កម្ពុជា, វៀតណាម ប្ដេជ្ញា ដោះស្រាយ បញ្ហា និងពន្លឿន ការងារ បោះបង្គោល ព្រំដែន
RFA / វិទ្យុ អាស៊ី សេរី | ២៣ មិថុនា ២០១៦
រដ្ឋមន្ត្រី ក្រសួង ការបរទេស កម្ពុជា និងរដ្ឋមន្ត្រី ក្រសួង ការបរទេស វៀតណាម បានឯកភាពគ្នា ពន្លឿនការងារ បោះបង្គោល ព្រំដែន គោក ឲ្យឆាប់ចប់ ជាស្ថាពរ ដើម្បី បញ្ចប់បញ្ហា ចម្រូងចម្រាស។ នៅក្នុងសេចក្ដីប្រកាស ព័ត៌មាន មួយ ស្ដីពី លទ្ធផល នៃដំណើរ ទស្សនកិច្ច ផ្លូវការ របស់ ប្រមុខ ការទូត កម្ពុជា, លោក ប្រាក់ សុខុន ទៅកាន់ ប្រទេស វៀតណាម កាលពីថ្ងៃ ទី២១ ដល់ថ្ងៃ ទី២៣ ខែមិថុនា បានបង្ហាញ ថា, កម្ពុជា និងវៀតណាម បានឯកភាពគ្នា ច្រើនទៀត ទាំងលើ ទិដ្ឋភាព នយោបាយ និងកិច្ច សហប្រតិបត្តិការ ព្រមទាំង ផ្នែកសេដ្ឋកិច្ច ផងដែរ។
ស្របពេលដែលវិបត្តិព្រំដែនរវាងកម្ពុជា និងវៀតណាម នៅពុំទាន់ធូរស្រាល នៅក្រោយពេលដែលគណបក្សសង្គ្រោះជាតិ ចុះកកូរកកាយនៅតំបន់ព្រំដែន និងស្វែងរកផែនទីពិតប្រាកដកន្លងមកនោះ រដ្ឋាភិបាលកម្ពុជា-វៀតណាម បានចាប់ផ្ដើមឯកភាពបន្តបោះបង្គោលព្រំដែនរបស់ប្រទេសទាំងពីរដែលនៅសេសសល់ ឲ្យបានសម្រេចដោយឆាប់រហ័ស។
ការឯកភាពនេះ ធ្វើឡើងបន្ទាប់ពីលោក ប្រាក់ សុខុន រដ្ឋមន្ត្រីការបរទេសកម្ពុជា ទៅបំពេញទស្សនកិច្ចនៅប្រទេសវៀតណាម រយៈពេល ៣ថ្ងៃ ចាប់ពីថ្ងៃទី២១ ដល់ថ្ងៃទី២៣ ខែមិថុនា តបតាមការអញ្ជើញរបស់លោក ផាម ប៊ិញ មិញ (Pham Binh Minh) រដ្ឋមន្ត្រីក្រសួងការបរទេសវៀតណាម។
សេចក្តីប្រកាសព័ត៌មានរបស់ក្រសួងការបរទេស បានបញ្ជាក់ពីការឯកភាពគ្នាថា ភាគីទាំងពីរបានជំរុញកិច្ចសហប្រតិបត្តិការរវាងអាជ្ញាធរខេត្ត និងខេត្តនៅតាមបណ្តោយព្រំដែននៃប្រទេសទាំងពីរ និងសហការគ្នាដោះស្រាយរាល់បញ្ហាដែលបានកើតឡើងឲ្យបានទាន់ពេលវេលា និងពន្លឿនការងារបោះបង្គោលព្រំដែនគោករវាងប្រទេសទាំងពីរឲ្យបាន ឆាប់ចប់ជាស្ថាពរ ដើម្បីជាខ្សែបន្ទាត់ព្រំដែនសន្តិភាព មិត្តភាព កិច្ចសហប្រតិបត្តិការ និងអភិវឌ្ឍន៍រវាងកម្ពុជា-វៀតណាម។
ប្រធានក្រុមស្រាវជ្រាវព្រំដែនកម្ពុជា លោក សុខ ទូច មានប្រសាសន៍ថា ការពន្លឿនបោះបង្គោលដែលនៅសេសសល់ប្រមាណ ២០ភាគរយ កំពុងប្រទាញប្រទង់នេះ គឺមានសារសំខាន់ ដើម្បីប្រែក្លាយពីព្រំដែនជម្លោះទៅជាព្រំដែនអភិវឌ្ឍន៍ និងអ្នកជិតខាងល្អ។ លោកបន្ថែមថា ប្រសិនបើចំណុចទីតាំងណាដែលនៅប្រទាញប្រទង់គ្នានោះ គឺភាគីទាំងពីរនឹងស្វែងរកជំនួយពីភាគីទី៣ ដើម្បីដោះស្រាយ៖ «អ្វី ដែលមិនប៉ះពាល់ដល់អធិបតេយ្យភាព យើងត្រូវតែធ្វើ យើងត្រូវតែបោះបង្គោល ហើយបើភាគីទាំងពីរប្រកាន់តឹងរៀងខ្លួនទេ យើងនឹងចាត់ចែងទៅលើផ្លូវអ្នកទីបី។ យើងអញ្ជើញអ្នកទីបីដោះស្រាយរឿងហ្នឹង ដោយមានឯកភាពរវាងភាគីទាំងពីរហ្នឹង។»
ដោយឡែកលោក កែម ឡី លើកឡើងថា រដ្ឋាភិបាលកម្ពុជា មិនគួរឯកភាពលឿនពេកក្នុងការរួសរាន់បោះបង្គោលព្រំដែននោះទេ ដោយសារថា កម្ពុជា មិនទាន់ទទួលបានផែនទីត្រឹមត្រូវស្របរដ្ឋធម្មនុញ្ញ ដែលដាក់តម្កល់នៅអង្គការសហប្រជាជាតិ ឡើយ។ ម្យ៉ាងវិញទៀត លោកថាការបោះបង្គោលដោយយោងទៅតាមសន្ធិសញ្ញាឆ្នាំ១៩៨២ និងឆ្នាំ១៩៨៥ ក្នុងសម័យកាលកម្ពុជា ឋិតក្រោមអាណានិគមវៀតណាម នោះ នឹងធ្វើឲ្យមានបញ្ហា៖ «មានរឿងច្រើនណាស់នៅ ពេលឋិតក្នុងស្ថានភាពមិនទាន់ឯកភាពគ្នាច្បាស់លាស់ ហើយយើងមិនទាន់មានសមត្ថភាពគ្រប់គ្រាន់សិក្សាឲ្យបានច្បាស់លាស់ ហើយយើងឈានទៅបោះបង្ហើយ។ ខ្ញុំគិតថា វាមានបញ្ហា។ មួយទៀត បោះយ៉ាងណាក៏ដោយ វាត្រូវតែស្របទៅតាមរដ្ឋធម្មនុញ្ញមាត្រាពីរ។ យើងមិនអាចមិនស្របទេ។ អ៊ីចឹងបើមាត្រា២ គេអនុញ្ញាតឲ្យយើងយកតែផែនទីខ្នាតមួយលើមួយរយពាន់ (១/១០០.០០០)។ តែបើយើងយកខ្នាតមួយលើហាសិបពាន់ខ្លះ (១/៥០.០០០) ឬខ្នាតមួយលើមួយរយពាន់ (១/១០០.០០០) ខ្លះ វាទាល់តែយើងពិនិត្យសិក្សាមើលឲ្យបានត្រឹមត្រូវ។»
របាយការណ៍របស់អាជ្ញាធរបង្ហាញថា ព្រំដែនគោកប្រទេសកម្ពុជា ជាប់នឹងប្រទេសវៀតណាម មានបណ្ដោយ ១.២៧០ គីឡូម៉ែត្រ។ ចាប់ពីឆ្នាំ២០០៥ រហូតបច្ចុប្បន្ន ភាគីទាំងពីរបានឯកភាពគ្នាបោះបង្គោលព្រំដែនបានជាង ៨៣ភាគរយ ពោលគឺបានឯកភាពគ្នាបោះបង្គោលព្រំដែនបាន ៣១១បង្គោល ដោយឡែកព្រំដែនទឹកមានប្រវែងជាង ២.៥០០គីឡូម៉ែត្រ មិនទាន់វាស់វែងនៅឡើយ៕
No comments:
Post a Comment