Paris Peace Accords 23 Oct. 1991

Thursday, June 23, 2016

សហគមន៍​ ជនជាតិ​ដើម ​ភាគ​តិច​ និង​ក្រុមហ៊ុន​ នៅ​ខេត្ត​ រតនគិរី ​ស្វែងរក​ ដំណោះស្រាយ ​ដីធ្លី | Ethnic minority Tumpuon, land concession companies in Ratanakiri seek to resolve land conflict

សហគមន៍​ ជនជាតិ​ដើម ​ភាគ​តិច​ និង​ក្រុមហ៊ុន​ នៅ​ខេត្ត​ រតនគិរី ​ស្វែងរក​ ដំណោះស្រាយ ​ដីធ្លី

RFA / វិទ្យុ អាស៊ី សេរី | ២២ មិថុនា ២០១៦

 

ជម្លោះ​ដីធ្លី រតនគិរី ២០១៦ ៨៥៥
អ្នក​ភូមិ​ចង្អុល​ទីតាំង​ដី​នៅ​ក្នុង​វេទិកា​តុ​សន្តិភាព​ស្វែងរក ​ដំណោះស្រាយ​ការ​ស្នើសុំ​ពង្រីក​ដី​ភូមិ​សហគមន៍​ភូមិ​ប៉ាតត់ ឃុំ​សេដា ស្រុក​លំផាត់ ខេត្ត​រតនគិរី នៅ​ថ្ងៃ​ទី​២២ ខែ​មិថុនា ឆ្នាំ​២០១៦។ RFA/Ratha Visal
 
សហគមន៍​ ជនជាតិ​ដើម ​ភាគ​តិច​ ទំពួន ភូមិ​ប៉ាតត់ ឃុំ​សេដា ស្រុក​លំផាត់ ខេត្ត​រតនគិរី និង​ក្រុមហ៊ុន​ សម្បទាន​ ចំនួន​ពីរ យល់ព្រម​ ចូលរួម ​វេទិកា​ តុ​សន្តិភាព ស្វែងរក​ ដំណោះស្រាយ​ ការ​ស្នើសុំ​ ពង្រីក​ដី​ភូមិ​ សហគមន៍ ខណៈ​ ដី​នៅ​តំបន់​ ក្បែរ​នោះ ក្រុមហ៊ុន​ សម្បទាន​ ឈូស​ឆាយ​ ដី​ កាន់​តែ​ ចូល​កៀក​ ដី​ប្រជាពលរដ្ឋ​ រស់នៅ។  អ្នក​ភូមិ​ អះអាង​ ថា, ដី​ភូមិ​ ចាស់​ មួយ​ផ្នែក ជា​តំបន់​ លិច​ទឹក មិន​អាច ​ឲ្យ​អ្នក​ភូមិ ​រស់នៅ ​បាន​ងាយ​ស្រួល​ ឡើយ។

ការ​បង្កើត​គណៈកម្មការ​ចម្រុះ​ចុះ​ពិនិត្យ​ទីតាំង​ដី​ជាក់លាក់ ដែល​សហគមន៍​ភូមិ​ប៉ាតត់ ខេត្ត​រតនគិរី ស្នើសុំ​ពង្រីក​ដី​សម្រាប់​តាំង​ទីលំនៅ​បន្ថែម គឺ​ជា​លទ្ធផល​ដំបូង​ដែល​វេទិកា​តុ​សន្តិភាព​បាន​ឯកភាព​គ្នា ធ្វើ​របាយការណ៍​ជូន​អាជ្ញាធរ​ខេត្ត​សម្រេច។

មជ្ឈមណ្ឌល​អប់រំ​ច្បាប់​សម្រាប់​សហគមន៍ រៀបចំ​សម្របសម្រួល​វេទិកា​តុ​សន្តិភាព នៅ​ថ្ងៃ​ទី​២២ ខែ​មិថុនា នៅ​សាកលវិទ្យាល័យ​បៀលប្រាយ ក្នុង​ក្រុង​បានលុង បន្ទាប់​ពី​សហគមន៍​ភូមិ​ប៉ាតត់ បាន​ដាក់​ពាក្យ​ស្នើសុំ​ដី ៣០០​ម៉ែត្រ​នៅ​អម​សង​ខាង​ផ្លូវ​លំ ចាប់​ពី​ភ្នំ​តូច ទៅ​ដល់​ភូមិ​ប៉ាតត់ ជូន​អាជ្ញាធរ​ខេត្ត​ដោះស្រាយ​កាល​ពី​ឆ្នាំ​២០១៤។ សហគមន៍​អះអាង​ថា ដី​ដែល​ស្នើសុំ​នោះ​ឋិត​ក្នុង​តំបន់​ដី​សម្បទាន​របស់​ក្រុមហ៊ុន​ចំនួន​ពីរ គឺ​ក្រុមហ៊ុន មកុដ ពេជ្រ និង​ក្រុមហ៊ុន ជីង ហ្យុងរី ក៏ប៉ុន្តែ​រហូត​បច្ចុប្បន្ន អ្នក​ភូមិ​មិន​ទាន់​ទទួល​បាន​ដំណោះស្រាយ​ណា​មួយ​ទាក់ទិន​ការ​ស្នើសុំ​ដី​នោះ ​ទេ។

មេធាវី​នៃ​មជ្ឈមណ្ឌល​អប់រំ​ច្បាប់​សម្រាប់​សហគមន៍ លោក ហួន ជុនឌី ថ្លែង​ថា ថ្វីត្បិតតែ​លទ្ធផល​ចុង​ក្រោយ​ដែល​សហគមន៍​ចង់​បាន​មិន​ទាន់​សម្រេច ក៏ប៉ុន្តែ​នេះ​ជា​ជំហាន​ចាប់​ផ្ដើម​ដែល​វេទិកា​រំពឹង​ថា ការ​ទាមទារ​របស់​ពលរដ្ឋ​នឹង​មាន​ដំណោះស្រាយ៖ «ចម្លើយ​មួយ​របស់​ខាង​មន្ទីរ​ដែនដី មន្ទីរ​កសិកម្ម ហាក់​មាន​សុឆន្ទៈ គិត​ថា​សំណូមពរ​នេះ​នៅ​តែ​ជា​របស់​មួយ​អាច​ដោះស្រាយ​បាន»

សហគមន៍​ភូមិ​ប៉ាតត់ មាន​សមាជិក​ជាង ៧០​គ្រួសារ ក៏ប៉ុន្តែ​ចំនួន​នេះ​បាន​កើន​ឡើង​ដល់​ជាង ១០០​គ្រួសារ​នា​ពេល​បច្ចុប្បន្ន។ សហគមន៍​នេះ​ប្រឈម​ទៅ​នឹង​កង្វះ​ដី​សង់​លំនៅឋាន ដោយសារ​ដី​ភូមិ​បច្ចុប្បន្ន​រង​ផល​ប៉ះពាល់​ដោយ​ទឹក​ជន់​លិច​រៀង​រាល់​ឆ្នាំ។ លើស​ពី​នេះ​ទៀត ដី​ដែល​សហគមន៍​ធ្លាប់​ប្រើប្រាស់​ជា​លក្ខណៈ​ប្រពៃណី​ជនជាតិ​ដើម​ភាគ​តិច ត្រូវ​ក្រុមហ៊ុន​សម្បទាន​ឈូស​ឆាយ​កាន់​តែ​រួម​តូច មិន​មាន​ដី​សម្រាប់​សហគមន៍​រក្សា​ទុក​ជា​ដី​ត្រៀម​បម្រុង​ចុះ​បញ្ជី​ដីធ្លី​ ជា​កម្មសិទ្ធិ​សមូហភាព​សហគមន៍​ឡើយ។

ប្រធាន​សហគមន៍​ភូមិ​ប៉ាតត់ លោក អិន ខាំបែក បញ្ជាក់​ថា អ្នក​ភូមិ​គ្មាន​បំណង​ចង់​បាន​ដី​របស់​ក្រុមហ៊ុន​សម្បទាន ដែល​បាន​ដាំ​ដុះ​រួច​រាល់​នោះ​ទេ ក៏ប៉ុន្តែ​នៅ​មាន​ដី​សេសសល់​មួយ​ផ្នែក​ទៀត​ដែល​ក្រុមហ៊ុន​មិន​ទាន់​ឈូស​ឆាយ ទើប​សហគមន៍​ស្នើសុំ​រក្សា​ទុក​ពង្រីក​ភូមិ​បន្ថែម៖ «ក្រុមហ៊ុន ជីង ហ្យុងរី ប៉ះពាល់​ដី​បម្រុង​ទុក​ចុះ​បញ្ជី​ដី​កម្មសិទ្ធិ​សមូហភាព​ក្រុមហ៊ុន មកុដ ពេជ្រ ប៉ះពាល់​ដី​សហគមន៍​តាំង​ពី​ក្រុមហ៊ុន​ចូល​ឈូស​ឆាយ​មក»


មន្ត្រី​ជំនាញ​ដីធ្លី មន្ត្រី​កសិកម្ម និង​តំណាង​ក្រុមហ៊ុន​ទាំង​ពីរ បង្ហាញ​ឆន្ទៈ​ស្រដៀង​គ្នា​ថា មិន​ជំទាស់​នឹង​ការ​ស្នើសុំ​របស់​ពលរដ្ឋ​នោះ​ទេ ក៏ប៉ុន្តែ​ផែនទី​ព្រាង​បង្ហាញ​ទីតាំង​ដី​សហគមន៍​ស្នើសុំ​មិន​ច្បាស់លាស់។ ហេតុ​នេះ សហគមន៍​ត្រូវ​ត្រៀម​ខ្លួន​បង្ហាញ​ទីតាំង​ដី​ជាក់លាក់​សម្រាប់​គណៈកម្មការ​ អាជ្ញាធរ​ខេត្ត ចុះ​ពិនិត្យ​ទីតាំង​នោះ​ដើម្បី​វាយ​តម្លៃ មុន​នឹង​សម្របសម្រួល​យ៉ាង​ណា។

មេការ​ក្រុមហ៊ុន មកុដ ពេជ្រ លោក ម៉ៅ ពៅ អះអាង​ថា នឹង​អនុវត្ត​តាម​ការ​សម្រេច​របស់​អាជ្ញាធរ​ពាក់ព័ន្ធ​ករណី​សម្រេច​ផ្តល់​ដី​ ដែល​សហគមន៍​បាន​ស្នើសុំ៖ «ខាង​ក្រុមហ៊ុន​បើ​ ប្រជាពលរដ្ឋ​សុំ​បាន គឺ​មិន​មែន​ដី​របស់​ក្រុមហ៊ុន​ទេ គឺ​ជា​ដី​របស់​រដ្ឋ។ បើ​សិន​រដ្ឋ​កាត់​ឲ្យ ក្រុមហ៊ុន​គ្មាន​សិទ្ធិ​ហាមឃាត់ ឬ​តវ៉ា​អ្វី​ដែរ ព្រោះ​ដី​សម្បទាន​ជា​ដី​របស់​រដ្ឋ»


ទាក់ទិន​ករណី​នេះ​ដែរ សមាជិក​ក្រុមប្រឹក្សា​ខេត្ត លោក អន សំណាង ចាត់​ទុក​វេទិកា​តុ​សន្តិភាព ថា​ជា​យន្តការ​ដោះស្រាយ​បញ្ហា​ជូន​ពលរដ្ឋ​បាន​ល្អ​ប្រសើរ និង​ត្រឹមត្រូវ មិន​ខាតបង់​ពេលវេលា។ លោក​ថា សហគមន៍ និង​មន្ត្រី​ជំនាញ រួម​ទាំង​ក្រុមហ៊ុន ត្រូវ​សហការ​គ្នា​ដោះស្រាយ​បញ្ហា​ជូន​ពលរដ្ឋ​ឲ្យ​បាន​ឆាប់​រហ័ស៖ «រឿង ​ដែល​ជជែក​គ្នា​អំបាញ់មិញ​នេះ អត់​ទាន់​ឯកភាព​គ្នា​ទេ​កន្លែង​ស្នើសុំ។ អ៊ីចឹង​ទៅ​វិញ យើង​ពិភាក្សា​គ្នា​ឲ្យ​បាន​ច្បាស់លាស់​តាម​សំណើ​ខាង​កសិកម្ម និង​ខាង​ដែនដី។ យើង​នឹង​ធ្វើ​សំណើ​សុំ​បង្កើត​គណៈកម្មការ ឬ​អនុ​គណៈកម្មការ​សម្រាប់​ចុះ​ទៅ​សិក្សា​វាស់វែង​ដី​ឲ្យ​បាន​ច្បាស់លាស់។ ក្នុង​ករណី​នៅ​សង្ស័យ​ស្រពិចស្រពិល អ៊ីចឹង​យើង​ជជែក​គ្នា​មិន​កើត​ទេ»

តាម​ការ​គ្រោង​ទុក វេទិកា​តុ​សន្តិភាព​ដោះស្រាយ​បញ្ហា​ដីធ្លី​ជូន​ពលរដ្ឋ​ភូមិ​ប៉ាតត់ នឹង​ធ្វើ​ជា​លើក​ទី​ពីរ បន្ទាប់​ពី​គណៈកម្មការ​កំណត់​បាន​ទីតាំង​ដី​ជាក់លាក់​ដែល​សហគមន៍​ស្នើសុំ៕



No comments:

Post a Comment