![]() |
| ពលរដ្ឋទៅអុជធូបគោរពវិញ្ញាណក្ខន្ធសពលោកបណ្ឌិត កែម ឡី
នៅមុខស្តារម៉ាត នាស្ថានីយលក់សាំងកាល់តិច ស្ដុបបូកគោ
ទីដែលឃាតកបាញ់សម្លាប់លោក (កែម ឡី)។ រូបថតថ្ងៃទី១៦ កក្កដា
ឆ្នាំ២០១៦
RFA/Rann Samnang
|
បញ្ញវន្ត និងអ្នកស្រាវជ្រាវ មិន សូវសង្ឃឹម លើរដ្ឋាភិបាល ស្វែងរក ការពិត នៃឃាតកម្ម លោកកែម ឡី
RFA / វិទ្យុ អាស៊ី សេរី | ២០ កក្កដា ២០១៦
អ្នកស្រាវជ្រាវ និងអង្គការ សង្គមស៊ីវិល មួយចំនួន មិន សូវមាន ក្តីសង្ឃឹម ថា, សមត្ថកិច្ច អាចស្វែងរក ការពិត ចំពោះ ករណី បាញ់សម្លាប់ លោកបណ្ឌិត កែម ឡី អ្នកវិភាគ បញ្ហាសង្គម ឡើយ។ រីឯ សមត្ថកិច្ច លើកឡើង ថា, អាជ្ញាធរ កំពុង ធ្វើកិច្ចការនេះ ដោយយកចិត្ត ទុកដាក់។មជ្ឈដ្ឋានទូទៅបានទទូចដល់រដ្ឋាភិបាលជាបន្តបន្ទាប់ ឲ្យពន្លឿនការស៊ើបអង្កេតករណីឃាតកម្មលើបណ្ឌិត កែម ឡី ដោយស្មោះត្រង់ និងស្នើបើកឲ្យអ្នកជំនាញស៊ើបអង្កេតឯករាជ្យចូលរួមក្នុងដំណើរការ ស៊ើបអង្កេតករណីនេះ។
ទោះបីជាយ៉ាងណាក៏ដោយ អង្គការសង្គមស៊ីវិល និងអ្នកស្រាវជ្រាវមួយចំនួនហាក់មិនសូវសង្ឃឹមថា ពន្លឺយុត្តិធម៌នឹងមានសម្រាប់គ្រួសារលោកបណ្ឌិត កែម ឡី ឡើយ ព្រោះមកដល់ពេលនេះ សមត្ថកិច្ចបាននិយាយតិចតួចអំពីឃាតកម្ម និងការចាប់ខ្លួនជនសង្ស័យដែលអះអាងថា ឈ្មោះ «ជួប សម្លាប់»។
បញ្ញវន្ត និងជាអ្នកស្រាវជ្រាវ១រូប លោក ប៉ា ច័ន្ទរឿន មានប្រសាសន៍ថា មូលហេតុដែលគេមិនសូវមានជំនឿថា សមត្ថកិច្ចអាចរកឃើញការពិតនោះឡើយ ដោយសារមើលទៅអាជ្ញាធរដូចជាមិនមានឆន្ទៈពិតប្រាកដឡើយ៖ «រឿងរ៉ាវ មួយចំនួនយើងឃើញថា សមត្ថកិច្ចខ្មែរមានសមត្ថភាពខ្ពស់ក្នុងការតាមចាប់ខ្លួន ឬផ្ដន្ទាទោសទៅដល់ជនឧក្រិដ្ឋដែលបានប្រព្រឹត្តអំពើរំលោភច្បាប់ ទាំងអស់នោះ ប៉ុន្តែករណីមួយចំនួនទៀត ជាពិសេសទៅលើករណីឃាតកម្មទៅលើបុគ្គលមួយចំនួនដែលជាសកម្មជន ឬក៏ជាអ្នកតស៊ូដើម្បីសេរីភាព ឬក៏ដើម្បីលទ្ធិប្រជាធិបតេយ្យហាក់បីដូជាសមត្ថកិច្ចមិនមានឆន្ទៈពិត ប្រាកដស្វែងរកជនដែលប្រព្រឹត្តបទល្មើសជាក់ស្ដែង និងអ្នកនៅពីក្រោយខ្នងផ្ដន្ទាទោសឡើយ។»
កាលពីថ្ងៃទី១៩ ខែកក្កដា ឧបការីរដ្ឋមន្ត្រីក្រសួងការបរទេសសហរដ្ឋអាមេរិក ទទួលបន្ទុកផ្នែកលទ្ធិប្រជាធិបតេយ្យ សិទ្ធិមនុស្ស និងការងារ លោក ថម ម៉ាលីណូស្គី (Tom Malinowski) បានទទូចឱ្យអាជ្ញាធរស៊ើបអង្កេតដោយត្រឹមត្រូវ និងប្រកបដោយការជឿទុកចិត្តទៅលើឃាតកម្មលោកបណ្ឌិត កែម ឡី។ ជាមួយគ្នានេះ ក្រុមបញ្ញវន្ត និងអ្នកស្រាវជ្រាវជាង ៧០នាក់ ក៏បានស្នើសុំដោយទទូចដល់អាជ្ញាធរមានសមត្ថកិច្ចពាក់ព័ន្ធទាំងអស់ សុំឲ្យធ្វើការស៊ើបអង្កេតឱ្យបានហ្មត់ចត់ ឆាប់រហ័ស គ្មានការរើសអើង និងដោយស្មោះត្រង់ ដើម្បីវែកមុខអ្នកបញ្ជាពីក្រោយ និងជនរួមគំនិតទាំងអស់នៅក្នុងឃាតកម្មនេះ មិនថាជននោះជាខ្មែរ ឬបរទេសឡើយ ហើយត្រូវផ្ដន្ទាទោសជនទាំងនោះជាអតិបរមាតាមការកំណត់នៃច្បាប់ជា ធរមាន។
អ្នកនាំពាក្យក្រសួងមហាផ្ទៃ លោក ខៀវ សុភ័គ មានប្រសាសន៍ថា ថ្វីត្បិតតែកិច្ចការងារនេះឋិតនៅក្នុងទីងងឹតនៅឡើយក្តី ប៉ុន្តែសមត្ថកិច្ចមិនទាន់អស់សង្ឃឹមនោះទេ ដោយនៅខិតខំបន្តទៀតជាមួយស្ថាប័នតុលាការ៖ «ជាឆន្ទៈរួមរបស់ប្រជាជនខ្មែរ ចង់ឃើញអ្នកណានៅពីក្រោយខ្នងឃាតកម្មនេះ។ យើងក៏បានធ្វើកិច្ចការនេះតាំងពីដើមទីរហូតមក ហើយយើងក៏ចាប់បានជនល្មើស ជនដៃដល់ហើយ តែអ្វីដែលយើងរកនោះ គឺជនដៃដល់មិនព្រមប្រាប់អ្វីសោះ។»
កាលពីថ្ងៃទី១៨ ខែកក្កដា អង្គការអន្តរជាតិ «អ្នកកាសែតគ្មានព្រំដែន» បានចេញសេចក្តីប្រកាសព័ត៌មានថា ឃាតកម្មលើលោក កែម ឡី ធ្វើឲ្យអង្គការនេះព្រួយបារម្ភចំពោះប្រព័ន្ធផ្សព្វផ្សាយ ដែលអាចរងការវាយប្រហារជាបន្តបន្ទាប់។ អង្គការអ្នកកាសែតគ្មានព្រំដែន ស្នើឲ្យរដ្ឋាភិបាលកម្ពុជា បញ្ឈប់ការបំភិតបំភ័យលើប្រព័ន្ធផ្សព្វផ្សាយ និងការរំលោភលើសេរីភាពផ្នែកសារព័ត៌មាន។
បញ្ញវន្ត និងជាអ្នកស្រាវជ្រាវលោក ប៉ា ច័ន្ទរឿន មានប្រសាសន៍ថា ប្រសិនបើរដ្ឋាភិបាលពិតជាមានសុឆន្ទៈក្នុងការស្រាវជ្រាវករណីឃាតកម្ម លើលោកបណ្ឌិត កែម ឡី នោះ លោកគិតថា មានសាក្សីជាច្រើននាក់ និងខ្សែវីដេអូដែលថតដោយកាមេរ៉ាសុវត្ថិភាពរបស់ស្ដារម៉ាត (Star Mart) គឺជាភស្តុតាងដ៏សំខាន់ដែលអាចឲ្យរដ្ឋាភិបាលស្វែងរកឃាតកពិត និងអ្នកនៅពីក្រោយខ្នង។
លោកបណ្ឌិត កែម ឡី ត្រូវបានខ្មាន់កាំភ្លើងបាញ់ស្លាប់នៅនឹងកន្លែងក្នុងស្ថានីយប្រេង ឥន្ធនៈកាល់តិច (Caltex) ក្នុងក្រុងភ្នំពេញ កាលពីថ្ងៃទី១០ ខែកក្កដា កន្លងទៅ ក្រោយពីលោកបានធ្វើបទសម្ភាសន៍ និងបញ្ចេញមតិតាមសារព័ត៌មាននានាអំពីរបាយការណ៍មួយរបស់អង្គការ ឃ្លាំមើលពិភពលោក (Global Witness) ដែលនិយាយពីការកាន់កាប់ជំនួញដោយគ្រួសារលោកនាយករដ្ឋមន្ត្រី ហ៊ុន សែន៕

No comments:
Post a Comment