Click on image to watch VOA video re border clash with Vietnamese soldiers in Svay Reing, June / July 2015
លោកបាន គីមូន (Ban Ki-moon) អគ្គលេខាធិការអង្គការសហប្រជាជាតិ |
លោក អគ្គលេខាធិការ អ.ស.ប. តាមដាន វិវាទព្រំដែន កម្ពុជា-វៀតណាម
VOA / វីអូអេ | ៤ កក្កដា ២០១៥
វ៉ាស៊ីនតោន — លោក អគ្គលេខាធិការ អ.ស.ប. Ban Ki-moon បានតាមដាន បញ្ហាវិវាទ ព្រំដែន រវាង កម្ពុជា និងវៀតណាម ដែលបង្ក ឲ្យមាន អំពើហិង្សា និងបង្ករបួស ដល់ភាគី ទាំងសងខាង ជាង១០នាក់ កាលពីសប្តាហ៍ កន្លងទៅ។
កម្ពុជា បានយល់ព្រម បង្កើត ក្រុមការងារ ចម្រុះមួយ ដើម្បី ពិនិត្យនិងបំភ្លឺ លើករណី ប៉ះទង្គិចគ្នា រវាង ពលរដ្ឋ សកម្មជន ព្រំដែន ដែលដឹកនាំ ដោយគណបក្ស សង្គ្រោះជាតិ ជាមួយ នឹងឆ្មាំ ព្រំដែន និងកសិករ វៀតណាម ដែលបណ្តាល ឲ្យភាគី ទាំងពីរ រងរបួស រហូត ដល់ជាង ១០នាក់, រួមទាំង អ្នកតំណាងរាស្ត្ រៀល ខេមរិន្រ្ទ តំណាង រាស្ត្រ នៃគណបក្ស សង្គ្រោះជាតិ ផងដែរ។
អ្នកនាំពាក្យ របស់ អ.ស.ប. ម្នាក់ គឺ លោកស្រី Eri Kaneko បានប្រាប់ វីអូអេ ខេមរ ភាសា អំពី ការយកចិត្ត ទុកដាក់ របស់លោក អគ្គលេខាធិការ អ.ស.ប. ទៅលើបញ្ហា វិវាទព្រំដែន។ អ្នកស្រី និយាយ ថា៖
«លោក អគ្គលេខាធិការ អ.ស.ប. បានតាមដាន ការវិវត្តនានា ចំពោះ បញ្ហាព្រំដែន កម្ពុជា និងវៀតណាម, ហើយ សម្តែង ការស្វាគមន៍ ឲ្យមាន កិច្ចព្រមព្រៀង នៃប្រទេស ទាំងពីរ ក្នុងការបង្កើត ក្រុមការងារ ចម្រុះ ដើម្បី ពិនិត្យមើល និងបញ្ជាក់ ឲ្យច្បាស់ ពីបញ្ហា ដែលបាន កើតឡើង។»
ភាគីទាំងពីរ នៃគណៈកម្មការ ព្រំដែន ចម្រុះ វៀតណាម និងកម្ពុជានឹងជួបប្រជុំគ្នា ក្នុងទីក្រុង សៀមរាប ពីថ្ងៃទី៦ដល់ថ្ងៃទី៩ខែកក្កដាខាងមុខដើម្បី ដោះស្រាយវិវាទព្រំដែនដែលអូសបន្លាយរាប់ទសវត្សរ៍មកហើយនោះ។
តំណាងរាស្ត្រគណបក្សង្គ្រោះជាតិគឺលោក អ៊ុំ សំអានបានដាក់ពាក្យស្នើសុំជាផ្លូវ ការទៅកាន់លោកនាយករដ្ឋមន្ត្រីហ៊ុន សែនដើម្បីប្តឹងវៀតណាមទៅតុលាការ យុត្តិធម៌អន្តរជាតិ ICJ របស់អ.ស.ប. ក្នុងក្រុងឡាអេពីការរំលោភចូលទឹកដីកម្ពុជា។
លោកថ្លែងដូចនេះប្រាប់លោកហ៊ុន សែនក្នុងលិខិតរបស់លោកដែលវីអូអេទទួលបាននៅថ្ងៃនេះ ដោយលោកសរសេរយោងថា មានការរំលោភរបស់វៀតណាមមកលើទឹកដីកម្ពុជាតាមព្រំដែន ដោយវៀតណាមបានសាងសង់ប៉ុស្តិ៍យោធានៅភូមិព្រែកស្បូវ ឃុំសំពៅលូន ស្រុកកោះធំ ខេត្តកណ្តាល ហើយនឹងការជីកស្រះទឹក៨កន្លែងនៅក្នុងភូមិឡំ ឃុំប៉ក់ញ៉ៃ ស្រុកអូយ៉ាដាវ ខេត្តរតនគីរី ដោយមិនព្រមឆ្លើយតបនឹងការផ្ញើរកំណត់ទូតរបស់កម្ពុជា ឬមិនបានលុបស្រះនោះទេ។
គ្មានការឆ្លើយតបពីលោកនាយករដ្ឋមន្ត្រីហ៊ុន សែនយ៉ាងណាទេចំពោះការប្តឹងទៅតុលាការយុត្តិធម៌អន្តរជាតិអំពីបញ្ហា ព្រំដែនដែលអ្នកនយោបាយអាចកេងយកចំណេញប្រជាប្រិយភាពបានរៀងៗខ្លួន នោះ។ តែលោកវ៉ា គីមហុងបានអះអាងថា ភាគីទាំងពីរកំពុងបន្តដោះស្រាយ។ លោកចោទសួរថា តើកម្ពុជាយកអ្វីទៅតុលាការអន្តរជាតិរបស់អ.ស.ប. ដែលតម្រូវមាន លក្ខខណ្ឌច្រើននោះ។
លោកសាស្ត្រាចារ្យ ច្បាប់ អាមេរិកាំង Peter Maguire ដែលឃ្លាំមើល ស្ថានការណ៍ កម្ពុជា និងក្នុងតំបន់ បានថ្លែង ថា, លោក មិន សូវមាន ជំនឿ ថា អ.ស.ប. អាចបញ្ចុះបញ្ចូល ឲ្យមាន ដំណោះស្រាយ បានទេ។
«រឿងនេះ មិនមែន ជារឿង ងាយស្រួល ទេ។ ការមិនទុកចិត្តគ្នា រវាង កម្ពុជា និងវៀតណាម បានចាក់ឫស យ៉ាងម៉ាំ ហើយ។»
លោក សុខ ទូច សាកលវិទ្យាធិការនៃសាកលវិទ្យាល័យខេមរៈនិងជាអ្នកវិភាគម្នាក់បាន ថ្លែងថា បញ្ហាកម្ពុជាគាំទ្រចិនក្នុងជម្លោះតំបន់សមុទ្រចិនខាងត្បូងអាច ជារឿងសំខាន់នៃវិវាទព្រំប្រទល់ដែននេះ។
«ចុះពីមុនម៉េចក៏មិនធ្វើត្រង់សេ ពីមុនម៉េចក៏មិនជីកស្រះ ហើយទើបតែមកជីក ឥឡូវ ហើយមកធ្វើត្រង់សេឥឡូវ ហើយមកធ្វើផ្លូវបន្តទៀតអញ្ចឹង គឺដោយសារ តែវៀតណាមបានដាក់សម្ពាធមកលើកម្ពុជា ហើយដើម្បីឲ្យគណបក្សប្រឆាំងចូលមកដើម្បីដាក់នយោបាយមួយ គាបសង្កត់រដ្ឋាភិបាល ឲ្យរដ្ឋាភិបាលកម្ពុជា កុំមានភាពស្និទ្ធស្នាលជាមួយចិនពេកគឺថា សេចក្តីសុខមិនមែនធ្វើតែជាមួយចិនទេ ត្រូវធ្វើទាំងសងខាង។»
លោកសុខ ទូចបានទទូចមិនឲ្យអ្នកនយោបាយកម្ពុជាយករឿងព្រំដែនដើម្បីកេងចំណេញ នយោបាយ ហើយធ្វើឲ្យប៉ះពាល់ដល់សន្តិសុខ និងប្រយោជន៍ជាតិ។
ដោយឡែកលោកអ៊ូ វីរៈ ប្រធានអង្គការវិភាគ និងស្រាវជ្រាវគោលនយោបាយមួយឈ្មោះ Future Forum បាននិយាយថា សម្ពាធក្នុងតំបន់ និងបញ្ហាព្រំដែននេះបានធ្វើឲ្យគណបក្សប្រជាជនកម្ពុជាស្តាប់តាមការ ចង់បានរបស់មនុស្សជំនាន់ក្រោយ ដែលងាយនឹងឆាបឆេះកំហឹងអំពីបញ្ហាព្រំដែននេះ។
«យើង មើលទៅ មានកត្តា ពីរ ដែលធ្វើ ឲ្យរដ្ឋាភិបាល គាត់ ចាប់ផ្តើម ប្រតិកម្ម ឬមួយ យកចិត្ត ទុកដាក់ ជាមួយ នឹងរឿង ទាក់ទងនឹងប្រទេស វៀតណាម។ ទី១ គឺ ដោយសារ ប្រទេស កម្ពុជា ចាប់ផ្តើម បានផល ប្រយោជន៍ ពីប្រទេស ចិន ច្រើន។ ដោយបាន ផល ប្រយោជន៍ហ្នឹង ធ្វើឲ្យ ប្រទេស កម្ពុជា ហាក់ដូច ជាងាកចេញ ពីវៀតណាម បន្តិចទៅ, គាំទ្រ ចិនវិញ។ ហើយ គោលជំហរ របស់ កម្ពុជា រឿងសមុទ្រ ចិន ខាងត្បូង ធ្វើឲ្យ ចិន សប្បាយចិត្ត, តែ ធ្វើឲ្យ វៀតណាម ខឹងសម្បារ ខឹងខ្លាំង មែនទែន ក្នុងនយោបាយ ជម្លោះ តំបន់ហ្នឹង។ ទី២ គណបក្ស កាន់អំណាច ចាប់ផ្តើម ស្វែងយល់, ហើយ ចាប់ផ្តើម យកចិត្តទុកដាក់ ជាមួយ នឹងប្រតិកម្ម របស់ យុវជន នៅក្នុងស្រុក ទាក់ទង នឹងរឿង ព្រំដែន។»
លោកអ៊ូ វីរៈក៏បានកត់សម្គាល់ពីប្រតិកម្មរបស់រដ្ឋាភិបាលគណបក្សប្រជាជន កម្ពុជាដែរគឺការចាប់ខ្លួនជនអន្តោប្រវេសន៍វៀតណាមខុសច្បាប់និងចាប់ ផ្តើមតវ៉ារឿងព្រំដែនជាសាធារណៈដើម្បីបង្ហាញពីការយកចិត្តទុកដាក់ រឿងព្រំដែន។
ទោះជាយ៉ាងណាក៏ដោយ លោករៀល ខេមរិន្ទ្រ តំណាងរាស្ត្រមណ្ឌលស្វាយរៀងបានថ្លែងថា ពលរដ្ឋកម្ពុជាត្រូវការពារទឹកដីរបស់ខ្លួន ពេលមានការរំលោភបំពាន។ លោកគឺជាជនរងគ្រោះម្នាក់ក្នុងមានការប៉ះទង្គិចគ្នាដោយអំពើហិង្សា កាលពីចុងសប្តាហ៍កន្លងទៅ នៅពេលលោកដឹកនាំពលរដ្ឋទៅកាន់តំបន់ព្រំដែនតាមពាក្យបណ្តឹងពលរដ្ឋ នោះ។ លោកបានធ្វើប្រតិកម្មទៅនឹងមន្ត្រីក្រសួងការបរទេសវៀតណាម ដែលចាត់ទុកថា ពលរដ្ឋកម្ពុជាជាអ្នកបង្កបញ្ហានៅព្រំដែន ពេលប្រទេសទាំងពីរកំពុងដំណើរការបោះបង្គោលព្រំដែន។
«ចំពោះ ស្ថានការណ៍ ព្រំដែន, ឥឡូវនេះ គឺ មានភាព តានតឹង, ពុំ មែនមក ពីប្រជាពលរដ្ឋ ខ្មែរ ដែលជាតិនិយម ទៅបង្ក បញ្ហានោះទេ, គឺ ដោយសារតែ ការឈ្លានពាន ដ៏ងងើល របស់ ជនជាតិ វៀតណាម មកលើប្រទេសខ្មែរ។ ប៉ុន្តែ ប្រជាពលរដ្ឋ ខ្មែរ, លោក មានការបារម្ភ ភ័យព្រួយ គិតខ្លាច បាត់បង់ ទឹកដី របស់ខ្លួន, ម្ល៉ោះហើយ វា ជាកាតព្វកិច្ច របស់ ប្រជាជាតិ និមួយៗ, មិនមែន ថា តែ ខ្មែរទេ។ សូម្បីតែ ប្រជាជាតិ វៀតណាមហ្នឹង, ប្រសិនបើ មានអ្នកណា គេ ទៅបំពារបំពាននោះ ក៏មាន ការរើបម្រះ ឬក៏មាន ការតវ៉ា ឬក៏ត្រូវ ការពារ អញ្ចឹងដែរ។»
លោកថ្លែងថា វៀតណាមមិនអាចបន្ទោសលើចលនាជាតិនិយម និងការស្រឡាញ់ទឹកដីរបស់ពលរដ្ឋខ្មែរបានទេ នោះគឺដោយសារវៀតណាមមិនបានឆ្លើយតបនឹងកំណត់ទូតរបស់កម្ពុជា និងមិនបញ្ជាក់ឲ្យច្បាស់ចំពោះបញ្ហាព្រំដែន។
ការកម្រើករឿងទឹកដីហើយនឹងកំសួលជាតិនិយមចុងក្រោយគឺការប្រឆាំង របស់ប្រទេសកម្ពុជាលើការរំលោភបំពានរបស់ថៃរឿងប្រាសាទព្រះវិហារ។ វិវាទព្រំដែនរាប់ទសវត្សរ៍នេះបានធ្វើឲ្យមានភាពតានតឹងតាំងពីខែ តុលាឆ្នាំ២០០៨ ហើយបានបង្កឲ្យមានការវាយប្រយុទ្ធគ្នា មានស្លាប់ និងរបួសទាំងសងខាងផងដែរ។ តែនៅទីបំផុត តុលាការយុត្តិធម៌អន្តរជាតិ កាលពីខែវិច្ឆិកាឆ្នាំ២០១៣ បានបកសា្រយសាលក្រមតុលាការយុត្តិធម៌អន្តរជាតិ ដែលសម្តេចឪប្តឹងឈ្នះថៃ កាលពីឆ្នាំ១៩៦២នោះ ហើយបានឲ្យថៃដកថយពីការទាមទារដីក្បែរបរិវេណប្រាសាទនោះ៕
No comments:
Post a Comment