គណបក្ស សង្គ្រោះជាតិ រំពឹង ថា, គណបក្ស ប្រជាជន កម្ពុជា នឹងវិលមក តុចរចា
RFA / វិទ្យុ អាស៊ី សេរី | ១៨ មិថុនា ២០១៦
មន្ត្រីគណបក្សដែលកំពុងគ្រប់គ្រងរដ្ឋាភិបាល បង្ហាញមន្ទិលសង្ស័យថា តើអ្វីទៅដែលជារបៀបវារៈដ៏ចម្បងរបស់សមាជិកបក្សប្រឆាំង ដែលជាញឹកញាប់ទទូចចង់ឲ្យបក្សទាំងពីរជួបមុខគ្នា ដើម្បីដោះស្រាយវិបត្តិនយោបាយនោះ។ បើផ្អែកលើទិដ្ឋភាពពិត មន្ត្រីរដ្ឋាភិបាលយល់ឃើញថា ពុំចាំបាច់អ្វីដែលអ្នកនយោបាយត្រូវជួបពិគ្រោះយោបល់គ្នាសោះឡើយ។
ការថ្លែងដូចនេះរបស់លោក សុខ ឥសាន មន្ត្រីនាំពាក្យគណបក្សប្រជាជនកម្ពុជា ធ្វើឡើងបន្ទាប់ពីតំណាងរាស្ត្រមកពីខាងគណបក្សសង្គ្រោះជាតិ ថ្លែងជាថ្មីទៀតកាលពីព្រឹកថ្ងៃទី១៨ ខែមិថុនា ថា បក្សប្រឆាំងចង់ឃើញមានការចរចាផ្នែកនយោបាយរវាងគូវិវាទនឹងគ្នាដ៏ ឆាប់ខាងមុខនេះ។
ថ្លែងនៅចំពោះមុខយុវជនតាមគម្រោងប្រមាណ ៧០០នាក់ក្នុងទីស្នាក់ការកណ្ដាលគណបក្សនាសង្កាត់ចាក់អង្រែលើ លោក ហូរ វ៉ាន់ តំណាងរាស្ត្រគណបក្សប្រឆាំង និងជាប្រធានគណៈកម្មការទី១០ នៃរដ្ឋសភា ឲ្យដឹងថា គណបក្សសង្គ្រោះជាតិ បើកចំហជានិច្ចក្នុងការចរចាជាមួយបក្សកាន់អំណាច។ លោកបន្តថា ភាពនៅទ្រឹងផ្នែកនយោបាយនេះ ដោយសារតែគណបក្សប្រជាជនកម្ពុជា ពុំមានការឆ្លើយតបជាវិជ្ជមានណាមួយនៅឡើយ ចំពោះការចង់បានរបស់បក្សប្រឆាំង។ លោកបន្តថា «ជាជំហរ គណបក្ស សង្គ្រោះជាតិ គឺយើងនៅតែទទូច។ យើងនៅតែជម្រើសរបស់យើងការចរចា។ យើងគិតអស់ហើយ គឺឥតមានជម្រើសណាក្រៅពីការចរចាទេ។»
ភាពតានតឹងផ្នែកនយោបាយនេះ កើតឡើងបន្ទាប់ពីតំណាងរាស្ត្របក្សប្រឆាំងមួយចំនួន ត្រូវសមត្ថកិច្ចចាប់ខ្លួន និងជាប់បណ្ដឹងនៅតុលាការ។ គណបក្សសង្គ្រោះជាតិ យល់ឃើញថា ការចាប់ខ្លួនតំណាងរាស្ត្រមួយចំនួន រួមមានលោក ហុង សុខហួរ និងលោក អ៊ុំ សំអាន ជាដើមនេះ គឺជាការរំលោភនូវអភ័យឯកសិទ្ធិសភា ដែលការពារដោយច្បាប់រដ្ឋធម្មនុញ្ញ។
ផ្ទុយពីការចោទប្រកាន់នេះ ទាំងលោក ហ៊ុន សែន និងមន្ត្រីរបស់លោកក្នុងជួររដ្ឋាភិបាល តែងថ្លែងការពារថា ការចាប់ខ្លួននេះដោយយោងលើអ្នកតំណាងរាស្ត្រទាំងនេះបានប្រព្រឹត្ត បទល្មើសជាក់ស្ដែង។
លោក សុខ ឥសាន មន្ត្រីនាំពាក្យគណបក្សប្រជាជនកម្ពុជា យល់ឃើញថា គណបក្សទាំងពីរដូចពុំមានអ្វីដែលចាំបាច់ត្រូវចរចាទេ។ ជាងនេះទៀត ស្ថានភាពនយោបាយដូចពុំមានវិបត្តិទាល់តែសោះ។ មិនតែប៉ុណ្ណោះ ការស្នើសុំព្រះរាជអន្តរាគមន៍ពីព្រះមហាក្សត្រក្នុងរឿងនយោបាយនេះ ក៏ពុំចាំបាច់ថែមទៀតផង។ លោក សុខ ឥសាន សង្កត់ធ្ងន់ថា តំណាងរាស្ត្រពីររូបដែលកំពុងជាប់ឃុំ គឺបានប្រព្រឹត្តកំហុសធ្ងន់ធ្ងរដែលចាំបាច់ត្រូវអនុវត្តទៅតាម ច្បាប់។ លោកបន្តថា, «ខ្ញុំ ចាត់ទុក ថា ជាចេតនា ទុច្ចរិត ខាងនយោបាយ គោលបំណង បំបាត់ ប្រជាប្រិយភាព គណបក្ស ប្រជាជន កម្ពុជា ក៏ដូច ជាបំបាត់ ជីវិត នយោបាយ របស់ គណបក្ស ប្រជាជន ដែរ។ អានេះ ជាកំហុស ធ្ងន់ណាស់។ គេ ចោទថា, យើង ចុះកិច្ចព្រមព្រៀង ជាមួយ ប្រទេស ជិតខាង ដើម្បី រំលាយ ខ្សែបន្ទាត់ ព្រំដែន ជាមួយ ប្រទេស ជិតខាង នេះ នេះ គឺ យើង មិនអាច ទទួល យកបាន ទេ។ វា ហួសក្របខ័ណ្ឌ នៃការ បញ្ចេញមតិ ឆ្ងាយណាស់។»
គិតមកដល់ពេលនេះ គណបក្សប្រឆាំងមានមន្ត្រីជាន់ខ្ពស់ និងសកម្មជនរបស់ខ្លួនចំនួន ១៧នាក់ហើយកំពុងជាប់ឃុំនៅពន្ធនាគារព្រៃស។ ដោយឡែកតំណាងរាស្ត្រចំនួន ៧រូបផ្សេងទៀត កំពុងជាប់បណ្ដឹងនៅតុលាការនៅឡើយ។
ជុំវិញការសន្យារបស់សហគមន៍អន្តរជាតិ ដែលអះអាងថា នឹងបន្តឃ្លាំមើលការវិវឌ្ឍន៍នយោបាយនៅកម្ពុជា យ៉ាងដិតដល់នេះ លោក សុខ ឥសាន យល់ឃើញថា ដូចមិនចាំបាច់អ្វីឡើយ ព្រោះសភាពការណ៍នយោបាយ គឺពុំមានការប្រែប្រួលដូចការព្រួយបារម្ភរបស់សហគមន៍អន្តរជាតិនោះ ទេ។
ថ្វីបើមានការអះអាងពីភាពស្អាតស្អំបែបនេះរបស់រដ្ឋាភិបាល ក៏ដោយចុះ សង្គមស៊ីវិលផ្នែកសិទ្ធិមនុស្សវិញសង្កេតឃើញថា ការគំរាមកំហែងផ្នែកនយោបាយ និងសិទ្ធិបញ្ចេញមតិនៅកម្ពុជា ត្រូវរួមតូច។ ជាញឹកញាប់ អង្គការមិនមែនរដ្ឋាភិបាលតែងរិះគន់ថា ស្ថាប័នតុលាការបានដើរតួនាទីលម្អៀង និងជាឧបករណ៍ដ៏មានប្រសិទ្ធភាព ក្នុងដំណើរការក្ដីប្រឆាំងអ្នកដែលមានទស្សនៈផ្ទុយពីរដ្ឋាភិបាល៕
Sok Ysann, the Yuon's dog talks
ReplyDeletelike one !