សហគមន៍ នេសាទ ខេត្ត កំពង់ចាម ថា, បទល្មើស នេសាទ កើនឡើង មុនពេល ចូលឆ្នាំ
RFA / វិទ្យុ អាស៊ី សេរី | ១៣ មេសា ២០១៦

ទូកនេសាទរបស់ពលរដ្ឋចតនៅមាត់បឹងធំ ក្នុងឃុំមៀន ស្រុកព្រៃឈរ ខេត្តកំពង់ចាម កាលពីថ្ងៃទី២៥ មីនា ឆ្នាំ២០១៦។ RFA/Saut Sokprathna
ប្រជាសហគមន៍ នេសាទ នៅឃុំ មៀន ស្រុក ព្រៃឈរ ខេត្ត កំពង់ចាម កាន់តែ បារម្ភ ចំពោះ បទល្មើស នេសាទ ដែលកំពុង កើនឡើង នៅក្នុងបឹងធំ នៅមុនពេល ចូលឆ្នាំ។ ពលរដ្ឋ យល់ថា, មូលហេតុ បទល្មើស កើនឡើង អាចដោយសារតែ ក្រុមជនល្មើស យល់ថា, ឱកាសបុណ្យ ចូលឆ្នាំ គឺ មិនមាន មន្ត្រីជំនាញ ឬអាជ្ញាធរ ណា ខ្វាយខ្វល់ អំពី បញ្ហានេសាទ ឡើយ។
ប្រជាសហគមន៍នេសាទនៅឃុំមៀន ស្នើឲ្យមន្ត្រីជំនាញ ឬមន្ត្រីអាជ្ញាធរ ជួយទប់ស្កាត់បទល្មើសនេសាទនៅក្នុងឱកាសពិធីបុណ្យចូលឆ្នាំប្រពៃណី ជាតិ។ ការស្នើនេះ ពីព្រោះពួកគេសង្កេតឃើញថា ពេលពិធីបុណ្យចូលឆ្នាំថ្មីខិតចូលមកដល់ សកម្មភាពនេសាទខុសច្បាប់កើនឡើងគួរឲ្យបារម្ភ ដោយមានទាំងអួនក្រឡាញឹកប្រវែងចាប់ពី ៣០០ម៉ែត្រ ដល់ ៤០០ម៉ែត្រជាង ១០វង់ ព្រមទាំងឧបករណ៍ឆក់ត្រជាក់ជាច្រើនវង់ផ្សេងទៀត។
ប្រជានេសាទមួយរូបនៅភូមិកំពង់សំរិទ្ធិ ឃុំមៀន លោក រ៉េន រ៉ាន់ ឲ្យដឹងថា សកម្មភាពនេសាទខុសច្បាប់ គឺប្រព្រឹត្តឡើងទាំងយប់ទាំងថ្ងៃ ដោយមិនមានអាជ្ញាធរហាមឃាត់ឡើយ។ លោកព្រួយបារម្ភថា ក្មេងជំនាន់ក្រោយនឹងលែងស្គាល់ពូជត្រីមួយចំនួន ហើយវានឹងអាចឈានទៅរកភាពវិនាស ប្រសិនបើអាជ្ញាធរមិនមានវិធានការណាមួយ ដើម្បីបង្ក្រាបជនទាំងនោះឲ្យមានប្រសិទ្ធភាពទេ៖ «ជិតចូលឆ្នាំកាន់តែខ្លាំង ព្រោះពួកគេគិតថា ជិតចូលឆ្នាំគ្មានបងប្អូនជលផលណាចូលមកទេ។»
បឹងធំជាបឹងមួយដែលមានទំហំទទឹងប្រមាណ ៤គីឡូម៉ែត្រ និងបណ្តោយប្រមាណ ៨គីឡូម៉ែត្រជាប់ស្រុកចំនួនបី នៅក្នុងខេត្តកំពង់ចាម រួមមានស្រុកកងមាស ស្រុកកំពង់សៀម និងស្រុកព្រៃឈរ។
ប្រធានសហគមន៍នេសាទបឹងធំ ឃុំមៀន លោក ម៉ុន ឆៃលាង មានប្រសាសន៍ថា បទល្មើសនេសាទនៅបឹងធំបច្ចុប្បន្ន ពិតជាច្រើនមែន។ លោកបន្ថែមថា ប្រជាសហគមន៍មិនមានសិទ្ធិអំណាចដើម្បីបង្ក្រាបបទល្មើសទាំងនោះទេ គឺមានសិទ្ធិត្រឹមរាយការណ៍ទៅមន្ត្រីជំនាញប៉ុណ្ណោះ។ លោកបញ្ជាក់ថា ប្រសិនបើសហគមន៍ចុះបង្ក្រាបដោយខ្លួនឯង ប្រាកដជាត្រូវប្រឈមមុខជាមួយជនល្មើសទាំងនោះមិនខានឡើយ៖ «ជិតចូលឆ្នាំនេះ មិនសូវមានកើតឡើងប៉ុន្មានទេ គឺមានតែឆក់ក្តៅ។»
លោកបន្តថា ក្រៅពីឧបករណ៍អួនក្រឡាញឹក អួនត្រជាក់ លូស្បៃមុង ក៏មានឧបករណ៍មួយប្រភេទទៀតកំពុងពេញនិយមនោះ គឺលបកន្ទុយកណ្ដុរ។ លោកថា លបប្រភេទនេះមិនត្រឹមតែដាក់ចូលត្រីប៉ុណ្ណោះទេ ប៉ុន្តែសូម្បីពពួកល្មូនរួមមានអណ្ដើក ពស់ ព្រមទាំងសត្វស្លាបក៏ជាប់ដែរ ទើបធ្វើឲ្យសហគមន៍កាន់តែបារម្ភ។
ឆ្លើយតបទៅនឹងក្តីបារម្ភរបស់ប្រជាសហគមន៍ នាយខណ្ឌជលផលខេត្តកំពង់ចាម លោក អ៊ុក ណារិន មានប្រសាសន៍នៅថ្ងៃទី១២ មេសា ថា ខាងលោកបានបង្ក្រាបបទល្មើសមួយចំនួនកាលពីពេលថ្មីៗនេះរួចមកហើយ ម្យ៉ាងមន្ត្រីជលផលបានចាត់ចែងមន្ត្រីរបស់ខ្លួន ដើម្បីចុះពិនិត្យស្ថានភាពបទល្មើសជុំវិញបឹងធំក្នុងឱកាសបុណ្យចូល ឆ្នាំទៀតផង៖ «យើងនឹងដាក់មន្ត្រីប្រចាំការនៅហ្នឹង។»
មន្ត្រីសម្របសម្រួលសហគមន៍នៃអង្គការសម្ព័ន្ធភាពដើម្បី អភិរក្សធនធានជលផល អ្នកស្រី នូ សារឹម កត់សម្គាល់ឃើញថា ជារៀងរាល់ឆ្នាំ នៅពេលមានពិធីបុណ្យជាតិធំៗ ជនល្មើសតែងឆ្លៀតឱកាសនេសាទខុសច្បាប់នៅតំបន់មួយចំនួន។ អ្នកស្រីថា ទាំងមន្ត្រីជំនាញ ឬអាជ្ញាធរ គប្បីគាំទ្រដល់ប្រជាសហគមន៍នេសាទ តាមរយៈផ្តល់ប្រាក់លើកទឹកចិត្តដល់ពួកគាត់ សម្រាប់ចុះល្បាតតាមបឹងក្នុងអំឡុងពេលចូលឆ្នាំ។ បន្ថែមពីនេះ អាជ្ញាធរត្រូវរឹតបន្តឹងច្បាប់ជលផលចំពោះការប្រើប្រាស់ឧបករណ៍នេសាទ ខុសច្បាប់ឲ្យបានប្រសើរ ម្យ៉ាងពលរដ្ឋត្រូវយល់ដឹងអំពីសារប្រយោជន៍នៃធនធានជលផលដោយខ្លួនឯង ផងដែរ៕
No comments:
Post a Comment