លោក សម រង្ស៊ី ថា, ការប្រកាស កំណត់ ថ្ងៃបោះឆ្នោត នៅពុំទាន់ គ្រប់គ្រាន់ នៅឡើយទេ
RFA / វិទ្យុ អាស៊ី សេរី | ២៦ ឧសភា ២០១៦

ប្រធានគណបក្សសង្គ្រោះជាតិ លោក សម រង្ស៊ី
ក្នុងកម្មវិធីទូរទស្សន៍អាស៊ីសេរី នារដ្ឋធានីវ៉ាស៊ីនតោន សហរដ្ឋអាមេរិក
កាលពីយប់ថ្ងៃទី៥ កុម្ភៈ ឆ្នាំ២០១៦។ Photo: RFA
រដ្ឋាភិបាលនឹងរៀបចំការបោះឆ្នោតជ្រើសរើសក្រុមប្រឹក្សាឃុំ-សង្កាត់ អាណត្តិទី៤ នៅថ្ងៃទី៤ ខែមិថុនា ឆ្នាំ២០១៧ ចំណែកការបោះឆ្នោតជាតិនៅថ្ងៃទី២២ ខែកក្កដា ឆ្នាំ២០១៨។
សេចក្តីថ្លែងការណ៍របស់គណបក្សសង្គ្រោះជាតិ កាលពីថ្ងៃទី២៥ ខែឧសភា គូសបញ្ជាក់ថា ស្ថានការណ៍នយោបាយបច្ចុប្បន្ន និងបរិយាកាសបំភិតបំភ័យ គំរាមកំហែង ត្រូវតែបញ្ចប់ជាមុនសិន មុនពេលគ្រប់ៗគ្នានិយាយអំពីការបោះឆ្នោតដោយសេរី និងយុត្តិធម៌នៅកម្ពុជា។ ការប្រកាសកំណត់ថ្ងៃបោះឆ្នោតនេះ គឺគ្រាន់តែជាការបំភ័ន្ត និងបង្វែរការចាប់អារម្មណ៍មកលើសកម្មភាពរបស់រដ្ឋាភិបាលលោក ហ៊ុន សែន ប៉ុណ្ណោះ ដែលបានប្រើអំណាចគាបសង្កត់ និងបំភិតបំភ័យដល់សកម្មជននយោបាយបក្សប្រឆាំង ក្នុងគោលបំណងដើម្បីបន្តកាន់អំណាច បើទោះបីជាប្រជាប្រិយភាពរបស់គណបក្សប្រជាជនកម្ពុជា បានធ្លាក់ចុះយ៉ាងគំហុកក្តី។
សេចក្តីថ្លែងការណ៍បន្តទៀតថា រដ្ឋាភិបាលលោក ហ៊ុន សែន បានយកប្រព័ន្ធតុលាការប្រើប្រាស់ជាឧបករណ៍របស់ខ្លួន ដើម្បីចាប់ក្រុមអ្នកប្រឆាំង ក្នុងនោះរួមមានតំណាងរាស្ត្រ សកម្មជនបក្ស និងមន្ត្រីអង្គការសង្គមស៊ីវិល ដាក់ពន្ធនាគារ និងចោទប្រកាន់នានា ដោយពុំមានមូលដ្ឋានច្បាស់លាស់។
បន្ថែមពីនេះ រដ្ឋាភិបាលលោក ហ៊ុន សែន បានចាប់ខ្លួនអគ្គលេខាធិការរងម្នាក់នៃគណៈកម្មាធិការជាតិរៀបចំការ បោះឆ្នោត លោក នី ចរិយា ដាក់ពន្ធនាគារ និងមន្ត្រី គ.ជ.ប ម្នាក់ទៀតដែលមកពីភាគីគណបក្សប្រឆាំង គឺលោក រ៉ុង ឈុន ក៏កំពុងរងការចោទប្រកាន់ផងដែរ។
គណបក្សប្រឆាំងអះអាងថា ទង្វើរបស់រដ្ឋាភិបាលកម្ពុជា នេះ គឺក្នុងន័យបំផ្លាញសមាសភាពថ្មីនៃគណៈកម្មាធិការជាតិរៀបចំការ បោះឆ្នោត ដែលទើបបង្កើតឡើង និងបង្កហានិភ័យដល់ដំណើរការបោះឆ្នោតទាំងមូល។
សេចក្តីថ្លែងការណ៍ដដែលបញ្ជាក់ថា រដ្ឋាភិបាលកម្ពុជា ត្រូវចាំថា ក្នុងប្រទេសប្រកាន់លទ្ធិប្រជាធិបតេយ្យ ការបោះឆ្នោតជាតិណាមួយ ប្រសិនបើពុំមានការចូលរួមរបស់មេដឹកនាំបក្សប្រឆាំង គឺជាការបោះឆ្នោតពុំមានន័យអ្វីឡើយ។ លោក សម រង្ស៊ី អះអាងថា ប្រការដែលលោកនិរទេសខ្លួនជាលើកទី៣ នេះ ពីព្រោះលោកជាជនរងគ្រោះដោយសារការរើសអើងនយោបាយ និងតុលាការលម្អៀង កាត់ទោសឲ្យលោកជាប់ពន្ធនាគារ។
រដ្ឋាភិបាលមិនទាន់ឆ្លើយតបនឹងសេចក្តី ថ្លែងការណ៍គណបក្សប្រឆាំងនៅឡើយទេ ប៉ុន្តែលោក ហ៊ុន សែន កាលពីថ្ងៃទី២៥ ឧសភា បានចំអកគណបក្សប្រឆាំងថា លោកសង្ឃឹមការបោះឆ្នោតនៅឆ្នាំ២០១៧ និងឆ្នាំ២០១៨ នឹងគ្មានបាតុកម្មបដិសេធមិនទទួលយកលទ្ធផលបោះឆ្នោតឡើយ៕
No comments:
Post a Comment