Paris Peace Accords 23 Oct. 1991

Friday, June 10, 2016

មន្ត្រី​ បក្ស​កាន់​អំណាច​ ថា​, កម្ពុជា​ មិន​ធ្វើ​តាម​ ការ​ណែនាំ ​របស់​ សភា​អឺរ៉ុប | Official of party in power says, Cambodia not to heed resolution of European Parliament

មន្ត្រី​ បក្ស​កាន់​អំណាច​ ថា​, កម្ពុជា​ មិន​ធ្វើ​តាម​ ការ​ណែនាំ ​របស់​ សភា​អឺរ៉ុប

RFA / វិទ្យុ អាស៊ី សេរី | ១០ មិថុនា ២០១៦
សុខ ឥសាន ៨៥៥ ២០១៦
អ្នកនាំពាក្យ​គណបក្ស​ប្រជាជន​កម្ពុជា លោក សុខ ឥសាន ថ្លែង​ប្រាប់​ក្រុម​អ្នក​សារព័ត៌មាន​ក្រោយ​ចូល​បំភ្លឺ​នៅ​សាលាដំបូង​រាជធានី ​ភ្នំពេញ នៅ​ព្រឹក​ថ្ងៃ​ទី​៦ ខែ​ឧសភា ឆ្នាំ​២០១៦។ RFA/Brach Chev

មន្ត្រី​ បក្ស​កាន់​អំណាច ​អះអាង​, ថា កម្ពុជា​នឹង​មិន​ធ្វើ​តាម​ការ​ណែនាំ​របស់​សភា​សហភាព​អឺរ៉ុប​ដែល​ឲ្យ​ទម្លាក់ ​ចោល​ការ​ចោទ​ប្រកាន់​មេដឹកនាំ​បក្ស​ប្រឆាំង និង​ដោះលែង​សកម្មជន​ការពារ​សិទ្ធិមនុស្ស​នោះ​ឡើយ។ មន្ត្រី​បក្ស​កាន់អំណាច​លើក​ឡើង​ថា អ្វី​ដែល​កម្ពុជា កំពុង​ធ្វើ គឺ​អនុវត្ត​ទៅ​តាម​ច្បាប់​របស់​កម្ពុជា។

ការ​អះអាង​ របស់​ មន្ត្រី​បក្ស​កាន់​អំណាច​ដូច​នេះ គឺ​ បន្ទាប់ ពី​សភា​ សហភាព​ អឺរ៉ុប កាល​ពី​ថ្ងៃ​ ទី​៩ ខែ​មិថុនា បាន​ចេញ​ សេចក្ដី​ថ្លែងការណ៍​ ទាមទារ​ ឲ្យ​អាជ្ញាធរ កម្ពុជា បញ្ឈប់​ នូវ​ការ​ ចេញ​ដីកា​ តាម​ចាប់​ខ្លួន និង​ទម្លាក់​ចោល​ បទ​ចោទ​ប្រកាន់​នានា​ លើ​ប្រធាន​ គណបក្ស​ សង្គ្រោះ​ជាតិ លោក សម រង្ស៊ី និង​មន្ត្រី​ បក្ស​ប្រឆាំង, ព្រមទាំង ​ឲ្យ​ដោះលែង ​ជា​បន្ទាន់ ​សកម្មជន​ ការពារ​ សិទ្ធិមនុស្ស និង​មន្ត្រី គ.ជ.ប. កំពុង​ ជាប់​ឃុំ​ ឲ្យ​មាន​ សេរីភាព។


សភា​សហភាព​អឺរ៉ុប​ក៏​ទាមទារ​ឲ្យ​រដ្ឋាភិបាល​គោរព​សិទ្ធិ​សេរីភាព​របស់​ អ្នក​នយោបាយ​សកម្មជន​បក្ស​ប្រឆាំង និង​អ្នក​ការពារ​សិទ្ធិមនុស្ស ហើយ​ត្រូវ​ធានា​ថា ពួកគេ​បំពេញ​ការងារ​ដោយ​សេរី គ្មាន​ការ​បំភិតបំភ័យ ការ​ចាប់​ខ្លួន ឬ​ការ​ធ្វើបាប​នោះ​ឡើយ។
ចំពោះ​ការ​លើក​ឡើង​នេះ តំណាងរាស្ត្រ និង​ជា​អ្នក​នាំ​ពាក្យ​គណបក្ស​ប្រជាជន​កម្ពុជា លោក សុខ ឥសាន ឆ្លើយ​តប​នៅ​ថ្ងៃ​ទី​១០ ខែ​មិថុនា ថា គណបក្ស​កាន់​អំណាច​មិន​បាន​ធ្វើ​បាប​ទៅ​លើ​មន្ត្រី​បក្ស​ប្រឆាំង និង​សង្គម​ស៊ីវិល​ឡើយ។ លោក សុខ ឥសាន ដែល​អរគុណ​សហភាព​អឺរ៉ុប ចាប់​អារម្មណ៍​ពី​បញ្ហា​របស់​កម្ពុជា ថ្លែង​ថា អ្វី​ដែល​កំពុង​កើត​ឡើង​ចំពោះ​មេដឹកនាំ និង​មន្ត្រី​បក្ស​ប្រឆាំង និង​មន្ត្រី​សង្គម​ស៊ីវិល គឺ​ជា​រឿង​បុគ្គល​របស់​អ្នក​ទាំង​អស់​នោះ ដែល​បាន​ប្រព្រឹត្ត​ខុស​ច្បាប់​របស់​កម្ពុជា ជា​រឿង​របស់​តុលាការ ហើយ​មិន​មាន​ពាក់ព័ន្ធ​នឹង​បក្ស​កាន់​អំណាច​ឡើយ។

បើ​ទោះ​ជា​លោក សុខ ឥសាន ទទួល​ស្គាល់​ថា កន្លង​មក​សហភាព​អឺរ៉ុប បាន​រួម​ចំណែក​ច្រើន ជួយ​ស្វែង​រក​សន្តិភាព​នៅ​កម្ពុជា ក្ដី ប៉ុន្តែ​លោក​ថា កម្ពុជា​កំពុង​អនុវត្ត​ច្បាប់​របស់​ខ្លួន៖ «យើង​យក​ច្បាប់​អ៊ីយូ (EU) មក​អនុវត្ត​ក៏​មិន​ត្រូវ យក​ច្បាប់​មក​ពី​ណា​អនុវត្ត​ក៏​មិន​ត្រូវ​ដែរ ពីព្រោះ​កម្ពុជា​ ជា​រដ្ឋ​ឯករាជ្យ មាន​អធិបតេយ្យភាព ហើយ​មាន​រដ្ឋធម្មនុញ្ញ​ដែល​កើត​ចេញ​ពី​ការ​ឧបត្ថម្ភ​គាំទ្រ​របស់​អង្គការ​ សហប្រជាជាតិ​នេះ​ឯង ដែល​អ៊ុនតាក់ (UNTAC) រៀបចំ​ការ​បោះ​ឆ្នោត​បង្កើត​រដ្ឋធម្មនុញ្ញ បង្កើត​រាជរដ្ឋាភិបាល​តាម​រយៈ​ការ​បោះឆ្នោត​រៀបចំ​ដោយ​អ៊ុនតាក់​នេះ ហើយ​ដែល​វា​ឆ្លុះ​បញ្ចាំង​ថា កម្ពុជា​ជា​ប្រទេស​ឯករាជ្យ និង​មាន​អធិបតេយ្យ»

កាល​ពី​ថ្ងៃ​ទី​៣០ ខែ​ឧសភា ប្រតិភូ​សហភាព​អឺរ៉ុប​ប្រចាំ​កម្ពុជា ក៏​បាន​ចេញ​សេចក្ដី​ថ្លែងការណ៍​ អំពាវនាវ​ឲ្យ​បក្ស​កាន់អំណាច​បញ្ឈប់​ការ​យាយី​តាម​ផ្លូវ​តុលាការ​ចំពោះ​ មេដឹកនាំ​បក្ស​ប្រឆាំង និង​សង្គម​ស៊ីវិល ហើយ​បាន​ជំរុញ​ឲ្យ​បក្ស​កាន់​អំណាច​វិល​មក​ចរចា​ជាមួយ​បក្ស​ប្រឆាំង​វិញ ដើម្បី​ស្វែង​រក​ដំណោះស្រាយ​មុន​ពេល​បោះឆ្នោត​មក​ដល់។

ដោយសារ​សហភាព​អឺរ៉ុប គឺជា​ដៃគូ​ផ្ដល់​ជំនួយ​អភិវឌ្ឍន៍​ធំ​បំផុត​របស់​កម្ពុជា ហើយ​ដែល​ជំនួយ​ថ្មី​ផ្ដល់​ឲ្យ​កម្ពុជា សម្រាប់​ឆ្នាំ​២០១៤ ដល់​ឆ្នាំ​២០២០ មាន​ចំនួន ៤១០​លាន​អឺរ៉ូ​នោះ សភា​សហភាព​អឺរ៉ុប​លើក​ឡើង​ថា ជំនួយ​ផ្ដល់​ឲ្យ​កម្ពុជា គួរ​ធ្វើ​ឡើង​តិច ឬ​ច្រើន​ទៅ​តាម​ការ​រីក​ចម្រើន​នៃ​ស្ថានភាព​សិទ្ធិមនុស្ស​របស់​កម្ពុជា។ សភា​សហភាព​អឺរ៉ុប​ក៏​ជំរុញ​ឲ្យ​រដ្ឋ​សមាជិក​សហភាព​អឺរ៉ុប ប្រមុខ​កិច្ច​ការ​បរទេស​សហភាព​អឺរ៉ុប អ្នកស្រី ហ្វេឌេរីកា ម៉ូហ្គេរីនី (Federica Mogherini) អង្គភាព​ទទួល​បន្ទុក​ផ្ដល់​សេវាកម្ម​ក្រៅ​ប្រទេស​សហភាព​អឺរ៉ុប និង​គណៈកម្មការ​អឺរ៉ុប កំណត់​ឲ្យ​ច្បាស់​ពី​គោលដៅ​នៃ​ការ​បោះឆ្នោត​នៅ​កម្ពុជា ក្នុង​ពេល​ខាង​មុខ ថា​ប្រព្រឹត្តទៅ​ស្រប​តាម​ច្បាប់​អន្តរជាតិ នៃ​សេរីភាព​សម្ដែង​មតិ ការ​ប្រមូលផ្ដុំ និង​ការ​បង្កើត​សមាគម។
​អ្នកនាំពាក្យ​ទីស្ដីការ​គណៈរដ្ឋមន្ត្រី លោក ផៃ ស៊ីផាន ដែល​ចាត់​ទុក​សេចក្ដី​ថ្លែងការណ៍​របស់​សភា​សហភាព​អឺរ៉ុប​ថា គ្រាន់តែ​ជា​ញត្តិ​សម្ដែង​មតិ​មួយ​នោះ មាន​ប្រសាសន៍​ថា កម្ពុជា​មិន​បាន​យក​ចិត្ត​ទុក​ដាក់​ចំពោះ​លក្ខខណ្ឌ​ផ្ដល់​ជំនួយ​នេះ​ទេ។ លោក ផៃ ស៊ីផាន ថ្លែង​ថា សហភាព​អឺរ៉ុប​គឺ​ជា​ដៃគូ​អភិវឌ្ឍន៍ និង​ពិភាក្សា​របស់​កម្ពុជា ដូច្នេះ​លោក​ជឿជាក់​ថា សហភាព​អឺរ៉ុប​នឹង​មិន​យក​ផលប្រយោជន៍​របស់​ពួកគេ​មក​លូកលាន់​ក្នុង​បញ្ហា​ នយោបាយ​របស់​កម្ពុជា នោះ​ឡើយ។

លោក ផៃ ស៊ីផាន«អ្វី​ ដែល​យើង​ មើល​ឃើញ ដែល​ដាក់​ គំនាប​ ដោយសារ​ ការ​បោកប្រាស់ ​របស់ ​ប្រធាន ​គណបក្ស​ សង្គ្រោះ​ជាតិ នៅ​សភា​ សហរដ្ឋ អាមេរិក ក៏​ដូចជា​ សភា​អឺរ៉ុប, យើង​ ពុំ​ ដែល​ឃើញ​ មាន​ឥទ្ធិពល​ ចេញ​ពី​រដ្ឋាភិបាល ​របស់​គេ ​ទេ។  ដូច្នេះ​ បើ​ យើង​ មើល​ពី​ដំណើរ​ នៃ​ការ​ចូលរួម ​ភាពជា​ដៃគូ​ អភិវឌ្ឍន៍​ នៅ​កម្ពុជា មាន​ដំណើរ​ រហូត​ ពី​មួយ​ឆ្នាំ​ ទៅ​មួយ​ឆ្នាំ ពីព្រោះ​ គោលបំណង ​របស់​គេ គឺ​ ជា​គោលបំណង​ ខុស​ ពី​នយោបាយ ជា​ដៃគូ​ អភិវឌ្ឍន៍​ ដើម្បី​ ផលប្រយោជន៍​ ទំនាក់​ទំនង​ ល្អ និង​សហប្រតិបត្តិការ​ ដើម្បី​ រក​ស៊ី, ដើម្បី​ ការពារ​ ផលប្រយោជន៍​គ្នា​ ទៅ​វិញ​ ទៅ​មក»

មុន​ការ​ចេញ​សេចក្ដី​ថ្លែងការណ៍​របស់​សភា​សហភាព​អឺរ៉ុប ប្រមុខ​អង្គការ​សហប្រជាជាតិ លោក បាន គីមូន (Ban Ki-Moon) ក៏​បាន​ទូរស័ព្ទ​មក​ជជែក​ជាមួយ​រដ្ឋមន្ត្រី​ការបរទេស​កម្ពុជា លោក ប្រាក់ សុខុន។ លោក បាន គីមូន ទទូច​ឲ្យ​រដ្ឋាភិបាល​គោរព​សិទ្ធិមនុស្ស សេរីភាព​នៃ​ការ​សម្ដែង​មតិ និង​ឲ្យ​បក្ស​ទាំងពីរ​វិល​មក​រក​វប្បធម៌​សន្ទនា​ជា​ថ្មី។

សាស្ត្រាចារ្យ​ផ្នែក​វិទ្យាសាស្ត្រ​នយោបាយ លោក​បណ្ឌិត រស់ រ៉ាវុធ យល់​ឃើញ​ថា រដ្ឋាភិបាល​កម្ពុជា គួរ​ពិចារណា​លើ​សំណើ​របស់​សហគមន៍​អន្តរជាតិ ព្រោះ​លោក​ថា បើ​កម្ពុជា ចេះ​តែ​ទុក​ឲ្យ​ស្ថានការណ៍​នៅ​ដូច​សព្វថ្ងៃ វា​អាច​ធ្វើ​ឲ្យ​ប៉ះពាល់​ដល់​មុខមាត់​របស់​កម្ពុជា លើ​ឆាក​អន្តរជាតិ និង​អាច​ធ្វើ​ឲ្យ​ប៉ះពាល់​ដល់​ជំនួយ​ដែល​បរទេស​ផ្ដល់​ឲ្យ​សម្រាប់​អភិវឌ្ឍ​ ប្រទេស​កម្ពុជា៖ «រដ្ឋាភិបាល​គួរ​តែ​ពិចារណា​ឡើង​វិញ ព្រោះ​បញ្ហា​ទី​១ វា​ពាក់ព័ន្ធ​ទៅ​នឹង​ជំនួយ​របស់ អ៊ីយូ ក្នុង​ការ​កសាង​ហេដ្ឋារចនាសម្ព័ន្ធ​នៅ​កម្ពុជា ហើយ​វា​ជះ​ឥទ្ធិពល​ទៅ​លើ​ទីផ្សារ​របស់​កម្ពុជា ជាពិសេស​ទីផ្សារ​អង្ករ​ដែល​ជា​ទីផ្សារ​ធំ​បំផុត​សម្រាប់​កម្ពុជា គឺ​នៅ​សហភាព​អឺរ៉ុប​នេះ​ឯង»

លោក​បណ្ឌិត រស់ រ៉ាវុធ សម្ដែង​ទស្សនៈ​ថា ដើម្បី​តម្កល់​ផលប្រយោជន៍​សម្រាប់​ប្រទេស​ជាតិ បក្ស​នយោបាយ​ទាំង​ពីរ​គួរ​វិល​មក​រក​ការ​ចរចា​ជា​ថ្មី​តាមរយៈ​វប្បធម៌​ សន្ទនា​ជា​ជាង​ការ​ពាក់​មុខ​យក្ស​ដាក់​គ្នា​ដែល​ធ្វើ​ឲ្យ​បរទេស​មើល​ឃើញ​ថា ខ្មែរ​មាន​វិវាទ​ផ្ទៃក្នុង​ជាមួយ​គ្នា​នោះ៕


No comments:

Post a Comment