល​មាន​អភ័យឯកសិទ្ធិ៖ «មាត្រា ៨០ នេះ​បាន​និយាយ​ច្បាស់​ណាស់​ថា អ្នក​តំណាងរាស្ត្រ​រូប​ណា​ក៏​ដោយ មិន​អាច​ត្រូវ​ចោទ​ប្រកាន់ ចាប់​ខ្លួន ឃាត់​ខ្លួន ឬ​ឃុំ​ខ្លួន ដោយ​ហេតុ​ពី​បាន​សម្ដែង​យោបល់ ឬ​បញ្ចេញ​មតិ​ក្នុង​ការ​បំពេញ​មុខងារ​របស់​ខ្លួន​នោះ​ទេ»
នៅ​ព្រឹក​ថ្ងៃ​ទី​១២ ខែ​មេសា លោក​នាយករដ្ឋមន្ត្រី ហ៊ុន សែន ថ្លែង​ថា ការ​ចាប់​ឃាត់​ខ្លួន​លោក អ៊ុំ សំអាន គឺ​ធ្វើ​ឡើង​តាម​បទ​ល្មើស​ជាក់​ស្ដែង​ដែល​លោក អ៊ុំ សំអាន នៅ​តែ​បន្ត​បង្ហោះ​ហ្វេសប៊ុក អំពី​បញ្ហា​ព្រំដែន និង​ផែនទី​ក្លែងក្លាយ៖ «រឿង ​ចាប់​ក្នុង​បទ​ល្មើស​ជាក់ស្ដែង។ អ្នក​ឯង​កំពុង​ធ្វើ​បទល្មើស​ជាក់ស្ដែង។ ពេល​ដែល​គេ​ចាប់​ខ្លួន ផេក (page) ហ្វេសប៊ុក​របស់​អ្នក​ឯង​នៅ​កំពុង​ផ្សាយ»
បន្ទាប់​មក​នៅ​ថ្ងៃ​ដដែល​អយ្យការ​អម​សាលា​ដំបូង​រាជធានី​ភ្នំពេញ ចេញ​សេចក្ដី​ថ្លែងការណ៍​មួយ​ជម្រាប​សាធារណជន​អំពី​ចំណាត់​ការ​រឿង​ក្ដី​ តំណាងរាស្ត្រ អ៊ុំ សំអាន ថា លោក អ៊ុំ សំអាន បាន​ប្រើ​ហ្វេសប៊ុក ចោទ​ប្រកាន់​រដ្ឋាភិបាល​ប្រើ​ផែនទី​ក្លែងក្លាយ​ក្នុង​ការ​កំណត់​ព្រំដែន​ជា​ មួយ​ប្រទេស​វៀតណាម។ លោក​បាន​បង្ហោះ​ខ្លឹមសារ​ជា​អក្សរ និង​វីឌីអូ ពាក់ព័ន្ធ​នឹង​បញ្ហា​ព្រំដែន អធិបតេយ្យ​បូរណភាព​ដែន​ដី និង​បញ្ហា​ជនជាតិ​វៀតណាម ដែល​មាន​ចរឹត​ញុះញង់​បង្ក​ឱ្យ​មាន​វឹកវរ​ដល់​សន្តិសុខ​សង្គម និង​ការ​ញុះញង់​ឱ្យ​មាន​ការ​រើសអើង។
ខ្លឹមសារ​ទាំង​នេះ ត្រូវ​បាន​បង្ហោះ​ផ្សាយ​ជា​សាធារណៈ​ចាប់​តាំង​ពី​ឆ្នាំ​២០១៥ បន្ត​ជាប់​រហូត​​មក​ដល់​បច្ចុប្បន្ន ដែល​ជា​សកម្មភាព​កំពុង​ប្រព្រឹត្ត​បទល្មើស ស្រប​តាម​ខ្លឹមសារ​នៃ​មាត្រា ៨៦ នៃ​ក្រម​ព្រហ្មទណ្ឌ នៃ​ព្រះរាជាណាចក្រ​កម្ពុជា ដែល​ចែង​អំពី​និយមន័យ​នៃ​បទឧក្រិដ្ឋ ឬ​បទមជ្ឈិម​ជាក់ស្ដែង។
ក្នុង​វេទិកា​អ្នក​ស្ដាប់​វិទ្យុ​អាស៊ីសេរី នៅ​យប់​ថ្ងៃ​ទី​១១ ខែ​មេសា ប្រធាន​ការិយាល័យ​មេធាវី ក្រុម​អ្នក​ច្បាប់​អមរិន្ទ្រ លោក សុក សំអឿន បញ្ចេញ​ទស្សនៈ​ថា និយមន័យ​នៃ​បទឧក្រិដ្ឋ ឬ​បទមជ្ឈិម​ជាក់ស្ដែង មាន​ភាព​មិន​ច្បាស់​លាស់ ចំពោះ​បទ​ល្មើស​ដែល​ទើប​បាន​ប្រព្រឹត្ត​រួច​បន្តិច៖ «មាត្រា ៨៦ នៃ​ក្រមនីតិវិធី​ព្រហ្មទណ្ឌ​ហ្នឹង​ចែង​ថា ត្រូវ​ចាត់​ទុក​ថា ជា​បទឧក្រិដ្ឋ ឬ​បទមជ្ឈិម​ជាក់ស្ដែង​ដែរ កាល​ណា​ក្រោយ​ពេល​មាន​បទល្មើស​រួច​បន្តិច​មក។ ក្នុង​ភាសា​ច្បាប់​ថា រួច​បន្តិច​មក។ រួច​បន្តិច​មក​ហ្នឹង​ បើ​ទស្សនៈ​របស់​ខ្ញុំ គួរ​តែ​មិន​ឱ្យ​ហួស​ដល់​ម៉ោង​ទេ គឺ​ភ្លាម​ហ្នឹង​តែ​ម្ដង។ គាត់​ធ្វើ​ភ្លាម​ហើយ​ចាប់ ក៏​ប៉ុន្តែ ហួស មាន​ន័យ​ថា អ្នក​ដែល​ប្រព្រឹត្ត​ហ្នឹង គាត់​ចេញ​ផុត​ពី​កន្លែង​ដែល​គាត់​ធ្វើ​សកម្មភាព​ហើយ ក៏​ប៉ុន្តែ​នគរបាល​យុត្តិធម៌ គេ​មាន​ភស្តុតាង​ស៊ី​សង្វាក់​អាច​យល់​ថា អ្នក​ជា​អ្នក​ប្រព្រឹត្ត អា​ហ្នឹង​អាច​ចាប់​បាន»
ទោះ​ជា​យ៉ាង​នេះ​ក្ដី អយ្យការ​អម​សាលា​ដំបូង​រាជធានី​ភ្នំពេញ បញ្ជាក់​ថា ការ​ចាប់ និង​ឃាត់​ខ្លួន លោក អ៊ុំ សំអាន ផ្អែក​លើ​មូលដ្ឋាន​ខាង​ដើម​នេះ ដោយ​អនុវត្ត​យ៉ាង​ត្រឹមត្រូវ​នៃ​ក្រម​នីតិវិធី​ព្រហ្មទណ្ឌ គឺ​ជា​បទមជ្ឈិម​ជាក់ស្ដែង មាន​ចែង និង​ផ្ដន្ទាទោស​ដោយ​មាត្រា ៤៩៥ ពី​បទ​ញុះញង់​បង្ក​ឱ្យ​មាន​វឹកវរ​ដល់​សន្តិសុខ​សង្គម និង​មាត្រា ៤៩៦ ពី​បទ​ញុះញង់​ឱ្យ​មាន​ការ​រើសអើង។
ការ​សម្រេច​ចោទ​ប្រកាន់​ពី​បទល្មើស​ទាំង​ពីរ និង​ឃុំ​ខ្លួន​លោក អ៊ុំ សំអាន ជា​បណ្ដោះអាសន្ន អយ្យការ​អម​សាលា​ដំបូង​រាជធានី​ភ្នំពេញ ក៏​ផ្អែក​លើ​មាត្រា ៨០ កថាខណ្ឌ​ទី​៣ នៃ​រដ្ឋធម្មនុញ្ញ នៃ​ព្រះរាជាណាចក្រ​កម្ពុជា និង​មាត្រា ១២ នៃ​ច្បាប់​ស្ដីពី​លក្ខន្តិកៈ​តំណាងរាស្ត្រ។
មាត្រា ៨០ កថាខណ្ឌ​ទី ៣ នៃ​រដ្ឋធម្មនុញ្ញ ចែង​ថា ការ​ចោទប្រកាន់ ការ​ចាប់​ខ្លួន ការ​ឃាត់​ខ្លួន ឬ​ការ​ឃុំ​ខ្លួន​សមាជិក​ណា​មួយ​នៃ​រដ្ឋសភា នឹង​អាច​ធ្វើ​ទៅ​កើត លុះត្រា​តែ​មាន​ការ​យល់​ព្រម​ពី​រដ្ឋសភា ឬ​ពី​គណៈកម្មាធិការ​អចិន្ត្រៃយ៍​របស់​រដ្ឋសភា ក្នុង​ចន្លោះ​សម័យ​ប្រជុំ​នៃ​រដ្ឋសភា វៀរលែង​តែ​ក្នុង​ករណី​បទល្មើស​ព្រហ្មទណ្ឌ​ជាក់ស្ដែង។ ក្នុង​ករណី​ខាង​ក្រោយ​នេះ ក្រសួង​មាន​សមត្ថកិច្ច ត្រូវ​ធ្វើ​សេចក្ដី​រាយការណ៍​ជូន​រដ្ឋសភា ឬ​ជូន​គណៈកម្មាធិការ​របស់​រដ្ឋសភា​ជា​បន្ទាន់ ដើម្បី​សម្រេច។ ទន្ទឹម​គ្នា​នេះ អយ្យការ​ក៏​យោង​មាត្រា ១២ នៃ​ច្បាប់​ស្ដីពី​លក្ខន្តិកៈ​តំណាងរាស្ត្រ​ដែល​​ចែង​ខ្លឹមសារ​ដូច​គ្នា​ថា ក្នុង​ករណី​តំណាងរាស្ត្រ​បាន​ប្រព្រឹត្ត​បទល្មើស​ព្រហ្មទណ្ឌ​ជាក់​ស្ដែង ក្រសួង​មាន​សមត្ថកិច្ច​អាច​ចោទ​ប្រកាន់ ចាប់​ខ្លួន ឃាត់​ខ្លួន ឬ​ឃុំ​ខ្លួន​បាន ហើយ​ត្រូវ​ធ្វើ​សេចក្ដី​រាយការណ៍​ជូន​រដ្ឋសភា ឬ​ជូន​គណៈកម្មាធិការ​របស់​រដ្ឋសភា​ជា​បន្ទាន់​ដើម្បី​សម្រេច៕


No comments:

Post a Comment