Paris Peace Accords 23 Oct. 1991

Friday, June 3, 2016

លោក កឹម សុខា បន្ត​បដិសេធ​ មិន​ចូល​បំភ្លឺ​ តាម​ដីកា ​របស់​ តុលាការ ​​ក្រុង​ភ្នំពេញ | Kem Sokha rejects summons for questioning of Phnom Penh Municipal Court

លោក កឹម សុខា បន្ត​បដិសេធ​ មិន​ចូល​បំភ្លឺ​ តាម​ដីកា ​របស់​ តុលាការ ​​ក្រុង​ភ្នំពេញ

RFA / វិទ្យុ អាស៊ី សេរី | មិថុនា ២០១៦
យ៉ែម បុញ្ញឫទ្ធិ ២០១៦ ៨៥៥
មន្ត្រី​ជាន់ខ្ពស់​គណបក្ស​សង្គ្រោះជាតិ លោក យ៉ែម បុញ្ញឫទ្ធិ (រូប​កណ្ដាល​) ថ្លែង​ក្នុង​សន្និសីទ​កាសែត​នៅ​មុខ​ទីស្នាក់ការ​កណ្ដាល​បក្ស​សង្គ្រោះជាតិ ចាក់អង្រែលើ នៅ​ថ្ងៃ​ទី​៣ ខែ​មិថុនា ឆ្នាំ​២០១៦។ RFA/Cheu Sideth

ប្រធាន​ស្ដីទី​ បក្ស​ប្រឆាំង លោក កឹម សុខា បន្ត​បដិសេធ​ មិន​ចូល​បំភ្លឺ​ តាម​ការ​កោះហៅ ​របស់​ ចៅក្រម​ស៊ើបសួរ​ សាលាដំបូង​ រាជធានី​ភ្នំពេញ នៅ​ថ្ងៃ​ ទី​១៤ មិថុនា ឡើយ។  នេះ​ ជា​ការ​បញ្ជាក់​ របស់​ មន្ត្រី​ជាន់ខ្ពស់ ​គណបក្ស​ សង្គ្រោះជាតិ លោក យ៉ែម បុញ្ញឫទ្ធិ

លោក យ៉ែម បុញ្ញឫទ្ធិ ថ្លែង​ក្នុង​សន្និសីទ​កាសែត​នៅ​មុខ​ទីស្នាក់ការ​កណ្ដាល​ចាក់អង្រែលើ នៅ​ថ្ងៃ​ទី​៣ មិថុនា ថា ការ​បដិសេធ​របស់​លោក កឹម សុខា ដោយ​យោង​ថា លោក កឹម សុខា ជា​អ្នក​តំណាងរាស្ត្រ​មាន​អភ័យឯកសិទ្ធិសភា។

បន្ថែម​ពី​នេះ លោក យ៉ែម បុញ្ញឫទ្ធិ បន្ត​ថា គណបក្ស​នឹង​បន្ត​ពិភាក្សា​ជាមួយ​អ្នក​ច្បាប់ ដើម្បី​ពិនិត្យ​មើល​ថា ចំណាត់​ការ​បន្តបន្ទាប់​របស់​តុលាការ​ចំពោះ​ប្រធាន​ស្ដីទី​រូប​នេះ ត្រឹមត្រូវ​តាម​ច្បាប់​ឬ​យ៉ាងណា។

កាល​ពី​យប់​ថ្ងៃ​ទី​២ មិថុនា ចៅក្រម​ស៊ើបសួរ​នៃ​សាលាដំបូង​រាជធានី​ភ្នំពេញ បាន​ចេញ​ដីកា​មួយ ដើម្បី​កោះ​ហៅ​លោក កឹម សុខា ឲ្យ​ចូល​បំភ្លឺ​នៅ​ថ្ងៃ​ទី​១៤ ខែ​មិថុនា ក្នុង​ដំណើរ​រឿង​នៃ​ការ​បដិសេធ​មិន​ចូល​បំភ្លឺ​នៅ​តុលាការ​ក្នុង​នាម​ជា​សាក្សី​កាល​ពី​ថ្ងៃ​ទី​២៦ ខែ​ឧសភា។
មាត្រា​៨០ នៃ​រដ្ឋធម្មនុញ្ញ ចែង​ថា ការ​ចោទ​ប្រកាន់ ការ​ចាប់​ខ្លួន ការ​ឃាត់​ខ្លួន ឬ​ការ​ឃុំ​ខ្លួន​សមាជិក​ណា​មួយ​នៃ​រដ្ឋសភា នឹង​អាច​ធ្វើ​ទៅ​កើត លុះត្រាតែ​មាន​ការ​យល់ព្រម​ពី​រដ្ឋសភា ឬ​ពី​គណៈកម្មាធិការ​អចិន្ត្រៃយ៍​របស់​រដ្ឋសភា​ក្នុង​ចន្លោះ​សម័យ​ប្រជុំ​នៃ​ រដ្ឋសភា វៀរលែងតែ​ក្នុង​ករណី​បទល្មើស​ព្រហ្មទណ្ឌ​ជាក់ស្ដែង។

ប៉ុន្តែ​ កាល​ពី​ថ្ងៃ​ ទី​៣០ ឧសភា, សមាជិក ​រដ្ឋសភា គណបក្ស​ ប្រជាជន​ ៦៨​រូប បាន​អនុម័ត​ ជា​ឯកច្ឆន្ទ ឲ្យ​តុលាការ​ បន្ត​នីតិវិធី​ លើ​លោក កឹម សុខា បាន នៅ​ក្រោយ​ អយ្យការ​អម​ សាលាដំបូង​ រាជធានី​ភ្នំពេញ បាន​សម្រេច​ ចោទ​ប្រកាន់​​ លោក កឹម សុខា ពី​បទល្មើស​ ជាក់ស្ដែង ដែល​បដិសេធ ​ក្នុង​ការ​ចូល​ខ្លួន ​ក្នុង​នាម ​ជា​សាក្សី ​លើ​សំណុំរឿង​ សញ្ចារកម្ម តាម​មាត្រា ​៥៣៨ នៃ​ក្រមព្រហ្មទណ្ឌ។



No comments:

Post a Comment