អាណាចក្រ ជំនួញ ត្រកូល ហ៊ុន ត្រូវ បានលាតត្រដាង ដោយ Global Witness
| ៧ កក្កដា ២០១៦
ក្រុមគ្រួសារ របស់ លោក នាយករដ្ឋមន្រ្តី ហ៊ុន សែន បានប្រមែប្រមូល ទ្រព្យធន ច្រើនសន្ធឹក សន្ធាប់ ជាមួយ នឹងភាគហ៊ុន ក្នុងក្រុមហ៊ុន ក្នុងស្រុក យ៉ាង ហោចណាស់ ចំនួន ១១៤
ក្រុមហ៊ុន ក្នុងនោះ មានក្រុមហ៊ុន ថា មពល ក្រុមហ៊ុន ទូរគមនាគមន៍, រុករករ៉ែ, និងពាណិជ្ជកម្ម ដែលភាគច្រើន ក្នុងវិស័យ សំខាន់ៗ របស់ កម្ពុជា។ នេះ បើ យោងតាម ការស៊ើបអង្កេត មួយរបស់អង្គការ Global Witness ដែលបាន ចោទប្រកាន់ ថាគ្រួសារត្រកូល ហ៊ុន បានបំពានច្បាប់ប្រទេសដើម្បីកសាងអាណាចក្រ ជំនួញ របស់ខ្លួន។
របាយការណ៍ដែលមានចំណងជើងថា Hostile Takeover: The Corporate Empire of Cambodia’s Ruling Family ដែលបានចេញផ្សាយនៅថ្ងៃនេះបានរៀបរាប់យ៉ាងលម្អិតពីការកាន់កាប់ច្រើនរបស់ក្រុមគ្រួសារត្រកូល ហ៊ុន និងសម្ព័ន្ធមិត្តដ៏មានអំណាចរបស់ពួកគេក្នុងវិស័យទាំង ២០ ដោយរបាយការណ៍រកឃើញថាសាច់ញាតិ ២៧ នាក់របស់លោកនាយករដ្ឋមន្រ្តីមានការផ្សារភ្ជាប់នឹងក្រុមហ៊ុនជាច្រើនដែលតម្លៃទុនដំបូងមានចំនួនច្រើនជាង ២០០ លានដុល្លារអាមេរិក។
ទិន្នន័យ ដែលទទួលបាន មកពីបញ្ជីពាណិជ្ជកម្ម របស់ ក្រសួងពាណិជ្ជកម្ម មិនបានផ្ដល់ ព័ត៌មាន អំពី ចំណូលទេ, មានន័យ ថា តួលេខនេះ គ្រាន់តែ ជា «ចំណែក មួយ» នៃតម្លៃ របស់ ក្រុមហ៊ុនប៉ុណ្ណោះ។
ម្យ៉ាងទៀត របាយការណ៍នេះ និងប្រភព មួយចំនួន ដែលភ្នំពេញ ប៉ុស្តិ៍ បានសម្ភាសសង្កត់ ធ្ងន់ ថា, ឯកសារ គ្រាន់តែ ជាព័ត៌មាន មួយចំណែក ទេ ដោយរបាយការណ៍ បានបញ្ជាក់ ថា, គ្រួសារនេះ ត្រូវ បានគេ ជឿជាក់ថា បានប្រើប្រាស់ អ្នកតំណាង ដើម្បី លាក់បាំង ទំហំពិតប្រាកដ នៃអាណាចក្រ ជំនួញ និងទ្រព្យ ផ្ទាល់ខ្លួន របស់ សមាជិក ត្រកូល ហ៊ុន។
អ្នកនិពន្ធ បានសរសេរ ថា៖ «របាយការណ៍នេះផ្ដល់នូវមូលដ្ឋានភ័ស្តុតាងដើម្បីបញ្ជាក់ពីអ្វីដែលប្រជាជនកម្ពុជាភាគច្រើនសង្ស័យថាលោក ហ៊ុន សែន បានរំលោភបំពានតំណែងនាយករដ្ឋមន្រ្តីដើម្បីអនុញ្ញាតឲ្យសាច់ញាតិគ្រប់គ្រង ឬកាន់កាប់ចំណែកធំក្នុងវិស័យសំខាន់ៗភាគច្រើនរបស់កម្ពុជា។»
អ្នកនិពន្ធបានបន្តថា៖ «ទោះជាយ៉ាងណានេះមិនត្រឹមតែអំពីការប្រមូលទ្រព្យផ្ទាល់ខ្លួន ឬចំណងជាក់លាក់រវាងសមាជិកគ្រួសារត្រកូល ហ៊ុន និងក្រុមហ៊ុនទេគឺអំពីការគ្រប់គ្រងរបស់គ្រួសារត្រកូល ហ៊ុន លើវិស័យឯកជន និងសាធារណៈនៅក្នុងប្រទេសកម្ពុជាបានធ្វើឱ្យលោក ហ៊ុន សែន គ្រប់គ្រងស្ទើរតែទាំងស្រុងលើប្រទេសកម្ពុជា។»
នៅសប្ដាហ៍នេះអ្នកនាំពាក្យរដ្ឋាភិបាលលោក ផៃ ស៊ីផាន បានបដិសេធធ្វើអត្ថាធិប្បាយអំពីការរកឃើញរបស់អង្គការ Global Witness ដោយច្រានចោលថាអង្គការ Global Witness កំពុងព្យាយាមញុះញង់ឲ្យមាន «ការបះបោរ» ប្រឆាំងនឹងលោកនាយករដ្ឋមន្រ្តីហើយផ្តល់ការកត់សម្គាល់ថាលោកជា «អ្នកនាំពាក្យមិនមែនជាមេធាវីរបស់លោកនាយករដ្ឋមន្រ្តីទេ។»
អ្នកនាំពាក្យក្រសួងពាណិជ្ជកម្មលោកស្រី សឹង សុផារី បានទទួលស្គាល់ថាវាតែងតែមានតម្រូវការកែលម្អបញ្ញត្តិនៃវិស័យឯកជនប៉ុន្តែថាភាពជោគជ័យរបស់សាច់ញាតិរបស់លោកនាយករដ្ឋមន្រ្តីគឺដោយសារ «កេរ្តិ៍ឈ្មោះល្អ» ដែលបានទាក់ទាញវិនិយោគិន។ «វាមិនល្អឥតខ្ចោះ...ប៉ុន្តែកម្ពុជាឥឡូវនេះគឺជាទីផ្សារសេរីអ្នកដែលមានលុយអាចវិនិយោគក្នុងវិស័យដែលពួកគេចង់មិនថាពួកគេជានរណាទេ»។
អាណាចក្រ
នៅឆ្នាំ ២០១១ លោកនាយករដ្ឋមន្រ្តីបានប្រកាសទ្រព្យសម្បត្តិទៅអង្គភាពប្រឆាំងអំពើពុករលួយដែលជាស្ថាប័នបង្កើតឡើងដើម្បីប្រយុទ្ធប្រឆាំងនឹងអំពើពុករលួយ និងដឹកនាំដោយលោក ឱម យ៉ិនទៀង ជាមនុស្សជំនិតយូរមកហើយរបស់លោក ហ៊ុន សែន។
លោកនាយករដ្ឋមន្រ្តីបានប្រកាសប្រាក់បៀវត្សរ៍របស់លោកក្នុងតំណែងជាមេដឹកនាំប្រទេសជាប្រភពចំណូលតែមួយគត់គឺ ១១៥០ ដុល្លារអាមេរិកក្នុងមួយខែ ឬ ១៣៨០០ ដុល្លារអាមេរិកក្នុងមួយឆ្នាំ។
ខណៈដែលលោកកំពុងប្រគល់ឯកសារដោយផ្ទាល់នៅទីស្នាក់ការរបស់អង្គភាពប្រឆាំងអំពើពុករលួយនៅរាជធានីភ្នំពេញលោកនាយករដ្ឋមន្ត្រីបានថ្លែងថា៖ «ថ្ងៃនេះខ្ញុំបានបំពេញកាតព្វកិច្ចរបស់ខ្ញុំតាមច្បាប់ប្រឆាំងអំពើពុករលួយ។»
យោងតាមរបាយការណ៍ Hostile Takeover បានឲ្យដឹងថាលើឯកសារក្រុមគ្រួសាររបស់លោក ហ៊ុន សែន មានភាគហ៊ុនច្រើនក្នុងក្រុមហ៊ុនពាណិជ្ជកម្មចំនួន ១៧ ក្រុមហ៊ុនហិរញ្ញវត្ថុចំនួន ១០ អាជីវកម្មបដិសណ្ឋារកិច្ច និងការកម្សាន្តចំនួន ១០ ក្រុមហ៊ុន ៨ ទាំងក្នុងវិស័យទេសចរណ៍ និងលក់រាយ និងក្រុមហ៊ុន ៧ ក្នុងវិស័យសំណង់ និងអចលនទ្រព្យ។
ការកាន់កាប់របស់ពួកគេក៏មានក្នុងវិស័យថាមពល ៦ ក្រុមហ៊ុនរ៉ែ ៦ ក្រុមហ៊ុនកសិកម្ម ៤ ក្រុមហ៊ុន និងព្រៃឈើមួយក្រុមហ៊ុន និងប្រព័ន្ធផ្សព្វផ្សាយដែលមានកូនស្រីរបស់លោកនាយករដ្ឋមន្ត្រីគឺលោកស្រី ហ៊ុន ម៉ាណា ជាអ្នកនាយិកាវិទ្យុ និងទូរទស្សន៍បាយ័ន។
គ្រួសារនេះក៏មានភាគហ៊ុនក្នុងក្រុមហ៊ុនទូរគមនាគមន៍ចំនួនពីរផងដែររាប់ទាំងភាគហ៊ុន ៦ ភាគរយរបស់លោកស្រី ហ៊ុន ម៉ាណា ដែលមានតម្លៃ ៤៤ លានដុល្លារអាមេរិកក្នុងក្រុមហ៊ុន Viettel កម្ពុជាគឺជាផ្នែកមួយនៃក្រុមហ៊ុន Viettel Group គ្រប់គ្រងដោយកងទ័ពវៀតណាមដែលជាម្ចាស់ប្រព័ន្ធទូរស័ព្ទ មិត្តហ្វូន។
នៅក្នុងរបាយការណ៍នេះមានឧទាហរណ៍ជាច្រើនស្ដីអំពី «ការអនុគ្រោះពិសេស» លើក្រុមហ៊ុនក្នុងនោះរួមមានការគាំទ្ររបស់លោក ហ៊ុន សែន ចំពោះក្រុមហ៊ុនទូរស័ព្ទចល័តនេះដោយលោក ហ៊ុន សែន បានណែនាំទាហានទាំងអស់ឲ្យប្រើប្រាស់ប្រព័ន្ធទូរស័ព្ទនេះ។ លេខទូរស័ព្ទទំនាក់ទំនងផ្នែកព័ត៌មានរបស់ក្រុមហ៊ុននោះមិនអាចទាក់ទងបានទេនៅសប្តាហ៍នេះ។
អង្គការ Global Witness ក៏បានកត់សម្គាល់ផងដែរថាក្រសួងទេសចរណ៍បានកំណត់យកទឹកបរិសុទ្ធ វីតាល់ ដែលជាផលិតដោយក្រុមហ៊ុន NVC Corporation ដឹកនាំដោយលោកស្រី ហ៊ុន ម៉ាណា ជាទឹកបរិសុទ្ធផ្លូវការសម្រាប់ពិធីទាំងអស់របស់រដ្ឋ។ នេះបើតាមគេហទំព័ររបស់ក្រុមហ៊ុន NVC។
អាជីវកម្មរបស់គ្រួសារនេះរួមមានក្រុមហ៊ុនរោងចក្រចំនួនពីរក្រុមហ៊ុនមេធាវី ឬពន្ធចំនួនពីរប្រតិបត្តិករល្បែងស៊ីសងចំនួន ២ ក្រុមហ៊ុនសន្តិសុខចំនួន ២ និងភាគហ៊ុនក្នុងតំបន់សេដ្ឋកិច្ចពិសេសចំនួន ២ រួមទាំងក្រុមហ៊ុនឱសថផងដែរ។
ក្នុងចំណោមក្រុមហ៊ុនទាំង ១១៤ គឺមានក្រុមហ៊ុន ២០ គ្មានចែងពីកម្មវត្ថុទេហើយមានតែ ១០៣ ក្រុមហ៊ុនប៉ុណ្ណោះដែលចុះបញ្ជីសមាជិកគ្រួសារត្រកូល ហ៊ុន ជាប្រធាន អភិបាល ឬមានភាគហ៊ុនជាង ២៥ ភាគរយ។
អង្គការ Global Witness ក៏បានគូសបញ្ជាក់ផងដែរពីចំណងទាក់ទងជាច្រើនរវាងក្រុមហ៊ុនម៉ាកអន្តរជាតិ និងគ្រួសារត្រកូល ហ៊ុន ដែលអង្គការនេះហៅថាជា «អ្នកយាមទ្វារធំ» ចំពោះការហូរចូលនៃមូលធនបរទេសដែលចង់ធ្វើពាណិជ្ជកម្មនៅកម្ពុជា។
ក្រុមហ៊ុនអន្តរជាតិ Apple ក្រុមហ៊ុន Canon ក្រុមហ៊ុន LG Electronics ក្រុមហ៊ុន Lenovo-IBM ក្រុមហ៊ុន Nokia ក្រុមហ៊ុន Electrolux និងក្រុមហ៊ុន Pioneer ធ្វើការចែកចាយតាមរយៈក្រុមហ៊ុនដែលមានចំណងនឹងគ្រួសារនេះ។
ផលិតផលរួមមាន Nescafe Gold ស្រាវីស្គី Johnnie Walker ស្រាខូញ៉ាក់ Hennessy និងស្រាបៀរ Corona ស្រោមអនាម័យ Durex ត្រូវបានដាក់លក់តាមក្រុមហ៊ុនដែលមានចំណងទាក់ទងនឹងក្រុមគ្រួសារត្រកូល ហ៊ុន។
លោក អៀ សុផល សាស្ត្រាចារ្យផ្នែកការទូត និងកិច្ចការពិភពលោកនៅ Occidental College ក្នុងទីក្រុង Los Angeles បានលើកឡើងពីការរកឃើញក្នុងរបាយការណ៍របស់អង្គការ Global Witness ថា៖ «របាយការណ៍ បានបង្ហាញថាយើងកំពុងនិយាយពីមនុស្សមួយចំនួនតូចមានចំណែកលើអ្វីៗគ្រប់យ៉ាង។»
លោកបានបន្ថែមថា៖ «តើអ្នកអាចនឹកស្រមៃឃើញទេថាតើអត្ថប្រយោជន៍នៃសកលភាវូបនីយកម្មអាចចែករំលែកយ៉ាងទូលំទូលាយ និងផ្លាស់ប្តូរជីវិតក្នុងកាលៈទេសៈផ្សេងទៀតដោយរបៀបណា? វាគឺអំពីខ្សែ និងខ្នងនៅកម្ពុជាឪពុកម្តាយជាអ្នកកំណត់អំពីកម្រិតដែលកូនអាចដើរឆ្ងាយប៉ុនណាហើយនោះគឺជារឿងដែលគួរឲ្យអាណិតអាសូរណាស់។»
ជួបគ្រួសារ ត្រកូល ហ៊ុន និងដៃគូ
ក្រោមការដឹកនាំរបស់លោក ហ៊ុន សែន វីរជនកម្ពុជាបានពង្រឹងការគ្រប់គ្រងរបស់ពួកគេក្នុងប្រទេសនេះតាមរយៈយុទ្ធសាស្រ្តរៀបការដើម្បីបង្កើតចំណងរវាងគ្រួសារក្រុមហ៊ុន និងមុខតំណែងសាធារណៈ។
ការកាន់កាប់ទាំងនោះមានពាក់ព័ន្ធនឹងសមាជិកគ្រួសារត្រកូល ហ៊ុន និងអ្នកជិតស្និទ្ធរបស់ពួកគេសរុបចំនួន ២៧ នាក់ហើយយ៉ាងហោចណាស់ ៤ ក្នុងចំណោមនោះរួមមានកូនប្រុសកណ្តាលរបស់លោកនាយករដ្ឋមន្រ្តីគឺលោក ហ៊ុន មានិត មានការជាប់ពាក់ព័ន្ធនឹងក្រុមហ៊ុនមួយចំនួនខណៈកំពុងកាន់តំណែងជាន់ខ្ពស់នៅក្នុងកងកម្លាំងសន្តិសុខរបស់ជាតិ។
កូនប្រុសច្បងរបស់លោក ហ៊ុន សែន លោក ហ៊ុន ម៉ាណែត ដែលជាឧត្តមសេនីយ៍ឯក និងថ្មីៗនេះទៀតកូនប្រុសពៅគឺលោក ហ៊ុន ម៉ានី តំណាងរាស្រ្តមិនជាប់ពាក់ព័ន្ធជាមួយក្រុមហ៊ុននៅក្នុងរបាយការណ៍នេះទេប៉ុន្តែភរិយារបស់គាត់មានការជាប់ពាក់ព័ន្ធនឹងក្រុមហ៊ុនធំៗ។
ភរិយារបស់លោក ម៉ាណែត គឺលោកស្រី ពេជ ចន្ទមុនី កូនស្រីរបស់លោក ពេជ សោភ័ន រដ្ឋលេខាធិការក្រសួងការងារមានការជាប់ពាក់ព័ន្ធនឹងក្រុមហ៊ុនចំនួន ៨ រួមទាំងជាអ្នកអភិបាលរោងភាពយន្ត Legends Cinema ផង។
ទន្ទឹមនេះលោកស្រី យឹម ឆៃលីន ភរិយារបស់លោក ហ៊ុន ម៉ានី ជាកូនស្រីរបស់ឧបនាយករដ្ឋមន្រ្តី យឹម ឆៃលី មានតួនាទីនៅក្រុមហ៊ុនចំនួន ៦ រួមទាំងជានាយិកាក្រុមហ៊ុនរុករករ៉ែមួយ និងមានហ៊ុនចំនួន ២០ ភាគរយនៅក្រុមហ៊ុនលក់ឱសថ។
ចំពោះលោក ហ៊ុន ម៉ានិត ប្រធាននាយកដ្ឋានចារកម្មរបស់យោធាត្រូវបានអង្គការ Global Witness អះអាងថាគាត់មានតំណែងជាម្ចាស់ក្រុមហ៊ុនផ្គត់ផ្គង់អគ្គិសនីកម្ពុជាឯកជនដែលមិនត្រូវបានអនុញ្ញាតដោយច្បាប់។
បើតាមមាត្រា ២៥ នៃលក្ខន្តិកៈទូទៅរបស់មន្រ្តីយោធានៃកងយោធពលខេមរភូមិន្ទមន្រ្តីកងយោធពលខេមរភូមិន្ទត្រូវបានហាមប្រាមមិនឲ្យធ្វើជា «សមាជិកគណៈកម្មាធិការនាយក ឬធានាចំពោះការគ្រប់គ្រងរបស់ក្រុមហ៊ុនឯកជនទេ។»
ភ្នំពេញប៉ុស្តិ៍នៅសប្តាហ៍នេះមិនអាចទាក់ទងលោក ម៉ានិត បានទេដែលភរិយារបស់គាត់ឈ្មោះ ហុក ចិន្តាវី កូនស្រីរបស់លោក ហុក ឡងឌី អតីតអគ្គស្នងការនគរបាលជាតិត្រូវបានដាក់ក្នុងបញ្ជីថាជាអ្នកអភិវឌ្ឍន៍តំបន់សេដ្ឋកិច្ចពិសេសក្នុងក្រុងបាវិត ។
អ្នកនាំពាក្យក្រសួងការពារជាតិលោក ឈុំ សុជាតិ បានបដិសេធមិនធ្វើអត្ថាធិប្បាយអំពីតួនាទីទ្វេរបស់លោក ម៉ានិត នោះទេ។
ខណៈចំណុចផ្តោតជាញឹកញាប់ត្រូវបានសំដៅទៅលើកូនប្រុសត្រកូល ហ៊ុន ប៉ុន្តែកូនស្រីត្រកូលនេះក៏មានអាជីវកម្មសំខាន់ៗជាច្រើនដែរជាពិសេសកូនស្រីបងបង្អស់ ហ៊ុន ម៉ាណា ដែលជាពាណិជ្ជករល្បីឈ្មោះហើយត្រូវបានអង្គការ Global Witness រៀបរាប់ថាមានតាំងពីក្រុមហ៊ុនប្រព័ន្ធផ្សព្វផ្សាយ ក្រុមហ៊ុនផ្សាយពាណិជ្ជកម្ម ក្រុមហ៊ុនទូរគមនាគមន៍រហូតដល់ក្រុមហ៊ុនសេវាអាកាសចរណ៍វីអាយភី សារមន្ទីរជាតិអង្គរក្នុងខេត្តសៀមរាប និងមានភាគហ៊ុនជាមួយក្រុមហ៊ុន Royal Group របស់លោកឧកញ៉ា គិត ម៉េង ទៀតផង។
ប្អូនស្រីរបស់គាត់ ហ៊ុន ម៉ាលី មានភាគហ៊ុននៅក្នុងក្រុមហ៊ុនចំនួន ៧ រួមទាំងជាម្ចាស់ផ្សារទំនើប TK Avenue និងជាម្ចាស់ភាគហ៊ុននៃភោជនីយដ្ឋាន Strongrill ផងដែរ។
ស្វាមីរបស់លោកស្រី ម៉ាណា គឺឧត្តមសេនីយ៍នគរបាលផ្កាយបីឈ្មោះ ឌី វិជ្ជា កូនប្រុស ហុក ឡងឌី និងស្វាមីរបស់អ្នកស្រី ម៉ាលី គឺលោក សុខ ពុទ្ធីវុធ កូនប្រុសរបស់ឧបនាយករដ្ឋមន្រ្តី សុខ អាន ក៏គ្រប់គ្រងក្រុមហ៊ុនជាច្រើនផងដែរ។
លោក ឌី វិជ្ជា ត្រូវបានដាក់នៅក្នុងបញ្ជីថាជានាយក និងជាម្ចាស់ភាគហ៊ុននៃក្រុមហ៊ុនល្បែង Poseidon។ នេះបើតាមការដាក់នៅក្នុងបញ្ជីពាណិជ្ជកម្មដោយសារព័ត៌មាន Bloomberg។
បើតាមរបាយការណ៍របស់ប្រព័ន្ធផ្សព្វផ្សាយក្នុងឆ្នាំ ២០០៨ ក្រុមហ៊ុនបច្ចេកវិទ្យារបស់ហ្វីលីពីន DFNN បានទិញក្រុមហ៊ុន Poseidon យ៉ាងស្ងាត់ៗតាមរយៈក្រុមហ៊ុនសាខាសិង្ហបុរីមួយក្នុងតម្លៃ ៤,២ លានដុល្លារខណៈចំណូលរបស់ក្រុមហ៊ុននេះគឺមានចំនួនរហូតដល់ ២១,២ លានដុល្លារចន្លោះពីខែមិថុនា និងខែធ្នូឆ្នាំ ២០០៧ រួមទាំងប្រាក់ចំណេញចំនួន ១,០៩ លានដុល្លារ។
លោក វិជ្ជា មិនអាចទាក់ទងបានទេនៅសប្តាហ៍នេះខណៈក្រុមហ៊ុន DFNN មិនឆ្លើយតបនឹងសំណើសុំព័ត៌មានត្រឹមម៉ោងចេញព័ត៌មាន។
ប្អូនស្រីរបស់លោក ហ៊ុន សែន លោកស្រី ហ៊ុន សេងនី មានក្រុមហ៊ុនចុះបញ្ជីចំនួន ១២ ហើយបងប្អូនជីដូនមួយរបស់គាត់ឈ្មោះ ឌី ចូច រួមទាំងអតីតភរិយារបស់ ចូច គឺលោកស្រី សេង គាង ដែលកាលពីមុនត្រូវបានចោទប្រកាន់ដោយអង្គការ Global Witness ថាមានក្រុមហ៊ុនកាប់ឈើខុសច្បាប់គឺជាប់ពាក់ព័ន្ធនឹងក្រុមហ៊ុនចំនួន ៥។
លោកស្រី គាង ជាមនុស្សមានទំនាក់ទំនងជិតស្និទ្ធជាមួយជំទាវធំ ប៊ុន រ៉ានី ត្រូវបានដាក់ក្នុងបញ្ជីថាជាប្រធាន និងនាយកក្រុមហ៊ុន Grand Harvest International ជាប់ពាក់ព័ន្ធនឹងក្រុមហ៊ុន ហុង កុង ដែលមានឈ្មោះដូចគ្នាដែលអះអាងនៅលើគេហទំព័ររបស់ខ្លួនថាផ្គត់ផ្គង់ទៅម៉ាកល្បីៗដូចជា ម៉ាក Tommy Hilfiger ម៉ាក Polo Ralph Lauren និង ម៉ាក All Saints។
ក្មួយស្រី និងក្មួយប្រុសរួមទាំងសាច់ថ្លៃក៏មានប្រវត្តិចាប់អារម្មណ៍ផងដែរ។ កូនៗរបស់លោក ហ៊ុន ណេង ជាបងប្រុសរបស់លោក ហ៊ុន សែន ដែលបច្ចុប្បន្នជាតំណាងរាស្រ្ត និងអតីតអភិបាលខេត្តកំពង់ចាមមានការជាប់ទាក់ទងទៅនឹងក្រុមហ៊ុនចំនួន ២៨ ខណៈភរិយារបស់លោកជាម្ចាស់ក្រុមហ៊ុនពីរ។
នៅពេលទាក់ទងនៅសប្ដាហ៍នេះលោកឧកញ៉ា ហ៊ុន តូ កូនប្រុសលោក ហ៊ុន ណេង បានលើកឡើងថារបាយការណ៍អង្គការ Global Witness គឺជារឿងរបស់អង្គការមួយនេះ។ តែការរកស៊ីធ្វើជំនួញជារឿងរបស់អ្នកផ្សេងគឺកុំឲ្យតែមានការប្រព្រឹត្តខុសច្បាប់រដ្ឋ។
លោក ហ៊ុន តូ បញ្ជាក់ថា៖ «រឿងហ្នឹងរឿងរបស់វាទេកុំឈឺក្បាលជាមួយខ្ញុំ។ ខ្ញុំគ្មានពេលអីឈឺក្បាលជាមួយទេ។ គេរកស៊ីជារឿងរបស់គេទេគ្មានទៅទើសគេទេ។ កុំឲ្យតែគេទៅប្លន់អ្នកណា។ គេរកស៊ីរឿងអីជារឿងស្របច្បាប់របស់គេទេ។»
នៅពេលទាក់ទងកាលពីថ្ងៃចន្ទលោក ហ៊ុន ណេង ដែលជាបងប្រុសរបស់លោកនាយករដ្ឋមន្រ្តី ហ៊ុន សែន បានថ្លែងថាចំពោះលោកផ្ទាល់មិនដែលធ្វើការរកស៊ីនោះទេហើយកូនៗវិញក៏គ្មានក្រុមហ៊ុនច្រើនរហូតដល់ទៅជាង ២០ នោះដែរ។ ម្យ៉ាងវិញទៀតបើនិយាយពីអ្នករកស៊ីមានត្រកូល ហ៊ុន វិញគឺមានច្រើនណាស់។
លោក ហ៊ុន ណេង ថ្លែងថា៖ «មកសួរអីខ្ញុំ ខ្ញុំអត់ដឹងអីផង។ ត្រកូល ហ៊ុន មានច្រើនណាស់មានជីដូន ជីទូត ជីលា។ កូនខ្ញុំតែពីរបីនាក់ហ្នឹងមានក្រុមហ៊ុនឯណាដល់ ២៨ នោះ។ របាយការណ៍មានពិត និងមិនពិត។ ធ្វើឲ្យពិតស្រួលបួលមើល។ អាមិនពិតហ្នឹងជាប់គុកអាហ្នឹង»។ លោក ហ៊ុន ណេង សុំមិនធ្វើអត្ថាធិប្បាយបន្តនោះទេដោយសារតែលោកកំពុងស្ថិតនៅក្រៅប្រទេស។
ភ្នំពេញ ប៉ុស្តិ៍ បានព្យាយាមទាក់ទងលោក ឌី វិជ្ជា ស្វាមីលោកស្រី ហ៊ុន ម៉ាណា តែលោកមិនលើកទូរស័ព្ទ។ រីឯលោកស្រី ហ៊ុន ម៉ាណា ក៏មិនបានឆ្លើយតបនឹងសំណួរភ្នំពេញប៉ុស្តិ៍ដែលបានផ្ញើតាមហ្វេសប៊ុកផ្លូវការលោកស្រីកាលពីថ្ងៃចន្ទដែរខណៈដែលលោក អ៊ាង សុផល្លែត ជំនួយការលោក ហ៊ុន សែន សុំមិនធ្វើអត្ថាធិប្បាយចំពោះរបាយការណ៍នេះ។
យ៉ាងណាក៏ដោយលោក អ៊ុយ សំអាត ប្រធាននាយកដ្ឋានគ្រប់គ្រងគ្រោះមហន្តរាយកាកបាទក្រហមកម្ពុជាបានបដិសេធចំពោះការចោទប្រកាន់របស់ Global Witness នេះ។ លោកបានអះអាងថាលោកជំទាវអត់មានការរកស៊ី ឬភាគហ៊ុនជាមួយនឹងក្រុមហ៊ុនណាមួយដូចការចោទប្រកាន់របស់អង្គការ Global Witness នោះទេ។
លោក សំអាត បញ្ជាក់កាលពីម្សិលមិញថា៖ «Global Witness ចេះតែថា។ រឿងសម្តេចប្រធានគឺលោកអត់មានទេ។ តែរឿងកូនចៅគាត់ពូក៏មិនស៊ីជម្រៅដែរ»។ តែលោកបានលើកឡើងថានៅក្នុងច្បាប់អត់មានហាមឃាត់អត្តបុគ្គលណាមួយមិនឲ្យប្រកបមុខរបររកស៊ីនោះទេ។
រីឯលោក ហ៊ុន ម៉ាណែត និងលោកឧបនាយករដ្ឋមន្ត្រី យឹម ឆៃលី មិនធ្វើអត្ថាធិប្បាយទេកាលពីម្សិលមិញខណៈដែលលោកឧត្តមសេនីយ៍ យឹម លាង កូនប្រុសលោក យឹម ឆៃលី បដិសេធ និងបានថ្លែងថាអង្គការ Global Witness ចេះតែលើកឡើងប៉ុណ្ណោះ។
នៅលើច្បាប់?
នៅលើគេហទំព័ររបស់ខ្លួនក្រុមហ៊ុនច្បាប់ដែលបង្កើតឡើងដោយលោកស្រី ហ៊ុន គឹមឡេង ក្មួយស្រីរបស់លោកនាយករដ្ឋមន្រ្តីបានគូសបង្ហាញអំពីគុណប្រយោជន៍ដែលខ្លួនអាចផ្តល់ឲ្យគឺការងារឡប់ប៊ី។
ក្រុមហ៊ុន HML Law Firm & Consultants គឺ «ត្រូវបានដាក់ជំហរយ៉ាងល្អក្នុងការធានាឲ្យមានកិច្ចសហការ និងលទ្ធផលល្អ» ពីការឡប់ប៊ីក្រសួង និងស្ថាប័នរបស់រដ្ឋាភិបាល»។ នេះបើតាមគេហទំព័ររបស់ខ្លួន។
នៅក្នុងរបាយការណ៍របស់ខ្លួនអង្គការ Global Witness បានបង្ហាញថាក្រុមហ៊ុនដែលជាប់ពាក់ព័ន្ធនឹងគ្រួសារត្រកូល ហ៊ុន ទទួលបាន «ការអនុគ្រោះ ពិសេស» នៅក្នុងកិច្ចការជាមួយរដ្ឋខណៈឥទ្ធិពលរបស់គណបក្សប្រជាជនកម្ពុជាទៅលើតុលាការបានអនុញ្ញាតឲ្យពួកគេប្រតិបត្តិការជាមួយនិទ្ទណ្ឌភាពពីច្បាប់ខណៈច្បាប់បង្កើតឡើងគឺដើម្បីការពារមិនឲ្យមានអំពើពុករលួយធានានូវតម្លាភាព និងផ្តន្ទាទោសចំពោះការរំលោភបំពានច្បាប់។
នៅពេលទាក់ទងនាសប្តាហ៍នេះក្រុមហ៊ុន HML បានបដិសេធថាខ្លួនមិនបានប្រព្រឹត្តក្នុងលក្ខណៈមិនសមស្របណានោះទេ។
ប៉ុន្តែនៅក្នុងពិភព «ល្អក់កករ» នៃពាណិជ្ជកម្មកម្ពុជាការមានទំនាក់ទំនងជាមួយអ្នកមានអំណាចខ្ពស់ត្រឹមត្រូវគឺសំខាន់ណាស់។ នេះបើតាមប្រភពនៅក្នុងមជ្ឈដ្ឋានពាណិជ្ជកម្ម។
ថ្លែងសុំមិនបញ្ចេញឈ្មោះអ្នកប្រឹក្សាយោបល់ផ្នែកធុរកិច្ចជនជាតិបរទេសដែលមានបទពិសោធយូរមកហើយបានថ្លែងថាខណៈមនុស្សមួយចំនួនដូចជាលោកស្រី គឹមឡេង មានទំនាក់ទំនងជាចំហជាមួយគ្រួសារត្រកូល ហ៊ុន ដែលមាន «តម្លៃយ៉ាងខ្លាំង» នៅពេលនិយាយអំពីការធ្វើការងារជាមួយរដ្ឋាភិបាលខណៈសាច់ញាតិដទៃៗជាញឹកញាប់មានទំនាក់ទំនងស្ងាត់ៗដើម្បីការពារគ្រួសារ និងកេរ្តិ៍ឈ្មោះដៃគូរបស់ពួកគេ។ «ផ្នែករឹងគឺការដឹងថាអ្វីជារបស់ពួកគេ ឬអ្វីជារបស់អ្នកដទៃពួកគេមានកម្មសិទ្ធិជាច្រើនដែលអ្នកមិនដែលឃើញជាលាយលក្ខណ៍អក្សរនៅកន្លែងណាទេ។»
ប្រភពមួយទៀតជាអ្នកជំនាញច្បាប់មានបទពិសោធយូរដែលសុំមិនបញ្ចេញឈ្មោះផងដែរនោះបានថ្លែងថាសមាជិកគ្រួសារ និងឥស្សរជនមានអំណាចដទៃៗដែលភ្ជាប់ទំនាក់ទំនងជាមួយគណបក្សប្រជាជនកម្ពុជាជាញឹកញាប់ធ្វើការជាដៃគូស្ងាត់ដែលអាចដោះស្រាយបញ្ហាផ្សេងៗពាក់ព័ន្ធនឹងច្បាប់ដោយរលូន។
គាត់ បានថ្លែង ថា៖«ពួកគេជួយឲ្យទទួលបានអាជ្ញាប័ណ្ណក្នុងរយៈពេលលឿន។»
គាត់បន្ថែមថា៖ «ពួកគេផ្តល់ការគាំទ្រល្អ» នៅក្នុងករណីមានបញ្ហា និងកត់សម្គាល់ថាវានឹងជួយផងដែរលើបញ្ហាការងារពាក់ព័ន្ធអធិការកិច្ចពន្ធដារលើក្រុមហ៊ុនដែលមានទំនាក់ទំនងជាមួយគ្រួសារត្រកូល ហ៊ុន។
ទោះជាយ៉ាងណាក្តីពួកគេនិយាយថាការមានទំនាក់ទំនងជាមួយគ្រួសារត្រកូល ហ៊ុន ឬបុគ្គលមានអំណាចណាមួយក្នុងប្រទេសកម្ពុជាអាចប្រែក្លាយជាល្វីងជូរចត់យ៉ាងលឿនប្រសិនបើកិច្ចសន្យាមិនត្រូវបានគោរព។
កាលពីម្សិលមិញភ្នំពេញប៉ុស្តិ៍ក៏បានព្យាយាមទាក់ទងសុំអត្ថាធិប្បាយលោកស្រី ហ៊ុន ម៉ាលី ហ៊ុន គឹមឡេង និង ហ៊ុន សេងនី តែអ្នកលើកទូរស័ព្ទបានឆ្លើយថាច្រឡំលេខ។
បើតាមអង្គការតម្លាភាពអន្តរជាតិបានឲ្យដឹងថាស្ថាប័នរដ្ឋរបស់កម្ពុជាជាពិសេសស្ថាប័នតុលាការត្រូវបានចាត់ទុកថាពុករលួយបំផុតនៅអាស៊ីអាគ្នេយ៍ខណៈការដាក់លំដាប់ថ្នាក់ស្តីពីភាពងាយស្រួលក្នុងការធ្វើពាណិជ្ជកម្មរបស់ធនាគារពិភពលោកបានដាក់បញ្ជីកម្ពុជាជាប្រទេសទី ១៣៣ ក្នុងចំណោមប្រទេស ១៨៩ ជាមួយនឹង «ការអនុវត្តកិច្ចសន្យា» គឺជាវិស័យបារម្ភបំផុត។
ប្រភពអ្នកជំនាញច្បាប់បានថ្លែងបន្តថា៖ «បើ សូម្បី អ្នកទទួលបាន ការសម្រេច នៅក្នុងតុលាការ មជ្ឈត្តការ អន្តរជាតិ នរណា នឹងអនុវត្តវា?»
បើតាមរបាយការណ៍អាជីវកម្មដែលមានទំនាក់ទំនងជាមួយគ្រួសារត្រកូល ហ៊ុន គឺមានគម្រោងធំៗដែលទទួលបានកិច្ចសន្យាពីរដ្ឋការរុករករ៉ែធម្មជាតិរួមទាំងការកាប់ឈើ រ៉ែ និងបូមខ្សាច់ ឬទទួលបានសិទ្ធិយ៉ាងរឹងមាំរួមទាំងអាជ្ញាប័ណ្ណកាស៊ីណូ និងសិទ្ធិអភិវឌ្ឍន៍តំបន់សេដ្ឋកិច្ចពិសេស។
បើតាមទិន្នន័យក្រុមហ៊ុនដែលមានទំនាក់ទំនងជាមួយគ្រួសារត្រកូល ហ៊ុន បានកាន់កាប់សម្បទានរុករករ៉ែក្នុងខេត្តចំនួនប្រាំរួមទាំងដីចំនួន ២០០០០ ហិកតាក្នុងខេត្តឧត្តរមានជ័យដែលកាន់កាប់ដោយក្រុមហ៊ុន Worldwide Investment Group របស់ ហ៊ុន គឹមឡេង ក្មួយប្រុសរបស់លោកនាយករដ្ឋមន្រ្តីដែលថ្លែងនៅលើគេហទំព័ររបស់ខ្លួនថាទីតាំងនោះមាន «ស្រទាប់ធ្យូងថ្មដ៏ធំ» ខណៈមានការកត់សម្គាល់ផងដែរថាក្រុមហ៊ុនមានអាជ្ញាប័ណ្ណបូមខ្សាច់នៅតាមបណ្តោយទន្លេមេគង្គចម្ងាយ ៤ គីឡូម៉ែត្រ។
ការរកស៊ីមួយចំនួនក្នុងវិស័យកសិកម្មក៏ត្រូវបានលើកឡើងផងដែររួមទាំងសម្បទានដីសេដ្ឋកិច្ចដែលយ៉ាងហោចណាស់សម្បទានចំនួនពីរមានការជាប់ពាក់ព័ន្ធនឹងជម្លោះដីធ្លីខណៈអាជ្ញាប័ណ្ណកាស៊ីណូក៏ត្រូវបានផ្តល់ទៅឲ្យក្រុមហ៊ុន Vina(HK) ដែលជាក្រុមហ៊ុនមួយរបស់ភរិយារបស់សមាជិកព្រឹទ្ធសភា គណបក្សប្រជាជនកម្ពុជា លី យ៉ុងផាត់ គឺលោកស្រី គឹម ហ៊ាង ដែលមានលោកស្រី ហ៊ុន ម៉ាណា ជាម្ចាស់ភាគហ៊ុនផងដែរ។
ជាការឆ្លើយតបទៅអង្គការ Global Witness លោកស្រីបានបដិសេធថាមិនទទួលបានអត្ថប្រយោជន៍ពីទំនាក់ទំនងជាមួយគ្រួសារត្រកូល ហ៊ុន ទេ។
ទោះយ៉ាងណាក្តីរបាយការណ៍បានទាមទារឲ្យក្រុមហ៊ុនបង្ហាញភ័ស្តុតាងថាពួកគេត្រូវបានផ្តល់ឲ្យអាជ្ញាប័ណ្ណ និងកិច្ចសន្យាដោយមិនលម្អៀងដោយលើកឡើងអំពីក្រមព្រហ្មទណ្ឌ និងច្បាប់ប្រឆាំងអំពើពុករលួយដែលនឹងដាក់ទោសទណ្ឌចំពោះការផ្តល់ប្រយោជន៍មិនយុត្តិធម៌ ឬការប្រព្រឹត្តអនុគ្រោះដោយរដ្ឋ។
អ្នកនិពន្ធរបាយការណ៍នេះបាននិយាយថា៖ «ដោយសារ ពុករលួយ និងការខ្វះតម្លាភាពនៅក្នុងវិស័យសាធារណៈរបស់កម្ពុជានេះគួរលើកឡើងជាបញ្ហាធ្ងន់ធ្ងរ។»
Curtis S Chin អតីតឯកអគ្គរដ្ឋទូតសហរដ្ឋអាមេរិកប្រចាំធនាគារអភិវឌ្ឍន៍អាស៊ីបានថ្លែងថាបើទោះបីជាវាសំខាន់ក្នុងការធ្វើឲ្យមានភាពខុសគ្នារវាងសកម្មភាពខុសច្បាប់ និងការគ្រាន់តែមាន «ភាពជាប់ទំនាក់ទំនង» របាយការណ៍នេះគឺជាការដាស់តឿនរំឭកឲ្យមានតម្លាភាពជាងមុន។
Chin បានថ្លែងថា៖ «ដើម្បីឲ្យប្រទេសកម្ពុជារីកចម្រើននៅក្នុងសហគមន៍សេដ្ឋកិច្ចអាស៊ី...ខ្លួនត្រូវបង្កើននូវអភិបាលកិច្ចដែលមានការចូលរួមពីភាគីពាក់ព័ន្ធ។»
ទោះយ៉ាងណាក្តីទីប្រឹក្សាអាជីវកម្មបានថ្លែងថាដោយសារសេដ្ឋកិច្ចបដិបញ្ញត្តិរបស់កម្ពុជាការវិនិយោគរបស់គ្រួសារត្រកូល ហ៊ុន បើទោះបីជាទ្រង់ទ្រាយធំក៏មិនបានប៉ះពាល់ដោយផ្ទាល់ទៅដល់ការប្រកួតប្រជែងទីផ្សារទេ។
លោកបានថ្លែងថាការធ្វើទំនើបកម្មមានន័យថាវិស័យឯកជនកំពុងតែធ្វើដំណើរចេញពីប្រព័ន្ធប្រើឥទ្ធិពលជនមានអំណាចឆ្ពោះទៅរកការអនុវត្តធុរកិច្ចដែលមានលក្ខណៈឆ្លាតវៃជាងមុន។ លោកបានបន្ថែមថាអាជីវកម្មបរទេសជាច្រើនមិនចង់ប្រថុយប្រថានភ្ជាប់ខ្លួនពួកគេជាមួយឥស្សរជននយោបាយទេ។
ពួកគេ បាននិយាយ ថា៖ «សំណួរ ដែលគួរ ឲ្យចាប់អារម្មណ៍ បំផុត គឺ ថា, តើ គ្រួសារនេះ ទទួលបាន ទ្រព្យសម្បត្តិនេះ យ៉ាងដូចម្តេច?» ពួកគេ បានប៉ាន់ប្រមាណថាទ្រព្យសម្បត្តិរបស់គ្រួសារនេះគឺមានចន្លោះពី ៥ ពាន់លានទៅ ១០ ពាន់លានដុល្លារ។
យើងកំពុងព្យាយាមអស់ពីសមត្ថភាពរបស់យើង
បើទោះបីជាអង្គការឃ្លាំមើលសិទ្ធិមនុស្សបានផ្តល់សិទ្ធិឲ្យមានការឆ្លើយតបចំពោះបុគ្គលទាំងអស់ដែលបានលើកឡើងនៅក្នុងរបាយការណ៍នោះរួមទាំងលោកនាយករដ្ឋមន្រ្តីផងនោះគឺមានតែលោក សុខ ពុទ្ធីវុធ ដែលជាស្វាមីរបស់លោកស្រី ហ៊ុន ម៉ាលី កូនស្រីរបស់លោកនាយករដ្ឋមន្រ្តីបានទទួលស្គាល់ថាលោកមើលឃើញ «បញ្ហា ជាច្រើន» និងថា «ដំណោះស្រាយល្អ គឺ កម្រ ត្រូវ បានអនុវត្ត ត្រឹមត្រូវ។»
លោក សុខ ពុទ្ធីវុធ ប្រធានក្រុមហ៊ុន Soma Group ដែលមានកិច្ចសន្យាអភិវឌ្ឍអគារថ្មីសម្រាប់អាជ្ញាធរអាកាសចរស៊ីវិល និងការវិនិយោគក្នុងចំនួនទឹកប្រាក់ ១០០ លានដុល្លារនៅក្នុងការពង្រីកអាកាសយានដ្ឋានអន្តរជាតិភ្នំពេញបានថ្លែងថា៖ «ខ្ញុំអាចយល់អំពីការសន្មតរបស់អ្នកថាខ្ញុំបំពានអំណាចដើម្បីទៅដល់កន្លែងដែលខ្ញុំមានបច្ចុប្បន្នប៉ុន្តែខ្ញុំអាចធានាអ្នកថាខ្ញុំគិតគូរយ៉ាងយកចិត្តទុកដាក់អំពីបញ្ហាប្រឈមនៃការកសាងក្រុមវិស័យឯកជនដែលមានការទទួលខុសត្រូវ។»
ថ្លែងកាលពីសប្តាហ៍មុនជាមួយកាសែតភ្នំពេញប៉ុស្តិ៍លោក ពុទ្ធីវុធ ដែលនាសប្តាហ៍នេះ វបានជ្រើសរើសជាថ្មីជាប្រធានសហព័ន្ធអង្ករកម្ពុជាបានថ្លែងថាទំនាក់ទំនងរបស់លោកជាមួយគ្រួសារដើម្បីធ្វើឲ្យមានគោលនយោបាយផ្លាស់ប្តូរគឺជាវិធីល្អមួយសម្រាប់ប្រទេស។
ទោះយ៉ាងណាក្តីមន្រ្តីទូតម្នាក់នៅរាជធានីភ្នំពេញដែលសុំមិនបញ្ចេញឈ្មោះបានថ្លែងថាតម្រូវការឲ្យមានការជាប់ពាក់ព័ន្ធនយោបាយគឺជាការបំបាក់ទឹកចិត្តធំមួយនៃការធ្វើពាណិជ្ជកម្មនៅពេលពួកគេស្វែងរកការពិភាក្សាអំពីការវិនិយោគក្នុងប្រទេសកម្ពុជា៕
សកលភាវូបនីយកម្ម = Universalization or universalisation ???
ReplyDeleteភូគោលូបនីយកម្ម = Globalization.
But simpler and better yet,why not just take ភូគោលកម្ម = Globalization ?!!! (អានថា ភូគោល-លៈ-កម្ម)
And over all, the situation in Cambodia makes me very sick.