![]() |
| កិច្ចប្រជុំគណៈកម្មាធិការព្រំដែនកម្ពុជា-វៀតណាម នៅទីស្ដីការគណៈរដ្ឋមន្ដ្រី ព្រឹកថ្ងៃទី០៧ កន្លងទៅ។ RFI/Siv Channa |
ខ្មែរ កំពុង ពួតដៃគ្នា ដើម្បី រើខ្លួន ចេញពីវៀតណាម?
RFI / វិទ្យុ បារាំង អន្តរជាតិ |២០ កក្កដា ២០១៥
តាមរយៈ ការគាស់ កកាយ របស់ តំណាងរាស្ត្រ
គណបក្ស ប្រឆាំង ,បញ្ហាព្រំដែន រវាង កម្ពុជា និងវៀតណាម
បានពុះ កញ្ជ្រោលឡើង សាជាថ្មី។
នៅពេល បក្សប្រឆាំង កកូរកកាយ រឿងព្រំដែន,
រដ្ឋាភិបាល គណបក្ស កាន់អំណាច ឯណេះវិញ
ក៏បាន បណ្ដេញ ជនអន្តោប្រវេសន៍ ខុសច្បាប់ វៀតណាម ចេញពីកម្ពុជា ជាបន្តបន្ទាប់ដែរ។ ផ្អែកតាមកិច្ច ខិតខំប្រឹងប្រែង របស់ បក្សទាំងពីរនេះ,
តើ វា អាចទៅរួច ដែរ ឬទេ ថា, ខ្មែរ កំពុង តែ ពួតដៃគ្នា
ដើម្បី រើខ្លួនចេញ ពីប្រទេស វៀតណាម?
កិច្ចខិតខំប្រឹងប្រែងរបស់គណបក្សប្រឆាំងលើបញ្ហាព្រំដែននេះ នៅទីបំផុត បានទទួលផលផ្លែផ្កាគួរឲ្យកត់សម្គាល់។ ថ្វីត្បិតតែមិនទាន់ឈានទៅដល់ការដោះស្រាយតាមផ្លូវតុលាការ អន្ដរជាតិ ស្របតាមការទាមទាររបស់បក្សប្រឆាំងក៏ដោយ ក៏យ៉ាងហោចណាស់ គណៈកម្មការចម្រុះកិច្ចការព្រំដែនកម្ពុជាវៀតណាម បានកំណត់ពេលជួបជជែកគ្នា។ ជាជំនួបដើម្បីដោះស្រាយបញ្ហាដែលផ្ទុះឡើងនាពេលថ្មីៗនេះ ព្រមទាំងការមិនចុះសម្រុងគ្នានៅព្រំដែនដែលនៅសេសសល់។
ប្រសិនបើមើលមួយភ្លែត គេអាចវាយតម្លៃបានថា លទ្ធផលចុងក្រោយនេះ គឺបានមកពីការតវ៉ាប្រឆាំងជាបន្តបន្ទាប់របស់គណបក្សប្រឆាំង។ ប៉ុន្តែបើមើលឲ្យជ្រៅទៅទៀត គេអាចនឹងឃើញសេណារីយោផ្សេង។ សេណារីយោផ្សេង ដែលថា លទ្ធផលនេះ បានមកពីការពួតដៃគ្នារវាងគណបក្សប្រជាជនកម្ពុជា និងគណបក្សសង្គ្រោះជាតិ។
ជាប្រវត្តិសាស្ត្រប្រកែកមិនបាន បក្សប្រជាជនបានរីកធំធាត់ឡើងដោយមានការផ្ចុងផ្ដើមពីបក្ស កុំម្មុយនីស្តវៀតណាម។ ហេតុនេះ ក្នុងការប្រឈមមុខនឹងវៀតណាមនៅចំពោះមុខបញ្ហាព្រំដែនដ៏រសើប វាជារឿងដ៏សែនពិបាកសម្រាប់រដ្ឋាភិបាលកម្ពុជា ដឹកនាំដោយគណបក្សប្រជាជន។ បើទោះបីជាពិបាកយ៉ាងណាក៏ដោយ បក្សកាន់អំណាចចាំបាច់ត្រូវរើបំរះខ្លួនពីវៀតណាមឲ្យខាងតែបាន ព្រោះបើពុំដូច្នោះទេ ប្រជាប្រិយភាពរបស់បក្សនេះ អាចនឹងថមថយទៀត នៅក្នុងការបោះឆ្នោតខាងមុខ។
នៅក្នុងបរិបទបែបនេះ និងបន្ទាប់ពីបក្សជាប់ឆ្នោតទាំងពីរនៅកម្ពុជាបង្កើតវប្បធម៌សន្ទនា វាគឺជាពេលវេលាដ៏ប្រសើរដែលកម្ពុជា ត្រូវរួមដៃគ្នា ការពារឲ្យបាននូវផលប្រយោជន៍ផ្សេងៗរបស់ប្រទេសជាតិ។
នៅក្រោមសម្ពាធតវ៉ាប្រឆាំងយ៉ាងដាច់ណាត់របស់បក្សប្រឆាំងលើបញ្ហា ព្រំដែន គណបក្សកាន់អំណាចមានលេសក្នុងការជជែករឿងព្រំដែនជាមួយវៀតណាម ដើម្បីឈានទៅរកការដោះស្រាយប្រកបដោយការទទួលខុសត្រូវ និងអាចទទួលយកបានពីគ្រប់ភាគីទាំងអស់។ គួរឲ្យកត់សម្គាល់ថា មុននឹងមានជំនួបរវាងគណៈកម្មការចម្រុះព្រំដែននៃប្រទេសទាំងពីរ រដ្ឋាភិបាលដឹកនាំដោយបក្សប្រជាជនកម្ពុជា បានធ្វើការតវ៉ាផ្ទាល់មាត់ និងជាលាយលក្ខណ៍អក្សរទៅកាន់ប្រទេសវៀតណាម ដែលបានរំលោភចូលដែនអធិបតេយ្យកម្ពុជា។
ដោយឡែក នៅពេលបញ្ហាព្រំដែនត្រូវបានបក្សប្រឆាំងកកូរកកាយ រដ្ឋាភិបាលគណបក្សកាន់អំណាចឯណេះវិញ ក៏បានបណ្ដេញជនអន្តោប្រវេសន៍ខុសច្បាប់វៀតណាមចេញពីកម្ពុជាជាបន្ត បន្ទាប់ដែរ។ ជនជាតិវៀតណាមរាប់ពាន់នាក់ ដែលចូលមកធ្វើការខុសច្បាប់នៅកម្ពុជា ត្រូវបានប៉ូលីសអន្តោប្រវេសន៍ខ្មែរឃាត់ខ្លួន និងបញ្ជូនចេញជាហូរហែ។ ក្រៅពីប៉ូលីសអន្តោប្រវេសន៍ អាជ្ញាធរបានសម្រេចបណ្ដេញជនជាតិវៀតណាមដែលរស់នៅខុសច្បាប់នៅតំបន់ កំពង់ចម្លងអរិយក្សត្រ ឲ្យចាកចេញដោយគ្មានលក្ខខណ្ឌផងដែរ។
ផ្អែកតាមកិច្ចខិតខំប្រឹងប្រែងរបស់បក្សទាំងពីរនេះ តើវាអាចទៅរួចដែរឬទេថា ខ្មែរកំពុងតែពួតដៃគ្នា ដើម្បីរើខ្លួនចេញពីប្រទេសវៀតណាម? គ្មាននរណាម្នាក់អាចឆ្លើយសំណួរនេះបានទេ ក្រៅតែពីតួអង្គអ្នកនយោបាយខ្លួនឯង។ ប៉ុន្តែប្រសិនបើវាជាការពិត នោះវាមិនត្រឹមតែធ្វើឲ្យកម្ពុជាចំណេញប៉ុណ្ណោះទេ ប៉ុន្តែវាក៏ធ្វើឲ្យបក្សជាប់ឆ្នោតទាំងពីរចំណេញផងដែរ។ បញ្ហាជនអន្តោប្រវេសន៍វៀតណាម និងបញ្ហាព្រំដែនជាមួយវៀតណាម គឺជាបញ្ហារ៉ាំរ៉ៃដែលកើតឡើងជាយូរមកហើយសម្រាប់កម្ពុជា។ ដូច្នេះ វាគួរតែដល់ពេលហើយ ដែលខ្មែរត្រូវរួបរួមគ្នារើខ្លួនចេញពីការគាបសង្កត់របស់វៀតណាម ។ ត្រូវរើខ្លួនចេញពីវៀតណាម មុននឹងលែងមានឱកាសល្អរបៀបនេះនាពេលអនាគត៕

No comments:
Post a Comment