គ្រួសារ លោក មាជ សុវណ្ណារ៉ា ប្តេជ្ញា ប្រើប្រាស់ តុលាការ អាមេរិក រកយុត្តិធម៌
លោក មាជ
សុវណ្ណារ៉ា និងលោកស្រី ជេមី មាជ
ជាភរិយា, ព្រមទាំង កូនតូចៗ ចំនួន បីនាក់, បានដាក់ពាក្យប្តឹង ទៅតុលាការ
សហព័ន្ធ ប្រចាំ ភាគកណ្តាល នៃរដ្ឋ កាលីហ្វញ៉ា ប្រឆាំង នឹងលោក ហ៊ុន
ម៉ាណែត និងរាជរដ្ឋាភិបាល កម្ពុជា ពីបទធ្វើ ទារុណកម្ម, ភេរវកម្ម អន្តរជាតិ ធ្វើ ឱ្យប៉ះពាល់ ផ្លូវចិត្ត ដោយចេតនា, ការវាយតប់, ការបំពារបំពាន រាងកាយ, ការឃុំឃាំង ដោយខុសច្បាប់, និងការព្រាត់ប្រាស់ ប្តីប្រពន្ធ។
រូបឯកសារ៖
អ្នកស្រី Jamie Meach ភរិយារបស់លោក មាជ សុវណ្ណារ៉ា
កំពុងផ្តល់បទសម្ភាសន៍ឲ្យ VOA នៅទីក្រុងឡុងប៊ិច រដ្ឋកាលីហ្វញ៉ា
សហរដ្ឋអាមេរិកកាលពីថ្ងៃព្រហស្បតិ៍ ទី១៧ ខែធ្នូ ឆ្នាំ២០១៥។ (ម៉ែន
គឹមសេង/VOA)
VOA / វីអូអេ | ៣០ មេសា ២០១៦
វ៉ាស៊ីនតោន—ពេលវេលា សេសសល់ កំពុងតែ
ត្រូវ រាប់ថយក្រោយ សម្រាប់ សំណុំរឿង ដែលក្រុមគ្រួសារ លោក មាជ សុវណ្ណារ៉ា ប្តឹងលោក ហ៊ុន ម៉ាណែត
នាយរង សេនាធិការ ចម្រុះ នៃកងយោធពល ខេមភូមិន្ទ និងរដ្ឋាភិបាល កម្ពុជា។ នេះ បើ តាមការអះអាង របស់ មេធាវី សិទ្ធិមនុស្ស។
ប៉ុន្តែ ការប្តេជ្ញាចិត្ត របស់ ក្រុមគ្រួសារ អ្នកនយោបាយ ខ្មែរ-អាមេរិកាំង នេះ មិនដើរ ថយក្រោយ ទេ, គឺ បោះជំហាន ទៅមុខ រហូត ទាល់តែ មានការ ដោះលែង លោក មាជ សុវណ្ណារ៉ា និងទទួលបាន សំណង សមរម្យ សម្រាប់ ការខាតបង់ ដែលខ្លួន ទទួល រងគ្រោះ។
លោក មាជ សុវណ្ណារ៉ា មន្ត្រីព័ត៌មានរបស់គណបក្សសង្គ្រោះជាតិនិងលោកស្រី ជេមី មាជ ជាភរិយាព្រមទាំងកូនតូចៗចំនួនបីនាក់បានដាក់ពាក្យប្តឹង ទៅតុលាការសហព័ន្ធប្រចាំភាគកណ្តាលនៃរដ្ឋកាលីហ្វញ៉ាប្រឆាំងនឹងលោក ឧត្តមសេនីយ៍ហ៊ុន ម៉ាណែត និងរាជរដ្ឋាភិបាលកម្ពុជាកាលពីថ្ងៃសុក្រទី៨ខែមេសាពីបទធ្វើ ទារុណកម្ម ភេរវកម្មអន្តរជាតិ ធ្វើឱ្យប៉ះពាល់ផ្លូវចិត្តដោយចេតនា ការវាយតប់ ការបំពារបំពានរាងកាយ ការឃុំឃាំងដោយខុសច្បាប់ និងការព្រាត់ប្រាស់ប្តីប្រពន្ធ។
លោកស្រី ជេមី មាជ បានបញ្ជាក់ ប្រាប់ VOA ក្នុងបទសម្ភាស មួយ ថា៖
«អ្វី ដែលយើង ចង់បាន នៅពេលនេះ គឺ ចង់ឱ្យគាត់ សង នូវជំងឺចិត្ត ដែលគាត់ បានធ្វើបាប ទាំងផ្លូវកាយ, ផ្លូវចិត្ត មិនថា, គ្រួសារ របស់ខ្ញុំ។ គាត់ នៅឯពន្ធនាគារ មួយចំណែកហើយ។ មួយចំណែកទៀត គឺ នាងខ្ញុំ និងគ្រួសារ គឺ កូននាងខ្ញុំ គាត់ រន្ធត់ស្មារតី; រៀន ក៏មិនសូវបាន; អ្វី មិនបាន ដោយសារ ការបាត់បង់ ឱពុក។ ហើយ អ្វី ដែលយើង ចង់បាន គឺ យើង ចង់ស្វែងរក យុត្តិធម៌ ឱ្យគ្រួសារ របស់ នាងខ្ញុំ នៅក្នុងការ ដែលចោទគាត់ ថា, បង្ក កុប្បកម្ម អ្វីហ្នឹងទៅ, ហើយ ចង់រកយុត្តិធម៌ ឱ្យគាត់។»
លោកមេធាវី ម៉តុន សក្លា ដែលការពាររឿងក្តីសិទ្ធិមនុស្សជាច្រើនមកហើយនោះនិងពេលនេះកំពុង តំណាងឱ្យក្រុមគ្រួសារលោកមាជ សុវណ្ណារ៉ាអះអាងថាពេលកំណត់ចុងក្រោយសម្រាប់លោកហ៊ុន ម៉ាណែត សល់ពេលត្រឹមថ្ងៃច័ន្ទទី៩ខែឧសភាដើម្បីឆ្លើយតបមុននឹងតុលាការ ត្រូវចាប់ផ្តើមដំណើរការនីតិវិធីរបស់ខ្លួនតាមការស្នើសុំរបស់ភាគី ដើមបណ្តឹងថាភាគីចុងចម្លើយបោះបង់សិទ្ធិការពារខ្លួននិងក្រោយមកអាច នឹងឈានទៅដល់ការចេញសាលក្រមកំបាំងមុខ។
លោកម៉តុន សក្លា ពន្យល់ថាតាមគោលការណ៍ច្បាប់របស់សហរដ្ឋអាមេរិកគឺអ្នកដែលដាក់ ពាក្យបណ្តឹងត្រូវជូនដំណឹងទៅដល់ភាគីចុងចម្លើយដើម្បីឱ្យគេត្រៀម ការពារខ្លួននៅចំពោះមុខតុលាការ។ ដោយហេតុនោះហើយទើបមានអ្នកស៊ើបអង្កេតម្នាក់គឺលោក Paul Hayes បានយកដីកាជូនដំណឹងពីដំណើរការរឿងក្តីនេះដល់លោកហ៊ុន ម៉ាណែតនៅភោជនីយដ្ឋានឋានព្រះច័ន្ទក្នុងទីក្រុងឡុងប៊ិច រដ្ឋកាលីហ្វញ៉ា កាលពី ថ្ងៃសៅរ៍ទី៩ខែមេសាពេលដែលលោកធ្វើដំណើរទស្សនកិច្ចនៅសហរដ្ឋអាមេរិក។
លោក ម៉តុន សក្លា បានពន្យល់ ពីយុត្តាធិការ ឬសិទ្ធិស្របច្បាប់ របស់ តុលាការ រដ្ឋ កាលីហ្វញ៉ា មកលើ សំណុំរឿងនេះ ថា, ច្បាប់ សិទ្ធិមនុស្ស អន្តរជាតិ តម្រូវ ឱ្យរដ្ឋាភិបាល ដោះស្រាយ បញ្ហា រំលោភ សិទ្ធិមនុស្ស ធ្ងន់ធ្ងរ, ហើយ ច្បាប់ ដែលចែង ដោយសភា សហរដ្ឋ អាមេរិក បានអនុញ្ញាត ឱ្យប្តឹង រដ្ឋាភិបាលណា ដែលធ្វើ ទារុណកម្ម និងរំលោភ ធ្ងន់ធ្ងរ មកលើ ពលរដ្ឋ អាមេរិកាំង។ លោក ចាត់ទុក ថា, ការដាក់ ពន្ធនាគារ លោក មាជ សុវណ្ណារ៉ា រយៈពេល យូរ ដោយមិនមាន ការគោរព តាមនីតិវិធី របស់ តុលាការ គឺ ជាការធ្វើ ទារុណកម្មមួយ។
លោកហ៊ុន ម៉ាណែតបញ្ជាក់ថាលោកនៅមិនទាន់មានជំហរយ៉ាងណានៅឡើយទាក់ទងនឹង បណ្តឹងនេះទេ។ លោកបានថ្លែងប្រាប់អ្នកសារព័ត៌មាននៅឯអាកាសយានដ្ឋានភ្នំពេញបន្ទាប់ ពីដំណើរទស្សនកិច្ចនៅ សហរដ្ឋអាមេរិកនិងកាណាដាកាលពីថ្ងៃច័ន្ទថា។
«ទាក់ទងនឹងករណីលោកម៉ាជ សុវណ្ណារ៉ា ខ្ញុំអត់ដឹងរឿងហ្នឹងទេប៉ុន្តែខ្ញុំគ្រាន់តែឮតាមសារព័ត៌មានថា មានប្តឹងខ្ញុំប៉ុន្មានចំណុចរួមទាំងភេរវកម្មអន្តរជាតិ ហើយខ្ញុំកប់យោបល់រឿងហ្នឹង»។
លោកបន្ថែមថាផ្អែកតាមការប្តឹងនេះរហូតដល់ភ្ជាប់លោកទៅនឹងករណីភេរវកម្មគឺជាការប្តឹងមានលក្ខណៈនយោបាយច្រើនជាង។
«ខ្ញុំគិតថាការប្តឹងកន្លងមកនេះដែលគ្មានមូលដ្ឋានច្បាស់លាស់គឺ គ្រាន់តែជាការចង់រៀបឱ្យចំណេញខាងនយោបាយតែប៉ុណ្ណោះគឺគ្មាន មូលដ្ឋានអ្វីច្បាស់លាស់ទេ»។
លោកម័រតុន សក្លា បានបញ្ជាក់ថានេះគឺជាសំណុំរឿងសិទ្ធិមនុស្សសុទ្ធសាធ។
«នេះមិនមែនជាសំណុំរឿងនយោបាយទេ។ ខ្ញុំអត់មានអ្វីជាប់ទាក់ទង ទាល់តែសោះជាមួយនឹងអ្នកនយោបាយ។ ហេតុផលដែលខ្ញុំចូលពាក់ព័ន្ធក្នុងសំណុំរឿងនេះដោយសារតែខ្ញុំគឺ ជាមេធាវីសិទ្ធិមនុស្ស។ ខ្ញុំលះបង់កម្លាំងជួយការពារសិទ្ធិមនុស្សហើយមានដំណើរការជាប្រព័ន្ធ ដើម្បីរំលោភសិទ្ធិមនុស្សប្រព្រឹត្តដោយរដ្ឋាភិបាលកម្ពុជា»។
លោកបន្ថែមថាលោកមាជ សុវណ្ណារ៉ាគឺ មិនមែនជាជនរងគ្រោះតែម្នាក់គត់ដែលរងការរំលោភបំពានទេ។ ជនរងគ្រោះដទៃទៀតដែលលោកយកចិត្តទុកដាក់ មានលោក ញ៉យ ចំរើននិងលោកគង់ សភា អ្នកតំណាងរាស្រ្តគណបក្សសង្គ្រោះជាតិដែលត្រូវបាតុករគាំទ្រគណបក្ស ប្រជាជនកម្ពុជាវាយដំទាត់ធាក់ លោកហុង សុខហួរសមាជិកព្រឹទ្ធសភាគណបក្សសមរង្ស៊ី និង លោកអ៊ុំ សំអាន អ្នកតំណាងរាស្រ្តគណបក្សសង្គ្រោះជាតិដែលលោកទាំងពីរកំពុងជាប់ ពន្ធនាគារពាក់ព័ន្ធនឹងបញ្ហាឯកសារព្រំដែន និងកម្មករជាច្រើនពាន់នាក់ដែលត្រូវធ្វើបាបដោយសារតែការ តវ៉ាទាមទារការដំឡើងប្រាក់ខែនិងជនរងគ្រោះដោយសារការរំលោភយកដីធ្លី ជាដើម។
បណ្តឹងនេះ ក៏ ទាមទារសំណងជាច្រើនដែលមិនទាន់កំណត់ចំនួននៅឡើយចំពោះផលប៉ះពាល់មកលើក្រុមគ្រួសារលោក មាជ សុវណ្ណារ៉ា។
លោកមាជ សុវណ្ណារ៉ា ត្រូវបានតុលាការក្រុងភ្នំពេញកាត់ទោសកាលពីថ្ងៃទី២១ខែកក្កដា ឆ្នាំ២០១៥ ឱ្យជាប់ពន្ធនាគាររយៈពេល២០ឆ្នាំដោយសារតែការចូលរួមក្នុងបាតុកម្ម ទាមទារឱ្យបើកទីលានប្រជាធិបតេយ្យ។
នាង
សុវណ្ណារ៉ា សុជាតា ថតរូបជាមួយឪពុករបស់នាង គឺលោក មាជ សុវណ្ណារ៉ា
ដែលជាមន្ត្រីព័ត៌មានគណបក្សសង្គ្រោះជាតិ
មុនពេលត្រូវបានឃុំខ្លួនក្នុងពន្ធនាគារ។ (រូបថត៖ ចេមី មាជ)
«ពួក ប្អូនស្រី របស់ខ្ញុំ ពៅគេ បានយ៉ាប់ ជាងវា នៅតូច ទើបតែ អាយុ ៧ឆ្នាំ, រៀនអ្វី អត់ប៉ា។ វា រៀនអត់សូវចូល គិតតែយំនឹកប៉ា មុនគេងក៏នឹកប៉ា។ ដូច្នេះតាំងពីប៉ាចូលគុកតាំងពីឆ្នាំមុនមកក៏ខួរក្បាលគ្នា stressed និង depressed (ពិបាក ផ្លូវចិត្ត) អត់មានប៉ានៅ ជាមួយដូច្នេះត្រូវធ្លាក់ថ្នាក់ទីមួយម្តងទៀត ត្រូវរៀនថ្នាក់ទីមួយពីរដងហើយឆ្នាំនេះ។»
នាងក៏ធ្លាប់បានសរសេរលិខិតស្វែងរកអន្តរាគមន៍ពីលោកប្រធានាធិបតី សហរដ្ឋអាមេរិកបារ៉ាក់ អូបាម៉ា និងរដ្ឋមន្ត្រីការបរទេស លោកចន ឃែរី ។ ប៉ុន្តែក្តីសង្ឃឹមចុងក្រោយរបស់នាងគឺសំណុំរឿងនេះហើយ។
ក្រុមអង្គការសិទ្ធិមនុស្សបានចាត់ទុកថាសំណុំរឿងរបស់លោកមាជ សុវណ្ណារ៉ានិងមន្ត្រី គណបក្សប្រឆាំងដទៃទៀតគឺជាសំណុំរឿងមានលក្ខណៈនយោបាយដែលទទូចឱ្យ មានការដោះស្រាយដោយការចរចាគ្នារវាងមេដឹកនាំគណបក្ស។
ប៉ុន្តែ សម្រាប់ លោកស្រី ជេមី មាជ បង្ហាញ ការជឿជាក់ លើការ ដោះស្រាយ សំណុំរឿងនេះ តាមផ្លូវ តុលាការ សហរដ្ឋ អាមេរិក និងបង្ហាញ ការអស់សង្ឃឹម ក្នុងការ ស្វែងរក ដំណោះស្រាយ នយោបាយ។
«បើ សិនជា យើង ថា, រឿងនយោបាយ ចរចា ដោយនយោបាយ។ ឥឡូវ យើង សួរថា, តើ លោក ហ៊ុន សែន, គាត់ ដែលនិយាយ អ្វីមួយ គោរព នូវពាក្យសម្តីគាត់ ឬអត់? យើង ឃើញ ឧទាហរណ៍ ពីដើម មកហើយ៖ ធ្លាប់មានការចរចា ដើម្បី មានការ ដោះដូរ ចូលប្រទេស កម្ពុជា វិញ គឺ ក្រោយមក នៅ តែ មានចេញចាប់ ដដែល។ ចឹង នយោបាយ បើ សិនជា យើង ដោះស្រាយ តាមនយោបាយ, តើ គាត់ អាចដម្កល់ជាតិ ជាធំអត់?»
លោក គ្រីស ផៅវឺ មន្ត្រីតុលាការសហព័ន្ធប្រចាំភាគកណ្តាលនៃរដ្ឋកាលីហ្វញ៉ាបានបញ្ជាក់ ប្រាប់វីអូអេតាមអ៊ីម៉េលថាពាក្យបណ្តឹងនេះត្រូវបានតុលាការទទួលបាន ជាផ្លូវការនៅថ្ងៃទី៨ខែមេសា។
លោក បានបន្ថែម ថា៖
«ប៉ុន្តែ នៅមិន ទាន់បាន ចាត់ការអ្វី នៅឡើយ ទេ ក្រៅពីការ ចុះបញ្ជី ឯកសារ ដំបូង និងការ ជូនដំណឹង រដ្ឋបាល មួយចំនួន ប៉ុណ្ណោះ។»
នៅក្នុងប្រទេសកម្ពុជាក្រុមមេធាវីការពារក្តីឱ្យលោកមាជ សុវណ្ណារ៉ាកំពុងតែដាក់ពាក្យប្តឹងបន្តទៅសាលាឧទ្ធរណ៍ប្រឆាំងនឹងការ សម្រេចដាក់ទោសលោកឱ្យជាប់ពន្ធនាគារចំនួន២០ឆ្នាំដោយចាត់ទុកថាមាន កំហុសនីតិវិធី។ នេះបើតាមការបញ្ជាក់របស់លោកមេធាវី ជូង ជូងីហើយលោកក៏បានសម្តែងការគាំទ្រចំណាត់ការរបស់តុលាការសហរដ្ឋ អាមេរិក។
«សម្រាប់ ប្រយោជន៍ លោក មាជ សុវណ្ណារ៉ា បើ កាលណា ក្រុមគ្រួសារគាត់ ឬគាត់ ប្តឹង នៅតុលាការ អាមេរិក គឺ មានផលល្អ សម្រាប់គាត់ ទៅវិញ ពីព្រោះ ថា, បើ យើង ពិនិត្យ ទៅលើ ចំណាត់ការ របស់ តុលាការ គឺ តុលាការ ខ្មែរយើង អត់ទាន់មាន ស្តង់ដា ដូចគេ នៅស្រុកក្រៅ ទេ។ តុលាការ នៅអាមេរិក, ខ្ញុំ មានជំនឿ។ គេ មានការវិនិច្ឆ័យ ខ្ពស់ជាង។ អីចឹង គឺ ខ្ញុំ មើលឃើញ ថា, ការ ដែលក្រុមគ្រួសារ លោក មាជ សុវណ្ណារ៉ា ឬគាត់ ប្តឹងនៅតុលាការ អាមេរិក មានផលល្អ សម្រាប់ គាត់ ជាង បើ ប្រៀបធៀប ទៅនឹងខ្មែរ។»
លោកម៉តុន សក្លា បញ្ជាក់ថាក្រុមការងារកំពុងតែរៀបចំ ដំណើរការដើម្បីជូនដំណឹងដល់រដ្ឋាភិបាលកម្ពុជាហើយអាចនឹងត្រូវ ចំណាយពេលយូរដោយសារតែនីតិវិធីមានលក្ខណៈស្មុគស្មាញព្រោះ ត្រូវឆ្លងកាត់ប្រព័ន្ធការទូត។ រដ្ឋាភិបាលកម្ពុជានឹងមានពេល៦០ថ្ងៃនៅក្រោយពីពេលជូនដំណឹងដើម្បី ឆ្លើយតប៕


No comments:
Post a Comment