ក្រសួង មហាផ្ទៃ បង្កើត គណៈកម្មការ ធ្វើកោសល្យវិច័យ ស្នាមមេដៃ គាំទ្រ ញត្តិ បក្ស សង្គ្រោះជាតិ
RFA / វិទ្យុ អាស៊ី សេរី | ២ មិថុនា ២០១៦
មន្ត្រីបក្សប្រឆាំង ស្វាគមន៍ចំពោះការបង្កើតគណៈកម្មការថ្មីនេះ។ ចំណែកអ្នកឃ្លាំមើលបញ្ហានយោបាយ ចាត់ទុកករណីនេះថាជាគំរាមកំហែងដល់សិទ្ធិពលរដ្ឋ។
សេចក្ដីសម្រេចរបស់ក្រសួងមហាផ្ទៃ ចុះថ្ងៃទី២ ខែមិថុនា បញ្ជាក់ថា គណៈកម្មការស៊ើបអង្កេតថ្មីនេះមាននាយឧត្ដមសេនីយ៍ លោក នេត សាវឿន អគ្គស្នងការនគរបាលជាតិ ជាប្រធាន និងសមាជិកជាច្រើនរូប។
ក្នុងចំណោមសមាជិកទាំងនោះ ក៏បានរាប់បញ្ចូលស្នងការនគរបាលនៅរាជធានី និងខេត្តទាំងឡាយ។
គណៈកម្មការនេះ នឹងស្រាវជ្រាវធ្វើកោសល្យវិច័យស្នាមមេដៃនៅលើញត្តិរបស់គណបក្ស សង្គ្រោះជាតិ ដោយចុះទៅស្រាវជ្រាវផ្ទាល់ពីប្រជាពលរដ្ឋខ្មែរ ដែលបានផ្ដិតមេដៃ និងចាត់វិធានការជំនាញផ្សេងទៀតតាមនីតិវិធី ដើម្បីផ្ទៀងផ្ទាត់ភាពត្រឹមត្រូវនៃស្នាមមេដៃ និងធ្វើរបាយការណ៍ជូនក្រសួងមហាផ្ទៃ ពិនិត្យសម្រេច។
លើសពីនេះ គណៈកម្មការនេះមានសិទ្ធិបង្កើតអនុគណៈកម្មការនៅតាមបណ្ដារាជធានី-ខេត្ត ដើម្បីជាជំនួយការដែលមានអភិបាលរាជធានី-ខេត្ត ជាប្រធាន ស្នងការនគរបាលជាអនុប្រធាន និងមានសមាជិកតាមតម្រូវការ។
កាលពីដើមសប្ដាហ៍នេះ តំណាងរាស្ត្រគណបក្សប្រឆាំង បានហែញត្តិដោយមានស្នាមមេដៃពលរដ្ឋជាង ១៧ម៉ឺននាក់ ដើម្បីស្នើសុំព្រះមហាក្សត្រអន្តរាគមន៍ដោះលែងមន្ត្រីសិទ្ធិមនុស្ស ៤នាក់ មន្ត្រី គ.ជ.ប ម្នាក់ រួមនឹងមន្ត្រី និងសកម្មជនគណបក្សនេះជាច្រើននាក់ទៀត ព្រមទាំងសុំបញ្ឈប់ការតាមចាប់ខ្លួនលោក កឹម សុខា ប្រធានស្តីទីគណបក្សសង្គ្រោះជាតិ។
ឆ្លើយតបចំពោះការបង្កើតគណៈកម្មការថ្មីនេះ តំណាងរាស្ត្រគណបក្សសង្គ្រោះជាតិ លោក ម៉ៅ មុនីវណ្ណ មានប្រសាសន៍ប្រាប់អ្នកគាំទ្រនៅខាងមុខគណបក្សសង្គ្រោះជាតិ នៅរសៀលថ្ងៃទី២ ខែមិថុនា ថា គណបក្សសង្គ្រោះជាតិ ស្វាគមន៍ចំពោះការអនុវត្តច្បាប់ត្រឹមត្រូវរបស់អាជ្ញាធរ។ គណបក្សនេះនៅតែប្រកាន់ជំហរចូលរួមជាមួយអាជ្ញាធរ។
អ្នកឃ្លាំមើលស្ថានភាពនយោបាយ និងជាអ្នកសិក្សាការអភិវឌ្ឍ លោក កែម ឡី មានប្រសាសន៍ថា ការបង្កើតគណៈកម្មការនេះពុំមានប្រយោជន៍សម្រាប់ដោះស្រាយបញ្ហា ឬរកឲ្យឃើញពីរឿងរ៉ាវពិតប្រាកដឡើយ វាគ្រាន់តែជារូបភាពនៃការគំរាមកំហែង។ ម្យ៉ាងទៀត លោក កែម ឡី យល់ថា គឺជាការរំលោភសិទ្ធិពលរដ្ឋ ដោយធ្វើឲ្យពលរដ្ឋរស់នៅក្នុងភាពភ័យខ្លាច៖ «ការផ្ដិតមេដៃជាប្រភេទនៃការបញ្ចេញមតិមួយ ការបញ្ចេញមតិដោយសម្ដី ដោយសំណេរដោយការគាំទ្រទាំងចំហ និងសម្ងាត់។ ចឹង សិទ្ធិសេរីភាពហ្នឹងវាធំធេង ប៉ុន្តែជួនកាលរដ្ឋាភិបាលគាត់ធ្វើទៅតាមកំហឹងនយោបាយ អត់បានពិចារណាពីផលប៉ះពាល់ទៅដល់សិទ្ធិរបស់ពលរដ្ឋ។»
លោក កែម ឡី លើកឡើងថា រូបភាពនៃការគំរាមកំហែងបែបនេះ មិនមែនជារឿងថ្មីទេសម្រាប់ការអនុវត្តរបស់រដ្ឋាភិបាល ដែលដឹកនាំដោយគណបក្សប្រជាជនកម្ពុជា។ លោកថា មធ្យោបាយល្អ គឺការធ្វើប្រជាមតិ ដែលអាចស្ទង់ដឹងពីទំនោរនៃការគាំទ្ររបស់ពលរដ្ឋ និងអាចចៀសផុតពីការរំលោភបំពានសិទ្ធិពលរដ្ឋ៕
No comments:
Post a Comment