HRW ជំរុញ ឲ្យមាន ការស៊ើបអង្កេត ករណី អង្គរក្ស លោក ហ៊ុន សែន វាយតំណាងរាស្ត្រ បក្សប្រឆាំង
RFA / វិទ្យុ អាស៊ី សេរី | ២៦ ឧសភា ២០១៦
ការជំរុញឲ្យមានការស៊ើបអង្កេតទូលំទូលាយលើករណីវាយដំ តំណាងរាស្ត្របក្សប្រឆាំងនេះ ធ្វើឡើងមុនពេលសាលាដំបូងរាជធានីភ្នំពេញ គ្រោងប្រកាសសាលក្រមកាត់ទោសអង្គរក្សទាំង ៣នាក់របស់លោក ហ៊ុន សែន នៅថ្ងៃទី២៧ ឧសភា។
ក្នុងសេចក្តីប្រកាសព័ត៌មានរបស់ខ្លួនចុះថ្ងៃទី២៦ ឧសភា មានចំណងជើងថា «កម្ពុជា ឈប់បិទបាំងអំពើហិង្សានយោបាយ» យូមែន រ៉ៃត៍ វ៉ច្ឆ លើកឡើងថា រដ្ឋាភិបាលកម្ពុជា គួរតែស្នើសុំអង្គការសហប្រជាជាតិ ឲ្យចូលមកជួយស៊ើបអង្កេតពេញលេញ និងឯករាជ្យ នូវករណីវាយដំលើតំណាងរាស្ត្របក្សប្រឆាំង។
គេនៅចាំបានថា ក្រោយពេលតំណាងរាស្ត្របក្សប្រឆាំង លោក ញ៉យ ចំរើន និងលោក គង់ សភា ត្រូវបានបាតុករគាំទ្រគណបក្សកាន់អំណាច វាយឲ្យរបួសបញ្ជូនទៅព្យាបាលនៅប្រទេសថៃ លោកនាយករដ្ឋមន្ត្រី ហ៊ុន សែន បានប្រកាសឲ្យអ្នកប្រព្រឹត្តិចេញមុខសារភាព។ មិនយូរប៉ុន្មានក្រោយការប្រកាសរបស់លោក ហ៊ុន សែន មានបុរស ៣នាក់ចេញមកសារភាពចំពោះមុខសមត្ថកិច្ច។ ក្នុងពេលសវនាការ បុរសទាំង ៣នាក់ដែលមានឈ្មោះ សុត វណ្ណនី ម៉ៅ ហឿន និង ចាយ សារិទ្ធ បានសារភាពចំពោះមុខតុលាការថា ពួកគេគឺជាមនុស្សស្ថិតក្នុងក្រុមកងអង្គរក្សរបស់លោក ហ៊ុន សែន ហើយពិតជាបានប្រើហិង្សាវាយដំលើតំណាងរាស្ត្របក្សប្រឆាំងមែន។ ពួកគេត្រូវបានតុលាការចោទប្រកាន់ពីបទបង្កហិង្សាដោយចេតនា មានស្ថានទម្ងន់ទោស និងធ្វើឲ្យខូចខាតទ្រព្យសម្បតិ្តដោយចេតនាមានស្ថានទម្ងន់ទោស។
ទោះបីជាយ៉ាងណាក៏ដោយ អង្គការឃ្លាំមើលសិទ្ធិមនុស្សអន្តរជាតិ យល់ឃើញថា ការកាត់ទោសត្រឹមបុរស ៣នាក់នេះ គឺមិនគ្រប់គ្រាន់ឡើយ ប៉ុន្តែរដ្ឋាភិបាល និងតុលាការ ត្រូវបើកការស៊ើបអង្កេតស្វែងរកអ្នកនៅពីក្រោយខ្នងពួកគេ និងអ្នកជាប់ពាក់ព័ន្ធផ្សេងទៀត។ យូមែន រ៉ៃត៍ វ៉ច្ឆ ថាបើករណីនេះមិនត្រូវបានស៊ើបអង្កេតឲ្យស៊ីជម្រៅទេ វានឹងបង្ហាញឲ្យគេឃើញរឹតតែច្បាស់ថា រដ្ឋាភិបាល និងតុលាការចូលរួមបិទបាំងក្នុងរឿងនេះ។
នាយកអង្គការឃ្លាំមើលសិទ្ធិមនុស្សអន្តរជាតិប្រចាំតំបន់អាស៊ី លោក ប្រ៊ែដ អាដាម (Brad Adams) ថ្លែង សង្កត់ធ្ងន់ក្នុងសេចក្តីថ្លែងការណ៍ថា ការកាត់ទោសករណីវាយដំតំណាងរាស្ត្រនេះ បើមិនមានការស៊ើបអង្កេតឲ្យបានទូលំទូលាយនោះទេ វាអាចធ្វើឲ្យមន្ត្រីនយោបាយជាន់ខ្ពស់ ឬមន្ត្រីយោធាជាអ្នកបញ្ជាពីក្រោយរួចខ្លួនក៏ថាបាន។
កន្លងមក តំណាងរាស្ត្របក្សប្រឆាំង លោក ញ៉យ ចំរើន និងលោក គង់ សភា បានប្រកាសដែរថា នឹងមិនទទួលយកសាលក្រមកាត់ទោសរបស់តុលាការឡើយ ដោយឈរលើមូលហេតុថា ការកាត់ក្តីនោះ ធ្វើតែទៅលើមនុស្ស ៣នាក់ ហើយមនុស្សដទៃទៀតដែលចូលរួមប្រព្រឹត្តហិង្សាលើពួកគេដែរនោះ រួចខ្លួន។ តំណាងរាស្ត្រទាំង ២នាក់ នៅតែទទូចសុំឲ្យតុលាការ និងសមត្ថកិច្ច ស្វែងរកជនដៃដល់ផ្សេងទៀតមកផ្ដន្ទាទោស។
ចំពោះបញ្ហានេះ អ្នកនាំពាក្យក្រសួងមហាផ្ទៃ លោក ខៀវ សុភ័គ ឆ្លើយតបថា សមត្ថកិច្ចបានបញ្ជូនសំណុំរឿងនេះ រួមទាំងភស្តុតាងទាំងឡាយទៅកាន់ស្ថាប័នតុលាការរួចរាល់ហើយ។ លោកថា រហូតមកទល់ពេលនេះ សមត្ថកិច្ចនៅរង់ចាំការណែនាំរបស់តុលាការ ហើយបើតុលាការតម្រូវឲ្យចាប់ខ្លួនជនណាបន្ថែមទៀត សមត្ថកិច្ចនឹងអនុវត្តតាម។ ចំពោះរឿងស្នើសុំឲ្យអង្គការសហប្រជាជាតិ ជួយចូលរួមស៊ើបអង្កេតវិញ លោក ខៀវ សុភ័គ ថាវាមិនចាំបាច់នោះទេ ព្រោះសមត្ថកិច្ចកម្ពុជា ក៏អាចធ្វើបានដែរ៖ «វា អាស្រ័យលើការស៊ើបអង្កេតរបស់តុលាការ ហើយបើតុលាការឲ្យបន្តទៀត យើងក៏បន្តទៅទៀត ប៉ុន្តែខ្ញុំជឿថា សុំឲ្យការបើកទូលាយឲ្យមានសិទ្ធិមនុស្សចូលរួមជាមួយ ខ្ញុំគិតថា វាដូចជាមិនស្របតាមនីតិវិធីច្បាប់របស់កម្ពុជា យើងទេ។»
ករណីនេះ អ្នកនាំពាក្យសាលាដំបូងរាជធានីភ្នំពេញ លោក លី សុផាណា អះអាងថា វាជាអំណាច និងការបំពេញមុខងាររបស់ចៅក្រមនៅក្នុងចំណាត់ការរឿងក្តីព្រហ្មទណ្ឌ និងវាជាការសម្ងាត់វិជ្ជាជីវៈរបស់តុលាការ។
ក្រៅពីចេញសេចក្តីថ្លែងការណ៍ទទូចឲ្យមានការស៊ើបអង្កេត ពេញលេញករណីវាយតំណាងរាស្ត្របក្សប្រឆាំង យូមែន រ៉ៃត៍ វ៉ច្ឆ បានចេញរបាយការណ៍កម្រាស់ ៦១ទំព័រមានចំណងជើង ថា, «អូសហើយវាយ តួនាទីរបស់រដ្ឋាភិបាលកម្ពុជា ក្នុងការវាយប្រហារខែតុលា ឆ្នាំ២០១៥ លើអ្នកនយោបាយប្រឆាំង។» របាយការណ៍នេះ រៀបរាប់ពីព្រឹត្តិការណ៍ជុំវិញការវាយដំលើតំណាងរាស្ត្របក្សប្រឆាំង និងថាព្រឹត្តិការណ៍នោះមិនមែនប្រព្រឹត្តដោយបុរស ៣នាក់ដែលចេញសារភាពប៉ុណ្ណោះទេ គឺអាចមានជាប់ពាក់ព័ន្ធនឹងអ្នកនយោបាយ និងមន្ត្រីយោធាជាន់ខ្ពស់ផ្សេងទៀត ព្រោះថា ហេតុការណ៍វាយប្រហារនេះ បានកើតឡើងមួយថ្ងៃក្រោយពីលោក ហ៊ុន សែន ប្រកាសគំរាមពីប្រទេសបារាំង ថា អាចមានបាតុកម្មប្រឆាំងបក្សប្រឆាំងនៅស្រុកខ្មែរ ក្រោយពីមានបាតុកម្មប្រឆាំងរូបលោកនៅប្រទេសបារាំង៕
No comments:
Post a Comment