![]() |
| លោក ហេង សំរិន ប្រធានរដ្ឋសភា ថ្លែងក្នុងសិក្ខាសាលាស្ដីពីសេចក្ដីព្រាងច្បាប់សហជីព នាវិមានរដ្ឋសភា នៅថ្ងៃទី៩ ខែមីនា ឆ្នាំ២០១៦។ RFA/Brach Chev |
ទំនាក់ទំនង កម្ពុជា, ចិន រឹតតែ ជិតស្និទ្ធ ក្រោយដំណើរ ទស្សនកិច្ច របស់លោក ហេង សំរិន
RFA / វិទ្យុ អាស៊ី សេរី | ២៩ កក្កដា ២០១៦
ប្រធាន រដ្ឋសភា លោក ហេង សំរិន បានបញ្ចប់ ទស្សនកិច្ច រយៈពេល ៥ថ្ងៃ ទៅកាន់ ប្រទេសចិន ហើយ នៅថ្ងៃ ទី២៩ ខែកក្កដា។ ភ្លាមៗ នោះដែរ រដ្ឋសភា កម្ពុជា បានចេញ សេចក្ដីប្រកាស ព័ត៌មាន ដែលបង្ហាញ ថា, ទំនាក់ទំនង កម្ពុជា-ចិន រឹតតែ ជិតស្និទ្ធ មួយកម្រិត ថែមទៀត ក្រោយដំណើរ ទស្សនកិច្ច របស់ ប្រតិភូសភា កម្ពុជា ទៅកាន់ ប្រទេសចិន នៅពេលនេះ។
ដំណើរ ទស្សនកិច្ច របស់ ប្រធាន សភាកម្ពុជា លោក ហេង សំរិន ទៅកាន់ ប្រទេសចិន ធ្វើឡើង តែ ១០ថ្ងៃ ប៉ុណ្ណោះ ក្រោយ ពីប្រទេសចិន បានប្រកាស ផ្ដល់ជំនួយ ដល់កម្ពុជា ចំនួន ៦០០លាន ដុល្លារ អាមេរិក ក្នុងជំនួប រវាង លោកនាយករដ្ឋមន្ត្រី ហ៊ុន សែន ជាមួយ នាយករដ្ឋមន្ត្រីចិន លោក លី ខឹឈាំង (Li Keqiang) ក្នុងប្រទេស ម៉ុងហ្គោលី (Mongolia), ហើយ ក៏ស្របពេល ដែលកម្ពុជា ត្រូវ បានគេ មើលឃើញ ថា កំពុង គាំទ្រចិន យ៉ាងពេញទំហឹង នៅក្នុងជម្លោះ សមុទ្រចិន ខាងត្បូង និងគោល នយោបាយ របស់ចិន មួយចំនួនទៀត។
សេចក្ដីប្រកាសព័ត៌មានរបស់រដ្ឋសភាកម្ពុជា ផ្សព្វផ្សាយក្រោយពេលលោក ហេង សំរិន មកដល់កម្ពុជា នៅថ្ងៃទី២៩ កក្កដា ឲ្យដឹងថា ក្នុងដំណើរទស្សនកិច្ចនេះ ក្រៅពីបញ្ជាក់ជំហរជាថ្មីរបស់កម្ពុជា ក្នុងការទទួលស្គាល់គោលនយោបាយប្រទេសចិន តែមួយ លោក ហេង សំរិន បញ្ជាក់ថា សភាកម្ពុជា គាំទ្រជំហររបស់រដ្ឋាភិបាលកម្ពុជា ដែលប្រកាសថា កម្ពុជាប្រឆាំងចំពោះសេចក្ដីថ្លែងការណ៍ណាមួយរបស់អាស៊ាន ដែលគាំទ្រសាលដីកាតុលាការមជ្ឈត្តកម្មអន្តរជាតិទីក្រុងឡាអេ លើបញ្ហាសមុទ្រចិន ខាងត្បូង ហើយចាត់ទុករឿងសមុទ្រចិន ខាងត្បូង ជាបញ្ហាដែលត្រូវដោះស្រាយរវាងភាគីពាក់ព័ន្ធប៉ុណ្ណោះ។
ចំណែកភាគីចិន វិញក៏បានអរគុណកម្ពុជា ដែលតែងតែប្រកាន់ជំហរគាំទ្រចិន អំពីបញ្ហាសមុទ្រចិន ខាងត្បូង។ ក្រៅពីនេះ ប្រទេសចិន ក៏ប្ដេជ្ញាគោរពបូរណភាព អធិបតេយ្យភាពកម្ពុជា និងបន្តជំរុញឲ្យមានការអភិវឌ្ឍប្រទេសកម្ពុជា ឲ្យបានខ្លាំងក្លា។
ជុំវិញបញ្ហាសមុទ្រចិនខាងត្បូងនេះដែរ រដ្ឋមន្ត្រីការបរទេសកម្ពុជា លោក ប្រាក់ សុខុន នៅថ្ងៃទី២៩ ខែកក្កដា បានធ្វើសន្និសីទកាសែតបញ្ជាក់ជាថ្មីនូវជំហររបស់កម្ពុជា។ លោក ប្រាក់ សុខុន អះអាងថា ប្រទេសនីមួយៗនៅក្នុងសមាគមអាស៊ានប្រកាន់ជំហររៀងៗខ្លួនក្នុងបញ្ហា សមុទ្រចិន ខាងត្បូង ដើម្បីផលប្រយោជន៍ប្រទេសគេរៀងៗខ្លួន។ លោកថា ដោយឡែកកម្ពុជា ក៏មាននយោបាយការទូតដើម្បីការពារផលប្រយោជន៍របស់ខ្លួនដែរ ប៉ុន្តែលោកមិនបានបញ្ជាក់ថា ផលប្រយោជន៍នោះមានអ្វីខ្លះនោះទេ។
លោក ប្រាក់ សុខុន ក៏ច្រានចោលចំពោះការចោទប្រកាន់ដែលថា កម្ពុជាធ្វើឲ្យរាំងស្ទះដល់ការចេញសេចក្ដីប្រកាសរួមរដ្ឋមន្ត្រី ការបរទេសអាស៊ាននៅប្រទេសឡាវ កាលពីពេលថ្មីៗនេះ។ លោកថា ការចោទប្រកាន់នេះ មិនមែនជារឿងត្រឹមត្រូវ និងជារឿងអយុត្តិធម៌សម្រាប់កម្ពុជា។ លោកថា កម្ពុជាមិនបានកាន់ជើងភាគីណាមួយនៅក្នុងជម្លោះនេះឡើយ៖ «រឿងនេះ ជារឿងដែលពាក់ព័ន្ធតែរវាងចិន និងហ្វីលីពីនទេ រឿងអីអាស៊ាន ទាំងមូល ត្រូវពាក់ព័ន្ធនៅក្នុងការទាញយកជម្លោះហ្នឹងមកដាក់ជាប់នឹងក្លៀក របស់ខ្លួននោះ ហើយរឿងអីដែលកម្ពុជា គ្រាន់តែមានបំណងល្អបញ្ចៀសសភាពការណ៍កុំឲ្យដុនដាបថែមទៀតត្រូវគេ បន្ទោសថា ធ្វើឲ្យរាំងស្ទះ។ រាំងស្ទះពីព្រោះគេមានផលប្រយោជន៍របស់គេ អ៊ីចឹងហើយ តែយើងក៏ត្រូវការពារផលប្រយោជន៍របស់ជាតិយើងដែរ ហើយតើកម្ពុជា ទៅចំណេញអីក្នុងការកាន់ជើងអ្នកណាម្នាក់នៅក្នុងជម្លោះនោះ អត់មានចំណេញអីទេ យើងសុំតែអព្យាក្រឹតតើ! សុំអត់កាន់ជើងខាងណាតើ!»។
ទោះជាយ៉ាងណាក៏ដោយ មុនពេលតុលាការមជ្ឈត្តកម្មអន្តរជាតិទីក្រុងឡាអេ ចេញសេចក្ដីសម្រេចទាក់ទងបញ្ហាសមុទ្រចិន ខាងត្បូង នៅថ្ងៃទី១២ កក្កដា លោក ហ៊ុន សែន ប្រកាសជំហរថា កម្ពុជាមិនចូលរួមចេញសេចក្ដីថ្លែងការណ៍រួមណាមួយជាមួយអាស៊ាន គាំទ្រសេចក្ដីសម្រេចរបស់តុលាការឡើយ។ ការប្រកាសរបស់រដ្ឋាភិបាលក្រុងភ្នំពេញ ដូចនេះ ធ្វើឲ្យគេមើលឃើញថា កម្ពុជាហាក់លំអៀងទៅរកចិនក្នុងជម្លោះនេះ ដែលជាហេតុធ្វើឲ្យគេចោទប្រកាន់ជាបន្តបន្ទាប់ថា កម្ពុជាជាអ្នករារាំងមិនអាចឲ្យអាស៊ាន ចេញសេចក្ដីថ្លែងការណ៍រួមរបស់ខ្លួនបានទាក់ទងបញ្ហាសមុទ្រចិន ខាងត្បូង។
សម្រាប់អ្នកវិភាគវិញយល់ឃើញថា កម្ពុជាត្រូវថ្លឹងថ្លែងឲ្យច្បាស់លាស់មុននឹងសម្រេចប្រកាសជំហររបស់ ខ្លួនជុំវិញជម្លោះនេះ ព្រោះវាអាចធ្វើឲ្យកម្ពុជា មានទំនាក់ទំនងមិនល្អជាមួយបណ្ដាប្រទេសផ្សេងទៀតដែលឋិតនៅក្នុង សមាគមអាស៊ាន។ មួយវិញទៀត ការប្រកាសមិនចូលរួមគាំទ្រសាលដីការបស់តុលាការអន្តរជាតិ អាចធ្វើឲ្យកម្ពុជា មានការលំបាកក្នុងការជំរុញឲ្យប្រទេសថៃ គោរពសាលដីការបស់ទីក្រុងឡាអេ ដែលសម្រេចឲ្យកម្ពុជា ឈ្នះក្តីជាថ្មីលើករណីប្រាសាទព្រះវិហារ ហើយដែលកន្លងមកកម្ពុជា ក៏ធ្លាប់ស្នើឲ្យអង្គការសហប្រជាជាតិជំរុញឲ្យភាគីថៃ គោរពសាលដីកាប្រាសាទព្រះវិហារ នេះដែរ៕

No comments:
Post a Comment