ចិន ប្រកាស ផ្ដល់ជំនួយ ឥតសំណង ប្រមាណ ជិត៦០០លាន ដុល្លារ ដល់កម្ពុជា
RFA / វិទ្យុ អាស៊ី សេរី | ១៥ កក្កដា ២០១៦
លោក នាយករដ្ឋមន្ត្រី ហ៊ុន សែន បានសរសេរ នៅលើទំព័រ ហ្វេសប៊ុក (Facebook) របស់លោក នៅព្រឹកថ្ងៃ ទី១៥ ខែកក្កដា ថា, ជំនួយនោះ សម្រាប់ ការអភិវឌ្ឍ រយៈពេល ៣ឆ្នាំ, គឺ ពីឆ្នាំ២០១៦ ដល់២០១៨។ លោក ហ៊ុន សែន បញ្ជាក់ ថា, ការប្រកាស ផ្ដល់ជំនួយ នេះ នៅក្នុងជំនួប ទ្វេភាគី រវាង លោក និងនាយករដ្ឋមន្ត្រី ចិន លោក លី ខឹឈាំង (Li Keqiang) ដើម្បី ពិភាក្សា លើការពង្រឹង ទំនាក់ទំនង សហប្រតិបត្តិការ កម្ពុជា, ចិន, និងបញ្ហាតំបន់ និងអន្តរជាតិ។
ជំនួបនោះ ធ្វើឡើង នៅក្នុងពេល ដែលលោក នាយករដ្ឋមន្ត្រី ដឹកនាំ គណៈប្រតិភូ ទៅចូលរួម កិច្ចប្រជុំ កំពូល អាស៊ី-អឺរ៉ុប លើកទី១១ (The 11th ASEM Summit) នៅប្រទេស ម៉ុងហ្គោលី (Mongolia)។
កិច្ចប្រជុំកំពូលអាស៊ី-អឺរ៉ុប ត្រូវបានបង្កើតឡើងនៅឆ្នាំ១៩៩៦ ហើយត្រូវធ្វើឡើងរៀងរាល់ ២ឆ្នាំម្តង។ បច្ចុប្បន្នកិច្ចប្រជុំនេះមានដៃគូជាប្រទេសទាំងអស់ចំនួន ៥១ និងមានដៃគូដែលជាអង្គការតំបន់ចំនួន ២ គឺសហភាពអឺរ៉ុប និងលេខាធិការដ្ឋានអាស៊ាន។
លោកនាយករដ្ឋមន្ត្រីបញ្ជាក់ថា តាមសំណូមពររបស់លោក ប្រទេសចិន បានយល់ព្រមផ្ដល់ថវិកាសម្រាប់ដំណើរការការបោះឆ្នោត វិស័យសុខាភិបាល អប់រំ ទឹកស្អាត ដូចជា ស្រះទឹក អណ្ដូងទឹក ដែលជាផលប្រយោជន៍សម្រាប់ពលរដ្ឋ៕
No comments:
Post a Comment