Paris Peace Accords 23 Oct. 1991

Friday, August 26, 2016

រដ្ឋាភិបាល ​ទទួល​បាន ​ដីកា​ ពី​តុលាការ​ អាមេរិក​ ជុំវិញ​បណ្ដឹង ​របស់​លោក មាជ សុវណ្ណារ៉ា | Govt receives summons from US court re Meach Sovannara lawsuit

ហ៊ុន សែន ហ៊ុន ម៉ាណែត ៦២០
លោក​នាយករដ្ឋមន្ត្រី ហ៊ុន សែន (ឆ្វេង) និង​កូន​ប្រុស​របស់​លោក គឺ​លោក ហ៊ុន ម៉ាណែត ក្នុង​ពិធី​មួយ​នា​ការដ្ឋាន​កងទ័ព​ជើង​គោក​នៃ​កង​យោធពល​ខេមរភូមិន្ទ។ រូបឯកសារ AFP

រដ្ឋាភិបាល ​ទទួល​បាន ​ដីកា​ ពី​តុលាការ​ អាមេរិក​ ជុំវិញ​បណ្ដឹង ​របស់​លោក មាជ សុវណ្ណារ៉ា

RFA / វិទ្យុ អាស៊ី សេរី | ២៥ សីហា ២០១៦


រដ្ឋាភិបាល​ កម្ពុជា បាន​ទទួល​ ដីកា​ តុលាការ​ ករណី​បណ្តឹង ​របស់​លោក មាជ សុវណ្ណារ៉ា ចោទ​ប្រកាន់ ​រដ្ឋាភិបាល និង​លោក ហ៊ុន ម៉ាណែត កូន​ប្រុស​ នាយករដ្ឋមន្ត្រី​ ពី​បទ​ធ្វើ​ទារុណកម្ម និង​អំពើ​ភេរវកម្ម។
ឯកសារ​ តុលាការ​ ដែល​អាស៊ីសេរី ទទួល​បាន​ កាល​ពី​ថ្ងៃ​ ទី​២៥ ខែ​សីហា បង្ហាញ​ថា  រដ្ឋមន្ត្រី​ក្រសួង​ ការបរទេស លោក ប្រាក់ សុខុន បាន​ចុះ​ ហត្ថលេខា​ ទទួល​ដីកា ​តុលាការ ​ទីក្រុង​ ឡូសអែនជឺឡេស (Los Angeles) ស្ថិត​ក្នុង​រដ្ឋ​ កាលីហ្វ័រញ៉ា (California)
លោក មូរតុន ក្លារ (Morton Sklar) មេធាវី​ លោក មាជ សុវណ្ណារ៉ា ប្រាប់​អាស៊ីសេរី កាល​ពី​ថ្ងៃ​ ទី​២៥ សីហា ថា, ការ​ចុះ​ហត្ថលេខា ​ទទួល​យក​ដីកា​ តុលាការ​នេះ មាន​ន័យ​ ជា​ផ្លូវការ​ ថា, រដ្ឋាភិបាល ​កម្ពុជា ក្លាយ​ជា​គូភាគី​ ក្នុង​បណ្តឹង​ហើយ៖ «ម្សិលមិញ ​យើង​ ទទួល​បាន​ សេចក្ដី​ជូន​ដំណឹង ​តាម​រយៈ​ អ៊ីម៉ែល​ ដែល​បញ្ជាក់​ ថា, រដ្ឋាភិបាល​ កម្ពុជា នៅ​ពេល​នេះ​ បាន​ទទួល​ដីកា​ របស់ ​តុលាការ ​អាមេរិក ​រួច​ហើយ។  ចំណុច​នេះ ​សំខាន់​ ខ្លាំង​ណាស់ ព្រោះ ​ពេល ​ដែល​ភាគី​ បាន​ទទួល​ ដីកា​តុលាការ ភាគី​នោះ, ត្រូវ​តែ​ បង្ហាញ​ខ្លួន​ នៅ​ចំពោះ ​មុខ​តុលាការ​ ពេល​មាន​ សវនាការ។  តុលាការ​ មាន​សិទ្ធិ​ ចាប់​បង្ខំ ​ឲ្យ​ភាគី​ ចូល​ខ្លួន ​មក​បំភ្លឺ​ ក្នុង​ករណី ​មិន​ព្រម ​ចូល​ខ្លួន»
​តុលាការ​ទីក្រុង​ឡូសអែនជឺឡេស នៅ​រដ្ឋ​កាលីហ្វ័រញ៉ា នឹង​បើក​សវនាការ​លើក​ដំបូង​ចំពោះ​ករណី​បណ្ដឹង​របស់​លោក មាជ សុវណ្ណារ៉ា នៅ​ព្រឹក​ថ្ងៃ​ទី​១ ខែ​កញ្ញា ខាង​មុខ។
គោល​បំណង​នៃ​សវនាការ​នេះ គឺ​ដើម​បណ្ដឹង​ស្នើ​ឲ្យ​តុលាការ​ចេញ​សេចក្ដី​បង្គាប់ ឬ​ហៅ​ជា​អង់គ្លេស​ថា jurisdictional discovery ដើម្បី​ឲ្យ​ដើម​បណ្ដឹង​អាច​ស្វែងរក​ព័ត៌មាន​សំខាន់ៗ​មួយ​ចំនួន​ជា​ប្រយោជន៍​បង្ហាញ​ឲ្យ​ច្បាស់​ថា រដ្ឋាភិបាល​កម្ពុជា និង​លោក ហ៊ុន ម៉ាណែត ជាប់​ពាក់ព័ន្ធ​នឹង​យុទ្ធនាការ​ជា​ប្រព័ន្ធ​ធ្វើ​ទុក្ខបុកម្នេញ​ខ្មែរ-​អាមេរិកាំង ដែល​វិល​ត្រឡប់​ទៅ​ស្នាក់នៅ​ប្រទេស​កំណើត។
ប្រសិនបើ​តុលាការ​សម្រេច​តាម​សំណើ​របស់​ដើមបណ្ដឹង​នោះ លោក ហ៊ុន ម៉ាណែត និង​រដ្ឋាភិបាល​លោក ហ៊ុន សែន ត្រូវ​តែ​បញ្ចេញ​ព័ត៌មាន​អាម៉ាស់​ពី​ការ​រំលោភ​សិទ្ធិមនុស្ស រួម​ទាំង​ការ​វាយ​ប្រហារ​ទៅ​លើ​ជំនួយ​ការ​រត់​លិខិត​ស្នាម​តុលាការ លោក ផល ហេយស៍ (Paul Hayes) នៅ​ពេល​លោក​បាន​យក​លិខិត​មួយ​ច្បាប់​ទៅ​ឲ្យ​លោក ហ៊ុន ម៉ាណែត កាល​ពី​ខែ​មេសា និង​ការ​រំលោភ​សិទ្ធិមនុស្ស​ជា​ប្រព័ន្ធ ដើម្បី​បំបិទ​មាត់​អ្នក​រិះគន់ និង​គណបក្ស​ប្រឆាំង៕
មេធាវី លោក ហ៊ុន ម៉ាណែត សង្ឃឹម​ឈ្នះ​ក្ដី
មេធាវី​លោក ហ៊ុន ម៉ាណែត កូន​ប្រុស​លោក​នាយករដ្ឋមន្ត្រី ហ៊ុន សែន ប្រាប់​អាស៊ីសេរី​ថា តុលាការ​ទីក្រុង​​ឡូសអែនជឺឡេស ស្ថិត​ក្នុង​រដ្ឋ​កាលីហ្វ័រញ៉ា នឹង​មិន​កាត់​ឲ្យ​កូន​ក្ដី​លោក​ចាញ់​បណ្ដឹង​របស់​ក្រុម​គ្រួសារ​លោក មាជ សុវណ្ណារ៉ា ឡើយ។
ក្រុម​គ្រួសារ​ខ្មែរ-​អាមេរិកាំង រូប​នោះ​បាន​​ប្ដឹង​រដ្ឋាភិបាល​កម្ពុជា និង​លោក ហ៊ុន ម៉ាណែត ពី​បទ​ធ្វើ​ទារុណកម្ម ​អំពើ​ភេរវកម្ម និង​បទឧក្រិដ្ឋ​ពាក់ព័ន្ធ​នឹង​ការ​បង្ក​អំពើ​ហិង្សា​លើ​ស្មៀន​រត់ការ​ឯកសារ​តុលាការ។
លោក​មេធាវី ចន ផូសែល (John Purcell) ប្រាប់​អាស៊ីសេរី កាល​ពី​ថ្ងៃ​ទី​២៤ ខែ​សីហា ថា ការ​ចោទ​ប្រកាន់​ក្នុង​បណ្ដឹង​លោក មាជ សុវណ្ណារ៉ា គ្មាន​មូលដ្ឋាន​នោះ​ទេ។
លោក មាជ សុវណ្ណារ៉ា ត្រូវ​បាន​សាលា​ដំបូង​រាជធានី​ភ្នំពេញ​ផ្ដន្ទាទោស​ដាក់​ពន្ធនាគារ ២០​ឆ្នាំ ក្រោម​បទ​ចោទ​ដឹកនាំ​កុបកម្ម​នាំ​ឲ្យ​មាន​អំពើ​ហិង្សា​នៅ​ស្ពាន​នាគ​ក្បែរ​ទីលាន​ប្រជាធិបតេយ្យ កាល​ពី​ខែ​កក្កដា ឆ្នាំ​២០១៤ កន្លង​ទៅ៕







No comments:

Post a Comment