លោក ហ៊ុន សែន ថា នឹងធ្វើការ ជិតស្និទ្ធ ជាមួយ នាយករដ្ឋមន្រ្តី ថ្មី វៀតណាម
VOD / វីអូឌី |
នាយករដ្ឋមន្រ្តីថ្មី វៀតណាម លោក ង្វៀន សួនហ្វ៊ុក (រូបថត ដោយAFP)
លោក នាយករដ្ឋមន្រ្តី ហ៊ុន សែន បានផ្ញើ លិខិត មួយច្បាប់ ជូននាយករដ្ឋមន្រ្តី ថ្មី វៀតណាម លោក ង្វៀន សួនហ្វ៊ុក ដោយបានសម្តែង នូវអំណរ សាទរ ក្រោយនាយករដ្ឋមន្រ្តី រូបនោះ ត្រូវ បានជ្រើសតាំង ជានាយករដ្ឋមន្រ្តី នៃសាធារណរដ្ឋ សង្គមនិយម វៀតណាម ដោយថា នឹងធ្វើការ ជិតស្និទ្ធ ជាមួយគ្នា។
ក្នុងលិខិតសាទរដែលចេញនៅថ្ងៃទី៧ ខែមេសា ឆ្នាំ២១០៦ លោកនាយករដ្ឋមន្រ្តី ហ៊ុន សែន សរសេរថា៖ «ស្រប តាមស្មារតីនៃភាពជាអ្នកជិតខាងល្អ មិត្តភាពជាប្រពៃណី សាមគ្គីភាពនិងកិច្ចសហប្រតិបត្តិការលើគ្រប់វិស័យទំនាក់ទំនងរវាង ប្រទេសទាំងពីរនឹងត្រូវបានលើកកម្ពស់និងពង្រឹងពង្រីកបន្ថែមទៀតឲ្យ កាន់តែស៊ីជម្រៅ ដើម្បីផលប្រយោជន៍ទៅវិញទៅមកសម្រាប់ប្រជាជនទាំងពីរ ក៏ដូចជាដើម្បីកសាងសហគមន៍អាស៊ានមួយដ៏រឹងមាំនិងសមស្រប។»
លោក ហ៊ុន សែន បន្តក្នុងលិខិតដដែលថា៖ «ខ្ញុំរង់ចាំធ្វើ ការយ៉ាងជិតស្និទ្ធជាមួយឯកឧត្តមនិងឆ្លៀតឱកាសនេះសូមប្រសិទ្ធពរ ជូនឯកឧត្តម សូមប្រកបដោយសុខភាពល្អ សុភមង្គលនិងសូមទទួលបានជោគជ័យដ៏ធំធេងក្នុងការបំពេញភារកិច្ច ដ៏ឧត្តុង្គឧត្តមរបស់ឯកឧត្តម ពិសេសការអនុវត្តផែនការអភិវឌ្ឍសេដ្ឋកិច្ចសង្គម សម្រាប់៥ឆ្នាំខាងមុខ ២០១៦-២០២០ ដើម្បីនាំមនូវនិរន្តរភាពនៃសុភមង្គលនិងភាពសំបូររុងរឿងជូនប្រជាជន វៀតណាម។»
ចំណែកប្រធានគណបក្សសង្គ្រោះជាតិដែលកំពុងគេចខ្លួននៅក្រៅប្រទេស ពីការកោះហៅរបស់តុលាការកម្ពុជា លោក សម រង្ស៊ី កាលពីម្សិលមិញនេះ ក៏បានសរសេរជូនពរ លោក ង្វៀន សួនហ្វ៊ុក លើទំព័រហ្វេសប៊ុករបស់លោកផងដែរ។ ក្នុងសារបានបង្ហោះនោះលោក សម រង្ស៊ី បានសរសេរថាលោកជូនពរឲ្យលោក ង្វៀន សួនហ្វ៊ុក បំពេញការងាររបស់លោក ប្រកបដោយជោគជ័យនិងជឿជាក់ថាទំនាក់ទំនងរវាងប្រទេសកម្ពុជានិងប្រទេសវៀតណាម នឹងមានភាពកាន់តែល្អប្រសើរថែមទៀត នៅពេលអនាគត ក្នុងស្មារតីគោរពគ្នាទៅវិញទៅមក ហើយសហការជាមួយគ្នា ដើម្បីភាពរុងរឿង នៃប្រទេសយើងទាំងពីរ។ លោកបានកោតសរសើរប្រទេសវៀតណាមដែលរៀបចំឲ្យមានការ ផ្លាស់ប្តូរនាយករដ្ឋមន្រ្តីក្នុងរយៈពេល១០ឆ្នាំម្តង។
លោកសរសេរបន្ថែមថា៖ «ខ្ញុំ ក៏សូម កោតសរសើរ យ៉ាងស្មោះ ដែរ ចំពោះ ថ្នាក់ដឹកនាំ ជាសមូហភាព របស់ ប្រទេស វៀតណាម ក្នុងការ ចាត់វិធានការ យ៉ាងពិតប្រាកដ និងម៉ឺងម៉ាត់ ដើម្បី ប្រឆាំង អំពើពុករលួយ និងក្នុងការ រៀបចំ ឲ្យមាន ការផ្លាស់ប្តូរ នាយករដ្ឋមន្ត្រី យ៉ាងយូរ ១០ឆ្នាំម្តង យ៉ាងទៀងទាត់ ដើម្បី ឲ្យមាន ឈាមថ្មី, គំនិតថ្មី, និងទេពកោសល្យថ្មី ដែលជាបច្ច័យ ចាំបាច់ ធ្វើឲ្យ ការដឹកនាំ ប្រទេស មានលក្ខណៈ ល្អប្រសើរ។»
គួរបញ្ជាក់ថាកាលពីថ្ងៃព្រហស្បតិ៍ម្សិលមិញ រដ្ឋសភាវៀតណាមបានបោះឆ្នោតជ្រើសតាំងនាយករដ្ឋមន្ត្រីថ្មីដើម្បីធ្វើ ឲ្យមានការអភិវឌ្ឍសេដ្ឋកិច្ចស្របពេលដែលមានសម្ពាធខ្លាំងជំរុញឲ្យមានការធ្វើកំណែទម្រង់លើបញ្ហាកំពុងប្រ ឈមរវាងស្ថាប័នរដ្ឋនិងវិស័យឯកជន ដោយបានជ្រើសតាំង លោក ង្វៀន សួនហ្វ៊ុក អតីតឧបនាយករដ្ឋមន្ត្រីក្នុងសំឡេង៤៤៦លើ៤៩០៕
No comments:
Post a Comment