Paris Peace Accords 23 Oct. 1991

Monday, April 11, 2016

[Vietnamization, Indochina] ពលរដ្ឋ​ ខេត្ត​ ស្ទឹងត្រែង ​អំពាវនាវ​ ឲ្យ​អាជ្ញាធរ​ អន្តរាគមន៍​ ករណី​ ទាហាន​ឡាវ ចូល​បរបាញ់​ គោ​ក្របី | Stung Treng residents request intervention from authority in case of Laotians entering to kill livestock

Indochina = Vietnam [+ Cambodia + Laos]
...

ពលរដ្ឋ​ ខេត្ត​ ស្ទឹងត្រែង ​អំពាវនាវ​ ឲ្យ​អាជ្ញាធរ​ អន្តរាគមន៍​ ករណី​ ទាហាន​ឡាវ ចូល​បរបាញ់​ គោ​ក្របី

RFA / វិទ្យុ អាស៊ី សេរី | ១‌‌០ មេសា ២០១៦

ផែនទី​ខេត្ត​ស្ទឹងត្រែង ៦២០
ផែនទី​ខេត្ត​ស្ទឹងត្រែង / Photo: RFA

ជនជាតិ​ដើម​ភាគ​តិច​រស់នៅ​ឃុំ​ព្រែកមាស ស្រុក​សៀមប៉ាង ខេត្ត​ស្ទឹងត្រែង អះអាង​ថា យោធា​ឡាវ ប្រដាប់​ដោយ​អាវុធ បាញ់​គោ​ក្របី​របស់​អ្នក​ស្រុក និង​បរបាញ់​សត្វ​ព្រៃ​ក្នុង​ដី​ខ្មែរ។ ការ​លើក​ឡើង​នេះ បន្ទាប់​ពី​ទាហាន​ឡាវ ប្រដាប់​ដោយ​អាវុធ​ជាច្រើន​ក្រុម បាន​ឆ្លង​ដែន​ចូល​ដី​ខ្មែរ​នៅ​ចំណុច​អូរ​ព្រាល អូរ​ស្មាច់ តាំង​ពី​ថ្ងៃ​ទី​៦ មេសា នៅ​តែ​អាជ្ញាធរ​កម្ពុជា មិន​ទាន់​មាន​ចំណាត់​ការ​នៅ​ឡើយ បើ​ទោះ​បី​ពលរដ្ឋ​ធ្លាប់​រាយការណ៍​ករណី​នេះ​ជូន​អាជ្ញាធរ​មូលដ្ឋាន និង​យោធា​ការពារ​ព្រំដែន​ច្រើន​លើក​ក្តី។

ជនជាតិ​ដើម​ភាគ​តិច​ខិះ រស់នៅ​ឃុំ​ស្រែសំបូរ និង​ឃុំ​ព្រែកមាស នៅ​ថ្ងៃ​ទី​១០ មេសា អំពាវនាវ​ឲ្យ​អាជ្ញាធរ​រដ្ឋាភិបាល អន្តរាគមន៍​ករណី​ទាហាន​ឡាវ ឆ្លង​ចូល​ដី​ខ្មែរ​ក្នុង​គោល​បំណង​បរបាញ់​គោ​ក្របី​អ្នក​ភូមិ និង​បរបាញ់​សត្វ​ព្រៃ ជាដើម។

ជនជាតិ​ដើម​ភាគ​តិច​ខិះ រស់នៅ​ឃុំ​ព្រែកមាស លោក ទា សន កត់​សម្គាល់​ថា ការ​ឆ្លង​ចូល​ដី​ខ្មែរ​ដោយ​យោធា​ឡាវ គឺ​ស្ទើរ​តែ​ជា​ទម្លាប់​ទៅ​ហើយ ធ្វើ​ឲ្យ​ប៉ះពាល់​ដល់​សតិ​អារម្មណ៍​អ្នក​ភូមិ បន្ទាប់​ពី​ប្រតិបត្តិការ​របស់​ទាហាន​ឡាវ ប្រដាប់​ដោយ​កាំភ្លើង ឆ្លង​ចូល​ដី​ខ្មែរ​បាញ់​គោ​ក្របី​អ្នក​ភូមិ​តាម​អំពើ​ចិត្ត។ លោក​ថា អ្នក​ភូមិ​ពុំ​ទាន់​ដឹង​ពី​តួលេខ​ជាក់លាក់​ស្ដីពី​ការ​បាត់​គោ​ក្របី​នៅ​ ឡើយ។ លោក​កត់​សម្គាល់​ថា ចាប់​ពី​ម៉ោង ៦​ល្ងាច ទាហាន​ឡាវ ជាច្រើន​ក្រុម​ប្រដាប់​ដោយ​អាវុធ​គ្រប់​ដៃ បាន​ឆ្លង​ចូល​ដី​ខ្មែរ​ត្រង់​ចន្លោះ​បង្គោល​ព្រំដែន​លេខ​៣១ លេខ​៣២ និង​បង្គោល​លេខ​៤២ ចំណុច​អូរ​ស្មាច់ នៃ​ភូមិ​ខិះក្រោម ឃុំ​ព្រែកមាស ដើម្បី​បរបាញ់​សត្វ​ព្រៃ និង​បាញ់​សត្វ​ពាហនៈ​របស់​អ្នក​ស្រុក៖ «មាន​ទាហាន​ឡាវ ១២​នាក់ អាវុធ ១១​ដើម។ ចូល​ដល់​ជើង​របង​ស្រែ​ប្រជា​យើង។»


វិទ្យុ​អាស៊ីសេរី មិន​អាច​ទាក់ទង​មេ​បញ្ជាការ​វរ​ការពារ​ព្រំដែន​១០១ ដើម្បី​សុំ​ការ​បំភ្លឺ​ករណី​នេះ​បាន​ទេ​នៅ​ថ្ងៃ​ទី​១០ មេសា។

មេ​ឃុំ​ព្រែកមាស លោក ផួង លុន ទទួល​ស្គាល់​ថា ពិត​ជា​មាន​ទាហាន​ឡាវ បាន​រំលោភ​ដែន​អធិបតេយ្យភាព​របស់​កម្ពុជា ដោយ​បរបាញ់​គោ​ក្របី​អ្នក​ភូមិ។ លោក​ថា អាជ្ញាធរ​ឃុំ​បាន​ទទួល​ពាក្យ​បណ្ដឹង​ករណី​នេះ និង​ធ្លាប់​រៀបចំ​របាយការណ៍​ទៅ​អាជ្ញាធរ​ស្រុក ដើម្បី​អន្តរាគមន៍៖ «កន្លង​មក​វា​បាត់​ខ្លះ វា​ស្លាប់​ខ្លះ ការងារ​ហ្នឹង​វា​មិន​មែន​ទាំងអស់​ទេអ្នក​រាយការណ៍​ហ្នឹង​ក៏​វា​ពិត​មែន​ថា​បាញ់ ប៉ុន្តែ​ជួន​កាល​ក្របី​ឈឺ​ស្លាប់​ក៏​មាន។»

មន្ត្រី​សម្រប​សម្រួល​នៃ​សមាគម​អាដហុក (ADHOC) ខេត្ត ​ស្ទឹងត្រែង លោក ហូ សំអុល ចាត់​ទុក​ករណី​នេះ​ថា​ជា​សញ្ញា​បង្ហាញ​ឲ្យ​ឃើញ​ពី​ចំណុច​ខ្សោយ​របស់​ទាហាន​ ការពារ​ព្រំដែន​របស់​កម្ពុជា។ លោក​ទាមទារ​ឲ្យ​អាជ្ញាធរ​ពាក់ព័ន្ធ អន្តរាគមន៍​ជា​បន្ទាន់ បើ​ពន្យារ​ពេល​ទៀត ករណី​នេះ​នឹង​ក្លាយ​ជា​ទម្លាប់​ធ្វើ​ឲ្យ​ប៉ះពាល់​ជីវភាព និង​សុវត្ថិភាព​ពលរដ្ឋ​ធ្ងន់ធ្ងរ។ លោក​ថា រដ្ឋាភិបាល​គួរ​ពង្រឹង​កាតព្វកិច្ច​ទាហាន​ការពារ​ព្រំដែន ដើម្បី​ឆ្លើយ​តប​ការ​បារម្ភ​របស់​ពលរដ្ឋ និង​ដើម្បី​ការពារ​ដែន​អធិបតេយ្យភាព​របស់​កម្ពុជា ផង។

លោក ហូ សំអុល ចាត់​ទុក​ការ​ឈ្លាន​ពាន​ដោយ​យោធា​ឡាវ ជា​អំពើ​រំលោភ​ច្បាប់​កម្ពុជា ធ្ងន់ធ្ងរ ដូចជា​ប្រើប្រាស់​អាវុធ​ខុស​ច្បាប់ ការ​បរបាញ់​សត្វ​ព្រៃ និង​ឆ្លង​ដែន​ខុស​ច្បាប់។ លោក​ជំរុញ​ឲ្យ​អាជ្ញាធរ​ខេត្ត រៀបចំ​របាយការណ៍​ជុំវិញ​ករណី​នេះ​ទៅ​អាជ្ញាធរ​ឡាវ ដើម្បី​បញ្ឈប់​ការ​ចូល​ទឹក​ដី​ខ្មែរ​បាញ់​ក្របី និង​សត្វ​ព្រៃ​នោះ។

ប្រពៃណី​ជនជាតិ​ដើម​ភាគ​តិច លែង​គោ​ក្របី​ចូល​ព្រៃ​នៅ​រដូវ​ប្រាំង រហូត​ដល់​រដូវ​វស្សា​ទើប​អ្នក​ភូមិ​ស្វែងរក​គោ​ក្របី​មក​វិញ។ នៅ​ប៉ុន្មាន​ឆ្នាំ​ចុង​ក្រោយ​នេះ ប្រពៃណី​នេះ​កំពុង​គំរាម​កំហែង​ដោយ​យោធា​ឡាវ ទោះ​បី​ជា​អ្នក​ភូមិ​បាន​ដាក់​វេន​ចូល​ព្រៃ​ឃ្លាំ​មើល​គោ​ក្របី​ក្តី៕


No comments:

Post a Comment