ប៉ូលិស នៅរតនគិរី ហាមឃាត់ អ្នកកាន់ សាសនាគ្រិស្ត មិនឲ្យ ជួបជុំគ្នា
RFA / វិទ្យុ អាស៊ី សេរី | ២ មិថុនា ២០១៦

សហគមន៍កាន់សាសនាគ្រិស្ត នៅស្រុកចំនួនបី
ក្នុងខេត្តរតនគិរី
ត្រូវប៉ូលិសហាមឃាត់មិនឲ្យជួបជុំគ្នានៅភូមិសាលាតូច ឃុំកក់
ស្រុកបរកែវ កាលពីថ្ងៃទី១ ខែមិថុនា ឆ្នាំ២០១៦។
ADHOC Photo
ក្រុមអ្នកកាន់សាសនាគ្រិស្ត ជាង ៥០នាក់ មកពីស្រុក ចំនួនបី ក្នុងខេត្ត រតនគិរី បានបញ្ឈប់ ការជួបជុំ របស់ខ្លួន ភ្លាម បន្ទាប់ពីប៉ូលិស ឃុំ កក់ ស្រុក បរកែវ ទាមទារ ឲ្យពួកគេ បង្ហាញលិខិត សុំអនុញ្ញាត ពីអាជ្ញាធរ មូលដ្ឋាន។
ជាទម្លាប់រៀងរាល់ដើមខែក្រុមអ្នកកាន់សាសនាគ្រិស្តតែងរៀបចំពិធី ជួបជុំគ្នាសំដែងធម៌ និងសួរសុខទុក្ខគ្នាដែលគេនិយមហៅថា ពិធីជួបប្រកបគ្នា។ នៅថ្ងៃទី១ ខែមិថុនា នេះ សហគមន៍គ្រិស្តសាសនា នៅស្រុកបរកែវ ស្រុកអូរយ៉ាដាវ និងស្រុកអណ្ដូងមាស បានកំណត់យកភូមិសាលាតូច ឃុំកក់ ជាកន្លែងជួបប្រកបគ្នា ក៏ប៉ុន្តែប៉ូលិសបានហាមឃាត់។
អាចារ្យប្រដៅសាសនាគ្រិស្ត លោក ក្លាន ក្លាង ចាត់ទុកបម្រាមរបស់ប៉ូលិសថា ជាការរំលោភទៅលើរដ្ឋធម្មនុញ្ញស្ដីពីសិទ្ធិនៃការគោរពប្រតិបត្តិ សាសនា និងរំលោភទៅសេរីភាពនៃជំនឿសាសនា។ លោកកត់សំគាល់ថា ពិធីនេះសហគមន៍គ្រិស្តសាសនាបានធ្វើតាំងពីឆ្នាំ២០០៤ រហូតមក។ លើសពីនេះទៀត ការជួបជុំគ្នានេះ តំណាងអ្នកកាន់សាសនាគ្រិស្តនៅភូមិសាលាតូចបានជូនដំណឹងប្រធានភូមិ រួចហើយ ហេតុនេះប៉ូលិសតម្រូវឲ្យការជួបជុំគ្នាត្រូវសុំច្បាប់គឺជាការ រំលោភច្បាប់៖ «ពីមុនយើងផ្ដល់ទៅមេភូមិ ហើយមេភូមិផ្ដល់ទៅប៉ុស្តិ៍រដ្ឋបាលឃុំ ឬមេឃុំ។ ពីមុនមកធ្លាប់ប្រកបគ្នាប៉ុន្មានឆ្នាំហើយ តាំងពីឆ្នាំ២០០៤ រហូត ២០១៦ ប៉ូលិសគេចុះមករារាំងមិនឲ្យចូលរួម។»
នៅខេត្តរតនគិរី វិហារគ្រិស្តសាសនាមានជាង ៥០កន្លែង និងមានគ្រិស្តបរិស័ទជាង ២ពាន់នាក់។ ក្រៅពីនេះក៏មានគ្រិស្តបរិស័ទនៅភូមិមួយចំនួនរៀបចំពិធីសាលនានៅ ផ្ទះរបស់ក្រុមជំនុំដោយសារព្រះវិហារ មិនទាន់បានសាងសង់។
ឆ្លើយតបការចោទប្រកាន់របស់អ្នកកាន់សាសនាគ្រិស្តនេះ អធិការស្រុកបរកែវ លោក ជួប វណ្ណរក្ស ទទួលស្គាល់ថា ប៉ូលិសប៉ុស្តិ៍ពិតជាហាមឃាត់មិនឲ្យមានការជួបជុំគ្នានោះមែន ដោយសារតែការជួបជុំគ្នានេះមានប្រជាពលរដ្ឋមកពីច្រើនស្រុកដែល ធ្វើឲ្យអាជ្ញាធរបារម្ភខ្លាចកើតមានបញ្ហាអសន្តិសុខនៅមូលដ្ឋាន។
លោកថា អាជ្ញាធរមិនបានដឹងថា ពួកគេប្រជុំគ្នាពីបញ្ហាអប់រំសាសនាទេ ទើបធ្វើការហាមឃាត់៖ «ឃើញ ប្រមូលផ្តុំគ្នាពីអូរយ៉ាដាវផង ពីអណ្ដូងមាសផង។ ឥឡូវយើងមិនដឹងសភាពការណ៍យ៉ាងម៉េច អ៊ីចឹងត្រូវរាយការណ៍មកអាជ្ញាធរដឹង គ្រាន់តែប្រជុំផ្សព្វផ្សាយសាសនាគ្រិស្តមួយ គ្រាន់តែជម្រាបគេឲ្យដឹង អ៊ីចឹងគេមិនដឹងថា យើងប្រមូលផ្តុំគ្នាធ្វើស្អី។»
មន្ត្រីឃ្លាំមើលសិទ្ធិមនុស្សសមាគមអាដហុក (ADHOC) ខេត្តរតនគិរី លោក ឆាយ ធី ថ្លែងថា ទំនងដោយសារស្ថានភាពនយោបាយបច្ចុប្បន្នប្រឈមទៅនឹងការប្រមូលផ្តុំ គ្នាធ្វើបាតុកម្មទើបអាជ្ញាធររឹតបន្តឹងការជួបជុំគ្នា។ ម្យ៉ាងវិញទៀតអាជ្ញាធរគ្មានព័ត៌មានជាក់លាក់ពីការជួបប្រជុំរបស់ ក្រុមអ្នកកាន់សាសនា រីឯក្រុមអ្នករៀបចំការជួបជុំគ្នាក៏មិនបានផ្ដល់ព័ត៌មានជាក់លាក់ មកអាជ្ញាធរទើបកើតមានរឿងយល់ច្រឡំបែបនេះ៖ «បើការជួបជុំគ្នា ហ្នឹងមិនពាក់ព័ន្ធផ្នែកនយោបាយគ្រាន់តែជាសាសនាទេ ត្រូវតែការពារដោយច្បាប់រដ្ឋ។ សាសនាអ្វីក៏ដោយត្រូវបើកទូលាយ។»
កាលពីខែកក្កដា ឆ្នាំ២០១៣ អ្នកដឹកនាំសាសនាគ្រិស្ត និងសាសនាឥស្លាម នៅតាមភូមិឃុំក្នុងស្រុកបរកែវ ត្រូវបានប្រធានការិយាល័យធម្មការ និងសាសនាស្រុក អញ្ជើញមកប្រជុំនៅវិហារសាសនាគ្រិស្ដភូមិកាម៉ាំង ឃុំឡាមិញ ស្រុកបរកែវ។ នៅក្នុងកិច្ចប្រជុំនោះ មន្ត្រីធម្មការបានកំណត់ឲ្យអ្នកប្រដៅសាសនាទាំងនោះកុំយកសាសនាជា ឈ្នាន់នយោបាយ បើមិនដូច្នេះទេ ក្រុមអាជ្ញាធរនឹងបិទមិនឲ្យធ្វើសកម្មភាពផ្នែកសាសនាចំពោះវិហារ សាសនាណាដែលប្រព្រឹត្តផ្ទុយការណែនាំនោះ៕
No comments:
Post a Comment