![]() |
| ឯកអគ្គរដ្ឋទូតសហភាពអឺរ៉ុប ប្រចាំកម្ពុជា លោក ច្សច អេដហ្គា (George EDGAR) ថ្លែងក្នុងពិធីប្រកាសដាក់ជាផ្លូវការការចុះឈ្មោះបោះឆ្នោតតាម ប្រព័ន្ធកុំព្យូទ័រឆ្នាំ២០១៦ នៅថ្ងៃទី១៨ ខែសីហា ឆ្នាំ២០១៦។ RFA/Chuop Sereyroth |
សហភាព អឺរ៉ុប បារម្ភ ពីបញ្ហា សិទ្ធិមនុស្ស និងនយោបាយ ខណៈ ការបោះឆ្នោត ខិតជិត ចូលមកដល់
RFA / វិទ្យុ អាស៊ី សេរី | ១៨ សីហា ២០១៦
គណៈកម្មាធិការ ជាតិ រៀបចំ ការបោះឆ្នោត (គ.ជ.ប.) ប្រកាស ដាក់ជាផ្លូវការ ការចុះឈ្មោះ បោះឆ្នោត តាមប្រព័ន្ធ កុំព្យូទ័រឆ្នាំ ២០១៦ ដែលមាន កិច្ចសហប្រតិបត្តិការ ជាមួយ សហភាពអឺរ៉ុប និងប្រទេស ជប៉ុន នៅរសៀល ថ្ងៃព្រហស្បតិ៍ ទី១៨ សីហា។ មន្ត្រី សហភាពអឺរ៉ុប បានសម្ដែង ការបារម្ភ របស់ខ្លួន ទៅលើ បរិបទ នយោបាយ ក្នុងដំណើរការ ប្រព្រឹត្តទៅ នៃការបោះឆ្នោត ដោយសេរី និងយុត្តិធម៌។
សហភាពអឺរ៉ុប បានសម្ដែង ការបារម្ភ របស់ខ្លួន ទៅលើ សកម្មភាព មួយចំនួន ដែលអាជ្ញាធរ បានអនុវត្ត ទៅលើ មន្ត្រី គណបក្សប្រឆាំង, សង្គមស៊ីវិល, និងអគ្គលេខាធិការ រង គ.ជ.ប. ដែលកំពុង ស្ថិតនៅ ក្នុងការឃុំខ្លួន។
ឯកអគ្គរដ្ឋទូតសហភាពអឺរ៉ុប ប្រចាំកម្ពុជា លោក ច្សច អេដហ្គា (George EDGAR) ថ្លែង ថា ដើម្បីឲ្យដំណើរការបោះឆ្នោតប្រកបដោយតម្លាភាព និងការជឿទុកចិត្តបាន តម្រូវឲ្យមានបរិយាកាសនយោបាយមួយដែលអនុញ្ញាតឲ្យភាគីទាំងអស់ចូលរួម បានពេញលេញ។ លោកថា សហភាពអឺរ៉ុប រំពឹងថា អាជ្ញាធរកម្ពុជា នឹងធានាឲ្យបាននូវការបង្កើតបរិយាកាសនោះ៖ «សហភាពអឺរ៉ុប ធ្លាប់បានសម្ដែងការបារម្ភរបស់ខ្លួនទៅលើសកម្មភាពមួយចំនួនដែលអាជ្ញាធរអនុវត្តច្បាប់ បានអនុវត្តមកលើមន្ត្រីគណបក្សប្រឆាំង តំណាងសង្គមស៊ីវិល និងអគ្គលេខាធិការរង គ.ជ.ប។ អាជ្ញាធរកម្ពុជា ត្រូវធានាឲ្យមានបរិយាកាសមួយដែលគ្រប់គណបក្សនយោបាយ និងអង្គការមិនមែនរដ្ឋាភិបាល អាចធ្វើការរបស់ខ្លួនបានដោយគ្មានការរាំងស្ទះ»។
ឆ្លើយតបការលើកឡើងនេះ ប្រធាន គ.ជ.ប លោក ស៊ិក ប៊ុនហុក មានប្រសាសន៍ថា ករណីអគ្គលេខាធិការរង គ.ជ.ប ដែលកំពុងជាប់ឃុំនោះ មិនមែនជាសមត្ថកិច្ចរបស់ គ.ជ.ប នោះទេ។ លោកថា លោក នី ចរិយា មិនបានធ្វើសកម្មភាពក្នុងក្របខ័ណ្ឌការបោះឆ្នោតឡើយ ប៉ុន្តែបានធ្វើសកម្មភាពសង្គមស៊ីវិល ដែលនាំឲ្យមានការចោទប្រកាន់តាមផ្លូវតុលាការ គឺជាកំហុសដែលលោក នី ចរិយា បានប្រព្រឹត្តផ្ទាល់ខ្លួន ដែលបានធ្វើផ្ទុយពីច្បាប់ ដូច្នេះស្រេចតែទៅលើការសម្រេចរបស់តុលាការ។
លោក ស៊ិក ប៊ុនហុក ថ្លែងថា «ច្បាប់ហាមច្បាស់លាស់ណាស់ ហើយក្នុងការអនុវត្តទៀតទៅមើលក្រឹត្យដែលស្ដីពីការរៀបចំ និងប្រព្រឹត្តទៅនៃមន្ត្រី គ.ជ.ប នៅពេលណាដែលមានការចោទប្រកាន់តាមផ្លូវតុលាការ បើស្ថិតនៅក្នុងក្របខ័ណ្ឌការបោះឆ្នោត គឺ គ.ជ.ប ត្រូវតែមានអន្តរាគមន៍ជួយផ្លូវច្បាប់ដល់មន្ត្រីដែលធ្វើនៅក្នុងការបោះឆ្នោត និងការខុសឆ្គង។ ក្រៅក្របខ័ណ្ឌការបោះឆ្នោតសុទ្ធសាធ ឲ្យខ្ញុំទៅបំពាន? ចង់ឲ្យខ្ញុំទៅបំពាន ឲ្យខ្ញុំខុសច្បាប់ ឬយ៉ាងម៉េច? មិនអាចដឹកនាំមិនដឹងខ្យល់អ៊ីចឹងបានទេ»។
ការថ្លែងនេះនៅក្នុងពិធីប្រកាសដាក់ជាផ្លូវការការចុះ ឈ្មោះបោះឆ្នោតតាមប្រព័ន្ធកុំព្យូទ័រឆ្នាំ២០១៦ របស់គណៈកម្មាធិការជាតិរៀបចំការបោះឆ្នោត (គ.ជ.ប) សហការជាមួយសហភាពអឺរ៉ុប និងប្រទេសជប៉ុន នៅរសៀលថ្ងៃព្រហស្បតិ៍ ទី១៨ សីហា។
កន្លងទៅ សហគមន៍អន្តរជាតិជាច្រើនតែងលើកឡើងពីបញ្ហាប្រឈមនានា ដែលកើតចេញពីស្ថានភាពតានតឹងផ្នែកនយោបាយ និងការធ្វើទុក្ខបុកម្នេញបក្សប្រឆាំង និងអ្នកការពារសិទ្ធិមនុស្ស។
លើសពីនេះ សហគមន៍អន្តរជាតិ ក៏មានការស្នើឲ្យបក្សនយោបាយដែលមានសំឡេងក្នុងរដ្ឋសភា ឲ្យងាកមកចរចាដើម្បីសម្រាលស្ថានការណ៍ឡើងវិញ។
សហភាពអឺរ៉ុប បានអះអាងថា ដើម្បីធានាដល់ការប្រព្រឹត្តទៅនៃដំណើរការកិច្ចការបោះឆ្នោតនៅ កម្ពុជា សហភាពអឺរ៉ុប បានផ្ដល់ជំនួយថវិកាចំនួន ១០លានអឺរ៉ូ ឬជាង ១០លានដុល្លារសហរដ្ឋអាមេរិក ក្នុងការផ្ដល់ការគាំទ្រផ្នែកបច្ចេកទេស ដើម្បីទ្រទ្រង់ក្នុងដំណើរការបោះឆ្នោត៕

No comments:
Post a Comment