រដ្ឋាភិបាល ថា, បរទេស រិះគន់ រឿង ធ្វើទុក្ខបុកម្នេញ បក្សប្រឆាំង គឺ មិនយល់ ពីច្បាប់ របស់ កម្ពុជា
RFA / វិទ្យុ អាស៊ី សេរី | ២ មិថុនា ២០១៦
ប្រតិកម្មរបស់ក្រសួងការបរទេស ទៅកាន់រដ្ឋាភិបាលបរទេសដែលរិះគន់បក្សកាន់អំណាចនៅពេលនេះ វាមិនមានអ្វីជារឿងថ្មីថ្មោងនោះឡើយ ព្រោះថា កន្លងមក ឲ្យតែមានការរិះគន់របស់សហគមន៍អន្តរជាតិចំពោះរដ្ឋាភិបាលកម្ពុជា ម្តងៗ មន្ត្រីរដ្ឋាភិបាលតែងនិយាយថា អ្នករិះគន់ទាំងអស់នោះមិនស្គាល់កម្ពុជា ច្បាស់លាស់ មិនស្គាល់ច្បាប់របស់កម្ពុជា ឬថារដ្ឋាភិបាលទាំងនោះជ្រៀតជ្រែកការងារផ្ទៃក្នុងរបស់កម្ពុជា ជាដើម។
ការរិះគន់របស់សហគមន៍អន្តរជាតិ បានធ្លាក់មកលើរដ្ឋាភិបាលជាហូរហែ ពិសេសនៅពេលអនុប្រធានគណបក្សសង្គ្រោះជាតិ លោក កឹម សុខា កំពុងប្រឈមនឹងការចាប់ខ្លួន និងបន្ទាប់ពីសកម្មជនការពារសិទ្ធិមនុស្ស និងមន្ត្រី គ.ជ.ប ត្រូវបានសមត្ថកិច្ចចាប់ឃុំខ្លួនពាក់ព័ន្ធនឹងរឿងអាស្រូវស្នេហារបស់លោក កឹម សុខា។
ការរិះគន់ទាំងនេះ មានចេញពីរដ្ឋាភិបាលសហរដ្ឋអាមេរិក សហភាពអឺរ៉ុប គណៈកម្មការសិទ្ធិមនុស្សអង្គការសហប្រជាជាតិ ហើយសូម្បីតែអគ្គលេខាធិការអង្គការសហប្រជាជាតិ លោក បាន គីមូន (Ban Ki-Moon) ក៏ បានសម្ដែងការបារម្ភពីស្ថានការណ៍នៅកម្ពុជា។ ទាំងនេះ នៅមិនទាន់រាប់បញ្ចូលការចេញសេចក្តីថ្លែងការណ៍ថ្កោលទោសជាច្រើនរបស់ អង្គការការពារសិទ្ធិមនុស្សអន្តរជាតិ កន្លងមក នៅពេលមន្ត្រី និងសកម្មជនបក្សប្រឆាំង ត្រូវបានសមត្ថកិច្ចរដ្ឋាភិបាលចាប់ខ្លួន ដូចជាការចាប់ខ្លួនលោក ហុង សុខហួរ និងលោក អ៊ុំ សំអាន ជាដើម។
ប៉ុន្តែទោះជាមានការរិះគន់បែបណាក្តី រដ្ឋាភិបាលហាក់មិនសូវឈឺក្បាលវិលមុខឡើយ ហើយតែងឆ្លើយតបថា ការរិះគន់មិនឆ្លុះបញ្ចាំងពីការពិត។
ចំណែកនៅពេលនេះវិញ ក្រសួងការបរទេស និយាយថា ការលើកឡើងរបស់ស្ថានបេសកកម្មបរទេស គឺជាការមិនសមហេតុផលទាល់តែសោះ។ ក្រសួងការបរទេស ថាប្រតិកម្មរបស់រដ្ឋាភិបាលបរទេសចំពោះរឿងនេះ បង្ហាញឲ្យឃើញពីការមិនយល់ ឬការមិនចង់យល់អំពីវិធាននៃការអនុវត្តក្រមព្រហ្មទណ្ឌ និងក្រមនីតិវិធីព្រហ្មទណ្ឌរបស់កម្ពុជា។ ក្រសួងការបរទេស បញ្ជាក់ថា ការសូកប៉ាន់សាក្សី និងការបដិសេធមិនចូលខ្លួនឆ្លើយបំភ្លឺតាមការកោះហៅរបស់តុលាការ ត្រូវបានផ្ដន្ទាទោសមិនត្រឹមតែនៅកម្ពុជា ប៉ុណ្ណោះទេ តែនៅក្នុងប្រទេសប្រជាធិបតេយ្យទាំងអស់ ជាពិសេសនៅក្នុងប្រទេសសមាជិកសហភាពអឺរ៉ុប ក៏គេអនុវត្តដូចគ្នានេះដែរ។
ការលើកឡើងពីករណីសូកប៉ាន់សាក្សី ច្បាស់ណាស់គឺក្រសួងការបរទេស សំដៅលើករណីមន្ត្រីការពារសិទ្ធិមនុស្ស ៤រូបនៃសមាគមការពារសិទ្ធិមនុស្សអាដហុក (ADHOC) និងមេ ឃុំបក្សប្រឆាំង ១រូប ដែលត្រូវបានតុលាការចោទប្រកាន់ពីបទសូកប៉ាន់អ្នកនាង ខុម ចាន់តារាទី ហៅ ស្រីមុំ ហើយដែលត្រូវបានតុលាការសម្រេចឃុំខ្លួនពួកគេបណ្ដោះអាសន្នរហូតមក ទល់ពេលនេះ។ ចំណែកការបដិសេធមិនចូលខ្លួនបំភ្លឺចំពោះមុខតុលាការ គឺសំដៅលើករណីលោក កឹម សុខា ដែលមិនព្រមចូលខ្លួនបំភ្លឺចំពោះមុខតុលាការពីរលើកជាប់គ្នា ដែលករណីនេះកំពុងធ្វើឲ្យលោក កឹម សុខា អាចប្រឈមនឹងការចាប់ខ្លួន។
អ្នកនាំពាក្យស្ថានទូតសហរដ្ឋអាមេរិកប្រចាំកម្ពុជា លោក ជេ រ៉ាម៉េន (Jay Raman) ឲ្យដឹងតាមសារអេឡិចត្រូនិក ឬអ៊ីមែល (Email) នៅ ថ្ងៃទី២ មិថុនា ថា ស្ថានទូតសហរដ្ឋអាមេរិក មិនធ្វើអត្ថាធិប្បាយអ្វីចំពោះការលើកឡើងរបស់ក្រសួងការបរទេស កម្ពុជា នៅពេលនេះទេ។ ប៉ុន្តែស្ថានទូតសហរដ្ឋអាមេរិក កាលពីថ្ងៃទី២៦ ឧសភា បានទទូចឲ្យរដ្ឋាភិបាល បញ្ចៀសនូវការប្រើប្រាស់កម្លាំងសមត្ថកិច្ចមិនចាំបាច់ និងមិនសមាមាត្រលើបក្សប្រឆាំង។ ការទទូចនេះ គឺបន្ទាប់ពីសមត្ថកិច្ចប្រដាប់ដោយអាវុធគ្រប់ដៃ ស្ទាក់រថយន្តលោក កឹម សុខា និងបានសម្រុកចូលទីស្នាក់ការបក្សប្រឆាំង ប៉ុនប៉ងចាប់ខ្លួនលោក កឹម សុខា។ ស្ថានទូតសហរដ្ឋអាមេរិក ឲ្យដឹងថា ពួកគេកំពុងឃ្លាំមើលយ៉ាងដិតដល់ចំពោះស្ថានការណ៍នយោបាយនៅកម្ពុជា។
ចំណែកសហភាពអឺរ៉ុប កាលពីថ្ងៃទី៣០ ឧសភា បានជំរុញរដ្ឋាភិបាលកម្ពុជា ឲ្យបញ្ឈប់ការយាយីតាមផ្លូវតុលាការចំពោះលោក កឹម សុខា និងមន្ត្រីសង្គមស៊ីវិល និងបានជំរុញឲ្យរដ្ឋាភិបាល វិលមករកការចរចាជាមួយបក្សប្រឆាំងក្នុងន័យស្ថាបនា និងដោយសន្តិវិធីឲ្យបានឆាប់តាមដែលអាចធ្វើទៅបាន។ សហភាពអឺរ៉ុប យល់ថា វាគឺជាលក្ខខណ្ឌជាមុន ដើម្បីធ្វើឲ្យការបោះឆ្នោតនៅកម្ពុជា ក្នុងពេលខាងមុខ មានភាពស្របច្បាប់៕
No comments:
Post a Comment