លោក ហ៊ុន សែន អះអាង ថា, មន្ត្រី អង្គការ សហប្រជាជាតិ នឹងត្រូវ ចាប់ខ្លួន ពាក់ព័ន្ធ ការប្ដឹង របស់ ស្រីមុំ
RFA / វិទ្យុ អាស៊ី សេរី |១ ឧសភា ២០១៦
លោក ហ៊ុន សែន អះអាង ដោយមុតមាំ ថា, មន្ត្រី អង្គការ សហប្រជាជាតិ ទទួលបន្ទុក សិទ្ធិមនុស្ស នៅកម្ពុជា នឹងត្រូវ ចាប់ខ្លួន ដាក់ពន្ធនាគារ ថែមទៀត នៅខណៈ មន្ត្រី ការពារ សិទ្ធិមនុស្ស ៤រូប និងអគ្គលេខាធិការ រង គ.ជ.ប. តុលាការ បានចាប់ផ្ដើម នីតិវិធី សាកសួរ បន្ត ពីអង្គភាព ប្រឆាំង អំពើ ពុករលួយ នោះ។
លោក នាយករដ្ឋមន្ត្រី បញ្ជាក់ ថា, សំណុំរឿង អាស្រូវ ស្នេហា អ្នកនាង ស្រីមុំ នេះ, កុំ គិតថា, ចង់មានអ្វី យកមក ដោះដូរ ឲ្យសោះ។ ដោយឡែក មេដឹកនាំ កំពូល គណបក្ស ប្រឆាំងវិញ បានហៅ ការចាប់ខ្លួន ដែលអនុវត្ត ដោយអង្គភាព ប្រឆាំង អំពើ ពុករលួយ ថា ជាអំពើ ឆ្កួត និងថា, រដ្ឋាភិបាល បច្ចុប្បន្ន គឺ សាហាវ ជាងរបប ខ្មែរក្រហម ទៅទៀត។
ប្រតិកម្មរបស់ប្រធានគណបក្សសង្គ្រោះជាតិ នៅពេលនេះ ស្របពេល លោក ហ៊ុន សែន បានអះអាងជាថ្មីទៀតថា ការចាប់ខ្លួនមន្ត្រីការពារសិទ្ធិមនុស្សនេះជាការអនុវត្តច្បាប់ ហើយការដោះដូរណាមួយជាថ្នូរដើម្បីឲ្យមានការរួចខ្លួននោះ គឺមិនមែនជាការងាយស្រួលទេ ជាពិសេសទាំងអង្គការសហប្រជាជាតិ ផង បើមានកំហុសហើយ ត្រូវតែចូលគុកដូចគ្នា ពុំមានការលើកលែងឡើយ។
ថ្លែងពីខេត្តព្រះសីហនុ ក្នុងពិធីជួបជុំជាមួយកម្មករ នៅថ្ងៃទី១ ឧសភា ប្រធានគណបក្សប្រជាជនកម្ពុជា និងជានាយករដ្ឋមន្ត្រីផង លោក ហ៊ុន សែន បានអះអាងថា ការប៉ុនប៉ងដើម្បីឲ្យមានការដោះដូរនេះ គឺវាមិនអាចទៅរួចទេ។ ការថ្លែងដូចនេះ ត្រូវបាន លោក ហ៊ុន សែន បញ្ជាក់ថា ក្រុមសង្គមស៊ីវិលគ្រោងប្រជុំសម្ងាត់ ដើម្បីរកមធ្យោបាយឲ្យមនុស្សដែលត្រូវចាប់ខ្លួនអាចមានសេរីភាពវិញ ជាថ្នូរនឹងអ្វីមួយ ក៏ប៉ុន្តែលោកនាយករដ្ឋមន្ត្រីនិយាយថា មធ្យោបាយនេះ រដ្ឋាភិបាលបានបិទច្រករួចទៅហើយ ពីព្រោះបញ្ហានេះ គឺពាក់ព័ន្ធនឹងសំណុំរឿងនៃអំពើពុករលួយ។
ក្រៅពីនេះវិញ លោក ហ៊ុន សែន ក៏បានប្រើប្រាស់វេទិការបស់លោកសម្រាប់ទិវាពលកម្មអន្តរជាតិ ១ ឧសភា នៅខេត្តព្រះសីហនុ នេះដែរ ដោយព្រមានមន្ត្រីអង្គការសហប្រជាជាតិ ថា អភ័យឯកសិទ្ធិរបស់មន្ត្រីអង្គការសហប្រជាជាតិ ទទួលបន្ទុកសិទ្ធិមនុស្សនៅកម្ពុជា មិនអាចជួយអ្វីបានទេ គឺដល់ពេលត្រូវចាប់ខ្លួន នៅតែអាចចូលគុកបានដូចគ្នាដែរ។ លោក បន្តថា, «កុំ ដោះដូរ។ ឥតមានអី ដោះដូរ។ ម្សិលមិញ មានការប្រជុំ ប៉ុនប៉ង មានការ ដោះដូរ។ ខ្ញុំ ឥតមាន អីទេ, សូម្បី នាយករដ្ឋមន្ត្រី ក៏មាន អំណាច, មានព្រំដែនដែរ។ សូម អស់លោក ជា NGOs ឬ ក៏ជាអ្នក ដែលធ្វើការ នៅអង្គការ សហប្រជាជាតិ, កុំ អាង អភ័យឯកសិទ្ធិ ឲ្យសោះ។ ទោះបី ម៉ែ អភ័យឯកសិទ្ធិ, ឪ អភ័យឯកសិទ្ធិ, តែ ដល់ម៉ោង គេ ដាក់ចូលគុក, ដូចតែ គ្នាហ្នឹង។»
ក្នុងសំណុំរឿងស្នេហាដ៏ចម្រូងចម្រាសរបស់អ្នកនាង ខុម ចាន់តារាទី ហៅ ស្រីមុំ ក្រៅពីបុគ្គលិកសមាគមការពារសិទ្ធិមនុស្សអាដហុក (ADHOC) ៤នាក់ និងអគ្គលេខាធិការរង គ.ជ.ប ម្នាក់ ត្រូវចាប់ខ្លួនហើយ គឺនៅមានមន្ត្រីអង្គការសហប្រជាជាតិ ម្នាក់ទៀត គឺលោក សឺន សាលី ត្រូវបានអង្គភាពប្រឆាំងអំពើពុករលួយ ចេញដីកាឲ្យចូលខ្លួនក្នុងសំណុំរឿងដូចគ្នានេះដែរ ក៏ប៉ុន្តែរហូតមកដល់ពេលនេះ លោក សឺន សាលី មិនបានចូលខ្លួនតាមការកំណត់នៃដីកាកោះរបស់អង្គភាពប្រឆាំងអំពើ ពុករលួយ (ACU) នេះនៅឡើយទេ។
បើទោះបីជាបែបណា គណបក្សប្រឆាំងចាត់ទុកចំណាត់ការនៅពេលនេះរបស់រដ្ឋាភិបាល ថាជាអំពើឆ្កួត ហើយសាហាវមិនខុសពីរបប ប៉ុល ពត ឡើយ។ លើសពីនេះទៀត ថ្លែងទៅកាន់អ្នកគាំទ្ររាប់ពាន់នាក់តាមរយៈវីដេអូខនហ្វើរែន (Video Conference) ក្នុង ខេត្តស្វាយរៀង លោក សម រង្ស៊ី ហៅការចាប់ខ្លួនមន្ត្រីបក្សប្រឆាំង និងសង្គមស៊ីវិលក្រោមហេតុផលលុយ ៥០០ដុល្លារ ថាជាការគួរឲ្យអាម៉ាស់។
ប្រធានគណបក្សប្រឆាំង លោក សម រង្ស៊ី ដែលកំពុងរស់នៅដោយនិរទេសខ្លួន បានពេបជ្រាយឲ្យអង្គភាពប្រឆាំងអំពើពុករលួយ និងតុលាការថា មានសំណុំរឿងច្រើនណាស់ដែលអង្គភាពនេះត្រូវស៊ើបអង្កេត ដូចជាការសូកប៉ាន់នៅតាមស្ថាប័នរដ្ឋ និងការបើកដៃឲ្យមានការកាប់បំផ្លាញព្រៃឈើ និងជីករករ៉ែដោយខុសច្បាប់ជាដើម បែរជាមិនចាត់វិធានការទៅវិញ។ លោកបន្តថា «រឿង ប្រឆាំងអំពើពុករលួយ អំពើពុករលួយបំផ្លិចបំផ្លាញជាតិរាប់ពាន់លានដុល្លារ ព្រៃឈើវិនាសអស់ ដីធ្លីប្រជារាស្ត្របាត់បង់សម្បទាន។ ថវិកាជាតិខ្វះខាតបាត់បង់ រាស្ត្រក្រល្ហេមល្ហាម អាហ្នឹងហើយពុករលួយ បែរមកចាប់ ៥០០ដុល្លារ សុទ្ធតែឲ្យអ្នក ៥០០ដុល្លារចាប់ទាំងអស់ ឆ្កួត។»
ជុំវិញបញ្ហានេះ លោក ឱម យ៉ិនទៀង ប្រធានអង្គភាពប្រឆាំងអំពើពុករលួយ ដែលអះអាងពីភាពស្អាតស្អំក្នុងការឃាត់ខ្លួនមន្ត្រីសិទ្ធិមនុស្ស និងមន្ត្រី គ.ជ.ប និយាយថា ការកោះហៅ និងឃាត់ខ្លួន គឺផ្អែកលើបណ្ដឹងរបស់អ្នកនាង ខុម ចាន់តារាទី ហៅ ស្រីមុំ នោះ លោកក៏រងការរិះគន់ដែរថា ការតែងតាំងកូនបង្កើត ២នាក់ឲ្យធ្វើជាជំនួយការ គឺជាទម្រង់នៃអំពើពុករលួយ ដែលត្រូវតែបើកការស៊ើបអង្កេតដែរ។
ម្យ៉ាងវិញទៀត ការចាប់ខ្លួនមន្ត្រីសិទ្ធិមនុស្សនេះ ត្រូវបានអ្នកឃ្លាំមើលសង្គមយល់ឃើញថា កម្ពុជា ពុំមានឯកភាពជាតិពិតប្រាកដនៅឡើយទេ ជាពិសេសការចង់ឈ្នះចាញ់តាមផ្លូវនយោបាយនេះ គឺជាឱកាសបើកដៃឲ្យប្រទេសជិតខាងកម្ពុជា ងាយទន្ទ្រាន និងវាតទីបន្ថែមទៀតទៅវិញទេ។
អ្នកស្រាវជ្រាវការអភិវឌ្ឍសង្គម លោក កែម ឡី ឲ្យដឹងថា ប្រសិនបើការចាប់ខ្លួននេះព្រោះតែអំពើពុករលួយមែននោះ គឺមិនមែនតែមន្ត្រីសង្គមស៊ីវិលប៉ុន្មាននាក់នេះទេដែលត្រូវចាប់ ខ្លួននោះ។ លោកបន្ថែមថា មានខ្ទង់ចំណាយដែលធ្វើឡើងតាមច្បាប់ ហើយមានស្ថាប័នឯកជន រួមទាំងស្ថាប័នរដ្ឋាភិបាលផង ទទួលលុយជំនួយតាមរយៈគម្រោងនានាពីអង្គការក្រៅរដ្ឋាភិបាល។ លោក កែម ឡី យល់ឃើញថា អង្គភាពប្រឆាំងអំពើពុករលួយ ត្រូវចាត់វិធានការបន្ថែមទៅលើភ្នាក់ងារដែលទទួលលុយជំនួយទៅអនុវត្ត កម្មវិធីរបស់ពួកគេ ដោយមិនត្រូវកំណត់ព្រំដែននៃការចាប់ខ្លួនត្រឹមមនុស្ស ៤ ឬ ៥នាក់ ថាបានប្រព្រឹត្តអំពើពុករលួយនោះទេ។ លោកបន្តថា «មាន ខ្ទង់ថវិកាច្រើនណាស់ដែលផ្ដល់ទៅរដ្ឋ ហើយរដ្ឋមានខ្ទង់ថវិកាហ្នឹងដល់ឯកឧត្ដមអស់លោក លោកជំទាវធ្វើបេសកកម្ម ឬក៏ទៅជួយជនរងគ្រោះអីជាដើម។ល។ អ៊ីចឹងអាហ្នឹងវាទៅកំហុសទូទាំងប្រទេសទៅហើយ។»
អ្នកវិភាគសង្គមយល់ឃើញថា អង្គភាពប្រឆាំងអំពើពុករលួយ និងតុលាការ គឺជាសេនាធិការរបស់រដ្ឋាភិបាលដ៏មានប្រសិទ្ធភាព ក្នុងការកម្ចាត់បក្សប្រឆាំង និងអង្គការសង្គមស៊ីវិល។ ការចាប់ខ្លួនមន្ត្រីសិទ្ធិមនុស្ស ៤នាក់ និងមន្ត្រី គ.ជ.ប ម្នាក់បន្ថែមទៀតនៅពេលនេះ បានធ្វើឲ្យចំនួនអ្នកជាប់ឃុំក្នុងរឿងនយោបាយបានកើនដល់ ២១នាក់ហើយ បូករួមទាំងបក្សប្រឆាំង និងអង្គការផ្នែកសិទ្ធិមនុស្សផង៕
ដល់ពេលត្រូវ លាតំណែង ឬនៅ លោក ហ៊ុន សែន?
ReplyDeleteIsn't it time for you to leave now Mr.Hun Sen?
Est-ce le temps pou vous de partir maintenant Mr. Hun Sen?