Paris Peace Accords 23 Oct. 1991

Tuesday, August 23, 2016

[Vietnamization, border, criminal elements] លោក ហ៊ុន សែន យក​ការ​អភិវឌ្ឍ​ តាម​តំបន់​ព្រំដែន​ ជា​យុទ្ធសាស្ត្រ​ ការពារ​ព្រំដែន ​ល្អ​បំផុត | Hun Sen making development of border areas is the best border protection strategy

ពលរដ្ឋ​វៀតណាម ព្រំដែន​ស្វាយរៀង ៨៥៥
ពលរដ្ឋ ​វៀតណាម នៅ​ចំណុច ​ភូមិ​ធ្លក ឃុំ​ត្នោត ស្រុក ​កំពង់រោទិ៍ ក្នុង​ខេត្ត​ ស្វាយរៀង នៅ​ថ្ងៃ​ ទី​២៨ ខែ​មិថុនា ឆ្នាំ​២០១៥។ Photo Provided [Vietnamese citizens in Svay Rieng province, 28 June 2015]

លោក ហ៊ុន សែន យក​ការ​អភិវឌ្ឍ​ តាម​តំបន់​ព្រំដែន​ ជា​យុទ្ធសាស្ត្រ​ ការពារ​ព្រំដែន ​ល្អ​បំផុត



លោក​នាយក​រដ្ឋមន្ត្រី ហ៊ុន សែន បាន​លើក​ឡើង​ ពី​ការ​ ការពារ​ ព្រំដែន ​របស់​ កម្ពុជា នៅ​ក្នុង​វេទិកា​ ការពារ​ធម្មជាតិ កាល​ពី​ព្រឹក ​ថ្ងៃ​ច័ន្ទ ទី​២២ ខែ​សីហា ឆ្នាំ​២០១៦។  លោក ហ៊ុន សែន មាន​ប្រសាសន៍ ​ថា, វិធី​ ដែល​មាន ​ប្រសិទ្ធភាព​ បំផុត​ ក្នុង​ការ​ ការពារ​ ព្រំដែន គឺ​ ការ​រៀបចំ​ ឲ្យ​ប្រជាជន ​ទៅ​រស់នៅ​ ទីនោះ​ ដោយ​សមរម្យ។  អ្នក​វិភាគ​ សង្គម​ ឯកភាព​ លើ​គំនិត​នេះ, ប៉ុន្តែ​ ពួក​គេ​ ថា ​រដ្ឋាភិបាល ​ត្រូវ​ ធ្វើ​ឲ្យ​បាន​ ដូច​ការ​និយាយ។
ថ្លែង​នៅ​ក្នុង​វេទិកា​ស្ដីពី​ការ​ការពារ និង​អភិរក្ស​ធនធាន​ធម្មជាតិ ទៅ​កាន់​អ្នក​ចូលរួម មាន​ដូចជា​សង្គម​ស៊ីវិល មន្ត្រី​រដ្ឋាភិបាល និង​តំណាង​សហគមន៍ លោក​នាយក​រដ្ឋមន្ត្រី ហ៊ុន សែន បាន​ឆ្លៀត​យក​ឱកាស​បន្តិច​ដើម្បី​លើក​ឡើង​ពី​បញ្ហា​ព្រំដែន។
លោក ហ៊ុន សែន បាន​ឲ្យ​ដឹង​ថា លោក​ទើប​តែ​ចុះ​ហត្ថលេខា​អនុញ្ញាត​ឲ្យ​មាន​ការ​អភិវឌ្ឍ​ផ្លូវ​តាម​ខ្សែ​ ក្រវាត់​ព្រំដែន​ភាគ​ខាង​កើត។ លោក​បន្ត​ថា ការ​រៀបចំ​ឲ្យ​ប្រជាពលរដ្ឋ​រស់នៅ​បាន​សមរម្យ​តាម​ទល់​ដែន គឺ​ជា​យុទ្ធសាស្ត្រ​ការពារ​មួយ​ដែល​លោក​ថា តែង​តែ​ប្រាប់​ដល់​ថ្នាក់​ដឹកនាំ​ខេត្ត៖ «បាន​ណែនាំ ​ខេត្ត​តាកែវ ថ្ងៃ​មុន និង​បណ្ដា​ខេត្ត វិធី​ដែល​ល្អ​ជាង​គេ​គឺ​វិធី​ពង្រាយ​ប្រជាជន​ទៅ​តាម​ខេត្ត។ ទាំង​ខាង​កើត ទាំង​ខាង​លិច ទាំង​ខាង​ជើង។ ប៉ុន្តែ​មិន​អាច​យក​ប្រជាជន​ទៅ​ចោល​បាន​ទេ ត្រូវ​តែ​រៀបចំ​ហេដ្ឋារចនាសម្ព័ន្ធ​ឲ្យ​គាត់។ ជម្រើស​ល្អ​ជាង​គេ​ក្នុង​ការ​ការពារ​ទល់​ដែន គឺ​ជម្រើស​ដាក់​ប្រជាពលរដ្ឋ​អភិវឌ្ឍ​នៅ​តាម​ទល់​ដែន»
ការ​លើក​ឡើង​របស់​លោក ហ៊ុន សែន នេះ ធ្វើ​ឡើង​បន្ទាប់​ពី​បុគ្គលិក​អង្គការ ដាប៊លយូ.ស៊ី.អេស (WCS) សុំ​ឲ្យ​លោក​បញ្ឈប់​ការ​ដាក់​ដី​ក្នុង​តំបន់​ការពារ​ទៅ​ជា​ដី​សម្បទាន​សង្គមកិច្ច។


ព្រំដែន កំពង់រោទិ៍ ស្វាយរៀង ៦២០
ពលរដ្ឋ​ខ្មែរ​សង់​ផ្ទះ​ នៅ​ជិត​ខ្សែ​បន្ទាត់​ព្រំដែន​មាន​ជម្លោះ​ជាមួយ​វៀតណាម ក្នុង​ភូមិ​ធ្លក ឃុំ​ត្នោត ស្រុក​កំពង់រោទិ៍ ខេត្ត​ស្វាយរៀង។ រូបថត​ថ្ងៃ​ទី​២៩ ខែ​តុលា ឆ្នាំ​២០១៥


ចំពោះ​ការ​លើក​ឡើង​របស់​លោក ហ៊ុន សែន ទៅ​លើ​ការ​ពង្រាយ​ប្រជាជន និង​រៀបចំ​ហេដ្ឋារចនាសម្ព័ន្ធ​នៅ​តាម​ព្រំដែន លោក​បណ្ឌិត សុខ ទូច ប្រធាន​ក្រុម​អ្នក​ស្រាវជ្រាវ​កិច្ចការ​ព្រំដែន​នៃ​រាជបណ្ឌិត្យសភា ឲ្យ​ដឹង​ថា នេះ​ក៏​ជា​អ្វី​ដែល​ក្រុម​ស្រាវជ្រាវ​ចង់​បាន​ដែរ។ លោក​បន្ត​ទៀត​ថា នៅ​តាម​តំបន់​ព្រំដែន​ក្នុង​ផ្នែក​ខ្លះ​នៃ​ខេត្ត​ស្វាយរៀង គឺ​សឹងតែ​គ្មាន​មនុស្ស​រស់នៅ។ លោក​បាន​ហៅ​កង្វះ​ប្រជាជន​នេះ​ថា​ជា​កង្វះ​បង្គោល​ព្រំដែន​រស់ ដែល​មាន​សារសំខាន់​សម្រាប់​ការពារ​ព្រំដែន៖ «អត់​មាន​ប្រជាជន​រស់នៅ​ហ្នឹង​ហើយ ដែល​ធ្វើ​ឲ្យ​យើង​មាន​ការ​លំបាក ព្រោះ (ប្រជាជន) ជា​បង្គោល​រស់​ជួយ​តាមដាន ព្រោះ​ប្រទេស​ជាតិ​ជា​ប្រទេស​របស់​យើង មិន​មែន​របស់​នរណា​ម្នាក់​ទេ។ អ៊ីចឹង​យើង​ត្រូវ​មើល​ទាំងអស់​គ្នា»
បន្ថែម​ពី​លើ​នេះ​ទៀត លោក​បណ្ឌិត សុខ ទូច បាន​លើក​ឡើង​ពី​ការ​អភិវឌ្ឍ​ហេដ្ឋារចនាសម្ព័ន្ធ​នៅ​ព្រំដែន​ខាង​លិច។ ដោយឡែក លោក​ថា​ព្រំដែន​ខាង​កើត​នៅ​មាន​ការ​យឺតយ៉ាវ​ខ្លះ។
អ្នក​ស្រាវជ្រាវ​ការ​អភិវឌ្ឍ​សង្គម លោក​បណ្ឌិត មាស នី បង្ហាញ​ពី​ការ​ព្រួយ​បារម្ភ ជាពិសេស​នៅ​តាម​តំបន់​ព្រំដែន​ខាង​កើត​ដែល​ជាប់​ជាមួយ​ប្រទេស​វៀតណាម។ លោក​ស្នើ​ឲ្យ​រដ្ឋាភិបាល​មាន​យុទ្ធសាស្ត្រ​ច្បាស់លាស់​ក្នុង​ការ​អភិវឌ្ឍ​ ព្រំដែន គឺ​មិន​មែន​មាន​តែ​នៅ​លើ​ក្រដាស​នោះ​ទេ៖ «ឧទាហរណ៍ ​ជាក់ស្តែង​ដូច​យើង​មើល​ឃើញ​នៅ​តាម​ព្រំដែន​វៀតណាម នៅ​ពេល​យើង​អត់​មាន​ការ​អភិវឌ្ឍ ពលរដ្ឋ​យើង​គឺ​រត់​ចោល​ដី​តែ​ម្តង។ អ៊ីចឹង​បាន​មាន​ករណី​ជួល​ដី​ទៅ​ឲ្យ​វៀតណាម ដោយសារ​ពលរដ្ឋ​ខ្មែរ​គ្មាន​លទ្ធភាព​ធ្វើ​ដូចម្តេច​អាច​រស់​លើ​ដី​នោះ​បាន។ ដូច​យើង​ឃើញ​ពេល​ខ្លះ យើង​ចូល​ទឹក​ដី​គេ​មិន​ទាន់​បាន ១០០​ម៉ែត្រ​ផង ឃើញ​ថា​ខៀវ​ស្រងាត់ តែ​ចូល​ដល់​ដី​យើង​វិញ​ក្រៀមក្រោះ។ សំណួរ​ដែល​ត្រូវ​សួរ​នោះ គឺ​តើ​ភាគី​ម្ខាង​ទៀត​គេ​គិត​ថា​យើង​ជា​ភាគី​ស្មើ​ភាព​គ្នា​ដែរ​អត់? កន្លង ​មក យើង​ឃើញ​មាន​កំណត់​ហេតុ​ទូត​ជាច្រើន​លើក​ច្រើន​សា​ដែល​បាន​ផ្ញើ​ឲ្យ​ភាគី​ វៀតណាម ឲ្យ​គេ​គោរព​បូរណភាព​ទឹក​ដី​យើង។ សូម្បី​តែ​ជីក​ស្រះ យើង​សុំ​ឲ្យ​គេ​លុប​វិញ សូម្បី​តែ​សង់​ប៉ុស្តិ៍​ចូល​មក​តំបន់​ស យើង​សុំ​ឲ្យ​គេ​បញ្ឈប់ គេ​ធ្វើ​ជា​មិន​ដឹង​មិន​ឮ​នឹង​យើង​ហើយ ថែម​ទាំង​មិន​ឆ្លើយ​តប​នឹង​យើង​ទៀត​ថា​ដូចម្តេច​ទៀត»
ការ​អភិវឌ្ឍ​ព្រំដែន​យឺតយ៉ាវ គឺ​ជា​បញ្ហា​មួយ​ដែល​មនុស្ស​ភាគច្រើន​ចាត់​ទុក​ថា​ជា​ចំណុច​ខ្សោយ​មួយ​របស់​ កម្ពុជា ក្នុង​ការ​ការពារ​ទឹក​ដី​របស់​ខ្លួន​ពី​ការ​រំលោភ​បំពាន​ពី​ប្រទេស​ជិត​ខាង។ ការ​មិន​សូវ​អើពើ​ពី​សំណាក់​រដ្ឋាភិបាល​ទៅ​កាន់​ប្រជាជន​នៅ​តាម​ព្រំដែន រឹត​តែ​ធ្វើ​ឲ្យ​ពលរដ្ឋ​នៅ​តាម​ព្រំដែន​ធ្វើ​ចំណាក​ស្រុក​ចេញ​ពី​តំបន់​ ព្រំដែន​កាន់​តែ​ច្រើន ដើម្បី​ស្វែងរក​ការងារ​នៅ​កន្លែង​ផ្សេង ដែល​ធ្វើ​ឲ្យ​តំបន់​ព្រំដែន​ក្លាយ​ជា​តំបន់​គ្មាន​ពលរដ្ឋ​ខ្មែរ​រស់នៅ​ ច្រើន។ ការ​មិន​យក​ចិត្ត​ទុក​ដាក់​អភិវឌ្ឍ​តាម​តំបន់​ព្រំដែន ដូចជា​ប្រព័ន្ធ​ធារាសាស្ត្រ​ជាដើម កន្លង​មក​បាន​បង្ខំ​ឲ្យ​ពលរដ្ឋ​ខ្មែរ​មួយ​ចំនួន​ជួល​ដី​ស្រែ​របស់​ខ្លួន​ទៅ​ ឲ្យ​ពលរដ្ឋ​វៀតណាម ដែល​ប្រការ​នេះ​ធ្វើ​ឲ្យ​មាន​ការ​បារម្ភ​ពី​ការ​បាត់បង់​ទឹក​ដី​ខ្មែរ​នៅ​ ថ្ងៃ​ខាង​មុខ៕





1 comment:

  1. Anonymous7:15 AM

    Traitor Hun Sen,

    The best way to protect your borders is to station your Khmer soldiers, not the unarmed villagers facing Yuon soldiers !!!

    ReplyDelete