បក្សប្រឆាំង ថា នឹងពិចារណា មិនធ្វើ រឿងព្រំដែន ដូចមុន ជាថ្នូរ នឹងការចរចា នយោបាយ
ការបង្ហាញ ជំហរ ទន់ភ្លន់ ដើម្បី ទទួលបាន ការចរចា របស់ គណបក្ស សង្គ្រោះជាតិ នៅពេលនេះ ត្រូវ អ្នកនាំពាក្យ គណបក្ស ប្រជាជនកម្ពុជា លោក សុខ ឥសាន ច្រានចោល។ លោក សុខ ឥសាន ថា, ព្រោះតែ គណបក្សនេះ ទាល់ច្រក រកផ្លូវដើរ មិនបាន ប៉ុណ្ណោះ។
ប៉ុន្តែ អ្នកសិក្សា ការអភិវឌ្ឍសង្គម លោក កែម ឡី យល់ថា ការប្រកាសរបស់គណបក្សសង្គ្រោះជាតិ ជាការសម្ងំយកសុខតែខ្លួនឯង មិនខ្វល់ពីទុក្ខលំបាករបស់ពលរដ្ឋ។
ប្រតិកម្មបែបនេះរបស់មន្ត្រីបក្សកាន់អំណាច បន្ទាប់ពីប្រធានក្រុមតំណាងរាស្ត្រគណបក្សសង្គ្រោះជាតិ លោក សុន ឆ័យ ថ្លែងប្រាប់ក្រុមអ្នកគាំទ្ររបស់ខ្លួនប្រមាណ ២០០នាក់នៅទីស្នាក់ការកណ្ដាលថា ប្រសិនបើគណបក្សប្រជាជនកម្ពុជា ស្នើមកគណបក្សសង្គ្រោះជាតិ មិនឲ្យធ្វើការងាររឿងព្រំដែន ឬក៏ចុះព្រំដែនដូចមុន គណបក្សសង្គ្រោះជាតិ នឹងពិចារណាលើសំណើនេះ។ លោកយល់ថា បញ្ហាព្រំដែនអាចធ្វើឲ្យជោគជ័យទៅបាន លុះតែមានការឯកភាពគ្នារវាងគណបក្សទាំងពីរ។
ការប្រកាសផ្លាស់ប្ដូររឿងត្រួតពិនិត្យបញ្ហាព្រំដែនរបស់ ក្រុមតំណាងរាស្ត្រគណបក្សសង្គ្រោះជាតិ បែបនេះ ខណៈប្រមុខគណបក្សសង្គ្រោះជាតិ បរាជ័យក្នុងការចរចាជាមួយលោក ស ខេង តាមទូរស័ព្ទកាលពីប៉ុន្មានថ្ងៃនេះ ដែលគណបក្សសង្គ្រោះជាតិ ទើបថ្លែងឲ្យដឹងនៅថ្ងៃទី៤ ខែកក្កដា។
ចំណែកអ្នកសិក្សាការអភិវឌ្ឍសង្គម លោក កែម ឡី មិនយល់ស្របនឹងការប្រកាសជំហររឿងព្រំដែនរបស់គណបក្សប្រឆាំងដូចនេះ ទេ។ លោកថា រឿងព្រំដែនមិនមែនជារឿងនយោបាយទេ ប៉ុន្តែជាបញ្ហារបស់ជាតិ ជាបញ្ហារបស់ពលរដ្ឋនៅព្រំដែនជួបការលំបាក ដែលរដ្ឋាភិបាលបានដឹង ប៉ុន្តែធ្វើមិនដឹង។ ដូច្នេះ បើបក្សប្រឆាំងជាអ្នកឃ្លាំមើលធ្វើដូចរដ្ឋាភិបាលដែរនោះ គឺជារឿងមិនត្រឹមត្រូវ។
លោក កែម ឡី ថាការចុះព្រំដែនរបស់តំណាងរាស្ត្រគណបក្សសង្គ្រោះជាតិ កន្លងមកជារឿងត្រឹមត្រូវ។ លោកថាការចុះព្រំដែនរបស់តំណាងរាស្ត្រ លោក អ៊ុំ សំអាន និងលោក រៀល ខេមរិន្ទ្រ ដែលអំពើហិង្សាមិនមែនតំណាងរាស្ត្របក្សជាអ្នកបង្កទេ។
ដោយឡែកអ្នកនាំពាក្យគណបក្សប្រជាជនកម្ពុជា លោក សុខ ឥសាន ប្រាប់ទៅគណបក្សសង្គ្រោះជាតិ កុំយកបញ្ហាព្រំដែនទាញគណបក្សប្រជាជនកម្ពុជា ធ្វើខុសច្បាប់ ដោយលោកបញ្ជាក់ថា ការចរចា គឺជាការទាមទារដោះលែងជនល្មើសច្បាប់ដែលត្រូវបានចាប់ខ្លួនកន្លង មក រួមមានលោក អ៊ុំ សំអាន និងលោក ហុង សុខហួរ ជាដើមនោះ។
លោក សុខ ឥសាន ថ្លែងឌឺដងទៅគណបក្សប្រឆាំងថា រឿងព្រំដែនទោះចង់មិនចង់ ក៏គណបក្សសង្គ្រោះជាតិ មិនអាចអ្វីលើសសព្វថ្ងៃនេះបានទេ។ ទាក់ទងរឿងព្រំដែន តំណាងរាស្ត្រគណបក្សសង្គ្រោះជាតិ លោក អ៊ុំ សំអាន សមាជិកព្រឹទ្ធសភាមកពីគណបក្ស សម រង្ស៊ី លោក ហុង សុខហួរ ដែលលូកជ្រៅរឿងព្រំដែន កំពុងជាប់ឃុំនៅពន្ធនាគារទាំងកំពុងមានអភ័យឯកសិទ្ធិ។
លោក កែម ឡី ថាការធ្វើសកម្មភាពរឿងព្រំដែន និងការចុះព្រំដែនរបស់គណបក្សសង្គ្រោះជាតិ ជាកិច្ចការរបស់បក្សត្រូវធ្វើក្នុងនាមជាអ្នកតាមដានការងាររបស់ រដ្ឋាភិបាល។ លោករិះគន់ថា ប្រសិនបើបក្សប្ដូរសកម្មភាពរបស់ខ្លួន គណបក្សនេះគួរប្ដូរពីគណបក្សប្រឆាំងមកគណបក្សរណបវិញទៅ។
កន្លងមក គណបក្សសង្គ្រោះជាតិ តែងបង្ហាញការគិតគូររឿងព្រំដែនខ្លាំងក្លា បើធៀបទៅនឹងគណបក្សផ្សេងទៀត។ កាលពីឆ្នាំ២០០៩ លោក សម រង្ស៊ី បានដកតម្រុយព្រំដែនកម្ពុជា-វៀតណាម ចោល។ ក្រោយមកទៀត ឆ្នាំ២០១៥ តំណាងរាស្ត្រគណបក្សសង្គ្រោះជាតិ គឺលោក អ៊ុំ សំអាន និងលោក រៀល ខេមរិន្ទ្រ បានដឹកនាំក្រុមយុវជន និងព្រះសង្ឃទៅពិនិត្យព្រំដែនកម្ពុជា-វៀតណាម នៅខេត្តស្វាយរៀង រហូតមានផ្ទុះហិង្សារវាងពលរដ្ឋខ្មែរ និងពលរដ្ឋវៀតណាម៕
No comments:
Post a Comment