សកម្មជន ព្រៃឈើខ្មែរ លោក អ៊ូច ឡេង ទទួល ពានរង្វាន់ វីរជន បរិស្ថាន ពិភពលោក
VOD / វីអូឌី |
សកម្មជន ការពារ ព្រៃឈើ លោក អ៊ូច ឡេង (រូបថត ហ្វេសប៊ុក អ៊ូច ឡេង)
ប្រធាន ក្រុមកិច្ចការ ពិសេស សិទ្ធិមនុស្ស កម្ពុជា(CHRTF) លោក អ៊ូច ឡេង និងជាសកម្មជន ព្រៃឈើម្នាក់ ដែលបាន ចំណាយពេល ជាង២០ឆ្នាំ ក្នុងការ ការពារ ព្រៃឈើ នៅថ្ងៃចន្ទនេះ បានទទួល ពានរង្វាន់ វីរជន បរិស្ថាន (Goldman Environmental Award Prize) ក្នុង
បុគ្គល ៦នាក់ មកពីទូទាំង ពិភពលោក ត្រូវ បានផ្តល់ នូវពានរង្វាន់ មួយនេះ។ ក្នុងនោះ មាន លោក អ៊ូច ឡេង ផងដែរ។ ពានង្វាន់នេះ ត្រូវ ផ្តល់ទៅបុគ្គល ដែលមាន ការប្តេជ្ញាខ្លាំង ក្នុងការពារ បរិស្ថាន និងប្រឆាំង នឹងការបំផ្លាញ បរិស្ថាន។
លោក អ៊ូច ឡេង ប្រាប់វីអូឌី (VOD) ថា៖ «ពិភពលោក បានបង្ហាញ អំពី ស្នាដៃ។ ខាងខ្ញុំ បានខិតខំ, តស៊ូ ក្រាញ ននៀល ដើម្បី ការពារ ព្រៃឈើ ដែលនៅ សេសសល់ បន្តិចបន្តួច ទោះបី ដឹងថា ត្រូវ ប្រឈមមុខ គ្រោះថ្នាក់ យ៉ាងណា ក៏ដោយ។ ខ្ញុំ មកនេះ គឺ ថា, អំពាវនាវ ឲ្យមនុស្ស នៅក្នុងពិភពលោក ក៏ដូចប្រជាពលរដ្ឋ ខ្មែរ ទូទាំងប្រទេស ទាំងអស់ នាំគ្នា ក្រោកឈរឡើង, ហើយ ភ្ញាក់រឭក ជួយការពារ ព្រៃឈើ ដែលនៅសល់ បន្តិចបន្តួច ទាំងអស់គ្នា។ បើសិនជា យើង មិនការពារទេ គឺ ថា, ក្នុងរយៈពេល ពីរបីឆ្នាំ ខាងមុខនេះ នឹងត្រូវ បានវិនាស ហិនហោច។»
លោក អ៊ូច ឡេង បានរៀបរាប់ថាលោកបានចំណាយថវិកាផ្ទាល់ខ្លួនក្នុងការស្រាវជ្រាវរយៈពេលប្រមាណ៣ឆ្នាំទៅលើការរកស៊ីឈើខុសច្បាប់របស់ឧកញ៉ានិងកងកម្លាំងប្រដាប់អាវុធ ដោយលោកបានបន្លំខ្លួនធ្វើជាកម្មករ ជាអ្នកដាំស្លនៅក្នុងព្រៃ ដើម្បីប្រមូលរូបភាព វីដេអូនិងព័ត៌មានផ្សេងៗនៃការកាប់បំផ្លាញព្រៃឈើ ជិះម៉ូតូតាមរថយន្តដឹកឈើនិងតាមដានការដឹកឈើតាមច្រកព្រំដែន។
លោកមានប្រសាសន៍ថា៖ «ខ្ញុំ មកនេះមិនមែនថាវាយប្រហារ មករាយការណ៍រឿងអាក្រក់ អាស្រូវរបស់រដ្ឋាភិបាលនោះទេ។ ប៉ុន្តែបង្ហាញពីសភាពពិតនៅក្នុងប្រទេសកម្ពុជា អំពីតថភាពថាតើប្រទេសកម្ពុជាមានសភាពយ៉ាងម៉េច ហើយយើងត្រូវការឲ្យពិភពលោកជួយយ៉ាងម៉េច ដើម្បីស្រោចស្រង់ស្ថានភាពឲ្យបានល្អឡើងវិញ។»
ទាក់ទងនឹងពានរង្វាន់វីរជនបរិស្ថាននេះ លោក ឡេង ទទួលបានប្រាក់ចំនួន១៧៥០០០ដុល្លារអាមេរិក ដើម្បីបន្តការងារការពារបរិស្ថាននៅកម្ពុជា។ លោកបញ្ជាក់ថាតាមពិតទៅ សកម្មជនព្រៃឈើ លោក ឈុត វុទ្ធី ដែលត្រូវបានបាញ់សម្លាប់កាលពីឆ្នាំ២០១២ ត្រូវទទួលពានរង្វាន់នេះ។
លោក ឡេង បញ្ជាក់ថារដ្ឋាភិបាលខ្វះឆន្ទៈក្នុងការការពារព្រៃឈើ។ លោកបន្តថាសកម្មជនការពារបរិស្ថានត្រូវបានរដ្ឋាភិបាលចាត់ទុកជាសត្រូវប្រឆាំងនឹងរដ្ឋាភិបាល។
គួររំឮកថា លោក អ៊ូច ឡេង ធ្លាប់បានចេញរបាយការណ៍មួយដោយបង្ហាញថាក្រុមហ៊ុនរបស់លោកឧកញ៉ា ទ្រី ភាព ដែលមានទំនាក់ទំនងស្និទ្ធជាមួយលោកនាយករដ្ឋមន្ត្រី ទទួលបានដីសម្បទានសេដ្ឋកិច្ចជិត៧ម៉ឺនហិកតា តាមរយៈការបំបែកជាក្រុមហ៊ុនតូចៗចំនួន១៥ ពីរដ្ឋាភិបាលហើយបាននិងកំពុងរកស៊ីដឹកជញ្ជូនឈើខុសច្បាប់ ទៅលក់នៅប្រទេសវៀតណាមឬចិន។ របាយការណ៍អះអាងថាក្រុមហ៊ុន ទ្រី ភាព បានធ្វើអាជីវកម្មកាប់ឈើនិងដឹកជញ្ជូនឈើប្រណីតនៅគ្រប់តំបន់ព្រៃឈើទូទាំងប្រទេសកម្ពុជា ដោយសារក្រុមហ៊ុននេះមានទំនាក់ទំនងយ៉ាងជិតស្និទ្ធជាមួយមន្ត្រីរដ្ឋាភិបាល និងមានសម្ព័ន្ធមេត្រីភាព ជាមួយកម្លាំងប្រដាប់អាវុធ មន្ត្រីបរិស្ថាន មន្ត្រីរដ្ឋបាលព្រៃឈើ មន្ត្រីអភិរក្ស ក្រសួងឧស្សាហកម្ម ក្រសួង កសិកម្ម និងក្រុមហ៊ុន ភាពីម៉ិច តាមរយៈកិច្ចព្រមព្រៀងស្តីពីការចងសម្ព័ន្ធមេត្រីភាពរវាងក្រុមហ៊ុនមន្ត្រីរដ្ឋាភិបាលនិងកងកម្លាំងប្រដាប់អាវុធចុះថ្ងៃទី២២ ខែកុម្ភៈ ឆ្នាំ២០១០។
របាយការណ៍របស់លោក អ៊ូច ឡេង ក៏បានបញ្ជាក់ថាឧកញ៉ា ទ្រី ភាព បានចំណាយលុយប្រចាំខែ១លានដុល្លារបង់ឲ្យក្រុមគ្រួសារលោក នាយករដ្ឋមន្ត្រី ហ៊ុន សែន ដើម្បីដឹកឈើពីស្រុកខ្មែរទៅលក់នៅប្រទេសវៀតណាមឬ ចិន។ ប៉ុន្តែអ្នកនាំពាក្យទីស្តីការគណៈរដ្ឋមន្ត្រី លោក ផៃ ស៊ីផាន ធ្លាប់ចាត់ទុករបាយការណ៍នេះថាមិនមានមូលដ្ឋានស៊ើបអង្កេតច្បាស់លាស់។ លោកថាបើសាម៉ីខ្លួននៃរបាយការណ៍ មានភស្តុតាងគ្រប់គ្រាន់ គប្បីដាក់ពាក្យបណ្តឹងទៅកាន់តុលាការ ដើម្បីការពារផលប្រយោជន៍សាធារណៈនិងចាត់វិធានការតាមច្បាប់តែម្តង។ ក្រសួងកសិកម្មក៏បានបដិសេធរបាយការណ៍នេះ។
គួរបញ្ជាក់ថាថ្មីៗនេះ រដ្ឋាភិបាលបានសម្រេចដាក់ព្រៃឡង់និងព្រៃភ្នំក្រវ៉ាញជាតំបន់ការពារ។ ការសម្រេចដាក់នេះបន្ទាប់ពីរដ្ឋាភិបាល កាលពីថ្ងៃទី១៥ ខែមករា ឆ្នាំ២០១៦ បានបង្កើតគណៈកម្មការចម្រុះមួយ ដើម្បីទប់ស្កាត់និងបង្ក្រាបបទល្មើព្រៃឈើនៅភាគឦសាននៃប្រទេស។
គួរបញ្ជាក់ថាពានរង្វាន់វីរជនបរិស្ថាននេះត្រូវបានបង្កើតឡើងនៅក្នុងឆ្នាំ១៩៨៩ ដោយអ្នកដឹកនាំសហគមន៍និងអ្នកស្នេហាមនុស្សជាតិនិយមលោក Richard N. Goldmanនិងភរិយារបស់គាត់លោកស្រីRhoda H. Goldman។ អ្នកឈ្នះពានរង្វាន់នេះត្រូវបានជ្រើសរើសដោយចៅក្រមអន្តរជាតិក្នុងចំណោមអ្នកដែលត្រូវស្នើឡើងដោយសម្ងាត់ដោយបណ្តាញអង្គការពិភពលោកនិងបុគ្គលផ្នែកការងារបរិស្ថាន។ អ្នកឈ្នះពានរង្វាន់នឹងត្រូវធ្វើដំណើរកម្សាន្តរយៈពេល១០ថ្ងៃនៅក្នុងរដ្ឋសាន់ហ្រ្វាន់ស៊ីស្កូនិងវ៉ាស៊ីនតោនឌីស៊ី ដើម្បីទៅចូលរួមក្នុងពិធីប្រគល់ពានរង្វាន់និងការធ្វើបទបង្ហាញសន្និសីទសារព័ត៌មាន ការផ្តល់ព័ត៌មានខ្លីៗនិងកិច្ចប្រជុំជាមួយថ្នាក់ដឹកនាំ នយោបាយ គោលនយោបាយសាធារណៈនិងបរិស្ថាន៕
No comments:
Post a Comment