| ១៣ មេសា ២០១៦
លោក មាជ សុវណ្ណារ៉ា មន្ត្រី គណបក្ស សង្គ្រោះជាតិ និងជាពលរដ្ឋ អាមេរិក ត្រូវ បានជាប់ ពន្ធនាគារ កាលពីឆ្នាំមុន ពីបទកុបកម្ម ដោយសារ វត្តមាន របស់លោក នៅឯការ តវ៉ា មួយកាល ពីឆ្នាំ២០១៤ ដែលបាន ប្រែក្លាយ ជាហិង្សា។ លោក កំពុង ដាក់ពាក្យប្តឹង ឧត្តមសេនីយ៍ឯក ហ៊ុន ម៉ាណែត និងរដ្ឋាភិបាល ទាមទារ សំណងជំងឺចិត្ត ដែលបណ្តាល មកពី «ការធ្វើ ទារុណកម្ម តាមតែ អំពើចិត្ត, ការឃុំខ្លួន ហួសពីផ្លូវច្បាប់ និងរយៈពេល យូរ។»
ថ្លែងតាមទូរស័ព្ទពីទីក្រុងឡូសអែនជឺឡេស (Los Angeles) កន្លែងដែលក្រុមគ្រួសាររបស់លោក មាជ សុវណ្ណារ៉ា រស់នៅ និងជាកន្លែងដែលករណីនេះត្រូវបានប្តឹងក្នុង តុលាការសហព័ន្ធអាមេរិកកាលពីព្រឹកថ្ងៃសុក្រ មេធាវី ម័រតុន សក្លា បាននិយាយថា អ្នកប្រគល់ដីកាម្នាក់ឈ្មោះ ផូល ហាយ៉េស បានប្រគល់ដីកាបង្គាប់ឲ្យចូលខ្លួនទៅឧត្តមសេនីយ៍ ឯក ហ៊ុន ម៉ាណែត កាលពីថ្ងៃសៅរ៍។
ឧត្តមសេនីយ៍ឯក ហ៊ុន ម៉ាណែត បានធ្វើដំណើរទៅសហរដ្ឋ អាេមរិក ដើម្បីជួបជាមួយសហគមន៍ខ្មែរនៅទីនោះ ហើយបានរៀបចំអាហារពេលល្ងាច នៅភោជនីយដ្ឋាន La Lune ក្នុងទីក្រុងឡុងប៊ិច កាលពីយប់ថ្ងៃសៅរ៍ ស្រាប់តែពេលនោះបុរសម្នាក់ត្រូវបានវាយដំដោយ អង្គរក្សរបស់លោក ដែលតម្រូវឲ្យនគរបាលមូលដ្ឋានធ្វើអន្តរាគមន៍។
លោក សក្លា បាននិយាយថា បុរសនោះគឺលោក ហាយ៉េស។ រូបភាពវីដេអូតាមប្រព័ន្ធអីុនធឺណិតបង្ហាញថា នគរបាលក្រុងឡុងប៊ិចបានបាញ់ឧស្ម័នបង្ហូរទឹក ភ្នែកដាក់អង្គរក្សលោក ហ៊ុន មា៉ណែត និងក្រុមអ្នក តវ៉ា បន្ទាប់ពីលោក ហាយ៉េស ត្រូវបានវាយដំដោយក្រុមអង្គរក្ស ខណៈពេលប្រគល់ ដីកាបង្គាប់ឱ្យចូលខ្លួនដល់គាត់។
លោក សក្លា បានលើកឡើង ថា, «ខ្ញុំ បានទៅ ជួបគាត់ នៅថ្ងៃនេះ» ដោយពន្យល់ ថា, លោក ហាយ៉េស នឹងធ្វើការ ចោទប្រកាន់។ «គាត់ កំពុងព្យាបាលបន្ទាន់ ដោយសាររងរបួសយ៉ាងខ្លាំងនៅក្នុងការវាយប្រហារនោះ។ គាត់ កំពុងត្រូវបានតាមដានយ៉ាងយកចិត្តទុកដាក់ដោយសារ របួសត្រង់ឆ្អឹងខ្នង និងក្បាល។»
លោក បានបន្ថែម ថា, «ប៉ុន្តែ ខ្ញុំ ត្រូវ បង្ហាញ ថា, ហេតុការណ៍នេះ បានកើតឡើង នៅពេលគាត់ ស្ថិតនៅ ចម្ងាយ ពីរបីហ្វីត ប៉ុណ្ណោះ ពីលោក ហ៊ុន ម៉ាណែត, ហើយ គាត់ បានប្រាប់ខ្ញុំ នៅព្រឹកនេះថា គាត់បានឈោងដៃឆ្វេងរបស់គាត់ហុចឯកសារឲ្យទៅលោក ហ៊ុន ម៉ាណែត សម្រាប់រឿងក្តី តុលាការនេះ។»
លោក បានបន្ត ថា, «គាត់ បានហៅឈ្មោះ ហ៊ុន ម៉ាណែត, ហើយ ពេលនោះ អង្គរក្ស បានរុញគាត់ ដួលលើដី តែម្តង។ ប៉ុន្តែ នីតិវិធី ក្នុងសហរដ្ឋ អាមេរិក តម្រូវ ឲ្យអ្នក ស្ថិតចម្ងាយ ១០ហ្វីត ពីចុងចោទ។»
លោក សក្លា ដែលផ្អែកករណីរបស់លោកលើការលើកលែងនៅក្នុង ច្បាប់អភ័យឯកសិទ្ធិរដ្ឋក្រៅប្រទេសអាមេរិក ចំពោះសកម្មភាពខុសឆ្គងដែលបង្កឲ្យប៉ះពាល់ដល់ ប្រជាជនអាមេរិកបានលើកឡើងថា ឧត្តមសេនីយ៍ឯក ហ៊ុន ម៉ាណែត មានពេលរហូតដល់ថ្ងៃ ទី៩ ខែឧសភាដើម្បីបង្ហាញប្រាប់តុលាការរដ្ឋកាលីហ្វ័រញ៉ាថា តើគាត់មានគម្រោងការពារខ្លួន ឬយ៉ាងណា? លោក បានបន្ថែម ថា, «លោក ហ៊ុន ម៉ាណែត ត្រូវឆ្លើយបំភ្លឺចំពោះដីកាកោះនេះ គាត់ត្រូវផ្តល់ការឆ្លើយតបជាលាយលក្ខណ៍អក្សរ ដល់តុលាការប្រឆាំងការចោទប្រកាន់លើរូបគាត់។ គាត់ត្រូវនិយាយក្នុងលក្ខខណ្ឌទូទៅថា តើការឆ្លើយ តបរបស់គាត់ជាអ្វី។»
លោក សក្លា បាននិយាយថា ប្រសិនបើមិនមានការឆ្លើយតបចំពោះដីកាបង្គាប់ ឲ្យចូលខ្លួនទេនោះ បញ្ហាអាចធ្វើតាមការគ្រោង ទុក នៅពេលលោក ហ៊ុន សែន ត្រូវបានប្តឹងក្នុងតុលាការក្រុង ញូវយ៉កក្នុងឆ្នាំ២០០៥ ចំពោះការជាប់ពាក់ព័ន្ធ ក្នុងការវាយប្រហារដោយគ្រាប់បែកឆ្នាំ១៩៩៧ទៅលើការ តវ៉ារបស់គណបក្សប្រឆាំងដែលបានបណ្តាលឲ្យលោក Ron Abney ជាជាតិអាមេរិករងរបួស ដែលលោកក៏ត្រូវបានតំណាងដោយ លោក សក្លា ផងដែរ។
ដោយសំដៅដល់សំណើសុំឲ្យចេញសេចក្តី សម្រេចប្រឆាំងចុងចោទដែលមិនឆ្លើយតបលោក សក្លា បាននិយាយ ថា, «នៅក្នុងករណីនោះអ្វីដែលបានកើតឡើង គឺលោក ហ៊ុន សែន មិនបានឆ្លើយតបក្នុងរយៈពេល៣០ថ្ងៃ ទេ ហើយជាលទ្ធផល ‘សេចក្តីសម្រេច’ ត្រូវបានធ្វើឡើង។»
លោក បាននិយាយ ថា, «ចៅក្រមហៀបនឹងចេញសាលក្រមកំបាំងមុខប្រឆាំង លោក ហ៊ុន សែន ទៅហើយ ហើយពេលនោះលោកបានជួលការិយាល័យមេធាវីដ៏ ធំមួយក្នុងទីក្រុងញូវយ៉កឲ្យការពារគាត់ ហើយបានច្រានចោលសេចក្តីសម្រេចនោះ។»
លោក បានបន្ថែម ថា, «នៅក្នុងរឿងក្តីរបស់គាត់ មេធាវីបានផ្អែកលើអភ័យឯកសិទ្ធិជាប្រមុខរដ្ឋ ។ យើងជំទាស់នឹងចំណុចនោះនៅក្នុងតុលាការ នៅពេលលោក ហ៊៊ុន សែន និងលោក សម រង្ស៊ី ឈានដល់ដំណោះស្រាយ ផ្ទាល់ដែលបានបញ្ចប់រឿងក្តីនោះ។»
លោក Abney នៅទីបំផុតបានដកពាក្យបណ្តឹងនោះ ជាផ្នែកមួួយនៃកិច្ចព្រមព្រៀងដែលអនុញ្ញាតឲ្យលោក សម រង្ស៊ី ដែលនិរទេសដោយខ្លួនឯងទទួលបានការលើកលែងទោស ចំពោះការកាត់ឲ្យជាប់ទោសព្រហ្មទណ្ឌ និងត្រឡប់មកប្រទេសកម្ពុជាវិញ។
លោក សក្លា បាននិយាយថា លោកជឿថា បណ្តឹងចុងក្រោយរបស់លោក មានសុពលភាពដោយសារតែមានករណីលើកលែងមួយដែល មាននៅក្នុងច្បាប់អភ័យឯកសិទ្ធិរដ្ឋក្រៅប្រទេស អាមេរិក។
លោក បាននិយាយ ថា, «ខ នោះចែងថា រដ្ឋាភិបាលបរទេសដែលបានប្រព្រឹត្ត កំហុសស៊ីវិលនៅប្រទេសក្រៅដែលមានផលប៉ះពាល់ នៅអាមេរិក ច្បាប់នោះមានការលើកលែងតាមគោលការណ៍អភ័យឯកសិទ្ធិ រដ្ឋក្រៅប្រទេស ហើយអនុញ្ញាតឲ្យប្តឹងរដ្ឋាភិបាលនោះ។»
លោក សក្លា បាននិយាយថា, ទោសជាប់ពន្ធនាគារ២០ឆ្នាំ របស់លោក មាជ សុវណ្ណារ៉ា បានធ្វើទុក្ខទោសរូបគាត់តាមច្រើនវិធី។ លោក បាននិយាយ ថា, «វិធីមួយ គឺ ខាងហិរញ្ញវត្ថុ គ្រួសារ របស់ គាត់ រងការ ខាតបង់ លុយកាក់ ច្រើនណាស់ ដោយសារតែ ទោសជាប់ ពន្ធនាគារ យូរ របស់គាត់ ផ្អែកលើមូលដ្ឋាន តាមតែ អំពើចិត្ត, ពួកគេ បានបាត់បង់ផ្ទះ របស់ខ្លួន។ មានការប៉ះពាល់ ខាងផ្លូវចិត្ត ធ្ងន់ធ្ងរដល់, គ្រួសារ របស់គាត់។»
ឧត្តមសេនីយ៍ឯក ហ៊ុន ម៉ាណែត មិនបានឆ្លើយតបទៅនឹងសំណើសុំការអត្ថាធិប្បាយទេកាលពីម្សិលមិញ។
ក៏ប៉ុន្តែ លោក ផៃ ស៊ីផាន អ្នកនាំពាក្យទីស្តីការគណៈរដ្ឋមន្ត្រីបាននិយាយ ថា លោក សក្លា បានប្រឌិតរឿងក្តីស្មុគស្មាញពិបាកយល់ ដើម្បីរកលុយ។
លោក ផៃ ស៊ីផាន បាននិយាយ ថា, «មេធាវី រូបនេះចេះតែបង្កើតរឿងឲ្យបានច្រើនដើម្ប ី ជំរុញវាតាមរយៈបណ្តាញព័ត៌មានក្នុងបំណងប្រមូលលុយ ពីពលរដ្ឋខ្មែរសញ្ជាតិអាមេរិក។ ចូរគិតអំពីយុត្តាធិការ។ យើងមានយុត្តាធិការរបស់យើងផ្ទាល់ ហើយវាខុសពីយុត្តាធិការអាមេរិក។»
លោក បាននិយាយ ថា, «ហ៊ុន ម៉ាណែត ក៏មិនមានអីពាក់ព័ន្ធជាមួយ មាជ សុវណ្ណារ៉ា ហើយពួកគេបានប្រឌិតបញ្ហានេះឡើង ពីព្រោះគាត់នៅទីនោះ។ ទី២ ខ្ញុំមិនជឿថាអាមេរិកនឹងបណ្តោយឲ្យមានរឿងអ្វី មួយកើតឡើងចំពោះក្រុមមន្ត្រីបរទេសថ្នាក់ខ្ពស់ ដូច ហ៊ុន ម៉ាណែត ទេ។»
ឧត្តមសេនីយ៍ឯក ហ៊ុន ម៉ាណែត តាមពិតពីមុនមកមិនដែល រងការចោទប្រកាន់ពាក់ព័ន្ធនឹងការជាប់ពន្ធនាគារ របស់លោក មាជ សុវណ្ណារ៉ា ទេ ហើយករណីរបស់លោក សក្លា មិនបានផ្តល់ភ័ស្តុតាងក្រៅពីអ្វីដែលខ្លួន ចាត់ទុកថា ជាជំហរល្អរបស់គាត់ ដោយសារការជាប់ ទាក់ទងរបស់គាត់ទៅនឹងឪពុករបស់គាត់ ក្នុងពេលមានរឿងពុករលួយក្នុងកងកម្លាំងសន្តិសុខ។ មិនត្រឹមតែឧត្តមសេនីយ៍ឯក ហ៊ុន ម៉ាណែត ដែលរងការចោទប្រកាន់ជាចុងចោទនៅតុលាការ ប៉ុណ្ណោះទេ ប៉ុន្តែ រដ្ឋាភិបាលកម្ពុជាក៏ដូច្នោះដែរ។
លោក សក្លា បាននិយាយថា លោកកំពុងដំណើរការកោះហៅរដ្ឋាភិបាលឲ្យចូលខ្លួន ដោយធ្វើការតាមរយៈក្រសួងការបរទេសអាមេរិក។
ស្ថានទូតអាមេរិកក្នុងក្រុងភ្នំពេញមិនបាន ឆ្លើយតបទៅនឹងសំណួរសុំការអត្ថាធិប្បាយកាល ពីម្សិលមិញទេ។
លោក ផៃ ស៊ីផាន អ្នកនាំពាក្យ រដ្ឋាភិបាល បាននិយាយ ថា, “លោក មិនបារម្ភអំពីរដ្ឋាភិបាលត្រូវគេប្តឹងនោះទេ។ លោកបាននិយាយថា, «គាត់ កំពុង ព្យាយាម បរិហារកេរ្តិ៍យើង ដោយនិយាយ អ្វីៗ ជាច្រើន ដូច ហ៊ុន ម៉ាណែត ជាភេរវជន ជាដើម។ ប៉ុន្តែ ហ៊ុន ម៉ាណែត បានទទួល ការអប់រំ នៅ West Point។ រឿងនេះ គ្មាន មូលដ្ឋានទេ។ វា នឹងមិន បានការ ទេ។»
នគរបាលនៅក្រុងឡុងប៊ិច មិនបានឆ្លើយតបទៅនឹង សំណើសុំការអត្ថាធិប្បាយអំពីថា តើខ្លួនកំពុងសើុបអង្កេតការអះអាងដែលថា អង្គរក្សរបស់ឧត្តមសេនីយ៍ឯក ហ៊ុន ម៉ាណែត វាយប្រហារលោក Hayes ជាអ្នកប្រគល់ដីកាកោះ ឬយ៉ាងណា៕
No comments:
Post a Comment