អតីតអ្នកកាសែតអាមេរិក អ្នកស្រី អេលីហ្សាប៊ែត បេគឃើរ (Elizabeth
Becker) នៅក្នុងសវនាការសាលាដំបូងនៃសាលាក្ដីខ្មែរក្រហម
ទាក់ទងសំណុំរឿង ០០២ វគ្គ ២ កាលពីថ្ងៃទី១១ កុម្ភៈ ២០១៥។
Photo courtesy of ECCC
|
«អាមេរិក គួរ ឲ្យលោក ហ៊ុន សែន ទទួលខុសត្រូវ ការរំលោភ កិច្ចព្រមព្រៀង សន្តិភាព ទីក្រុងប៉ារីស»
RFA / វិទ្យុ អាស៊ី សេរី | ២៨ កក្កដា ២០១៦
អ្នកស្រាវជ្រាវ អំពី បញ្ហាប្រទេស កម្ពុជា អះអាង ថា, លោក នាយករដ្ឋមន្ត្រី ហ៊ុន សែន បានរំលោភបំពាន កិច្ចព្រមព្រៀង សន្តិភាព ទីក្រុងប៉ារីស, ហើយ ប្រទេស ដែលជាម្ចាស់ ហត្ថលេខី នៃកិច្ចព្រមព្រៀង ត្រូវ នាំគ្នា ទាមទារ ឲ្យលោក ហ៊ុន សែន ទទួលខុសត្រូវ ចំពោះ ការរំលោភបំពាន នេះ។
អតីត អ្នកកាសែត វ៉ាស៊ីនតុន ប៉ុស្តិ៍ (Washington Post) និងជាម្ចាស់ សៀវភៅ ដែលមាន ចំណងជើង ថា «ពេលសង្គ្រាម បញ្ចប់ទៅ» អ្នកស្រី អេលីហ្សាប៊ែត បេគឃើរ (Elizabeth Becker) ថ្លែងថា, រដ្ឋាភិបាល លោក ហ៊ុន សែន បានរំលោភ កិច្ចព្រមព្រៀង សន្តិភាព ទីក្រុងប៉ារីស ដែលយន្តការ អន្តរជាតិ ដ៏ធំមួយ ក្នុងការ តម្រូវ ឲ្យកម្ពុជា គោរព សិទ្ធិមនុស្ស, គោលការណ៍ ប្រជាធិបតេយ្យ, និងសិទ្ធិសេរីភាព ជាមូលដ្ឋាន របស់ ពលរដ្ឋ៖ «តាមរយៈ កិច្ចព្រមព្រៀង សន្តិភាព ទីក្រុងប៉ារីស ឆ្នាំ១៩៩១ គេ គួរស្នើ ឲ្យសហរដ្ឋ អាមេរិក ទាមទារ ឲ្យលោក ហ៊ុន សែន ទទួលខុសត្រូវ ចំពោះ ការរំលោភ កិច្ចព្រមព្រៀង នោះ។ សហរដ្ឋអាមេរិក គឺ ជាតួអង្គ ដ៏ធំមួយ នៅក្នុងសង្គ្រាម ក្នុងឥណ្ឌូចិន, ហើយ ដែលនាំ ឲ្យមាន កិច្ចព្រមព្រៀង នេះឡើង។»
ការថ្លែង របស់ អ្នកស្រី អេលីហ្សាប៊ែត បេគឃើរ ធ្វើឡើង នៅក្នុង កិច្ចពិភាក្សា ពិសេស អំពី ការអនុវត្ត កិច្ចព្រមព្រៀង ទីក្រុងប៉ារីស រយៈពេល ២៥ឆ្នាំ នៅកម្ពុជា។ កិច្ចពិភាក្សានេះ មានពលរដ្ឋ ខ្មែរ-អាមេរិកាំង ជាច្រើន ចូលរួម។
យ៉ាងហោចណាស់ មានប្រទេស ចំនួន ១៨, រួមមាន៖ វៀតណាម, ឡាវ, ថៃ, សហរដ្ឋ អាមេរិក, បារាំង, អូស្ត្រាលី, អង់គ្លេស, កាណាដា, និងប្រទេស ចំនួន ១០ទៀត ចូលរួម ចុះហត្ថលេខា លើកិច្ចព្រមព្រៀង សន្តិភាព ទីក្រុងប៉ារីស កាលពីថ្ងៃ ទី២៣ ខែតុលា ឆ្នាំ១៩៩១។ ក្រុមប្រទេស ទាំងនេះ សន្យាថា នឹងជួយ ជ្រោមជ្រែង ដំណើរការ ប្រជាធិបតេយ្យ នៅកម្ពុជា តាមរយៈ ការបោះឆ្នោត, ការបង្កើត រដ្ឋធម្មនុញ្ញ, ការគោរព អធិបតេយ្យភាព និងបូរណភាពទឹកដី, ការស្ដារ សេដ្ឋកិច្ច, ជំនួយ ផ្នែកនយោបាយ, ការគោរព សិទ្ធិមនុស្ស, និងបញ្ហា ជាច្រើនទៀត។
តួអង្គ សំខាន់ ក្នុងកិច្ចព្រមព្រៀង នេះ រួមមាន៖ ភាគី រដ្ឋកម្ពុជា នៃរដ្ឋាភិបាល ក្រុងភ្នំពេញ ដែលតំណាង ដោយលោក ហ៊ុន សែន; ភាគី លោក សឺន សាន ប្រធាន គណបក្ស សេរីនិយម ព្រះពុទ្ធ សាសនា; ភាគី សម្ដេចព្រះ នរោត្ដម សីហនុ និងសម្ដេចក្រុមព្រះ នរោត្តម រណឫទ្ធិ តំណាង គណបក្ស ហ្វ៊ុនស៊ិនប៉ិច; និងលោក ខៀវ សំផន ភាគី ខ្មែរក្រហម។ ភាគី ទាំងនេះ បានចុះ កិច្ចព្រមព្រៀង បញ្ចប់សង្គ្រាម ស៊ីវិល ក្រោមការ រៀបចំ របស់ អង្គការ សហប្រជាជាតិ។
ប្រធាន អង្គការ សម្ព័ន្ធមិត្ត ខ្មែរ-អាមេរិកាំង លោក ទូច វិបុល ដែលចូលរួម កិច្ចពិភាក្សា អំពី កិច្ចព្រមព្រៀង ទីក្រុងប៉ារីស កាលពីថ្ងៃ អង្គារ ទី២៦ កក្កដា បានហៅ ស្ថានភាព ក្នុងប្រទេស កម្ពុជា ថា ស្ថិតក្នុងចំណុច ដ៏គ្រោះថ្នាក់បំផុត៖ «ហើយ ជាចុងក្រោយ គឺ ការបាញ់សម្លាប់ អ្នកវិភាគ ដ៏ល្បីល្បាញ ម្នាក់, គឺ លោកបណ្ឌិត កែម ឡី, ធ្វើឲ្យ ពលរដ្ឋខ្មែរ ទូទាំង ពិភពលោក មើលឃើញ ថា, កម្ពុជា កំពុង ស្ថិតក្នុងវិបត្តិ នយោបាយ ដ៏ធ្ងន់ធ្ងរ។»
អាស៊ីសេរី នៅមិនទាន់អាចសុំប្រតិកម្មពីមន្ត្រីរដ្ឋាភិបាលកម្ពុជា បាននៅឡើយទេ ជុំវិញបញ្ហានេះ។
នាយកមជ្ឈមណ្ឌលសិក្សាស្រាវជ្រាវអំពីតំបន់អាស៊ីនៃអង្គការមូលនិធិ កេរដំណែលអន្តរជាតិ លោក វ៉លធើ ឡមែន (Walter Lohman) ថ្លែងថា សហគមន៍អន្តរជាតិត្រូវរក្សាការផ្ដោតការយកចិត្តទុកដាក់របស់ខ្លួន ទៅលើស្ថានការណ៍ក្នុងប្រទេសកម្ពុជា ឲ្យបានយូរអង្វែង ខណៈមានការរឹតត្បិត និងធ្វើទុក្ខបុកម្នេញដល់គណបក្សប្រឆាំង ការឃុំខ្លួនអ្នកទោសនយោបាយដ៏ច្រើនសន្ធឹកសន្ធាប់ និងអំពើហិង្សា នយោបាយទៅក្រុមអ្នករិះគន់រដ្ឋាភិបាល។
ក្រុមអ្នកឃ្លាំមើលនិយាយថា ស្ថានការណ៍នយោបាយកម្ពុជា ក្នុងរយៈពេលចុងក្រោយនេះ មើលឃើញថា កម្ពុជាកំពុងស្ថិតក្នុងភាពប្រកាសអាសន្ន ខណៈនីតិរដ្ឋរបស់ប្រទេសដ៏ក្រីក្រមួយនេះកំពុងត្រូវបានគេរំលោភ ហើយអ្នកបញ្ជាពីក្រោយអំពើឃាតកម្មទៅលើសកម្មជនការងារ តំណាងកម្មករ សកម្មជនព្រៃឈើ និងវិភាគបញ្ហាសង្គមនៅ មិនទាន់ត្រូវបានវែកមុខ និងផ្ដន្ទាទោសតាមផ្លូវច្បាប់នោះឡើយ។
អ្នកស្រី អេលីហ្សាប៊ែត បេគឃើរ និយាយ ថា, ការស្លាប់ របស់ លោកបណ្ឌិត កែម ឡី អ្នកវិភាគ ឯករាជ្យ ដ៏មានវោហារ គឺ ដោយសារ លោក ចូលរួម ចំណែកខ្លាំង ក្នុងការលើកស្ទួយ លទ្ធិប្រជាធិបតេយ្យ និងការគោរព សិទ្ធិមនុស្ស៖ «លោក កែម ឡី ដែលជាអ្នកវិភាគ និងបញ្ញវន្ត ខ្មែរមួយរូប ត្រូវ បានខ្មាន់កាំភ្លើង បាញ់សម្លាប់ ទាំងកណ្ដាលថ្ងៃ។ ភ្លាមៗនោះ ពលរដ្ឋ នៅក្នុងប្រទេស សន្និដ្ឋាន ថា, ឃាតកម្ម ទៅលើលោក កែម ឡី បញ្ជា ដោយរដ្ឋាភិបាល លោក ហ៊ុន សែន។ មនុស្ស មានជាច្រើន បាននាំគ្នា ទៅគោរពសព លោក កែម ឡី។ នៅថ្ងៃ ហែសព កាលពីថ្ងៃអាទិត្យ, រដ្ឋាភិបាល បានបង្ហាញ ការព្រួយបារម្ភ ជាខ្លាំង ពីការងើប បះបោរ របស់ មហាជន។ ពួកគេ បានបញ្ជូន រថក្រោះ ជាច្រើនគ្រឿង ចូលក្រុង, ហើយ បញ្ជា ឲ្យសមត្ថកិច្ច បិទស្ថានីយ ចាក់សាំង ទាំងអស់ នៅក្នុងទីក្រុង ដើម្បី រារាំង មិនឲ្យ មនុស្ស ចូលរួម ក្បួនហែសព និងបានហាម រាល់ស្ថានីយ ទូរទស្សន៍ ទាំងអស់ មិនឲ្យផ្សាយ អំពី ព្រឹត្តិការណ៍ ហែសព នោះទៀត។»
រហូតមកទល់ពេលនេះ មានមនុស្សជិតស្និទ្ធនឹងលោកបណ្ឌិត កែម ឡី មួយចំនួនកំពុងរត់ភៀសខ្លួនចេញពីកម្ពុជា ដោយសារការភ័យខ្លាចពីសុវត្ថិភាពផ្ទាល់ខ្លួន ហើយមនុស្សមួយចំនួនបានទទួលឋានៈជាជនភៀសខ្លួនពីអង្គការ សហប្រជាជាតិទទួលបន្ទុកជនភៀសខ្លួន UNHCR ថែមទៀត។
ក្រុមអ្នកឃ្លាំមើលនិយាយថា ការរំលោភសិទ្ធិមនុស្សធ្ងន់ធ្ងរទាំងនេះហើយ គឺជាការបញ្ជាក់យ៉ាងច្បាស់ថា រដ្ឋាភិបាលទីក្រុងភ្នំពេញ បានទាត់ចោលយន្តការ និងស្មារតីនៃកិច្ចព្រមព្រៀងសន្តិភាពទីក្រុងប៉ារីស នោះទៅហើយ៕
No comments:
Post a Comment