
តើ ការសម្លាប់ លោកបណ្ឌិត កែម ឡី មានន័យ ដូចម្តេច ចំពោះ យុវជន?
VOA / វីអូអេ | ២១ កក្កដា ២០១៦
ការស្លាប់ របស់ លោកបណ្ឌិត កែម ឡី គឺ ជាការបាត់បង់ ធនធានមនុស្ស ដ៏កម្រមួយ របស់ ប្រទេសកម្ពុជា។ ការណ៍ ធ្វើ ឲ្យមាន ការចោទសួរ ទៅលើតម្លៃ បណ្ឌិត ក្នុងប្រទេស កម្ពុជា។
វ៉ាស៊ីនតោន —
លោក ក៏សម្ដែងការព្រួយបារម្ភផងដែរថា ការណ៍នេះអាចនឹងធ្វើឲ្យប្រជាពលរដ្ឋយល់ខុសពីតម្លៃបណ្ឌិតក្នុងប្រទេសកម្ពុជា ដែលអាចធ្វើឲ្យជំនឿលើការអប់រំមានការធ្លាក់ចុះ។
ការសម្លាប់ លោកបណ្ឌិត កែម ឡី ធ្វើឲ្យ យុវជន ជាច្រើន មានការរន្ធត់ និងរំជួលចិត្ត។ ពួកគេ បានបញ្ចេញ អារម្មណ៍ របស់គេ តាមប្រព័ន្ធ បណ្ដាញសង្គម, ចូលរួម ការដង្ហែសព ពីកន្លែង កើតហេតុ ទៅដល់ ទីតម្កល់សព និងទៅគោរព វិញ្ញាណក្ខន្ធ ជាបន្តបន្ទាប់ ដោយផ្ទាល់ នៅវត្ត ពោធិយារាម, ហៅ វត្តចាស់, ផងដែរ។
ជុំវិញ ការស្លាប់ របស់លោក កែម ឡី នេះ គឺ ធ្វើឲ្យមាន ការគិត ពីរ ថា, អ្នក ដែលខ្លាច គឺ កាន់តែ ខ្លាច; ឯ អ្នក ដែលហ៊ាន គឺ កាន់តែ ហ៊ាន។
លោក ហង្ស វុទ្ធិកា និស្សិត ថ្នាក់អនុបណ្ឌិត ផ្នែកគោលនយោបាយ សាធារណៈ នៃសាកលវិទ្យាល័យ University of Nottingham ប្រទេស អង់គ្លេស យល់ថា, ការសម្លាប់ អ្នកចេះដឹង ក្នុងសង្គម និងដែលត្រូវ បានគេ ស្គាល់ច្រើន ដូចលោកកែម ឡី នេះ ហាក់បីដូចជា កំពុង ផ្ញើសារមួយ ទៅដល់មនុស្ស ទូទៅ ថា៖
«ការសិក្សា ដូចជាកាន់តែ ខ្ពស់ទៅ កាន់តែ វា អត់តម្លៃ។ អីចឹង វា ប៉ះពាល់ ដល់សតិអារម្មណ៍ ដល់បញ្ញវន្ត ទាំងអស់។»
«មានអ្នកខ្លះមកប្រាប់ថា មិនទាំងហ៊ានទាំងចង់ទៅរៀនបណ្ឌិតផង ដូចជាយូរៗទៅ គ្រាន់តែពាក្យថាបណ្ឌិតវាទៅរឿងមិនល្អទៅវិញ ឲ្យតែបណ្ឌិតនិយាយអី គេថាមិនឆ្លាតសោះ និយាយរឿងអីវាប៉ះពាល់ដល់គេ នាំទុកដល់ខ្លួនឯង។»
កញ្ញា Catherine Harry វ័យ២១ឆ្នាំ ជានិសិ្សតថ្នាក់បរិញ្ញាបត្រនៃសាកលវិទ្យាល័យបញ្ញាសាស្ត្រកម្ពុជា បានបញ្ជាក់អារម្មណ៍ស្រដៀងគ្នានេះថា៖
«វាធ្វើឲ្យយើងមានគំនាប ដូចថាយើងរៀនដល់ជ្រៅជ្រះប៉ុណ្ណា ក៏យើងនៅតែមានគំនាបថា យើង កុំឲ្យធ្វើជាអ្នក មនុស្សឆ្លាតពេក។»
កញ្ញាបន្តថា គំនាបនេះក៏អាចជាកត្តាមួយដែលបណ្តាលឲ្យយុវជនជំនាន់ក្រោយដែលបានទៅសិក្សានៅក្រៅប្រទេសមិនចង់មកកម្ពុជាវិញ ដោយសារតែពួកគេចង់ធ្វើអ្វីក៏មិនបាន ហើយធ្វើឲ្យកម្ពុជាបាត់បង់ធនធានមនុស្ស។
ទោះជាយ៉ាងនេះក្តី មតិសុទិដ្ឋិនិយមក៏នៅតែមាន។
លោក ព្រំ សិលា ដែលបានរៀនបញ្ចប់ថ្នាក់អនុបណ្ឌិតពីសាកលវិទ្យាល័យ University of the Philippines ថ្លែងថា៖
«ពេលដែលឃើញមានការចូលរួមហែសព ចូលរួមសោកស្តាយពីមហាជនផ្សេងៗ ខ្ញុំគិតថា មហាជនលែងខ្លាចទាក់ទងនឹងរឿងគំរាមហ្នឹងហើយ។»

ក្បួនដង្ហែសពរបស់លោកកែម ឡីត្រូវបានធ្វើឡើងនៅតាមបណ្តោយផ្លូវព្រះមុនីវង្ស ក្រុងភ្នំពេញ កាលពីថ្ងៃទី១០ ខែកក្កដា ឆ្នាំ២០១៦។ (នៅ វណ្ណារិន/VOA)
ឯកញ្ញា សន រ៉ាមណា វ័យ ២៨ឆ្នាំ សព្វថ្ងៃកំពុងបន្តការសិក្សាថ្នាក់អនុបណ្ឌិតផ្នែកសិទ្ធិមនុស្សនៅសាកលវិទ្យាល័យ Kingston ប្រទេសអង់គ្លេស វិញយល់ថា ថ្វីត្បិតតែការសម្លាប់បញ្ញវន្តរូបនេះអាចធ្វើឲ្យមានការព្រួយបារម្ភជុំវិញសេរីភាពបញ្ចេញមតិក៏ពិតមែន តែកញ្ញានៅតែយល់ថា៖
«ផលមួយ វិញទៀត គឺ អាចធ្វើ ឲ្យអ្នក មួយចំនួនហ្នឹង ខំតស៊ូ។ គាត់ នឹងកាន់តែ និយាយឡើង បន្ថែមទៀត។ គាត់ កាន់តែ ហ៊ានបញ្ចេញមតិ ផ្ទាល់ខ្លួន របស់គាត់ ដោយសារ គាត់ ឃើញវីរភាព របស់ លោកបណ្ឌិត កែម ឡី, ហើយ ពួកគាត់ គិតថា ពួកគាត់ ចង់បន្តការងារ របស់ លោកបណ្ឌិត កែម ឡី ដើម្បី ធ្វើឲ្យសង្គម កម្ពុជា ហ្នឹង ក្លាយជាសង្គម មួយ ដែលគោរព នូវសិទ្ធិសេរីភាព បញ្ចេញមតិ, ចា៎។»
កាលពីថ្ងៃទី១៥ ខែកក្កដា កន្លងទៅនេះ ក្រុមបញ្ញវន្ត និងអ្នកស្រាវជ្រាវខ្មែរប្រមាណ ជិត១០០រូបក៏បានចេញលិខិតរួមគ្នាមួយ ដើម្បីថ្កោលទោសចំពោះឃាតកម្មទៅលើលោកបណ្ឌិត កែម ឡីផងដែរ។
លិខិតនេះបានអំពាវនាវដល់អាជ្ញាធរមានសមត្ថកិច្ចក្នុងសេចក្តីដើមថា៖
«យើងខ្ញុំស្នើសុំដោយទទូចដល់អាជ្ញាធរមានសមត្ថកិច្ចពាក់ព័ន្ធទាំងអស់ ធ្វើការស៊ើបអង្កេតឱ្យបានហ្មត់ចត់, ឆាប់រហ័ស, គ្មានការរើសអើង, និងដោយស្មោះត្រង់ ដើម្បីវែកមុខអ្នកបញ្ជា ពីក្រោយនិងជនរួមគំនិតទាំងអស់នៅក្នុងឃាតកម្មនេះ មិនថាជននោះជាខ្មែរ ឬបរទេសឡើយ ហើយត្រូវផ្តន្ទាទោសជនទាំងនោះជាអតិបរមាតាមការកំណត់នៃច្បាប់ជាធរមានរបស់ព្រះរាជាណាចក្រកម្ពុជា ជាពិសេសដើម្បីរកឱ្យឃើញនូវមូលហេតុពិតប្រាកដនៃអំពើឃាតកម្មដ៏ឃោរឃៅនេះ»។
កាលលោកនៅរស់ លោកបណ្ឌិត កែម ឡី គឺជាបញ្ញវន្តខ្មែរមួយរូបដែលធ្លាប់ឆ្លងកាត់ការតស៊ូជាច្រើនក្នុងឆាកជីវិតទម្រាំតែលោកបានក្លាយជាបណ្ឌិត។ លោកគឺជាបុគ្គលមួយរូបដែលទទួលបានការគោរព កោតសរសើរ និងស្រឡាញ់រាប់អានពីមនុស្សជាច្រើនគ្រប់ស្រទាប់វណ្ណៈ តាមរយៈការបញ្ចេញមតិរបស់លោក អំពីបញ្ហានានានៅក្នុងសង្គមខ្មែរ។
លោក ព្រំ សិលា បានបន្ថែមថា ការវិភាគរបស់លោក កែម ឡី មិនមែនត្រឹមតែតំណាងឲ្យមតិលោកតែម្នាក់ឯងនោះទេ តែមតិនេះជាសម្លេងតំណាងឲ្យមនុស្សច្រើនលាននាក់ផ្សេងទៀតដែលគាត់មិនអាចនិយាយបាន។
កញ្ញា Catherine បានប្រាប់ VOA ថា បើទោះបីជាកញ្ញាមិនសូវបានស្តាប់ការបញ្ចេញមតិរបស់លោកបណ្ឌិតកែម ឡីជាញឹកញាប់ក៏ពិតមែន តែកញ្ញានៅតែមានអារម្មណ៍ថា វាជារឿងមួយដែលនឹកស្មានមិនដល់។
«និយាយទៅពេលដែលដឹងពីព័ត៌មានហ្នឹងខ្ញុំរាងភ្ញាក់ផ្អើលដែរ ហើយខ្ញុំអត់សឹងតែមិនជឿ ព្រោះថាស្រុកខ្មែរយើង នៅឆ្នាំ២០១៦ហើយ នៅតែមានបញ្ហាអីចឹងទៀត អ្នកចេះដឹងម្នាក់ត្រូវបានគេសម្លាប់ដោយសារតែគាត់ហ៊ាននិយាយអ្វីដែលគាត់គិត»។
លោក នាន់ សិរីបុត្ត វ័យ២៦ឆ្នាំ ជាអតីតនិស្សិតសាកលវិទ្យាល័យភូមិន្ទភ្នំពេញផ្នែកសង្គមវិទ្យា យល់ថា ការសម្លាប់លោកបណ្ឌិតកែម ឡីគឺជាការបាត់បង់ដ៏ធំមួយរបស់ប្រទេសកម្ពុជា។
«វាជាការបាត់បង់មួយដ៏ធំរបស់ប្រទេស។ គាត់ជាបញ្ញវន្ត ហើយគាត់បានធ្វើការជាច្រើនដើម្បីប្រទេសជាតិ ហើយអ្វីដែលគាត់បានទទួលវិញគឺត្រូវបានឃាតករបាញ់សម្លាប់យ៉ាងអាណោចអាធម្មនៅកណ្ដាលទីក្រុងភ្នំពេញ»។
កាលពីថ្ងៃទី១០ ខែកក្កដា កន្លងទៅនេះ លោកបណ្ឌិតត្រូវបានខ្មាន់កាំភ្លើងបាញ់សម្លាប់ក្នុងហាងកាហ្វេនៅស្ថានីយ៍ប្រេងឥន្ធនៈមួយកណ្តាលទីក្រុងភ្នំពេញ តែប៉ុន្មានថ្ងៃ បន្ទាប់ពីលោកបានផ្តល់បទសម្ភាសន៍មួយជាមួយ VOA ពាក់ព័ន្ធនឹងរបាយការណ៍របស់អង្គការ Global Witness។ របាយការណ៍នោះនិយាយរៀបរាប់អំពីវិធីដែលគ្រួសាររបស់លោកនាយករដ្ឋមន្ត្រីហ៊ុន សែន ដ៏មានអំណាចនៅប្រទេសកម្ពុជា ប្រើដើម្បីក្តោបក្តាប់សេដ្ឋកិច្ចនៅក្នុងប្រទេសមួយនេះ។
ជារឿយៗ កម្ពុជាត្រូវបានគេមើលឃើញថា មានការប្រើវប្បធម៌ហិង្សាជាបន្តបន្ទាប់ទៅលើអ្នកដែលហ៊ានបញ្ចេញមតិរិះគន់ រួមមានការបាញ់សម្លាប់ប្រធានសហជីពកម្មករគឺ លោក ជា វិជ្ជា និងឃាតកម្មទៅលើលោក ឈុត វុទ្ធី សកម្មជនការពារព្រៃឈើ ព្រមទាំងមានការប្រើអំពើហិង្សាទៅលើបាតុករថែមទៀតផង។ ក្រៅពីនេះ ក៏មានការចាប់ឃុំខ្លួនបុគ្គលិកអង្គការសិទ្ធិមនុស្ស និងអ្នកគាំទ្រគណបក្សប្រឆាំងជាដើមផងដែរ៕
យើងទាំងអស់គ្នា ត្រូវតែហៅ លោក ហ៊ុនសែន ថា លោកតា ហ៊ុនសែន ទៅវិញចុះ។ ការហៅបែបនេះវានឹងអាច ផ្ដល់ផលប្រយោជន៏ សព្វគ្រប់បែបយ៉ាង ដល់យើង ទាំងអស់គ្នាជាខ្មែរ មឹនខានក្នុង អនាគត ដ៏ខ្លីខាងមុខនេះ៕
ReplyDelete