កូនៗ លោក ហ៊ុន សែន ចាត់ទុក របាយការណ៍ អង្គការ គ្លបល វីនេស ជាការបំផ្លាញ គ្រួសារខ្លួន
RFA / វិទ្យុ អាស៊ី សេរី | ៧ កក្កដា ២០១៦

លោក ហ៊ុន ម៉ាណែត មេបញ្ជាការរងកងទ័ពជើងគោក
និងជានាយរងសេនាធិការចម្រុះនៃកងយោធពលខេមរភូមិន្ទ
ក្នុងពិធីរៀបចំការចូលប្រឡងជ្រើសរើសនាយទាហាន កាលពីថ្ងៃទី២០
ខែធ្នូ ឆ្នាំ២០១៥។ RFA/Brach Chev
កូនប្រុស កូនស្រី របស់លោក នាយករដ្ឋមន្ត្រី ហ៊ុន សែន បីនាក់ បញ្ចេញប្រតិកម្ម ភ្លាមៗ ចំពោះ របាយការណ៍ របស់ អង្គការ គ្លបល វីនេស (Global Witness) ដែលថា, ក្រុមគ្រួសារ ត្រកូល ហ៊ុន កំពុង កាន់កាប់ ក្រុមហ៊ុន និងភាគហ៊ុន ដោយសម្ងាត់ ជាច្រើន ក្នុងប្រទេស កម្ពុជា។
កូនលោក ហ៊ុន សែន គឺ លោក ហ៊ុន ម៉ាណែត, អ្នកស្រី ហ៊ុន ម៉ាណា, និងលោក ហ៊ុន ម៉ានិត បានសរសេរ ក្នុងហ្វេសប៊ុក (Facebook) របស់ខ្លួន នៅថ្ងៃ ទី៧ កក្កដា ដោយចាត់ទុក របាយការណ៍ របស់ អង្គការ គ្លបល វីនេស នេះ ជាការបំផ្លាញ គ្រួសារខ្លួន។
កូនប្រុសច្បង របស់លោក នាយករដ្ឋមន្ត្រី ហ៊ុន សែន លោក ហ៊ុន ម៉ាណែត និងជាមន្ត្រី ជាន់ខ្ពស់ យោធា សរសេរ ក្នុងហ្វេសប៊ុក របស់ខ្លួន នៅថ្ងៃ ទី៧ កក្កដា ថា, លោក ចាំបាន ថា, ប៉ុន្មាន អាណត្តិហើយ ឲ្យតែ ពេលជិត បោះឆ្នោត គឺ ជាពេលវេលា ដែល គ្លបល វីនេស បង្កើត រឿងប្លែកៗ ឬប្រធានបទ ដដែលៗ ដើម្បី ចោទប្រកាន់ និងវាយប្រហារ មកលើ រាជរដ្ឋាភិបាល ជាពិសេស លើឪពុក (ហ៊ុន សែន) លោក តែម្ដង៖ «លើកនេះ ក៏មិន មានអ្វី ថ្មីដែរ, គ្រាន់តែ ខុសត្រង់ ថា, តាមរយៈ ការផ្សាយ អត្ថបទ តែមួយ ជួនគ្នា (បង្ហាញ ពីការ សហការគ្នា ដ៏ល្អ ក្នុងរឿងនេះ) រវាង កាសែត ភ្នំពេញ ប៉ុស្តិ៍ (Phnom Penh Post) និងព្រឹត្តិបត្រ ព័ត៌មាន ឌឹ ខេមបូឌា ដេលី (Cambodia Daily)។ លើក នេះ គឺ មិនត្រឹម វ៉ៃតែ ឪពុក របស់ខ្ញុំ នោះទេ, គឺ គេ បានបង្កើត រឿងវ៉ៃ ទាំងគ្រួសារ តែម្ដង, ពោល គឺ មិនឲ្យ រួចខ្លួន ម្នាក់ណាឡើយ។ ចាំមើល ចេញរឿង អ្វីទៀត?»

លោក ហ៊ុន ម៉ានិត
កូនប្រុសលោក ហ៊ុន សែន ចូលរួមពិធីប្រារព្ធខួបលើកទី៦៥
នៃការបង្កើតគណបក្សប្រជាជនកម្ពុជា កាលពីថ្ងៃទី២៨ ខែមិថុនា
ឆ្នាំ២០១៦។ RFA/Brach Chev
ចំណែកអ្នកស្រី ហ៊ុន ម៉ាណា ម្ចាស់ទូរទស្សន៍ និងវិទ្យុបាយ័ន ដែលជាកូនស្រីរបស់លោក ហ៊ុន សែន ម្នាក់ទៀត ក៏សរសេរក្នុងហ្វេសប៊ុករបស់ខ្លួនថា អ្នកស្រីដឹងច្បាស់ថា ពួកអ្នក (ក្លបល វីនេស) ចង់អ្វីពីគ្រួសារយើងខ្ញុំ គឺ ឲ្យតែជិតដល់ពេលបោះឆ្នោតម្ដងៗ ក្នុងគោលបំណងបំផ្លាញឪពុករបស់អ្នកស្រី គឺលោក ហ៊ុន សែន៖ «តែ នាងខ្ញុំ និងគ្រួសារគួរតែអរគុណដល់អស់លោក លោកស្រីដែលបានជួយដល់ឪពុករបស់នាងខ្ញុំឲ្យឈ្នះឆ្នោតគ្រប់អាណត្តិ ព្រោះតែការភូតភរ ការប្រមាថរបស់លោកអ្នកធ្វើឲ្យអ្នកបោះឆ្នោត កាន់តែមានការទុកចិត្ត និង បោះឆ្នោតជូនឪពុកខ្ញុំថែមទៀត។»
អគ្គនាយិកាទូរទស្សន៍បាយ័នអ្នកស្រី ហ៊ុន ម៉ាណា ចូលរួមពិធីបុណ្យសពលោក ជា ស៊ីម។
បន្ថែមពីនេះអ្នកស្រី ហ៊ុន ម៉ាណា ក៏ចាត់ទុកការផ្សាយរបស់ព្រឹត្តិបត្រព័ត៌មាន ឌឹ ខេមបូឌ៊ា ដេលី និងកាសែតភ្នំពេញប៉ុស្តិ៍ ជាការសហការយ៉ាងល្អជាមួយក្លបល វីនេស ដើម្បីបំផ្លាញដល់កិត្តិយសគ្រួសារត្រកូលហ៊ុន៖ «សូមអស់លោក លោកស្រី បន្តកិច្ចការបែបនេះតទៅទៀតចុះប្រសិនគ្មានការងារធ្វើ។»
របាយការណ៍កម្រាស់ ជិត ៦០ទំព័ររបស់អង្គការឃ្លាំមើលពិភពលោក គ្លបល វីនេស មានចំណងជើងថា "ការក្ដោបយកវិនិយោគនៅកម្ពុជា" បង្ហាញថា អធិរាជត្រកូល ហ៊ុន កំពុង ក្ដោបក្ដាប់សេដ្ឋកិច្ចធំៗរបស់កម្ពុជា ដោយអំពើពុករលួយ រំលោភអំណាច និងរំលោភសិទ្ធិមនុស្សដើម្បីការពារអំណាចរបស់លោក ហ៊ុន សែន ត្រូវបានសារព័ត៌មានក្នុងស្រុកមួយចំនួន រួមនឹងសារព័ត៌មានល្បីៗលើពិភពលោករួមមាន៖ អេប៊ីស៊ី អូស្រ្តាលី (ABC NEWS) ញូយ៉ក ថាមថ៍ (New York Times) ឌឹ ឌីប្លូម៉េត (The Diplomat) ជាដើម បានផ្សាយបន្តបន្ទាប់ពីរបាយការណ៍នេះ។ លើកលែងតែសារព័ត៌មានក្នុងស្រុកខ្លះ ដែលមាននិន្នាការទៅរដ្ឋាភិបាលប៉ុណ្ណោះ មិនបានផ្សាយពីរបាយការណ៍នេះឡើយ៕
kon ah kok mi kok hun sen
ReplyDeletekon ah kok mi kok hun sen
ReplyDelete