ឯកអគ្គរដ្ឋទូត អាមេរិក នឹងធ្វើ សន្និសីទសារ ព័ត៌មាន ពីព្រៃឡង់ នៅក្រោយចូលឆ្នាំ
RFA / វិទ្យុ អាស៊ី សេរី | ១៥ មេសា ២០១៦
ឯកអគ្គរដ្ឋទូតសហរដ្ឋអាមេរិកប្រចាំកម្ពុជា លោក វីលៀម ហេដថ៍
(William Heidt)
ថ្លែងក្នុងសន្និបាតអប់រំរបស់សមាគមអតីតនិស្សិតអាហារូបករណ៍សហរដ្ឋ
អាមេរិក នៅថ្ងៃទី១៣ ខែធ្នូ ឆ្នាំ២០១៥។ RFA/Cheng Mengchou
ឯកអគ្គរដ្ឋទូត សហរដ្ឋ អាមេរិក ប្រចាំកម្ពុជា លោក វីលៀម ហេដថ៍ (William Heidt) គ្រោងធ្វើ សន្និសីទ សារព័ត៌មាន ស្តីពី ស្ថានភាព តំបន់ ព្រៃឡង់ នៅថ្ងៃ ទី១៨ មេសា។
សេចក្តីប្រកាសព័ត៌មានរបស់ស្ថានទូតអាមេរិកប្រចាំកម្ពុជា ផ្សព្វផ្សាយឲ្យដឹងថា លោក វីលៀម ហេដថ៍ នឹងត្រលប់ពីការជិះឧទ្ធម្ភាគចក្រមើលព្រៃឡង់នៅថ្ងៃទី១៨ មេសា។ គោលបំណងនៃការធ្វើដំណើរតាមឧទ្ធម្ភាគចក្រមើលព្រៃឡង់ គឺដើម្បីលើកកំពស់ការយល់ដឹង ពីការបំផ្លិចបំផ្លាញព្រៃឈើ និងបង្កើនការគាំទ្ររបស់រដ្ឋាភិបាលក្នុងការការពារព្រៃឈើ។
សេចក្តីប្រកាសព័ត៌មានដដែលឲ្យដឹងដែរថា មន្ត្រីរដ្ឋាភិបាលដែលចូលរួមក្នុងដំណើរមើល ព្រៃឡង់ជាមួយ លោក វីលៀម ហេដថ៍ត រួមមានរដ្ឋមន្ត្រីក្រសួងបរិស្ថានលោក សាយ សំអាល់ រដ្ឋលេខាធិការក្រសួងមហាផ្ទៃ លោក សក់ សេដ្ឋា អគ្គនាយករដ្ឋបាលព្រៃឈើនៃក្រសួង កសិកម្ម រុក្ខាប្រមាញ់ និងនេសាទ លោក ឆេង គឹមស៊ុន និងតំណាងទីភ្នាក់ងារសហរដ្ឋអាមេរិកសម្រាប់ការអភិវឌ្ឍអន្តរជាតិ (USAID)។
ព្រៃឡង់នៅកម្ពុជាគ្របដណ្តប់ក្នុងខេត្តចំនួន៤ គឺខេត្តក្រចេះ ស្ទឹងត្រែង ព្រះវិហារ និងកំពង់ធំ។ ព្រៃនេះ មានសារសំខាន់សម្រាប់មនុស្សប្រមាណ២០ម៉ឺននាក់ដែលកំពុងរស់នៅ ពឹងផ្អែក និង អាស្រ័យផល ជាពិសេសសម្រាប់សហគមន៍ជនជាតិដើមភាគតិចកួយ។
គល់ឈើដែលត្រូវបានគេដុតក្នុងតំបន់ព្រៃឡង់ ខេត្តស្ទឹងត្រែង។ រូបថតថ្ងៃទី២៧ ខែឧសភា ឆ្នាំ២០១៥ RFA/Brach Chev
លោកនាយករដ្ឋមន្ត្រី ហ៊ុន សែន កាលពីពេលថ្មីៗនេះ បានប្រកាសដាក់ព្រៃឡង់ជាតំបន់ព្រៃ ការពារ បន្ទាប់ពីមានសេចក្តីរាយការណ៍ជាបន្តបន្ទាប់របស់សង្គមស៊ីវិល និងពលរដ្ឋពីការកាប់ បំផ្លាញព្រៃឈើនៅតំបន់ទាំងនោះ។ ទោះជាយ៉ាងណា សង្គមស៊ីវិល និងបណ្តាញសហគមន៍ ការពារព្រៃឡង់ហាក់នៅពុំទាន់មានជំនឿថារដ្ឋាភិបាលអនុវត្តមាន ប្រសិទ្ធភាពនៅឡើយ ខណៈនៅមានសេចក្តីរាយការណ៍ជាហូរហែថា ការកាប់បំផ្លាញព្រៃឈើនៅតែបន្តកើតមាន៕
No comments:
Post a Comment