សហភាព អឺរ៉ុបអំពាវនាវ ឲ្យបញ្ឈប់ ការយាយី លើលោក កឹម សុខា
VOD / វីអូឌី |
អនុប្រធានគណបក្សសង្រ្គោះជាតិ លោក កឹម សុខា
សហភាព អឺរ៉ុប ប្រចាំ នៅប្រទេស កម្ពុជា បានអំពាវ ឲ្យបញ្ឈប់ ការយាយី ផ្នែកតុលាការ លើប្រធាន ស្តីទី គណបក្ស សង្រ្គោះជាតិ លោក កឹម សុខា ខណៈ លោក ត្រូវ បានចោទប្រកាន់ ពីបទបដិសេធ មិនចូលបំភ្លឺ នៅតុលាការ ដោយលោក អាចជាប់ពន្ធនាគារ ពី១ខែ ទៅ៦ខែ, ហើយ គណបក្សប្រឆាំង ព្រមាន ធ្វើមហាបាតុកម្ម ប្រសិនបើ លោក កឹម សុខា ត្រូវ បានចាប់ខ្លួន។
នៅក្នុងសេចក្តីថ្លែងការណ៍មួយចេញផ្សាយនៅថ្ងៃចន្ទនេះ ប្រមុខបេសកកម្មការទូតទាំងឡាយនៃសហភាពអឺរ៉ុបប្រចាំរាជធានីភ្នំពេញបានលើកឡើងថាខ្លួនរខកចិត្តយ៉ាងខ្លាំងចំពោះ”ការកើនឡើងកម្តៅនយោបាយដ៏គ្រោះថ្នាក់”នៅប៉ុន្មានថ្ងៃថ្មីៗនេះ ដោយអំពាវនាវឲ្យបញ្ឈប់នូវការយាយីផ្នែកតុលាការលើលោក កឹម សុខា និងតំណាងអង្គការសង្គមស៊ីវិលផ្សេងៗ។
សហភាពអឺរ៉ុបបានបញ្ជាក់ថា៖ យើងជំរុញឲ្យអាជ្ញាធរកម្ពុចាបន្តកិច្ចចរចាមួយដោយស្ថាបនានិងសន្តិវិធី កាន់តែឆាប់អាចធ្វើទៅបានជាមួយបក្សប្រឆាំង ដោយយើងចាត់ទុកថាជាអ្វីដែលត្រូវកើតឡើងសម្រាប់ការបោះឆ្នោតស្របច្បាប់នៅពេលខាងមុខ។
សេចក្តីថ្លែងការណ៍របស់សហភាពអឺរ៉ុបធ្វើឡើងក្រោយពីរដ្ឋសភាដែលមានតែតំណាងរាស្រ្ត៦៨រូបមកពីគណបក្សប្រជាជនកម្ពុជាបានសម្រេចបោះឆ្នោតគាំទ្រឲ្យតុលាការបន្តនីតិវិធីលើលោក កឹម សុខា។
គណបក្សសង្រ្គោះជាតិបានដង្ហែក្បួនដាក់ញត្តិទៅថ្វាយព្រះមហាក្សត្រសុំព្រះរាជអន្តរាគមន៍កាលពីរសៀលថ្ងៃចន្ទនេះ ដោយមានការហាមឃាត់ពីសំណាក់សមត្ថកិច្ចរាប់រយនាក់។ បក្សប្រឆាំងចាត់ទុកថាចំណាត់ការផ្លូវច្បាប់លើលោក កឹម សុខា ជាការរំលោភលើរដ្ឋធម្មនុញ្ញ។
ក្នុងកិច្ចប្រជុំគណៈកម្មាធិការចម្រុះលើកទី៩ដែលធ្វើឡើងនៅរាជធានីភ្នំពេញ កាលពីដើមខែឧសភា គណៈប្រតិភូសហភាពអឺរ៉ុបបានស្នើរដ្ឋាភិបាលកម្ពុជាបង្កើតឡើងនិងរក្សាបរិយាកាសមួយដែលគណបក្សនយោបាយទាំងអស់និងសង្គមស៊ីវិល អាចដំណើរការដោយសេរីនិងគ្មានការភ័យខ្លាចនិងអំពាវនាវដោះលែងមន្រ្តីសិទ្ធិមនុស្សដែលត្រូវបានចោទប្រកាន់រឿងសូកប៉ាន់សាក្សី។
កាលពីថ្ងៃទី២ ខែឧសភា តុលាការបានសម្រេចចោទប្រកាន់មន្រ្តីការពារសិទ្ធិមនុស្សអាដហុក៤រូប និងមន្រ្តីគ.ជ.ប ពីបទសូកប៉ាន់សាក្សីនិងសមគំនិតសូកប៉ាន់។ មន្រ្តីអាដហុក៤ទាំងរូប រួមមានលោក នី សុខា លោក យី សុខសាន្ត លោក ណៃ វ៉ងដា និង លោកស្រី លឹម មុនី។
ចំណែកអតីតបុគ្គលិករបស់អាដហុក លោក នី ចរិយា ដែលទើបតែទទួលបានតំណែងជាអគ្គលេខាធិការរងគ.ជ.ប. ត្រូវបានតុលាការចោទប្រកាន់ពីបទសមគំនិតសូកប៉ាន់សាក្សី។
គួរបញ្ជាក់ថាសហភាពអឺរ៉ុបបានបង្កើនការគាំទ្ររបស់ខ្លួនគួរឲ្យកត់សម្គាល់គឺរហូតដល់ចំនួន៤១០លានអឺរ៉ូក្នុងកម្មវិធីជំនួយសម្រាប់ឆ្នាំ២០១៤-២០២០។ ទំនាក់ទំនងពាណិជ្ជកម្មនិងវិនិយោគទ្វេភាគី ត្រូវបានពង្រីកគួរឲ្យកត់សម្គាល់ដោយការនាំចេញរបស់កម្ពុជាទៅកាន់សហភាពអឺរ៉ុបមានចំនួនជាង៤ពាន់លានអឺរ៉ូក្នុងឆ្នាំ២០១៥៕
No comments:
Post a Comment