Paris Peace Accords 23 Oct. 1991

Sunday, July 31, 2016

ភស្តុតាង​ ថ្មី​ បង្ហាញ​បុរស​ ជិះ​ម៉ូតូ​ ស្លាក​លេខ ​ប៉ូលិស​ ជាប់​ពាក់ព័ន្ធ​ ជន​សង្ស័យ​ សម្លាប់​បណ្ឌិត កែម ឡី | New evidence shows man riding motor with police plate with suspect of killing Dr. Kem Ley

អឿត អាង ឬ ជួប សម្លាប់ ២០១៦ ៨៥៥
ជន​សង្ស័យ​សម្លាប់​បណ្ឌិត កែម ឡី ឈ្មោះ ជួប សម្លាប់ ដែល​ត្រូវ​គេ​ស្គាល់​ឈ្មោះ​ថា អឿត អាង ព្យាយាម​ឡើង​ជិះ​លើ​ម៉ូតូ​ពាក់​ស្លាក​លេខ​ប៉ូលិស ត្រូវ​បាន​បង្ហាញ​ក្នុង​វីដេអូ​ឃ្លីប​នៅ​ថ្ងៃ​ទី​៣០ ខែ​កក្កដា ឆ្នាំ​២០១៦។ Screenshot 

ភស្តុតាង​ ថ្មី​ បង្ហាញ​បុរស​ ជិះ​ម៉ូតូ​ ស្លាក​លេខ ​ប៉ូលិស​ ជាប់​ពាក់ព័ន្ធ​ ជន​សង្ស័យ​ សម្លាប់​បណ្ឌិត កែម ឡី

RFA / វិទ្យុ អាស៊ី សេរី | ៣១ កក្កដា ២០១៦






នៅខណៈ ​សមត្ថកិច្ច​ ក្រុង​ភ្នំពេញ​ អះអាង​ ថា ពុំ​ មាន​តម្រុយ ​អ្វី​ថ្មី​ ក្នុង​សំណុំ​រឿង​ ឃាតកម្ម​ គិត​ទុក ​ជា​មុន​ លើ​ករណី​ បណ្ឌិត កែម ឡី ស្រាប់​តែ​ មាន​វីដេអូ​ ថ្មី​មួយ ​ត្រូវ​ បាន​បែក​ធ្លាយ​ ជា​សាធារណៈ។  មន្ត្រី​ ក្រសួង​ មហាផ្ទៃ ឆ្លើយ​តប​ ថា, នេះ​ ជា​ពន្លឺ​មួយ ​បន្ថែម​ ដែល​អាច​ ជួយ​ដល់​ ការ​ស្រាវជ្រាវ​ របស់​ សមត្ថកិច្ច​ ដែល​កំពុង​ មាន​ភាព​ស្មុគស្មាញ។
វីដេអូ ​ថ្មី​ ស្រឡាង​ ដែល​ទើប​ ត្រូវ​ គេ​ ផុស​នៅ​ក្នុង​បណ្ដាញ​ សង្គម នៅថ្ងៃ​សៅរ៍ ទី​៣០ កក្កដា បាន​បង្ហាញ ​ពី​ចំណុច​ មន្ទិល​សង្ស័យ ​មួយ​ចំនួន ​ក្នុង​អំពើ​ ឃាតកម្ម​ បាញ់​ប្រហារ​ លើ​លោក​បណ្ឌិត កែម ឡី កាល​ពី​ថ្ងៃ ​ទី​១០ កក្កដា កន្លង​ទៅ​នេះ។
វីដេអូ​ ដែល​មាន ​រយៈពេល​ ជាង ២​នាទី បាន​បង្ហាញ​ យ៉ាង​ច្បាស់​ ដែល​ត្រូវ​ គេ​ បង្ហោះ​ នៅ​ក្នុង​បណ្ដាញ​សង្គម​ ហ្វេសប៊ុក (Facebook) គឺ ​ឃើញ​សកម្មភាព ​ជន​សង្ស័យ​ព្យាយាម ​រត់​តាម​ដង​ផ្លូវ​ សុធារស ឆ្ពោះ​ទៅ​ត្រង់​ ផ្សារ​អ៊ីអន (Aeon) ក្រុងភ្នំពេញ​។​
ឃ្លីប ​វីដេអូ​ បង្ហាញ​ នូវ​សកម្មភាព ​រត់​ក្នុង​ល្បឿន​មធ្យម ​របស់​ជន​សង្ស័យ ដែល​មាន​ ភិនភាគ ​ដូច​ឈ្មោះ អឿត អាង, រំពេច​នោះ ​ស្រាប់​តែ​ មាន​ម៉ូតូ​ធំ​ មួយ​គ្រឿង​ ដែល​មាន ​អ្នក​បើក​ ពាក់​អាវ​ ស ពាក់​មួក​ សុវត្ថិភាព, ហើយ​ ម៉ូតូ​នោះ​ ពណ៌​ខៀវ​ មាន​ពាក់​ស្លាក​អក្សរ​ ជា​ភាសា​ អង់គ្លេស​ នៅ​ចំហៀង​ ថា Police (ប៉ូលិស) ផង។  ក្នុង​រូប​វីដេអូ ​នោះ ​គេ ​ឃើញ​ម៉ូតូ​ បង្អង់​ល្បឿន ​ក្បែរ​ជន​សង្ស័យ, ហើយ​ ហាក់​ដូចជា​បាន​ និយាយ​ សាសង​គ្នា​ ជាមួយ​ ជន​សង្ស័យ​ បាន​មួយ​ភ្លែត។
បន្ទាប់​មក​ ឃើញ​ជន​សង្ស័យ ​ព្យាយាម​ ឡើង​ជិះ​លើ​ម៉ូតូ, ប៉ុន្តែ​ គេ​ មិន​ដឹង​មូលហេតុ​អ្វី ទើប​ ជន​សង្ស័យ​នេះ ​ឡើង​ជិះ ហើយ​ចុះ​រត់​វិញ, ហើយ ​រត់​បន្ត​ ទៅ​មុខ​ទៀត។  នៅ​នា ទី​ចុង​ក្រោយ ជន​សង្ស័យ ​ដែល​មាន ​ភិនភាគ​ ដូច​ឈ្មោះ ជួប សម្លាប់ ត្រូវ​ សមត្ថកិច្ច​ ចាប់​ខ្លួន​បាន ​ក្បែរ​ស្ថានទូត ​រុស្ស៊ី។  ប៉ុន្តែ ​ទីបំផុត ម៉ូតូ​ ដែល​គេ​ សង្កេត​ឃើញ​ ព្យាយាម ​ឌុប​នោះ បាន​មក​ដឹក​ ជន​សង្ស័យ​វិញ ក្រោយ​ពេល ​សមត្ថកិច្ច​ ចាប់​ខ្លួន​បាន។
ជុំវិញ ​សំណុំ​រឿង​ដ៏​រសើប​មួយ​នេះ សមត្ថកិច្ច​តែង​អះអាង​ថា​ពុំ​មាន​តម្រុយ​ណា​មួយ​ថ្មី ក្រៅ​ពី​ជន​ត្រូវ​ចោទ​ឈ្មោះ អឿត អាង ហៅ ជួប សម្លាប់ នេះ​ឡើយ។
ទាក់ទិន ​ករណី​នេះ លោក ខៀវ សុភ័គ អះអាង​ថា វា​ជា​រឿង​ល្អ​ដែល​មាន​តម្រុយ​ថ្មី និង​ជា​ការ​បើក​ផ្លូវ​បន្ថែម​ទៀត​ដល់​សមត្ថកិច្ច​ក្នុង​ការ​ស្វែងរក​ ភស្តុតាង ក្នុង​សំណុំ​រឿង​ឧក្រិដ្ឋ​មួយ​នេះ។ លោក​បន្ត​ថា មាន​តែ​កិច្ចការ​សហការ​ពី​ពលរដ្ឋ​ទេ ទើប​អាច​ជំរុញ​ឲ្យ​សមត្ថកិច្ច​ធ្វើ​ការ​បាន​លឿន។ លោក​បន្ត​ថា «ពាក់ព័ន្ធ ​នឹង​ឃាតក​នេះ បើ​អ្នក​បាន​ឃើញ​អាច​ផ្តល់​ព័ត៌មាន​បាន។ និយាយ​រួម បើ​មិន​មាន​ការ​ចូលរួម​ឧបត្ថម្ភ​ពី​មហាជន​ទេ វា​មិន​ភ្លឺ។ អ៊ីចឹង​ទេ ពាក់ព័ន្ធ​នឹង​សាក្សី ភស្តុតាង អ្នក​ឃើញ​ផ្ទាល់​ភ្នែក បើ​មាន​អី គឺ​អាច​ជួយ​បាន​ហើយ»
លោក អំ សំអាត មន្ត្រី​ជាន់​ខ្ពស់​អង្គការ​លីកាដូ (LICADHO) យល់ ​ឃើញ​ថា វា​គួរ​ឲ្យ​ហួស​ចិត្ត​ដែល​ការ​ស្រាវជ្រាវ​ក្នុង​ការ​បាញ់​ប្រហារ ស្ទើរ​មាន​អ្វី​ទាំងអស់​អាច​បង្ហាញ​មុខ​ជន​សង្ស័យ​បាន តែ​បែរ​ទៅ​ជា​ស្មុគស្មាញ​ទៅ​វិញ។ លោក​មើល​ឃើញ​ថា វីដេអូ​ដែល​បាន​បែក​ធ្លាយ​នេះ វា​ពិត​ណាស់​ប្រាកដ​ជា​មាន​ជាប់​ពាក់ព័ន្ធ​ជាមួយ​ជន​ត្រូវ​ចោទ​នេះ។ លោក​បន្ត​ថា «ខ្ញុំ ​គិត​ថា​ការ​ធ្វើ​របៀប​នេះ វា​អាច​មាន​ជាប់​ពាក់ព័ន្ធ។ អ៊ីចឹង​បាន​ជា​យើង​សូម​ឲ្យ​សមត្ថកិច្ច​លោក​ធ្វើ​ការ​ស៊ើប​អង្កេត និង​ស្រាវជ្រាវ​ដោយ​តម្លាភាព និង​យុត្តិធម៌។ បើ​យើង​មើល​ទៅ​លើ​ទង្វើ​ការ​រត់​របស់​បុរស​ដែល​បាន​ចាប់​ខ្លួន ហាក់​បី​ដូចជា​មិន​មាន​ការ​តក់ស្លុត និង​ភ័យ​ខ្លាច​អ្វី​ទាំងអស់»
ស្ថាប័ន ​អន្តរជាតិ​ធំៗ និង​អង្គទូត ទាមទារ​ឲ្យ​សមត្ថកិច្ច និង​រដ្ឋាភិបាល ត្រូវ​ស្រាវជ្រាវ​ក្នុង​សំណុំ​រឿង​ឧក្រិដ្ឋ​មួយ​នេះ​ដោយ​ឯករាជ្យ និង​ជឿ​ទុក​ចិត្ត​បាន។ គិត​មក​ដល់​ពេល​នេះ មាន​រយៈពេល​ប្រមាណ ២០​ថ្ងៃ​ហើយ ពន្លឺ​ថ្មី​នៃ​ការ​ស៊ើប​អង្កេត​ណា​មួយ​ពី​សមត្ថកិច្ច នៅ​ពុំ​ទាន់​មាន​នៅ​ឡើយ​ទេ៕



No comments:

Post a Comment