Paris Peace Accords 23 Oct. 1991

Wednesday, June 8, 2016

គណៈកម្មការ​ ជំនាញ ​ចាប់​ផ្ដើម​ ពិនិត្យ​ និង​ធ្វើ​កោសល្យវិច័យ ​ស្នាម​មេដៃ​ លើ​ញត្តិ​ បក្ស​ប្រឆាំង | Special Commission starts reviewing the fingerprints of CNRP petition

[Background / related]

Sam Rainsy: Derailment of the Election Process in Cambodia

. . .

គណៈកម្មការ​ ជំនាញ ​ចាប់​ផ្ដើម​ ពិនិត្យ​ និង​ធ្វើ​កោសល្យវិច័យ ​ស្នាម​មេដៃ​ លើ​ញត្តិ​ បក្ស​ប្រឆាំង

RFA / វិទ្យុ អាស៊ី សេរី | ៧ មិថុនា ២០១៦
នេត សាវឿន ៦២០
លោក នេត សាវឿន អគ្គស្នងការ​នគរបាល​ជាតិ ចូលរួម​សិក្ខាសាលា​ស្ដីពី​ប្រព័ន្ធ​សន្តិសុខ ដើម្បី​ធានា​នូវ​សុវត្ថិភាព និង​សន្តិសុខ ចំពោះ​អាយុ​ជីវិត និង​ទ្រព្យសម្បត្តិ​របស់​ពលរដ្ឋ នា​រាជធានី​ភ្នំពេញ កាល​ពី​ថ្ងៃ​ទី​១៦ ខែ​កញ្ញា ឆ្នាំ​២០១៥។  RFA/Brach Chev

អគ្គស្នងការ​ នគរបាល​ ជាតិ​ ចាប់​ផ្ដើម​ ពិនិត្យ និង​ធ្វើ​ កោសល្យ​វិច័យ​ ស្នា​មេដៃ​ របស់​ ពលរដ្ឋ​ ដែល​​មាន​ នៅ​លើ​ញត្តិ​ ដាក់​ថ្វាយ​ ព្រះមហាក្សត្រ​ ដោយ​គណបក្ស​ សង្គ្រោះ​ជាតិ។

អគ្គស្នងការ​ នគរបាល​ ជាតិ លោក នេត សាវឿន [Neth Savoeun] បញ្ជាក់​ ថា, ក្រុម​ការងារ​ ដែល​ទទួល ​ភារកិច្ច​ បំពេញ​ បេសកកម្ម​នេះ នឹង​សហការី​ ការងារ​ ជាមួយ​ ផ្នែក​ដទៃ​ទៀត ទៅ​តាម​ តម្រូវ​ការ​ ចាំបាច់។

អ្នកការពារ​សិទ្ធិ​មនុស្ស​ស្នើ​អោយ​អាជ្ញាធរ​ពិចារណា​រឿង​នេះ​ឡើង​វិញ ត្បិត​ការ​ផ្ទៀងផ្ទាត់​រក​ម្ចាស់​ស្នាម​មេដៃ​គឺ​ជា​ទង្វើ​រំលោភ​សិទ្ធិ​ ពលរដ្ឋ។
ក្រុម​ការងារ​ពិនិត្យ និង​កោសល្យវិច័យ​ស្នាម​មេដៃ​ត្រូវ​បែងចែក​ជា ២​ផ្នែក​ធំៗ គឺ​ផ្នែក​ស្រង់​ទិន្នន័យ​ចេញ​ពី​ញត្តិ និង​ផ្នែក​ផ្ទៀង​ផ្ទាត់​ស្នាម​មេដៃ។

ការ​លើក​ឡើង​របស់​អគ្គស្នងការ​នគរបាល​ជាតិ​បែប​នេះ តាម​រយៈ​ឃ្លិប​វីដេអូ​ដែល​ផ្សព្វផ្សាយ​ដោយ​គេហទំព័រ​អគ្គ​ស្នងការ​នគរបាល​ ជាតិ នៅ​ថ្ងៃ​ទី​៧ ខែ​មិថុនា។

អគ្គស្នងការ​នគរបាល​ជាតិ នាយ​ឧត្ដមសេនីយ៍ នេត សាវឿន មាន​ប្រសាសន៍​ថា ផ្នែក​ស្រង់​ទិន្នន័យ​មាន ២១​ក្រុម បាន​បង្កើត​រួច​ហើយ។ លោក នេត សាវឿន បន្ត​ថា មួយ​ផ្នែក​ទៀត​គឺ​ជា​ក្រុម​បច្ចេកទេស​ជំនាញ​ដែល​នឹង​ពិនិត្យ​ផ្ទៀងផ្ទាត់​ ក្រយៅដៃ៖ «ទី​២ យើង​​បង្កើត​ក្រុម​ជំនាញ​ដើម្បី​ធ្វើ​កោសល្យ​វិច័យ​លើ​ស្នាម​ក្រយៅ​ដៃ គឺ​ពឹង​ទាំង​ស្រុង​ទៅ​លើ​ផ្នែក​បច្ចេកទេស​វិទ្យាសាស្ត្រ​ខាង​ផ្នែក​ ព្រហ្មទណ្ឌ ហើយ​លើក​ទឹក​ចិត្ត​គឺ​បាន​ចាត់​តាំង​បង​ប្អូន​ដែល​មក​ពី​ខេត្ត​ខ្លះ នៅ​នាយកដ្ឋាន​ខ្លះ ដើម្បី​មក​ចូល​រួម​ជាមួយ​គ្នា​អោយ​បាន ៥​ក្រុម។ ក្រុម​នេះ​ជា​ក្រុម​ឯកទេស​ដែល​ឆ្លង​កាត់​វគ្គ​សិក្សា​រយៈ​ពេល​វែង​បាន​ ដំណើរការ។ យើង​នឹង​ដំណើរ​ការ​តាម​ជាក់ស្ដែង​ផ្អែក​ទៅ​លើ​ម៉ាស៊ីន ផ្អែក​ទៅ​លើ​កែវ ផ្អែក​ទៅ​លើ​បច្ចេកទេស ដែល​យើង​ត្រូវ​ធ្វើ​តាម​បច្ចេកទេស តាម​នីតិវិធី និង​បទពិសោធន៍​ដែល​យើង​ធ្លាប់​ធ្វើ​កន្លង​ហើយ»
ញត្តិ សង្គ្រោះ​ជាតិ ៨៥៥ ២០១៦
មន្ត្រី​គណបក្ស​សង្គ្រោះ ​ជាតិ ទទួល​ញត្តិ​មាន​ស្នាម​មេដៃ​ពី​ពលរដ្ឋ​ដើម្បី​យក​ទៅ​ថ្វាយ​ព្រះមហាក្សត្រ នា​ទីស្នាក់ការ​កណ្ដាល​បក្ស ក្នុង​សង្កាត់​ចាក់អង្រែលើ កាល​ពី​ថ្ងៃ​ទី​៣០ ខែ​ឧសភា ឆ្នាំ​២០១៦។ RFA/Cheu Sideth
លោក នេត សាវឿន បញ្ជាក់​ទៀត​ថា ក្រុម​បច្ចេកទេស​នឹង​សហការ​ជាមួយ​ផ្នែក​ពាក់ព័ន្ធ​រួម​មាន​ផ្នែក​អត្ត​ អត្តសញ្ញាណកម្ម និង​អាជ្ញាធរ​នៅ​មូលដ្ឋាន​ជាដើម៖ «យើង​អាច​តាម​រយៈ​ខ្សែ ២។ ខ្សែ​មួយ​ទៅ​​អត្តសញ្ញាណកម្ម ខ្សែ​ទី​២ យើង​អាច​ពឹង​ពាក់​ទៅ​អាជ្ញាធរ​មូលដ្ឋាន​ថ្នាក់​ក្រោម​ជាតិ ដើម្បី​ជួយ​រក​អោយ​យើង​ថា ឈ្មោះ​ប្រជាពលរដ្ឋ​នេះ​នៅ​ភូមិ​ណា​ឃុំ​ណា​ដើម្បី​យើង​បញ្ជាក់​រហូត​ដល់​យើង​ ប្រៀប​ធៀប​ស្នាម​ក្រយៅដៃ»

ក្រសួង​មហាផ្ទៃ កាល​ពី​ថ្ងៃ​ទី​២ ខែ​មិថុនា សម្រេច​បង្កើត​គណៈកម្មការ​ដែល​មាន​តួនាទី​ពិនិត្យ និង​ធ្វើ​កោសល្យវិច័យ​លើ​ស្នាម​មេដៃ​ពលរដ្ឋ​នៅ​លើ​ញត្តិ​របស់​គណបក្ស​ សង្គ្រោះ​ជាតិ ដែល​ដាក់​ថ្វាយ​ព្រះមហាក្សត្រ​កាល​ពី​ថ្ងៃ​ទី​៣០ ខែ​ឧសភា។ ការ​បង្កើត​គណៈកម្មការ​នេះ​នៅ​ក្រោយ​ពេល​ដែល​រដ្ឋាភិបាល​កាល​ពី​ថ្ងៃ​ទី​៣១ ខែ​ឧសភា បាន​បញ្ជា​ឲ្យ​ក្រសួង​មហាផ្ទៃ ពិនិត្យ​ភាព​ត្រឹមត្រូវ​នៃ​ស្នាម​មេដៃ​ទាំង​នោះ ដោយ​សង្ស័យ​ពី​ភាព​មិន​ប្រក្រតី​មួយ​ចំនួន។

អ្នក​គ្រប់គ្រង​បច្ចេកទេស​ឃ្លាំ​មើល​ការ​រំលោភ​សិទ្ធិ​មនុស្ស​នៃ​អង្គការ ​ការពារ​សិទ្ធិ​មនុស្ស​លីកាដូ (LICADHO) លោក អំ សំអាត មាន​ប្រសាសន៍​ថា ករណី​ពិនិត្យ​ស្នាមមេដៃ​នេះ​ជា​រឿង​ជាប់​ពាក់ព័ន្ធ​នឹង​នយោបាយ​សុទ្ធសាធ។ លោក​ថា គណបក្ស​ទាំង​២ គឺ​គណបក្ស​កាន់​អំណាច និង​គណបក្ស​ប្រឆាំង គួរ​ងាក​មក​រក​ការ​ចរចា​គ្នា​ជា​ថ្មី ដោយ​មិន​គួរ​យក​ពលរដ្ឋ​ជា​ឈ្នាន់​នយោបាយ​ត​ទៅ​ទៀត​ឡើយ។ លោក អំ សំអាត បារម្ភ​ពី​បញ្ហា​ដែល​កើត​ឡើង​នៅ​ក្រោយ​ពេល​ដែល​អាជ្ញាធរ​ពិនិត្យ​ស្នាម​មេដៃ ​រួច ហើយ​ចាត់​វិធានការ​លើ​ពលរដ្ឋ​ដែល​នឹង​នាំ​ទៅ​រក​ការ​បំភិត​បំភ័យ​ពលរដ្ឋ។

កន្លង​ទៅ​មន្ត្រី​បក្ស​ប្រឆាំង​ក៏​បាន​ចាត់​ទុក​ករណី​នេះ​ថា ជា​ការរំលោភ​សិទ្ធិ និង​បំភិត​បំភ័យ​ពលរដ្ឋ​ដែរ ព្រមទាំង​បាន​ប្រកាស​ថា នឹង​ចូលរួម​ការពិនិត្យ​ស្នា​មេដៃ​របស់​អាជ្ញាធរ​នេះ ដោយ​គេ​អាច​​ហៅ​ពលរដ្ឋ​មក​ផ្ទៀងផ្ទាត់​បាន​ទៀត​ផង។

រហូត​មក​ដល់​ពេល​នេះ​អាជ្ញាធរ​រដ្ឋាភិបាល​នៅ​មិន​ទាន់​បញ្ជាក់​ថា នឹង​មាន​វិធានការ​បែប​ណា​នៅ​ក្រោយ​ការពិនិត្យ​ស្នាម​មេដៃ​នោះ​នៅ​ឡើយ​ទេ។

កាល​ពី​ថ្ងៃ​ទី​៣១ ខែ​ឧសភា លោក​នាយករដ្ឋមន្ត្រី ហ៊ុន សែន បាន​ចារ​លើ​ព្រះរាជសារ​ព្រះមហាក្សត្រ​ដែល​ផ្ញើ​ទៅ​រដ្ឋាភិបាល។ ក្នុង​ចំណារ​នោះ លោក ហ៊ុន សែន ​បញ្ជាក់​ទៅ​រដ្ឋមន្ត្រី​ក្រសួង​មហាផ្ទៃ លោក ស ខេង អោយ​រៀបចំ​អោយ​មាន​ការ​ស្រាវជ្រាវ​ស្នាម​មេដៃ​តាមរយៈ​កោសល្យវិច័យ ស្រាវជ្រាវ​ពី​ប្រជាពលរដ្ឋ​ផ្ទាល់ និង​តាម​មធ្យោបាយ​ផ្សេង​ទៀត ដែល​អាច​រក​ឃើញ​ភាព​ត្រឹមត្រូវ។ លោក ហ៊ុន សែន បញ្ជាក់​ទៀត​ថា អាស្រ័យ​ដោយ​ស្នាម​មេដៃ​នោះ​ជាប់​ទាក់​ទង​ដល់​ប្រជាពលរដ្ឋ​ផង និង​ព្រះ​មហាក្សត្រ​ផង ត្រូវ​ស្រាវ​ជ្រាវ​អោយ​បាន​ហ្មត់ចត់ បំផុត​ចៀសវាង​ការ​ប្រើប្រាស់​ស្នាម​មេដៃ​បោកប្រាស់​ទាំង​ប្រជាពលរដ្ឋ ជា​ពិសេស​បោក​ទាំង​ព្រះមហាក្សត្រ។

កាល​ពី​ថ្ងៃ​ទី​៣០ ខែ​ឧសភា តំណាង​រាស្ត្រ​គណបក្ស​ប្រឆាំង បាន​ហែ​ញត្តិ​ដោយ​មាន​ស្នាម​មេដៃ​ពលរដ្ឋ​ជាង ១៧​ម៉ឺន​នាក់ ដើម្បី​ស្នើ​សុំ​ព្រះរាជ​អន្តរាគមន៍​ពី​ព្រះមហាក្សត្រ​ឲ្យ​ដោះលែង​មន្ត្រី​ សិទ្ធិមនុស្ស ៤​នាក់ មន្ត្រី គ.ជ.ប ម្នាក់ រួម​នឹង​មន្ត្រី និង​សកម្មជន​គណបក្ស​នេះ​ជា​ច្រើន​នាក់​ទៀត ព្រម​ទាំង​សុំ​បញ្ឈប់​ការ​តាម​ចាប់​ខ្លួន​លោក កឹម សុខា ប្រធាន​ស្ដីទី​គណបក្ស​សង្គ្រោះ​ជាតិ៕

No comments:

Post a Comment