វេទិកាសម្ដែងមតិ ស្ដីពីឃាតកម្មលោកបណ្ឌិត កែម ឡី ការរំលោភសិទ្ធិមនុស្ស និងការដាក់ឈ្មោះតំណាងរាស្ត្រខ្មែរ-អូស្ត្រាលី ប្រចាំរដ្ឋវ៉ិកតូរីយ៉ា (Victoria) លោក ហុង លីម ចូលក្នុងបញ្ជីខ្មៅរបស់ កម្ពុជា នៅទីក្រុងម៉ែលប៊ន ប្រទេសអូស្ត្រាលី នៅថ្ងៃទី២០ សីហា ឆ្នាំ២០១៦។ |
សហព័ន្ធ ខ្មែរ-អូស្ត្រាលី ស្នើរដ្ឋាភិបាល អូស្ត្រាលី ដាក់គំនាប លើលោក ហ៊ុន សែន មិន ឲ្យចូលស្រុក
RFA / វិទ្យុ អាស៊ី សេរី | ២០ សីហា ២០១៦
សហគមន៍ ខ្មែរ រស់នៅ ប្រទេស អូស្ត្រាលី ប្រមាណ ៦០០នាក់ បានប្រមូលផ្ដុំគ្នា នៅសាលាក្រុង ស្ព្រីងវ៉ល (Springvale Town Hall) ទីក្រុង ម៉ែលប៊ន (Melbourne) នៃប្រទេស អូស្ត្រាលី (Australia) ដើម្បី ប្រជុំ ធ្វើវេទិកា សាធារណៈ សម្ដែងមតិ នៅថ្ងៃ ទី២០ សីហា ស្ដីពី ឃាតកម្ម លោកបណ្ឌិត កែម ឡី, ការរំលោភ សិទ្ធិមនុស្ស និងការដាក់ឈ្មោះ តំណាងរាស្ត្រ ខ្មែរ-អូស្ត្រាលី ប្រចាំរដ្ឋ វ៉ិកតូរីយ៉ា (Victoria) លោក ហុង លីម ចូលក្នុង បញ្ជីខ្មៅ របស់ កម្ពុជា។
សហព័ន្ធខ្មែរ-អូស្ត្រាលីសាជីវកម្ម ស្នើឲ្យរដ្ឋាភិបាលប្រទេសអូស្ត្រាលី ដាក់គំនាបលើលោកនាយករដ្ឋមន្ត្រី ហ៊ុន សែន មិនឲ្យចូលទៅប្រទេសអូស្ត្រាលី រហូតដល់មានការកែទម្រង់ទៅលើស្ថានភាពនយោបាយ និងការរំលោភសិទ្ធិមនុស្សនៅប្រទេសកម្ពុជា។
បន្ទាប់ពីបានជួបប្រជុំគ្នាអស់ជាច្រើនម៉ោងនៅក្នុងវេទិកា សាធារណៈ នៅថ្ងៃទី២០ ខែសីហា សហគមន៍ខ្មែរនៅទីក្រុងម៉ែលប៊ន ប្រទេសអូស្ត្រាលី បានធ្វើសេចក្ដីសម្រេចចិត្តមួយដាក់ជូនទៅតំណាងរាស្ត្រនៃមណ្ឌលដែល ពួកគេរស់នៅ។
អភិបាលក្រុងក្រេដធឺ អហ្វ ឌេនឌឺណង់ (Greater of Dandenong) លោក តាក ម៉េងហ៊ាង ថ្លែងថា សហព័ន្ធខ្មែរ-អូស្ត្រាលីសាជីវកម្ម បានតាក់តែងសេចក្ដីសម្រេចចិត្តមួយជាតំណាងឲ្យសំឡេងនៃពលរដ្ឋខ្មែរ ដែលជាការទាមទារ និងសំណូមពររបស់ប្រជាពលរដ្ឋ ដោយស្នើឲ្យរដ្ឋាភិបាលប្រទេសអូស្ត្រាលី ថ្កោលទោសដល់រដ្ឋាភិបាលកម្ពុជា ដែលដឹកនាំដោយលោកនាយករដ្ឋមន្ត្រី ហ៊ុន សែន ឲ្យដោះស្រាយបញ្ហាមួយចំនួនដូចជា បញ្ឈប់ការរំលោភសិទ្ធិមនុស្ស ការបំបិទសិទ្ធិសេរីភាពបញ្ចេញមតិ ការជួបប្រជុំ បញ្ឈប់ការបំភិតបំភ័យលើតំណាងរាស្ត្រគណបក្សប្រឆាំង ស្វែងរកឃាតកសម្លាប់លោកបណ្ឌិត កែម ឡី និងស្នើឲ្យរដ្ឋាភិបាលប្រទេសកម្ពុជា បញ្ឈប់ការគាបសង្កត់ដែលដាក់ឈ្មោះតំណាងរាស្ត្រខ្មែរ-អូស្ត្រាលី ប្រចាំរដ្ឋវ៉ិកតូរីយ៉ា លោក ហុង លីម នៅក្នុងបញ្ជីខ្មៅ មិនឲ្យចូលប្រទេសកម្ពុជា ជាដើម។
លោក តាក ម៉េងហ៊ាង៖ «នេះជាការបញ្ចេញមតិរបស់ប្រជាជនដើមកំណើត ខ្មែរ មានការឈឺចាប់ចំពោះការសម្លាប់លោកបណ្ឌិត កែម ឡី នៅតែមិនទាន់ស្វែងរកយុត្តិធម៌នៅឡើយ ទាមទារឲ្យរដ្ឋាភិបាលស៊ើបអង្កេតពេញលេញមួយដើម្បីរកយុត្តិធម៌ឲ្យ ក្រុមគ្រួសារលោកបណ្ឌិត កែម ឡី និងសង្គមខ្មែរយើងទាំងអស់។ យើងរស់នៅក្នុងសង្គមលទ្ធិប្រជាធិបតេយ្យការទាមទាររបស់ប្រជាពលរដ្ឋ មានសារសំខាន់ណាស់ចំពោះអ្នកដឹកនាំ។ គម្រោងយើងធ្វើដើម្បីជូនទៅតំណាងរាស្ត្រសហព័ន្ធនៅក្នុងមណ្ឌលដែល យើងរស់នៅ គឺក្នុងប្រទេសអូស្ត្រាលី តាមរយៈការទូតនេះ។»
ពលរដ្ឋខ្មែរដែលរស់នៅប្រទេសអូស្ត្រាលី មួយរូបគឺអ្នកស្រី វ៉ា ម៉ាលីណា ថ្លែងថា ថ្វីត្បិតតែពួកគាត់រស់នៅសុខសាន្តក្នុងទឹកដីប្រទេសអូស្ត្រាលីក្ដី ប៉ុន្តែពួកគាត់យល់ថា រដ្ឋាភិបាលកម្ពុជា ត្រូវតែកែទម្រង់កុំឲ្យបន្តការគាបសង្កត់ និងការរំលោភសិទ្ធិមនុស្សនៅប្រទេសកម្ពុជា៖ «យើងនឹងបញ្ជូនសារពី ប្រជាពលរដ្ឋខ្មែរទាំងអស់ដែលនៅហ្នឹងទៅឲ្យរដ្ឋាភិបាលនៅស្រុក ខ្មែរបានដឹងថា បើទោះជាពួកយើងហ្នឹងបានសុខសាន្តក៏ដោយ ប៉ុន្តែពួកយើងអត់សុខចិត្តទេ នូវការរំលោភសិទ្ធិមនុស្សការចាប់ចងសកម្មជនសិទ្ធិមនុស្សនៅក្នុង ស្រុកខ្មែរ។ យើងនឹងធ្វើលិខិត ឬជាញត្តិមួយឲ្យរដ្ឋាភិបាលអូស្ត្រាលី ជួយគាំទ្រឲ្យរកយុត្តិធម៌ឲ្យលោកបណ្ឌិត កែម ឡី គាំទ្រឲ្យមានការដោះលែងសកម្មជនសិទ្ធិមនុស្ស ក៏ដូចជាការគំរាមកំហែងផ្នែកផ្លូវចិត្តទៅលើលោក ហុង លីម ដែរ ដោយសារដាក់បញ្ចូលលោកទៅក្នុងបញ្ជីខ្មៅហ្នឹង។»
ឆ្លើយតបទៅនឹងការលើកឡើងនេះ អ្នកនាំពាក្យទីស្ដីការគណៈរដ្ឋមន្ត្រី លោក ផៃ ស៊ីផាន បានហៅតំណាងរាស្ត្រខ្មែរ-អូស្ត្រាលី ប្រចាំរដ្ឋវ៉ិកតូរីយ៉ា លោក ហុង លីម ថាជាអ្នកតំណាងរាស្ត្រអត់ពូជ។ លោកថា លោកមិនចាប់អារម្មណ៍ការសម្ដែងមតិរបស់ពលរដ្ឋខ្មែរនេះទេ ហើយការលើកឡើងនេះ មិនបានប៉ះពាល់ទៅដល់ទំនាក់ទំនងការទូតរវាងប្រទេសអូស្ត្រាលី និងប្រទេសកម្ពុជា ឡើយ ហើយការសម្ដែងមតិនេះគឺជារឿងមួយគួរឲ្យអស់សំណើច៖ «អ្នកចូលរួម ជាមួយតំណាងរាស្ត្រអត់ពូជហ្នឹង បើហាមមិនឲ្យនាយករដ្ឋមន្ត្រីកម្ពុជា ឬឥស្សរជនកម្ពុជា ចូលក្នុងអូស្ត្រាលី បានសេចក្ដីថា គេដាក់ខ្លួនគេឲ្យដាច់ឆ្ងាយពីប្រទេសកម្ពុជា រួចស្រេចទៅហើយ។ បើសិនជាតាមទ្រឹស្ដីនៃការឆ្លើយតបទៅវិញ ឬប្រតិកម្មទៅវិញ បើយើងដឹងថា នរណាមួយដែលប្រឆាំងនឹងការងារនេះ យើងធ្វើសងទៅវិញមិនឲ្យពួកហ្នឹងជាន់ដីកម្ពុជាវិញ តើយ៉ាងម៉េចដែរ? ប៉ុន្តែខ្ញុំអត់ជឿរាជរដ្ឋាភិបាលធ្វើអំពើស្មោកគ្រោកដូចការគិតរបស់ ពួកហ្នឹងទេ នេះគ្រាន់តែរឿងសុបិនរបស់ពួកគេនោះទេ។»
តំណាងរាស្ត្រខ្មែរ-អូស្ត្រាលី ប្រចាំរដ្ឋវ៉ិកតូរីយ៉ា លោក ហុង លីម កាលពីពេលថ្មីៗនេះបានផ្ដល់សម្ភាសន៍ជាមួយអាស៊ីសេរី ដោយបានប្រដូចរបបដឹកនាំបច្ចុប្បន្នរបស់លោកនាយករដ្ឋមន្ត្រី ហ៊ុន សែន ថាជារបបតិរច្ឆាន ហើយបន្ទាប់មកលោកត្រូវបានក្រសួងការបរទេសកម្ពុជា ចេញសេចក្ដីប្រកាសថា លោកគឺជាជនដែលមិនស្វាគមន៍អោយមកកម្ពុជា៕
No comments:
Post a Comment