Paris Peace Accords 23 Oct. 1991

Thursday, June 23, 2016

តុលាការ​ កំពូល​ បន្ត​ឃុំ​ខ្លួន ​លោក​ ហុង សុខហួរ និង​ច្រាន​ចោល ​បណ្តឹង​ ចំនួន​ពីរ​ របស់ ​ក្រុម​មេធាវី | Supreme Court orders continued detention for Hong Sok Huor, dismisses 2 suits brought by lawyer group

តុលាការ​ កំពូល​ បន្ត​ឃុំ​ខ្លួន ​លោក​ ហុង សុខហួរ និង​ច្រាន​ចោល ​បណ្តឹង​ ចំនួន​ពីរ​ របស់ ​ក្រុម​មេធាវី

media  
លោក ហុង សុខហួរ អតីសមាជិកព្រឹទ្ធសភាពមកពីគណបក្សសមរង្ស៊ី @RFI/channa
 
តុលាការ​ កំពូល​ របស់ ​ប្រទេស​ កម្ពុជា​ នៅ​ថ្ងៃ​ពុធ​ នេះ បាន​បន្ត​ ច្រានចោល​ សំណើ​ សូម នៅ​ក្រៅ​ឃុំ​ របស់​លោក ហុង សុខហួរ សមាជិក ​ព្រឹទ្ធសភា​ គណបក្ស​ សមរង្ស៊ី និង​បាន ​ទាមទារ​ ឲ្យ​លោក ហុង សុខហួរ ប្រគល់​ ម៉ាស៊ីន​ កុំព្យូទ័រ​ ជូន​តុលាការ​ ជា​កំហិត។  ជា​ម៉ាស៊ីន​ កុំព្យូទ័រ ដែល​គេ​ ជឿជាក់​ ថា​ បាន​ផ្ទុក​ នូវ​ឯកសារ​ ស្រាវជ្រាវ​ ផែនទី​ សន្ធិ​សញ្ញា​ ព្រំដែន​ កម្ពុជា​-វៀតណាម ​ក្លែង​ក្លាយ។  សេចក្តី​សម្រេច​នេះ​ មាន​ន័យ​ថា គឺ​ ជា​ការ​បិទ​ផ្លូវ​ តវ៉ា។

សេចក្តី​សម្រេច​នេះ បាន​ធ្វើ​ឡើង​ដោយ លោក​ សឹង បញ្ញាវុឌ្ឃ​ ប្រធាន​ក្រុមប្រឹក្សា​ជំនុំ​ជម្រះ​នៃ​តុលាការ​កំពូល។ ជា​សាល​ដីកា​ ដែល​ពាក់ព័ន្ធ​នឹង​បណ្ដឹង​តវ៉ា​របស់​ក្រុម​មេធាវី​ ដែល​បាន​ប្តឹង​ការ​ឃុំ​ខ្លួន​លោក ហុង សុខហួរ ដោយ​ខុស​នីតិវិធី​ច្បាប់ និង​បណ្ដឹង​ប្រឆាំង​សាលក្រម​ ចាត់​របៀប​របស់​តុលាការ​ក្រុង​ភ្នំពេញ។
សេចក្តី​សម្រេច​របស់​តុលាការ​កំពូល​កាល​ពី​ព្រឹក​ថ្ងៃ​ទី​២២​ មិថុនា​នេះ ក៏​បាន​តម្រូវ​ឲ្យ​លោក ហុង សុខ​ហួរ ប្រគល់​ម៉ាស៊ីន​កុំព្យូទ័រ​ ដែល​ជា​ឧបករណ៍​សម្រាប់​ស្រាវជ្រាវ​ផែនទី​សន្ធិសញ្ញា​ព្រំដែន​កម្ពុជា​ -វៀតណាម​ក្លែងក្លាយ ទៅ​ឲ្យ​តុលាការ​ជា​កំហិត​ផងដែរ​។ សេចក្តី​សម្រេច​របស់​តុលាការ​កំពូល​ព្រឹកមិញ បាន​ធ្វើ​ឡើង​នៅ​ចំពោះ​មុខ​លោក ហុង សុខហួរ និង​មេធាវី​ការពារ​ក្តី​របស់​លោក។

លោក ហុង សុខហួរ ដែល​បាន​បង្ហាញ​ខ្លួន​នៅ​តុលាការ​កំពូល​កាល​ពី​ព្រឹក​មិញ បាន​ចាត់​ទុក​សេចក្តី​សម្រេច​នេះ​ថា គឺ​ជា​រឿង​អយុត្តិធម៌។ នេះ​បើ​តាម​ការ​បញ្ជាក់​ពី​លោក សុន ឆៃ ប្រធាន​ក្រុម​អ្នក​តំណាង​រាស្រ្ត​គណបក្ស​សង្រ្គោះ​ជាតិ​ ដែល​បាន​ថ្លែង​នៅ​ក្នុង​ទីស្នាក់ការ​គណបក្ស​សង្រ្គោះជាតិ​ ដែល​ស្ថិត​នៅ​សង្កាត់​ចាក់​អង្រែ​លើ រាជធានី​ភ្នំពេញ​នៅ​ប៉ុន្មាន​ម៉ោង​ក្រោយ​ពី​ការ​ប្រកាស​របស់​តុលាការ​កំពូល។ ចំណែក លោក ជូង ជូងី មេធាវី​ការពារ​ក្តី​លោក ហុង សុខហួរ បាន​បញ្ជាក់​នៅ​ក្រោយ​សេចក្តី​សម្រេច​នេះ​ដែរ​ថា ការ​ប្រគល់​កុំព្យូទ័រ​ទៅ​ឲ្យ​តុលាការ​ទំនង​​ជាមិន​អាច​ធ្វើ​ទៅ​បាន​នោះ​ទេ។

គួរ​រំលឹក​ជូន​ថា លោក ហុង សុខ​ហួរ សមាជិក​ព្រឹទ្ធសភា​គណបក្ស​សមរង្ស៊ី និង​ជា​ដៃស្តាំ​រប​ស់លោក សម រង្ស៊ី ប្រធាន​គណបក្ស​សង្រ្គោះ​ជាតិ​ផង​នោះ ត្រូវ​បាន​អាជ្ញាធរ​កម្ពុជា ​ចាប់​ខ្លួន​ កាល​ពី​ថ្ងៃ​ទី​១៥ ខែ​សីហា ឆ្នាំ​២០១៥ ​ពីបទ​ក្លែង​បន្លំ​ឯកសារ​សាធារ​ណៈ ប្រើប្រាស់​ឯកសារ​ក្លែង និង​ញុះញង់​បង្ក​អសន្តិសុខ​ដល់​សង្គម ពាក់ព័ន្ធ​នឹង​សន្ធិសញ្ញា​ព្រំដែន​កម្ពុជា​-​វៀតណាម​។ ហើយ​រាប់​ចាប់​តាំង​ពី​ការ​ចាប់​ខ្លួន​កាល​ពី​ខែ​សីហា​ឆ្នាំ​ ២០១៥ មក លោក ហុង សុខហួរ បាន​ដាក់​ពាក្យ​បណ្តឹង​សុំ​នៅ​ក្រៅ​ឃុំ​ជា​បន្ត​បន្ទាប់ រាប់​ចាប់​តាំង​ពី​តុលាការ​សាលា​ដំបូង​រាជធានី​ភ្នំពេញ តុលាការ​សាលាឧទ្ធរណ៍ រហូត​ដល់​តុលាការ​កំពូល ដោយ​តម្កល់​ប្រាក់​ចំនួន​ ២០​លាន​រៀល​ផង​ដែរ ក៏​ប៉ុន្តែ ដូច​សព្វ​ដង​ គឺ​តុលាការ​បាន​ច្រាន​ចោល​ជា​បន្ត​បន្ទាប់។

លោក​មេធាវី ជូង ជូងី បាន​បញ្ជាក់​ថា សេចក្តី​សម្រេច​របស់​តុលាការ​កំពូល​ពេ​លនេះ មាន​ន័យ​ថា គឺ​ជា​ការ​បិទ​ផ្លូវ​ក្នុង​ការ​តវ៉ា។ ប៉ុន្តែ​ថា លោក​នឹង​បន្ត​ពិភាក្សា​ជាមួយ​កូន​ក្តី​របស់​លោក​បន្ថែម​ទៀត ដើម្បី​រិះ​រក​លទ្ធភាព​ផ្សេង​ៗ​ទៀត៕



No comments:

Post a Comment