ស្ត្រី ៧នាក់ ដែលសមត្ថកិច្ច ចាប់ខ្លួន នៅសង្កាត់ ព្រៃ ស ត្រូវ បានដោះលែង វិញ
RFA / វិទ្យុ អាស៊ី សេរី | ៦ មិថុនា ២០១៦

សកម្មភាពរបស់សមត្ថកិច្ចខណ្ឌដង្កោ
ចាប់ខ្លួនសកម្មជនដីធ្លីដាក់លើរថយន្ត បញ្ជូនទៅអធិការដ្ឋាន
ក្នុងពេលសកម្មជនដីធ្លីទាំងនោះ ធ្វើយុទ្ធនាការថ្ងៃច័ន្ទពណ៌ខ្មៅ
ក្រោយពន្ធនាគារព្រៃស នៅថ្ងៃទី៦ ខែមិថុនា ឆ្នាំ២០១៦។ RFA/Rann
Samnang
ក្រុមស្ត្រី សកម្មជន ដីធ្លី ៦នាក់ និងអ្នក សារព័ត៌មាន របស់ មជ្ឈមណ្ឌល អប់រំច្បាប់ សម្រាប់ សហគមន៍ ១នាក់ ត្រូវ បានដោះលែង ឲ្យមាន សេរីភាព វិញហើយ បន្ទាប់ ពីពួកគេ ព្រមផ្ដិតមេដៃ ឈប់ធ្វើ សកម្មភាពណា ដែលផ្ទុយ ពី ច្បាប់ នៅល្ងាច ថ្ងៃទី៦ មិថុនា។ ពួកគេ ត្រូវ បានសមត្ថកិច្ច ខណ្ឌដង្កោ ចាប់ខ្លួន កាលពីព្រឹក ថ្ងៃ ដដែលនេះ ក្នុងយុទ្ធនាការ ថ្ងៃច័ន្ទ ពណ៌ខ្មៅ។
ស្ត្រីសកម្មជនដីធ្លី ៦នាក់ និងអ្នកសារព័ត៌មានពលរដ្ឋ ១នាក់ ត្រូវបានសមត្ថកិច្ចខណ្ឌដង្កោ រាប់សិបនាក់ ចាប់ខ្លួនបញ្ជូនទៅអធិការដ្ឋាននគរបាលខណ្ឌដង្កោ។ ការចាប់ខ្លួននេះ ធ្វើឡើងពីរកន្លែងផ្សេងគ្នា គឺមួយកន្លែងនៅតាមផ្លូវក្រោយគុកព្រៃស និងមួយកន្លែងទៀត នៅពីមុខច្រកចូលគុកព្រៃស។
សកម្មជនដីធ្លី ៦នាក់នោះមាន ៤នាក់មកពីសហគមន៍ ៣មករា គឺលោកស្រី ជុំ ង៉ាន់ លោកស្រី យ៉ិន ស្រ៊ីន លោកស្រី សោម សុម៉ាលី លោកស្រី ង៉ូវ ណារី ហើយលោកស្រី ច្រាយ នីម មកពីសហគមន៍ថ្មគោល អេស.អូ.អេស (S.O.S) ហើយ និងកញ្ញា អ៊ឹម ស្រីទូច មកពីបណ្ដាញស្ត្រីអតីតអ្នកបឹងកក់។ ចំណែកកញ្ញា ហឹម ស្រីមុំ ដែលជាអ្នកសារព័ត៌មានពលរដ្ឋនៃមជ្ឈមណ្ឌលអប់រំច្បាប់សម្រាប់សហគមន៍ ក៏ត្រូវសមត្ថកិច្ចចាប់ខ្លួនដែរ ខណៈនាងប្រើទូរស័ព្ទថតសកម្មភាពចាប់ខ្លួនស្ត្រីពីរនាក់នៅមុខគុក ព្រៃស។
លោកស្រី ច្រាយ នីម ថ្លែងប្រាប់អាស៊ីសេរី ពីអធិការដ្ឋាននគរបាលខណ្ឌដង្កោ ថា សមត្ថកិច្ចតម្រូវឲ្យពួកគាត់ផ្ដិតមេដៃលើកំណត់ហេតុ ដោយត្រូវបញ្ឈប់ធ្វើសកម្មភាពណាដែលផ្ទុយពីច្បាប់ និងធ្វើឲ្យខូចខាតសណ្ដាប់ធ្នាប់សាធារណៈ៖ «គេ ដាក់ទី១ ការធ្វើសកម្មភាពតវ៉ាហ្នឹងត្រូវសុំច្បាប់ការអនុញ្ញាតពីក្រសួង មហាផ្ទៃ ឬអាជ្ញាធរជាមុន ដោយមិនប្រើហិង្សា ហើយឈប់តវ៉ាសកម្មភាពផ្សេងៗចឹង។ យើងសូមឲ្យកែតម្រូវ គាត់ព្រមកែ ឈប់ធ្វើសកម្មភាពតវ៉ាណាដែលខុសនឹងច្បាប់ កែកន្លែងហ្នឹង។ យើងព្រមផ្ដិតមេដៃ។ យើងមើលទៅវាអត់មានដាក់សម្ពាធឈប់សកម្មភាពរាល់ថ្ងៃច័ន្ទអាវខ្មៅ អត់ទេ។»
វិទ្យុអាស៊ីសេរី ព្យាយាមស្វែងរកការបំភ្លឺទាក់ទងនឹងការចាប់ខ្លួននេះពីអភិបាលខណ្ឌ ដង្កោ លោក នុត ពុធដារ៉ា និងអ្នកនាំពាក្យសាលារាជធានីភ្នំពេញ លោក ជិន ប៊ុនធឿន ដោយទូរស័ព្ទលោកទាំងពីរបានត្រឹមតែហៅចូល តែមិនមានអ្នកលើក។
ចំណែកអគ្គលេខាធិការអង្គការសម្ព័ន្ធភាពការពារសិទ្ធិមនុស្ស កម្ពុជា លោក សួន ប៊ុនស័ក្តិ ចាត់ទុកចំណាត់ការរបស់អាជ្ញាធររាជធានីភ្នំពេញ ថាជាការបំពានសិទ្ធិមនុស្ស៖ «ចំណុចនេះខ្ញុំ គិតថា រដ្ឋាភិបាលគួរតែមានជាវិធានការវិជ្ជមាន បំពេញកាតព្វកិច្ចវិជ្ជមានដើម្បីធ្វើឲ្យប្រជាពលរដ្ឋចង់បញ្ចេញមតិ របស់គេហ្នឹង គឺអាចធ្វើទៅបាន ហើយរដ្ឋាភិបាលត្រូវទទួលស្ដាប់ គេចង់បានអ្វីរឿងហ្នឹង ហើយបើកាលគេយល់ថាអយុត្តិធម៌ តើរដ្ឋាភិបាលគួរឆ្លើយតបយ៉ាងណាទៅនឹងអ្វីដែលគេចង់បាន។»
នេះជាលើកទីបីហើយដែលសមត្ថកិច្ចបានបង្ក្រាបលើអ្នកតវ៉ាក្នុងយុទ្ធនាការ «ថ្ងៃច័ន្ទ ពណ៌ខ្មៅ» ដែល ប៉ុនប៉ងប្រមូលផ្ដុំសម្ដែងមតិនៅមុខពន្ធនាគារព្រៃស តាមបទបញ្ជាក្រសួងមហាផ្ទៃ កាលពីថ្ងៃទី៨ ឧសភា។ កាលពីថ្ងៃទី១៦ ខែឧសភា សមត្ថកិច្ចបានចាប់ខ្លួនសកម្មជនដីធ្លី ៥នាក់បញ្ជូនទៅអធិការដ្ឋាននគរបាលខណ្ឌទួលគោក ដើម្បីធ្វើការសាកសួរធ្វើកំណត់ហេតុ អប់រំអស់រយៈពេល ១ថ្ងៃពេញ ខណៈពួកគេប្រមូលផ្ដុំគ្នានៅចំណុចស្ដុបផ្សារដើមគ។
ទោះជាយ៉ាងណា ក្រុមស្ត្រីសកម្មជនដីធ្លី នៅតែប្រកាន់ជំហរថា ពួកគាត់នឹងប្រមូលផ្ដុំគ្នាធ្វើសកម្មភាពតវ៉ាដោយពាក់អាវខ្មៅរាល់ ថ្ងៃច័ន្ទតទៅទៀត លុះត្រាតែមានការដោះលែងមន្ត្រីការពារសិទ្ធិមនុស្សអាដហុក ៤នាក់ និងមន្ត្រី គ.ជ.ប ១នាក់ដោយគ្មានលក្ខខណ្ឌ៕
No comments:
Post a Comment