Paris Peace Accords 23 Oct. 1991

Monday, April 11, 2016

មេធាវី ​របស់​លោក មាជ សុវណ្ណារ៉ា ថា ​នឹង​ប្ដឹង​ ទៅ​តុលាការ​ កំពូល ​ប្រឆាំង​ សាលក្រម​ សាលា​ដំបូង | Lawyer for Meach Sovannara says he will appeal to Supreme Court

មេធាវី ​របស់​លោក មាជ សុវណ្ណារ៉ា ថា ​នឹង​ប្ដឹង​ ទៅ​តុលាការ​ កំពូល ​ប្រឆាំង​ សាលក្រម​ សាលា​ដំបូង

RFA / វិទ្យុ អាស៊ី សេរី | ១០ មេសា ២០១៦


មាជ សុវណ្ណារ៉ា ៦២០
មន្ត្រី​បក្ស​សង្គ្រោះ​ជាតិ លោក មាជ សុវណ្ណារ៉ា ចូល​ទៅ​​កាន់​សវនាការ​​សាលាដំបូង​រាជធានី​ភ្នំពេញ កាល​ពី​ព្រឹក​ថ្ងៃ​ទី​៨ មករា ២០១៥។  RFA/Morm Moniroth


មេធាវី ​ការពារ​ក្ដី​ ឲ្យ​មន្ត្រី​ ជាន់​ខ្ពស់​ គណបក្ស​ សង្គ្រោះ​ជាតិ ឲ្យ​ដឹង​ ថា, លោក ​នឹង​ប្ដឹង​ សារទុក្ខ​ ទៅ​តុលាការ​ កំពូល បន្ត​ទៀត​ នៅ​ថ្ងៃ​ ទី​១១ មេសា ប្រឆាំង​ សាលក្រម ​នៃ​តុលាការ​ ក្រុង​ភ្នំពេញ។   មន្ត្រី​ អង្គការ​ សង្គម​ស៊ីវិល ​ផ្នែក​សិទ្ធិ​មនុស្ស យល់​ឃើញ​ ថា, ការ​ឃុំ​ខ្លួន លោក មាជ សុវណ្ណារ៉ា ដោយ​មិន​ អនុញ្ញាត​ ឲ្យ​បាន​ចេញ​ ទៅ​ក្រៅ​ប្រទេស ​ដើម្បី​ ព្យាបាល​ជំងឺ វា ​ជា​ផ្នែក​មួយ​ នៃ​ការ​រឹតត្បិត ​សិទ្ធិ​សេរីភាព​ យ៉ាង​ធ្ងន់ធ្ងរ។


លោក ជូង ជូងី អះអាង​ថា កូន​ក្ដី​របស់​លោក គឺ​លោក មាជ សុវណ្ណារ៉ា ត្រូវ​មាន​សិទ្ធិ​សេរីភាព​ពេញលេញ ដើម្បី​ទទួល​បាន​ការ​ពិនិត្យ​សុខភាព​តាម​កាល​កំណត់​របស់​គ្រូពេទ្យ។ ម្យ៉ាង សេចក្ដី​សម្រេច​នៃ​សាលក្រម​សាលា​ដំបូង​រាជធានី​ភ្នំពេញ​ក្នុង​ពេល​កន្លង​ទៅ ប្រឆាំង លោក មាជ សុវណ្ណារ៉ា គឺ​វា​ពុំ​មែន​ជា​សាលក្រម​ស្ថាពរ​ថែម​ទៀត​ផង។

លោក ជូង ជូងី ឲ្យ​ដឹង​ទៀត​ថា នៅ​ថ្ងៃ​ទី​១១ មេសា លោក​នឹង​ប្ដឹង​សារទុក្ខ​ទៅ​តុលាការ​កំពូល ដោយ​ទាមទារ​ឲ្យ​តុលាការ​ជាន់​ខ្ពស់​នេះ ទាត់​ចោល​សាលក្រម​នៃ​តុលាការ​ក្រុង​ភ្នំពេញ ដែល​ហាម​មិន​ឲ្យ លោក មាជ សុវណ្ណារ៉ា ចេញ​ទៅ​បរទេស សូម្បី​ទទួល​ការ​ព្យាបាល​ក៏ដោយ។ លោក ជូង ជូងី ចាត់​ទុក​សេចក្ដី​សម្រេច​របស់​តុលាការ​ជាន់​ទាប​នេះ​ថា ជា​សាលក្រម​ដែល​រំលោភ​សិទ្ធិ​លើ​កូន​ក្ដី​របស់​ខ្លួន។ លោក​បន្ត​ថា «ខ្ញុំ ​យល់​ថា​ចាប់​គាត់​ហ្នឹង​បំពាន​គាត់​ខ្លាំង​ណាស់​ហើយ រហូត​មក​ដល់​ឥឡូវ​នេះ សាលក្រម​មិន​ទាន់​ចូល​ស្ថាពរ​នៅ​ឡើយ​ដែរ។ ពេល​ដែល​តុលាការ​កាត់​ចេញ​សាលក្រម​កាល​ពី​ថ្ងៃ​ទី​២១ ខែ​កក្កដា កន្លង​ទៅ​នោះ ថ្ងៃ​នោះ​ឥត​មាន​មេធាវី​ការពារ​ទេ។ ដូច្នេះ​កាល​ដែល​តុលាការ​បន្ត​នីតិវិធី​ដោយ​ឥត​មាន​មេធាវី​បែប​នេះ គឺ​វា​បំពាន​ច្បាប់​ធ្ងន់ធ្ងរ​ណាស់»

លោក មាជ សុវណ្ណារ៉ា ត្រូវ​បាន​ចៅក្រម​នៃ​តុលាការ​ក្រុង​ភ្នំពេញ សម្រេច​ផ្ដន្ទាទោស​ដាក់​ពន្ធនាគារ ២០​ឆ្នាំ កាល​ពី​ឆ្នាំ​២០១៥ ក្រោម​បទ​ចោទ​ដឹក​នាំ​កុបកម្ម​នាំ​ឲ្យ​មាន​អំពើ​ហិង្សា​នៅ​ស្ពាន​នាគ​ក្បែរ​ ទីលាន​ប្រជាធិបតេយ្យ កាល​ពី​ខែ​កក្កដា ឆ្នាំ​២០១៤ ដែល​សវនាការ​នេះ​ពុំ​មាន​មេធាវី​តតាំង​នៅ​ក្នុង​សវនាការ​ឡើយ។ កាល​ពី​ខែ​មីនា ឆ្នាំ​២០១៥ មេធាវី​ការពារ​ក្ដី​ឲ្យ លោក មាជ សុវណ្ណារ៉ា ក៏​ធ្លាប់​ស្នើសុំ​តុលាការ​កំពូល ដើម្បី​បាន​នៅ​ក្រៅ​ឃុំ​បណ្ដោះអាសន្ន​ម្ដង​រួច​ហើយ​ដែរ ប៉ុន្តែ​ការ​ស្នើសុំ​កាល​ណោះ មិន​ត្រូវ​បាន​តុលាការ​ជាន់​ខ្ពស់​នេះ​អនុញ្ញាត​ឡើយ។

វិទ្យុ​អាស៊ីសេរី ព្យាយាម​សុំ​ការ​បំភ្លឺ​ជុំវិញ​សំណុំ​រឿង​នេះ​តាម​ទូរស័ព្ទ​ពី​មន្ត្រី​នាំ​ ពាក្យ​នៃ​តុលាការ​ក្រុង​ភ្នំពេញ លោក លី សុផាន់ណា ក៏ប៉ុន្តែ​ទូរស័ព្ទ​ពុំ​មាន​អ្នក​ទទួល​នៅ​ថ្ងៃ​ទី​១០ មេសា។

ជុំវិញ​សំណុំ​រឿង​នេះ កាល​ពី​ថ្ងៃ​ទី​២០ ខែ​កក្កដា ឆ្នាំ​២០១៥ តុលាការ​ក្រុង​ភ្នំពេញ បាន​ចេញ​សាលក្រម​ថ្មី​មួយ​ទៀត បន្ទាប់​ពី​មាន​សាលក្រម​មុន​ចាប់​ឃុំ​ខ្លួន​ម្ដង​រួច​ហើយ ដែល​ហាម​មិន​ឲ្យ លោក មាជ សុវណ្ណារ៉ា ចាក​ចេញ​ទៅ​ក្រៅ​ប្រទេស​ដូច​គ្នា​ដែរ។

ទាក់ទិន​ករណី​នេះ អង្គការ​ឃ្លាំ​មើល​សិទ្ធិ​មនុស្ស​យល់​ឃើញ​ថា តុលាការ​ត្រូវ​ពិចារណា​ឲ្យ លោក មាជ សុវណ្ណារ៉ា ទទួល​បាន​សេវា​ព្យាបាល និង​ពិនិត្យ​សុខភាព​នៅ​ខាង​ក្រៅ​តាម​ការ​ស្នើសុំ​បាន។ ម្យ៉ាង​វិញ​ទៀត ក្នុង​សំណុំ​រឿង​បទឧក្រិដ្ឋ​ដូច​នេះ កាល​ណា​ជំនុំ​ជម្រះ​ដោយ​ពុំ​មាន​មេធាវី​ការពារ​ក្តី​នៅ​ចំពោះ​មុខ​ទេ សាលក្រម​នោះ​មិន​មែន​ជា​សាលក្រម​ដែល​ស្ថាពរ​ឡើយ។

លោក អំ សំអាត មន្ត្រី​ជាន់​ខ្ពស់​អង្គការ​លីកាដូ (LICADHO) កត់ ​សម្គាល់​ថា ដោយសារ​នេះ​ជា​របៀប​នយោបាយ ហេតុ​នេះ​សេចក្ដី​សម្រេច​ដែល​បាន​ចេញ​រួច​ហើយ ក៏​មាន​លក្ខណៈ​ជា​នយោបាយ​ដែរ។ លោក​បន្ថែម​ថា បើ​ផ្អែក​លើ​អង្គ​ហេតុ​សាលក្រម រក​ពុំ​ឃើញ​ធាតុ​ផ្សំ​នៃ​បទល្មើស​ដែល​ឈាន​ទៅ​ដល់​ការ​ចោទ​ប្រកាន់ និង​ឃុំ​ខ្លួន​ឡើយ។ ម្យ៉ាង​ទៀត ការ​ឃុំ​ខ្លួន​ដោយ​ពុំ​មែន​ជា​សាលក្រម​ស្ថាពរ​នេះ​ទៀត​សោត វា​រឹត​តែ​ប៉ះពាល់​ទៅ​លើ​សិទ្ធិ​បុគ្គល​របស់​មនុស្ស​ម្នាក់ៗ​ថែម​ទៀត​ផង។ លោក​បន្ត​ថា, «ដោយសារ​រឿង​នេះ​វា​ពាក់ព័ន្ធ​នឹង​រឿង​ នយោបាយ អ៊ីចឹង​យើង​ឃើញ​ថា សាលក្រម​ដែល​សម្រេច​ហើយ ឬ​ក៏​ការ​សម្រេច​ហ្នឹង​មិន​ហ៊ាន​សម្រេច​ណា​មួយ​ឲ្យ​ខុស​អំពី​ផ្នែក​នយោបាយ​ ទេ»

កាល​ពី​ខែ​មីនា ឆ្នាំ​២០១៥ មេធាវី​ការពារ​ក្ដី​ឲ្យ លោក មាជ សុវណ្ណារ៉ា ធ្លាប់​ស្នើសុំ​តុលាការ​កំពូល ម្ដង​រួច​ហើយ​ដែរ ដើម្បី​បាន​នៅ​ក្រៅ​ឃុំ​បណ្ដោះអាសន្ន ប៉ុន្តែ​ការ​ស្នើសុំ​កាល​ណោះ​មិន​ត្រូវ​បាន​តុលាការ​ជាន់​ខ្ពស់​នេះ អនុញ្ញាត​ទេ។ ក្រោយ​មក​ទៀត កាល​ពី​ដើម​ឆ្នាំ​២០១៦ កន្លង​ទៅ បណ្ដឹង​របស់​មេធាវី​បក្ស​ប្រឆាំង​ដែល​សូម​ឲ្យ​សាលា​ឧទ្ធរណ៍ ច្រាន​ចោល​សាលក្រម​តុលាការ​ក្រុង​ភ្នំពេញ មិន​ឲ្យ លោក មាជ សុវណ្ណារ៉ា ចាក​ចេញ​ទៅ​ក្រៅ​ប្រទេស ត្រូវ​បរាជ័យ​ជា​ថ្មី​ទៀត។ លោក ជូង ជូងី អះអាង​ថា បើ​ទោះ​បី​ជា​បណ្ដឹង​របស់​លោក ត្រូវ​បាន​តុលាការ​ទម្លាក់​ចោល​បែប​នេះ​ជា​ញឹកញាប់​ក្តី លោក​នៅ​តែ​បំពេញ​តាម​វិជ្ជាជីវៈ និង​បច្ចេកទេស​ក្នុង​នាម​ជា​មេធាវី​ដែរ។

បញ្ហា​នេះ អង្គការ​មិន​មែន​រដ្ឋាភិបាល​យល់​ឃើញ​ថា នេះ​ជា​សំណុំ​រឿង​ដែល​ជាប់​ទាក់ទង​នឹង​នយោបាយ ហើយ​ករណី​នេះ ទាល់​តែ​មាន​ការ​សម្រប​សម្រួល​ផ្នែក​នយោបាយ​ឲ្យ​ត្រូវរ៉ូវ​គ្នា​ជា​មុន​សិន ទើប​មន្ត្រី​ជាន់​ខ្ពស់ និង​សកម្មជន​ទាំង ១៥​នាក់​របស់​បក្ស​ប្រឆាំង អាច​មាន​វាសនា​រួច​ផុត​ពី​ការ​ចោទ​ប្រកាន់​នេះ​បាន៕



No comments:

Post a Comment