អាជ្ញាធរ សង្កាត់ វាលវង់ ឃាត់ខ្លួន សកម្មជន បក្សសង្គ្រោះជាតិ មិនឲ្យ ប្រមូល ស្នាមមេដៃ
RFA / វិទ្យុ អាស៊ី សេរី | ៧ មិថុនា ២០១៦
ប្រជាពលរដ្ ឋមួយចំនួន បានទៅ ជួបជុំគ្នា ប៉ុស្តិ៍សង្កាត់ វាលវង់ ខណ្ឌ ៧មករា ដើម្បី គាំទ្រ និងទាមទារ ឲ្យដោះលែង សមាជិក ក្រុមប្រឹក្សា សង្កាត់ វាលវង់ ម្នាក់ ដែលត្រូវ អាជ្ញាធរ ឃាត់ខ្លួន នៅពេល ចុះប្រមូល ស្នាមមេដៃ ពីពលរដ្ឋ នៅព្រឹកថ្ងៃ ទី៧ មិថុនា។ សកម្មភាព ប្រមូល ស្នាមមេដៃ នៅលើញត្តិ ថ្វាយព្រះមហាក្សត្រនេះ ក្នុងគោលបំណង ស្នើឲ្យ ស្ថាប័នជាតិ គោរព ឲ្យបានពេញលេញ នូវអភ័យឯកសិទ្ធិ សភា របស់ តំណាងរាស្ត្រ និងទម្លាក់ចោល ការចោទប្រកាន់ មេដឹកនាំ គណបក្ស នយោបាយ, មន្ត្រី សង្គមស៊ីវិល, និងអគ្គលេខាធិការ រង គ.ជ.ប.។
មន្ត្រីសិទ្ធិមនុស្ស ហៅការរារាំង និងការឃាត់ខ្លួនអ្នកប្រមូលស្នាមមេដៃនេះ ថាជាការបំភិតបំភ័យ និងរំលោភសិទ្ធិ។
អាជ្ញាធរប៉ុស្តិ៍នគរបាលរដ្ឋបាលវាលវង់ ខណ្ឌ៧មករា រាជធានីភ្នំពេញ បានឃាត់ខ្លួនមន្ត្រីក្រុមប្រឹក្សាសង្កាត់នៃគណបក្សសង្គ្រោះជាតិ ជាង ៣ម៉ោង ហើយធ្វើកិច្ចសន្យាបញ្ឈប់សកម្មភាពផ្ដិតមេដៃដាក់ញត្តិថ្វាយ ព្រះមហាក្សត្រ ទើបដោះលែងវិញ។
ពលរដ្ឋនៅសហគមន៍បុរីកីឡា សង្កាត់វាលវង់ លោកស្រី សោម សុម៉ាលី អះអាងនៅថ្ងៃទី៧ មិថុនា ថា សកម្មភាពរារាំង និងចាប់ខ្លួនអ្នកស្រី ហែម ហាង ជាសមាជិកក្រុមប្រឹក្សាសង្កាត់វាលវង់ ពីសំណាក់អាជ្ញាធរសង្កាត់ និងសមត្ថកិច្ចនគរបាលប៉ុស្តិ៍វាលវង់ គឺជាអំពើរំលោភសិទ្ធិមនុស្សធ្ងន់ធ្ងរ។ លោកស្រីបន្តថា ការឃាត់ខ្លួននេះ ក៏ជាការបំបាក់ស្មារតីដល់ពលរដ្ឋឲ្យលែងហ៊ានធ្វើសកម្មភាពនានាតទៅ ទៀត៖ «ប្រតាយប្រតប់ជាមួយសមត្ថកិច្ច ហៅគាត់ឲ្យឡើងម៉ូតូ គាត់អត់ឡើង។ គាត់អត់អ៊ីចឹងទៅ។ គាត់ហៅប៉ូលិសគ្នាគាត់ឡើងច្រើន ឲ្យចាប់ទៅ ឲ្យចាប់ទៅ! ឃើញ ប៉ូលិសមួយធាត់នោះចាប់ក្រៀកកគាត់ដាក់ក្រោមក្លៀក ហើយប៉ូលិសពីរនាក់ទៀតចាប់បង្ខំគាត់ឲ្យឡើងម៉ូតូ ហើយទាញជើងគាត់ហែកទាំងសងខាង។»
ក្នុងពេលឃាត់ខ្លួនអ្នកស្រី ហែម ហាង ជាសមាជិកក្រុមប្រឹក្សាសង្កាត់វាលវង់ សាកសួរនៅក្នុងការិយាល័យប៉ុស្តិ៍នគរបាលរដ្ឋបាលវាលវង់ អ្នកស្រីមានអាការៈមិនស្រួលខ្លួន និងក្អួតចង្អោរ ហើយបានរត់ចេញទៅខាងក្រៅបន្ទប់សាកសួរជាច្រើនសា។
ជុំវិញការឃាត់ខ្លួននេះ ប្រធានប៉ុស្តិ៍នគរបាលរដ្ឋបាលវាលវង់ លោក ប៉ិក ប្សណឆសក្ខ បានបដិសេធអត្ថាធិប្បាយ៖ «ឲ្យទៅវិញឥឡូវហើយ មេមកដល់ឥឡូវហើយ។»
ទោះជាយ៉ាងណា អាជ្ញាធរនគរបាលរដ្ឋបាលវាលវង់ បានដោះលែងសមាជិកក្រុមប្រឹក្សាសង្កាត់វាលវង់ វិញនៅម៉ោងប្រមាណជាង ១រសៀលនៅថ្ងៃដដែល។
អ្នកស្រី ហែម ហាង អះអាងថា ប្រធានប៉ុស្តិ៍នគរបាលរដ្ឋបាលវាលវង់ បានបង្ខំឲ្យគាត់ផ្ដិតមេដៃលើកិច្ចសន្យាឈប់ធ្វើសកម្មភាពប្រមូល ស្នាមមេដៃនេះតទៅទៀត និងគំរាមថានឹងបម្រុងបញ្ជូនសំណុំរឿងនេះទៅតុលាការទៀតផង។ អ្នកស្រីបន្តថា អ្នកស្រីមិនខ្លាចចំពោះការគំរាមកំហែងនេះទេ។ អ្នកស្រីបានហៅសកម្មភាពនេះ ថាជាការរំលោភសិទ្ធិអ្នកស្រីជាមន្ត្រីក្រុមប្រឹក្សាសង្កាត់៖ «មីង បានចុះធ្វើផ្ដិតមេដៃនេះ មីងអត់មានបានចុះធ្វើកន្លែងសាធារណៈ ឬទីកន្លែងប្រជុំជន ឬទីផ្សារទេ។ ខ្ញុំបានធ្វើនៅផ្ទះសកម្មជនគណបក្ស។ ខ្ញុំអត់បានធ្វើខុសអ៊ីចឹង គាត់ចាប់ខ្ញុំទៅ បើសិនខ្ញុំជាអ្នកខ្សោយបេះដូង គឺខ្ញុំគាំងបេះដូងងាប់បាត់។ គាត់ហែកជើងហែកដៃ ធ្វើដូចខ្ញុំទោសឧក្រិដ្ឋអ៊ីចឹង។»
នៅក្នុងញត្តិផ្ដិតមេដៃនោះ ធ្វើឡើងដើម្បីហែញត្តិទៅព្រះបរមរាជវាំង រកព្រះរាជអន្តរាគមន៍ពីព្រះមហាក្សត្រ ឲ្យស្ថាប័នជាតិគោរពឲ្យបានពេញលេញនូវអភ័យឯកសិទ្ធិសភារបស់តំណាង រាស្ត្រ បញ្ឈប់ការរុកកួនតាមផ្លូវតុលាការ និងទម្លាក់ចោលការចោទប្រកាន់មេដឹកនាំគណបក្សនយោបាយ មន្ត្រីសង្គមស៊ីវិល និងអគ្គលេខាធិការរង គ.ជ.ប.។
ជុំវិញការរារាំង និងការឃាត់ខ្លួនអ្នកប្រមូលស្នាមមេដៃនេះ នៅតាមបណ្ដាខេត្តមួយចំនួន ក៏មានបញ្ហាដូចគ្នា ដូចជានៅខេត្តកំពង់ធំ កំពង់ចាម ស្ទឹងត្រែង និងខេត្តស្វាយរៀង ជាដើម។
នៅថ្ងៃដដែល នៅឯស្រុកស្វាយជ្រំ ខេត្តស្វាយរៀង មានសេចក្ដីរាយការណ៍មកថា ជំទប់ទី២ ឃុំធ្លក គឺលោក គង់ ស៊ីយាន ត្រូវបានអាជ្ញាធរឃាត់ខ្លួន និងបញ្ជូនទៅអធិការស្រុក ដោយឲ្យធ្វើកិច្ចសន្យាបញ្ឈប់សកម្មភាពប្រមូលស្នាមមេដៃតទៅទៀត។
អ្នកសម្របសម្រួលអង្គការលីកាដូ (LICADHO) ខេត្ត ស្វាយរៀង លោក នុត បូពិណ្ណារ័ត្ន ដែលបានឃ្លាំមើលករណីនេះ ចាត់ទុកថាជាករណីរំលោភសិទ្ធិមនុស្ស និងសេរីភាពបញ្ចេញមតិ។ លោកថា ការយកក្រដាសស្នាមមេដៃនោះបញ្ជូនទៅតុលាការ រឹតតែជាការគំរាមកំហែងមួយ៖ «បើយើងគិតមើលទៅ តាមអ្វីដែលគាត់ស្នើសុំក្នុងក្រដាសនេះ ពលរដ្ឋគ្រប់រូបគាត់មានសិទ្ធិក្នុងការទាមទារ ក្នុងការធ្វើញត្តិទៅឲ្យស្ថាប័នណាមួយ ទៅឲ្យប្រមុខរដ្ឋមួយអន្តរាគមន៍។ គាត់មានសិទ្ធិចូលរួម មានសិទ្ធិបញ្ចេញមតិ មានសិទ្ធិអីទាំងអស់។ នេះជាករណីមួយបំភិតបំភ័យដល់ពលរដ្ឋ។»
កាលពីថ្ងៃទី៥ មិថុនា ជំទប់ទី២ ឃុំកំពង់អំពិល ស្រុករំដួល ខេត្តស្វាយរៀង គឺអ្នកស្រី សាន សំអឿន ក៏ត្រូវបានអាជ្ញាធរឃាត់ខ្លួនឲ្យធ្វើកិច្ចសន្យាដូចគ្នាដែរ។
ចំណែកនៅខេត្តកោះកុង ឯណោះវិញ នៅល្ងាចថ្ងៃទី៧ មិថុនា ប្រធានប្រតិបត្តិគណបក្សសង្គ្រោះជាតិ ស្រុកស្រែអំបិល លោក សេង សៅ ក៏ត្រូវអាជ្ញាធរឃាត់ខ្លួននៅអធិការស្រុក ឲ្យបញ្ឈប់សកម្មភាពប្រមូលស្នាមមេដៃដូចគ្នាដែរ៕
No comments:
Post a Comment