លោក ហ៊ុន សែន ថា, គណបក្ស សង្គ្រោះជាតិ បង្កើត រឿងតូច ឲ្យក្លាយទៅ ជារឿងធំ
RFA / វិទ្យុ អាស៊ី សេរី | ២០ មិថុនា ២០១៦
លោក នាយករដ្ឋមន្ត្រី ហ៊ុន សែន
បានថ្លែង បញ្ឆិតបញ្ឆៀង ទៅកាន់ ប្រធានស្ដីទី គណបក្ស សង្គ្រោះជាតិ លោក
កឹម សុខា ថា បានធ្វើ រឿងតូច ឲ្យក្លាយទៅ ជារឿងធំ,
ហើយ ការធ្វើពិធី បួងសួង តាមបែប សាសនានោះ
គឺ មិនអាចជួយ អ្នកប្រព្រឹត្តិ អំពើ ខុសច្បាប់ បាននោះទេ។
រីឯ បក្សប្រឆាំង នៅតែ ចាត់ទុក ថា, វិធានការ របស់ តុលាការ លើលោក កឹម សុខា
គឺ ជារឿង នយោបាយ ដែលត្រូវ តែ ដោះស្រាយ ដោយបក្ស កាន់អំណាច
និងបក្ស សង្គ្រោះជាតិ តាមវប្បធម៌ សន្ទនា។
ទោះបី ជាលោក នាយករដ្ឋមន្ត្រី ហ៊ុន សែន មិនបាននិយាយចំៗថា ភាគីមួយណាក្ដី ក៏គេដឹងជាទូទៅថា លោកសំដៅដល់គណបក្សសង្គ្រោះជាតិ ដែលកំពុងមានភាពចម្រូងចម្រាសជាមួយប្រព័ន្ធតុលាការ ហើយបានរត់ទៅធ្វើពិធីបួងសួងនៅប្រាសាទអង្គរវត្តខេត្តសៀមរាប សុំឲ្យបារមីនៃវត្ថុសក្ដិសិទ្ធិ និងព្រះវិញ្ញាណក្ខន្ធរបស់អតីតព្រះមហាក្សត្រច្រើនជំនាន់ ជួយបន្ទន់ចិត្តអ្នកនយោបាយឲ្យចេះរួបរួមគ្នា គិតពីផលប្រយោជន៍របស់ប្រជាពលរដ្ឋ និងប្រទេសជាតិ។
ថ្លែងក្នុងពិធីចែកសញ្ញាបត្រដល់និស្សិតនៅ
វិទ្យាស្ថានជាតិអប់រំ នៅព្រឹកថ្ងៃទី២០ ខែមិថុនា លោក ហ៊ុន សែន
បានថ្លែងឡកឡឺយឲ្យគណបក្សសង្គ្រោះជាតិ ថាការបន់ស្រន់
មិនអាចជួយអ្នកប្រព្រឹត្តិអំពើខុសច្បាប់បាននោះទេ។ លោកបន្ថែមថា
មិនបាច់ទៅបួងសួងឯណានោះទេ កុំតែទៅធ្វើអំពើខុសច្បាប់
គឺគ្មានទោសទណ្ឌឡើយ៖ «សូមផ្ដាំផ្ញើទៅ មិនបាច់ទៅធ្វើបុណ្យធ្វើទានសែនព្រេនឯណានោះទេ ធ្វើកុំឲ្យតែខុសច្បាប់ទៅ មិនដែលចូលគុកទេ កុំឆ្ងល់! បើធ្វើខុសច្បាប់ ទោះទៅព្រះអង្គដងកើ ព្រះអង្គចេកព្រះអង្គចម ទៅប្រាសាទព្រះវិហារ ប្រាសាទអង្គរវត្ត ប្រាសាទឯណា ព្រះឥន្ទ ព្រះព្រហ្មទៀតក៏នៅតែជាប់គុកដែរ។»
ការថ្លែងរបស់លោក ហ៊ុន សែន នេះ
គឺមួយថ្ងៃបន្ទាប់ពីតំណាងរាស្ត្រជាច្រើនរូប
ព្រមទាំងអ្នកគាំទ្រគណបក្សសង្គ្រោះជាតិ ប្រមាណ ២ពាន់នាក់
បានជួបជុំគ្នាធ្វើពិធីបួងសួងនៅខេត្តសៀមរាប
ដើម្បីជួយជំរុញកម្លាំងចិត្តឲ្យព្យាយាមដោះស្រាយបញ្ហាឡើងកម្ដៅ
នយោបាយនៅក្នុងប្រទេស ក្រោយពីគណបក្សសង្គ្រោះជាតិ
បានស្វះស្វែងរកការចរចាជាមួយគណបក្សប្រជាជនកម្ពុជា
មិនបានសម្រេចរួចមក។
ចំពោះបញ្ហាឡើងកម្តៅនយោបាយនោះ លោក ហ៊ុន សែន
បានថ្លែងបញ្ឆិតបញ្ឆៀងទៅកាន់ប្រធានស្តីទីគណបក្សសង្គ្រោះជាតិ លោក
កឹម សុខា ថាការមិនចូលខ្លួនទៅបំភ្លឺតាមការកោះហៅរបស់តុលាការនោះ
គឺជាការបង្កើតរឿងតូចឲ្យក្លាយទៅជារឿងធំ៖ «ទៅ
ឲ្យគេសួរបន្តិចទៅ រួចមកវិញទៅមានអ្នកណាគេចាប់។
ដល់ទៅវាបង្កើតទៅជាអារឿងតូចទៅជារឿងធំ
អាហ្នឹងមកពីអ្វីមកពីមេធាវីវាស្ទើរ។ អា
ហ្នឹងមកមេធាវីស៊ើកៗ មើលមាត្រា៥៣៨ មើលមិនឃើញ។
កុំទៅធ្វើខុសច្បាប់ រួចហើយមកទារគណបក្សប្រជាជន ចរចា គណបក្សប្រជាជន
ចរចាជំនួសឲ្យតុលាការ?»
ឆ្លើយតបចំពោះការលើកឡើងរបស់លោក ហ៊ុន សែន
មន្ត្រីជាន់ខ្ពស់គណបក្សសង្គ្រោះជាតិ លោក អេង ឆៃអ៊ាង មានប្រសាសន៍ថា
រឿងរ៉ាវដែលកើតឡើងក្នុងពេលបច្ចុប្បន្ននេះ គឺជារឿងនយោបាយ
មិនមែនជារឿងអនុវត្តច្បាប់ ឬមិនអនុវត្តច្បាប់នោះទេ។
លោកបញ្ជាក់ថា គណបក្សសង្គ្រោះជាតិ
នៅតែរក្សាជំហរចង់ជួបចរចាជាមួយបក្សកាន់អំណាច
ដើម្បីដោះស្រាយបញ្ហានយោបាយតាមការបារម្ភ
និងការចង់ឃើញរបស់ប្រជាពលរដ្ឋ និងអគ្គលេខាធិការអង្គការសហប្រជាជាតិ
លោក បាន គីមូន (Ban Ki-moon) រួមទាំងសហគមន៍អន្តរជាតិ៖ «រឿង
ដែលគេថា រឿងតុលាការរឿងអីនោះ គឺគេគ្រាន់តែយកស្ថាប័នរដ្ឋ
និងស្ថាប័នជាតិ មកបិទបាំងការពិតតែប៉ុណ្ណឹងទេ
តែអ្វីដែលជាការពិត គឺមតិជាតិ និងអន្តរជាតិ
គេបានដឹងច្បាស់ទាំងអស់ ហើយលើកនេះ
យើងនឹងខិតខំព្យាយាមធ្វើយ៉ាងណាឲ្យការជជែកជាមួយគ្នា។»
ប្រធានស្ដីទីគណបក្សសង្គ្រោះជាតិ លោក កឹម សុខា
ត្រូវបានកងកម្លាំងរដ្ឋាភិបាលប៉ុនប៉ងចាប់ខ្លួន កាលពីថ្ងៃទី២៦
ខែឧសភា
បន្ទាប់ពីលោកបដិសេធមិនទៅបំភ្លឺនៅតុលាការក្នុងនាមជាសាក្សី
ពាក់ព័ន្ធនឹងសំណុំរឿងសញ្ចារកម្ម។ ការបដិសេធមិនចូលខ្លួននោះ ដោយលោក
កឹម សុខា សំអាងថា លោកមានអភ័យឯកសិទ្ធិសភា
ហើយលោកចង់ការពារអភ័យឯកសិទ្ធិរបស់តំណាងរាស្ត្រ
កុំឲ្យអ្នកមានអំណាចបន្តរំលោភបំពានតទៅទៀត។
សាស្ត្រាចារ្យផ្នែកវិទ្យាសាស្ត្រនយោបាយ លោក សូ
ចន្ថា មានប្រសាសន៍ថា បញ្ហាមិនទាន់ជឿទុកចិត្តលើប្រព័ន្ធតុលាការ
អាចជាហេតុនាំឲ្យមេបក្សប្រឆាំងមិនចូលខ្លួនបំភ្លឺនៅតុលាការ
ហើយបែរជាធ្វើការតស៊ូមតិអហិង្សាដោយមានពិធីបួងសួងតាមបែបសាសនា
ជាដើម៖ «ខ្ញុំ គិតថា
ការលើកឡើងរបស់លោកនាយករដ្ឋមន្ត្រី ហ៊ុន សែន ហាក់ដូចជាឆ្លុះបញ្ហាថា
គណបក្សប្រឆាំងគ្មានសេណារ៉េយូអីថ្មី
ក្រៅពីការធ្វើពិធីបួងសួងបែបនេះ
ដើម្បីឲ្យមានការគោរពសិទ្ធិសេរីភាព និងអភ័យឯកសិទ្ធិ។
តែវាបានឆ្លុះបញ្ចាំងមួយទៀតថា
យុទ្ធសាស្ត្រមួយដែលមើលទៅហាក់ដូចជារបស់គណបក្សនយោបាយនៅកម្ពុជា
កំពុងតែដើរផ្លូវផ្សេងគ្នា។»
សាស្ត្រាចារ្យផ្នែកវិទ្យាសាស្ត្រនយោបាយរូបនេះ
អំពាវនាវឲ្យអ្នកនយោបាយខ្មែរស្វែងរកដំណោះស្រាយសមស្រប
ដើម្បីឲ្យគ្រប់គណបក្សនយោបាយមានសេរីភាពគ្រប់គ្រាន់ក្នុងការ
ផ្សព្វផ្សាយគោលនយោបាយដល់ប្រជាពលរដ្ឋ។ លើសពីនេះ
លោកចង់ឃើញគណបក្សមានអាសនៈក្នុងរដ្ឋសភា គួរតែពិភាក្សាគ្នា
ហើយផ្តល់ដំណោះស្រាយដែលផ្តល់ផលប្រយោជន៍ពិតប្រាកដជូនប្រជាពលរដ្ឋ
និងប្រទេសជាតិ៕
Mr. Hun Sen,
ReplyDeleteYou keep repeating " Just follow the laws ".
Yes, let's do it, including YOU.
This means that when you lose the 2018 election. which you will, you will relinquish your power !
Will YOU follow the law, or will you not ?